ករុណា ពេជ្រ សុំ​មិន​និយាយ​រឿង​ប្រពន្ធ​ទេ!

ភ្នំពេញៈ បន្ទាប់​ពី​ប្រកាស​ទិញ​ផ្ទះ​តម្លៃ​៤១​ម៉ឺន​ដុល្លារ​អាមេរិក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មក នៅ​ពេល​នេះ តារា​ចម្រៀង​បង្គោល​របស់​ផលិតកម្ម​ថោន​លោក ករុណា ពេជ្រ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​ដែល​សុខៗ​ស្រាប់​តែ​មាន​រូបថត​របស់​លោក​រៀប​មង្គលការ​ក្រាប​ផ្ទឹម​ជាមួយ​នារី​យ៉ាង​ស្រស់​សោភា​ម្នាក់​លេច​ធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

 

Friday, 10 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ករុណា ពេជ្រ។ រូបថត គឹមសឿន

តារា​ចម្រៀង​ករុណា ពេជ្រ។ រូបថត គឹមសឿន

មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ​តារា​ចម្រៀង​រូប​នេះ​មាន​អាថ៌កំបាំង​ស្នេហា​យ៉ាង​ណា​បាន​ជា​សុខៗ​រៀបការ​លាក់​លៀម​បែប​នេះ​? អ្នក​ខ្លះ​បាន​ចោទ​សួរ​ថា តើ ករុណា ពេជ្រ ពិត​ជា​រៀបការ​មែន​ឬ​? ហើយ​អ្នក​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា ករុណា ពេជ្រ ពិត​ជា​ធ្លាប់​ឆ្លង​កាត់​ស្នេហា​អាពាហ៍​ពិពាហ៍​ម្តង​រួច​មក​ហើយ បាន​ជា​រូប​ថត​រៀប​មង្គលការ​របស់​លោក​ត្រូវ​បែក​ធ្លាយ​បែប​នេះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​នៅ​ពេល​នេះ ករុណា ពេជ្រ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​គាំទ្រ​របស់​លោក​ឡើយ នៅ​ហ្វេសប៊ុក ដោយ​លោក​ធ្វើ​ហាក់​ដូច​ជា​ចង់​គេច​វេះ​មិន​ចង់​ឆ្លើយ​។ ប៉ុន្តែ​ទស្សនិកជន​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​ជឿ​ឡើយ​ថា ករុណា ពេជ្រ រៀបការ ដោយ​ពួក​គេ​យល់​ថា រូបថត​ដែល​បង្ហាញ​ថា ករុណា ពេជ្រ រៀបការ​នោះ​គ្រាន់​តែ​ជា​ការ​ថត​រឿង ឬ​ក៏​ខារ៉ាអូខេ​ក្នុង​បទ​ចម្រៀង​របស់​លោក​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ចាំ​មើល​ថា ពេល​ណា ករុណា ពេជ្រ ហ៊ាន​ចេញ​មុខ​មក​បក​ស្រាយ​។

ជាមួយ​នឹង​ចម្ងល់​ចំពោះ តារា​ចម្រៀង​រូប​នេះ​រៀបការ​ដោយ​ស្ងប់​ស្ងាត់​បែប​នេះ ករុណា ពេជ្រ ក៏​មិន​មែន​មិន​ចង់​ហា​ស្ដី​ប្រាប់​ទស្សនិកជន​ដែរ តែ​មិន​ទាន់​មាន​ពេល​ល្អ​។ នៅ​ពេល​ជួប​ជាមួយ​នឹង​ភ្នំពេញ ប៉ុស្តិ៍ តារា​ចម្រៀង​ដែល​ក្រសោប​បាន​ភាព​ល្បី​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​អាជីព​រូប​នេះ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​រឿង​រូបថត​ដែល​លោក​រៀបការ​នៅ​លើ​ហ្វេសប៊ុក ជា​រឿង​មួយ​ពិត តែ​នៅ​ក្នុង​សាច់​រឿង​ប៉ុណ្ណោះ តែ​អ្វី​ដែល​ជាក់​ស្តែង​គឺ​មិន​មែន​ជា​សកម្មភាព​លោក​រៀបការ​លួច​លាក់​នោះ​ឡើយ ពោល​គឺ​វា​គ្រាន់​តែ​ជា​ឈុត​មួយ​ដែល​លោក​ថត​នៅ​ក្នុង​សាច់​រឿង​នៃ​បទ​ចម្រៀង​ដើម្បី​បង្ហាញ​ពី​របៀប​របប​ប្រពៃណី​រៀប​មង្គលការ​ខ្មែរ​យើង​តែ​ប៉ុណ្ណោះ។


អ្នក​ចម្រៀង​ស្នូល​របស់ ថោន ករុណា ពេជ្រ និយាយ​ទាំង​សំណើច​ថា៖​«​អត់​ទេ​បង​នោះ​គ្រាន់​តែ​ជា​សកម្មភាព​ដែល​ខ្ញុំ​ថត​នៅ​ក្នុង​បទ​ចម្រៀង ដើម្បី​បង្ហាញ​បរទេស​អំពី​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ​(​សើច​)»។

ជាមួយ​នឹង​មាន​ការ​យល់​ច្រឡំ​របស់​ទស្សនិកជន​នេះ ករុណា ពេជ្រ ក៏​បាន​បង្ហាញ​ពី​សន្តាន​ចិត្ត​របស់​លោក​ជា​បុរស​ម្នាក់​ថា នៅ​ពេល​នេះ​លោក​គិត​ថា លោក​មិន​ទាន់​ដល់​ពេល​ត្រូវ​រៀបការ​នៅ​ឡើយ តែ​លោក​ក៏​បង្ហើប​ពី​តម្រុយ​ថា នៅ​វ័យ​៣០​ឆ្នាំ គឺ​វ័យ​ដ៏​ល្អ​បំផុត​ដែល​លោក​គួរ​គិត​គូរ​រឿង​នេះ​។

តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖​«​នៅ​ពេល​នេះ ខ្ញុំ​អត់​ទាន់​គិត​ទេ​បង ព្រោះ​សព្វ​ថ្ងៃ​ការងារ​មមា​ញឹក​ខ្លាំង​មែន​ទែន ខ្ញុំ​មិន​ចង់​ឲ្យ​ពេល​នេះ​វា​កន្លង​ហួស​ទេ ព្រោះ​ទម្រាំ​តែ​មក​ដល់​ថ្ងៃ​នេះ យើង​ប្រឹង​យូរ​ហើយ​»។

លុះ​នៅ​ពេល​សួរ​ថា បើ​វ័យ​នេះ​ទៅ​ហើយ​មិន​ទាន់​ចង់​បាន​ប្រពន្ធ តើ ករុណា ពេជ្រ មាន​សង្សារ​ហើយ​ឬ​នៅ​? ករុណា ពេជ្រ បែរ​ជា​សើច​ហើយ​និយាយ​ថា​៖​«​ខ្ញុំ​សុំ​លាក់​សិន ព្រោះ​នោះ​ជា​ឆ្នាំង​បាយ​យើង​»។

គួរ​បញ្ជាក់​ថា មុន​នេះ ក្នុង​នាម​ជា​បុរស​ដើម​ទ្រូង​ប្រាំ​ហត្ថ ករុណា ពេជ្រ បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ​កន្លែង​មាន​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ។

តែ​តារា​ចម្រៀង​ដែល​ចាប់​អាជីព​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី​តារា ណេសស្លេ (Nestle) នៅ​ឆ្នាំ​២០០៥ ករុណា ពេជ្រ បាន​និយាយ​ថា ផ្ទះ​វីឡា​ដែល​ខ្ញុំ​ទិញ​នោះ ខ្ញុំ​មិន​ដឹង​គេ​ដឹង​មក​ពី​ណា​ថា តម្លៃ​៥០​ម៉ឺន​ដុល្លារ​ទេ តាម​ពិត​ទៅ​ផ្ទះ​នោះ​ស្អាត​ល្អ​ប្រណីត​ណាស់​មាន​តម្លៃ​៤០៩ ៩៩៩ ដុល្លារ​អាមេរិក​ហើយ​ផ្ទះ​នោះ​គឺ​ទិញ​បង់​រំលស់​ទេ បើ​មិន​ដូច្នេះ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ​។ នៅ​២​ឆ្នាំ​ដំបូង​គេ​តម្រូវ​ឲ្យ​យើង​បង់​១​ខែ​៦០០០​ដុល្លារ ហើយ​បន្ទាប់​ពី​នោះ គឺ​យើង​អាច​បង់​តាម​លទ្ធភាព​ដែល​យើង​មាន​៕


 

What Next?

Recent Articles

2 Responses to "ករុណា ពេជ្រ សុំ​មិន​និយាយ​រឿង​ប្រពន្ធ​ទេ!"

  1. ករុណា ពេជ្រ សុំ​មិន​និយាយ​រឿង​ប្រពន្ធ​ទេ តែ សុំយកប្តីវិញ ចា !

  2. ចុះបើហែងអត់ស្រឡាញ់ប្រុសហ្នឹងចឹងម៉េចគិតរឿងប្រពន្ធ