កាត់ដីព្រៃនៅស្រុកតំបែរជាង ១០០ ហិកតា លក់បានលុយ ២០ ម៉ឺនដុល្លារ ឲ្យចំណុះជើងវត្តសង់វិហារតែប្រាំបីម៉ឺន

កំពង់ចាម: ករណី​អាជ្ញាធរ​ស្រុក​តំបែរ បាន​បញ្ចុះ​ប​ញ្ចូល​អ្នកភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ឲ្យលក់​ដីព្រៃ​សហគមន៍​ទំហំ​ជាង ៩០ ហិកតា ទៅ​ឲ្យមន្ត្រី​យោធា​ខេត្តកំពង់ចាម​ម្នាក់ បាន​លុយ​ចំនួន​ប្រាំបី​ម៉ឺន​ដុល្លារ ដើម្បី​យកមក​សង់​ព្រះវិហារ​ប្រចាំ​ភូមិ​នោះ បែរជា​លេច​ឮថា ដី​នោះ​មាន​ទំហំ​ជាង​ ១៥០​ហិកតា និង​បាន​ប្រាក់​ពី​ការលក់​ដី​សរុប​ប្រមាណ ២០​ម៉ឺន ដុល្លារ​អាមេរិក​ឯណោះ​។

 

ថ្ងៃទី 18 ឧសភា 2013
ដោយ: កងមាស
CEN


​    ​
​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ស្រែប្រាំង បាន​ប្រាប់​គេហទំព័រ CEN កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣ ថា ប្រការ​ដែល​នាំ​ឲ្យមានរឿង​លក់​ដីព្រៃ​ខាងលើ​បង្ក​ឲ្យ​មាន​ភាពមិនប្រក្រតី​នោះ មុនដំបូង គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ស្រែប្រាំង បាន​ឯកភាពគ្នា​រៃ​បច្ច័យដើម្បី​សង់​ព្រះវិហារ​មួយ​ខ្នង ជំនួស​ព្រះវិហារ​សង់​អំពី​ឈើ ដែល​ចាស់​ទ្រុឌទ្រោម​នោះ​។ ប៉ុន្តែ​ការ​រៃ​បច្ច័យ​អត់​បាន ក៏​ងា​កមក​ធ្វើការ​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន​។ កាលនោះ គណៈកម្មការ​វត្ត បាន​សុំឲ្យស្រុក​តំបែរ​ជួយ​ដោះស្រាយ​។​

​ប្រភព​ដដែល​បាន​ឲ្យដឹង​ទៀតថា ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នេះ មិនបាន​កៀរគរ​រក​ម្ចាស់ជំនួយ​ជា​សប្បុរសជន​ទេ គឺ​នៅក្នុង​អំឡុង​ដើមឆ្នាំ ២០១៣ កន្លងទៅ បាន​កោះហៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែប្រាំងជាង​ ២០០​គ្រួសារ ប្រជុំ​ក្នុង​វត្ត​ដោយ​សុំ​ការឯកភាព​។ ក្នុងនោះ​បើ​នរណា​មានគំនិត​ចង់​លក់​ដីព្រៃ​សហគមន៍​ខាងក្រោយ​ភូមិ យកលុយ​សង់​ព្រះវិហារ សូម​ទះដៃ​ជា​សញ្ញា​យល់ព្រម ហើយ​បើ​នរណា​មានគំនិត​ចង់ទុក​ដី​ចែកគ្នា ក៏​ទះដៃ​ជា​សញ្ញា​ដែរ​។ ប៉ុន្តែ​បន្ទាប់ពី​លោក ប៉ែន អៀន ជា​ជំនួយការ​លោក ឆឹង ពិសិដ្ឋ អភិបាលស្រុក​នេះប្រកាស​ហើយ កាលនោះអត់​មាន​នរណាម្នាក់​ក្នុងភូមិ​គាំទ្រ​គំនិត​ទាំងពីរ​នោះឡើយ​។

​ដោយ​មិនបាន​សម្រេច​រឿង​លក់​ដីព្រៃ​នោះ លោក មុំ អេង ជា​ប្រធាន​គណៈកម្មការ​វត្ត​ស្រែប្រាំង និង​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ព្រីង បាន​ដើរ​តាម​ផ្ទះ​បញ្ចុះ​ប​ញ្ចូ​ល​ប្រជាពលរដ្ឋក្នុងភូមិ​ស្រែប្រាំង ឲ្យផ្តិតមេដៃ​គាំទ្រ​រឿង​លក់​ដី​ទំហំ​ជាង ៩០ ហិកតា​នោះ​។ ក្រោយមក កាលពី​ជាង​មួយខែ​មុន ក៏បាន​ឃើញ​ឈ្មួញ​ដឹក​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយដី​ព្រៃរបស់​សហ​គម​ន៍​នោះ​។ ដោយមាន​មន្ត្រី​យោធា​ខេត្តកំពង់ចាម​ម្នាក់​ឈ្មោះ ម៉ែន ចាន់​ធឿន ជា​អ្នកទិញ​ក្នុងតម្លៃ ៨០.០០០ ដុល្លារ​អាមេរិក​។​

​ជុំវិញ​ការ​កាត់​ដីព្រៃ​លក់​នោះ កាលពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៣ អ្នកសារព័ត៌មាន​ច្រើន​អង្គភាព បានធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ដីព្រៃដែល​ឈ្មួញ​កំពុង​ឈូសឆាយ បាន​ជួប​ជាមួយ​មេការ​ប្រចាំការ​ឈូស​ដីព្រៃ​នោះ​ឈ្មោះ លោក ម៉ម សាវឿន បាន​បញ្ជាក់ថា ដី​ដែល​គ្រឿងចក្រ​កំពុង​ឈូសឆាយ​យក​ព្រៃ​ចេញ​នោះ​ជា​របស់លោក ម៉ែន ចាន់​ធឿន ជា​មន្ត្រី​យោធា​ខេត្តកំពង់ចាម បាន​ទិញយក​ដី​ធ្វើជា​ចម្ការកៅស៊ូ​។ ចំណែក​បញ្ហា​រឿង​លក់ដូរ​ដី​នេះ​យ៉ាងណា លោក​អត់​ដឹង​ទេ គឺ​សួរ​ទៅ​លោក ប៉ែន អៀន ជា​ជំនួយការ​អភិបាលស្រុក​នេះ នឹង​ដឹង​ច្បាស់​ហើយ​។​

​លោក ប៉ែន អៀន បាន​ឆ្លើយ​ប្រាប់ CEN កាលពី​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៣​ថា ” ពិតជា​មានការលក់​ដី​រេច​រឹល ជា​អាករ​ភូមិ​ទៅ​ឲ្យ​លោក ម៉ែន ចាន់​ធឿន មែន​។ បន្ទាប់ពី​មាន​សំណើ​របស់​អ្នកភូមិ​ស្រែប្រាំងសុំ​លក់​យកលុយ​ធ្វើ​ព្រះវិហារឡើងមក​អាជ្ញាធរ​ស្រុក និង ខេត្ត “​។ ប៉ុន្តែ​លោក ប៉ែន អៀន មិនបាន​បញ្ជាក់​អំពី​ទំហំ​ដី​ប៉ុនណា និង​ចំនួន​ទឹកប្រាក់​ដែល​លក់បាន ដើម្បី​ដោះដូរ​យកលុយ​សង់​ព្រះវិហារ​ចំនួន​ប៉ុន្មាន​ដែរ​?

​ប៉ុន្តែ​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ស្រែប្រាំង​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ព័ត៌មាន​រឿង​លក់​ដីព្រៃ​ដោះដូរ​យកលុយ​សង់​ព្រះ​វិហារភូមិ​ស្រែប្រាំង ខាង​អាជ្ញាធរ​បានប្រកាស​ប្រាប់​គណៈកម្មការ​ចំណុះជើងវត្ត និង​អ្នកភូមិ​ថា ដី​នោះ​មាន​ទំហំ​ជាង ៩០ ហិកតា លក់បាន​លុយ​សរុប​ចំនួន ប្រាំបី​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន គណៈកម្មការ​វត្ត បានទទួល​លុយ​ចំនួន បី​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​ចាត់ចែង​ទិញ​សម្ភារៈ​សំណង់​ដែល​កំពុងដំណើរការ​សាងសង់​ព្រះវិហារ​នោះ​។

​តែ​ព័ត៌មាន​ច្បាស់ការ​មួយទៀត បាន​ឲ្យ​ដឹងថា តាម​ឯកសារ​ដី​ដែល​បាន​លក់​នោះ មាន​ទំហំ​សរុប​ចំនួន ១៥៥ ហិកតា លក់បាន​ប្រាក់​សរុប​ប្រមាណ ម្ភៃ​ម៉ឺន​ដុល្លារ​ឯណោះ​។ មានន័យថា ការដោះដូរ​ដីស​ង់​ព្រះវិហារ​នោះ បាន​បាត់​ដី​អស់​ជាង ៥០ ហិកតា និង​លុយ​ជាងដប់​ម៉ឺន​ដុល្លារ​។​

​ប្រភព​នោះ បាន​បន្តថា បច្ចុប្បន្ន ដី​ដែល​បាន​ដោះដូរ​ធ្វើ​ព្រះវិហារ​នោះ ខាង​ក្រុមនិស្សិត និង​ខាង​ក្រុមបច្ចេកទេស​សុរិយោ​ដី បាន​ចុះទៅ​វាស់វែង​រួចហើយ កាលពី​សប្តាហ៍​មុន បាន​បែក​ចែកជាដប់​ក្បាលដី ឲ្យទៅ​មន្ត្រី​យោធា​ឈ្មោះ ម៉ែន ចាន់​ធឿន ហើយ​នៅ​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២០១៣ ខាងមុខនេះ ម្ចាស់​ដី​នឹង​ចុះទៅ​ទូទាត់​លុយ​ជាមួយ​គណៈកម្មការ​វត្ត​ស្រែប្រាំង​ដែល​នៅសល់​នោះ​។​

​ទាក់ទិន​នឹង​ការដោះដូរ​ដីព្រៃ​សហគមន៍​ដើម្បី​យកលុយ​សង់​ព្រះវិហារ បង្ក​ឲ្យមាន​ការលេចឮ​ភាពមិនប្រក្រតី​នេះ កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ​២០១៣ CEN បានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​តាម​ប្រព័ន្ធ ០៩៧ ទៅ​លោក ម៉ែន ចាន់​ធឿន ដើម្បី​បំភ្លឺ​ពី​ទំហំ​ដី​ពិតប្រាកដ​ដែល​លោក​បាន​ទិញ និង​ពី​តម្លៃឲ្យ​បានច្បាស់លាស់​នោះ គឺ​បាន​ហៅចូល​ច្រើនដង​ហើយ​ តែ​គ្មាន​អ្នកទទួល​៕ S

សកម្មភាព​គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ខេត្តកំពង់ចាម​កំពុង​ឈូសឆាយដីព្រៃ​របស់​សហគមន៍​យក​ដី​ដាំ​កៅស៊ូ

សកម្មភាព​គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ខេត្តកំពង់ចាម​កំពុង​ឈូសឆាយ ដីព្រៃ​របស់​សហគមន៍​យក​ដី​ដាំ​កៅស៊ូ

​អាជ្ញាធរ​ស្រុក​តំបែរ​បញ្ចុះ​ប​ញ្ចូល​អ្នកភូមិ​ដោះដូរ​លុយ សង់​វិហារ​បង្កើត​ឲ្យ​លេចឮ​រឿង​មិន​ប្រក្រតី​

 

What Next?

Recent Articles

2 Responses to "កាត់ដីព្រៃនៅស្រុកតំបែរជាង ១០០ ហិកតា លក់បានលុយ ២០ ម៉ឺនដុល្លារ ឲ្យចំណុះជើងវត្តសង់វិហារតែប្រាំបីម៉ឺន"

  1. កូនឪ says:

    និទណ្ឌភាពនៃរបបតេជោសែន បានធ្វើឲ្យពួកជ្រកក្រោមក្លៀកតេជោប្រព្រឹត្តអំពើទុច្ចរិតឥតមានខ្មាស គ្មានមនសិការ កេងប្រវញ្ច័ ជញ្ជក់ឈាមរាស្ត្រស្រេច តែនឹងចិត្ត តើពេលណាទើបពួកនេះរលាយ រឺត្រូវរហូតដល់ទឹកដីខ្មែរ រាស្រ្តខ្មែររលាយទៅទើបអស់ពួកនេះរឺ ?

  2. ក្មេងវត្ត says:

    សម័យសម្ដេចតេចោរគឺមនុស្សមិនត្រឹមតែដណ្ដើមគ្នារស់ទេ គឺដណ្ដើមគ្នាធ្វើមាន អាធំជាន់កអាតូចតៗគ្នា អាធំមានជាងគេ បន្ទាប់មកអាតូចបន្ទាប់និងតៗគ្នាជាហូរហែរ ខ្មែរម្នាក់ៗបាត់បង់ប្រាសចាកអស់នូវសមធម៌,សិលធម៌,និងគុណធម៌រួមទាំងសង្ឃមួយចំនួន
    ផង ដោយម្នាក់ៗគិតតែពីស្វែងរកលាពសក្ការះផ្ទាល់ៗខ្លួន គិតតែពីបូមជញ្ជក់ឈាមជាតិឯងនិងពលរដ្ឋតូចតាចដូចសត្វឈ្លើង គ្មានខ្វល់ពីប្រទេសជាតិនិងពលរដ្ឋរបស់ខ្លួនឡើយ គឺជានយោបាយដេញពលរដ្ឋខ្មែរក្រីក្រឲ្យរត់ចោលស្រុកឲ្យអស់ ដើម្បីបញ្ចូលជាតិសាសន៍យួន
    ដែលជានយោបាយបែបសម័យថ្មីដោយមិនបាច់ធ្វើសង្គ្រាម មិនបាច់ចំណាយធនធានលុយនិងជីវិតមនុស្សដើម្បីប្លន់ទឹកដីខ្មែរ។