សកម្មជនការពារដីធ្លីនៅខេត្តពោធិ៍សាត់ មួយរូប ត្រូវបានអាជ្ញាធរប៉ូលិសចាប់ខ្លួន និងយកទៅដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ថា សកម្មជនដីធ្លីរូបនេះប្រព្រឹត្តអំពើឆបោក។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលនានាក្នុងខេត្ត បានចាត់ទុកការចាប់ខ្លួននេះថាមានភាពមិនប្រក្រតី។
ដោយ មណ្ឌល កែវ
2013-05-21
RFA

លោក គុជ វេង (អាវក្រហមឆ្នូត) ជជែកតវ៉ាជាមួយមេឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះការរំលោភដីធ្លីអ្នកភូមិពីសំណាក់ក្រុមហ៊ុន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២។ RFA/Mondul Keo
ប្រធានសហគមន៍ព្រៃឈើ និងជាសកម្មជនការពារដីធ្លីនៅសហគមន៍ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺលោក គុជ វេង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់បញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃអាទិត្យ ទី១៩ ឧសភា ពីបទឆបោក។
ស្ត្រីអ្នកភូមិក្រឡាញ់ គឺអ្នកស្រី ឡោន ស៊ីវៃ ដែលបានឃើញផ្ទាល់ពីសកម្មភាពចាប់ខ្លួននេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ថា ប៉ូលិសពុំបានបង្ហាញដីកាទេក្នុងការចាប់ខ្លួននេះ៖ «ខ្ញុំសួរថា មកចាប់គាត់គ្មានដីកាអ៊ីចឹង តើគាត់មានទោសកំហុសអី។ ប៉ូលិសគេឆ្លើយថា បើចង់ឃើញដីកាៗនៅក្នុងឡានណោះ។ ប៉ូលិសម្នាក់ទៀតនិយាយថា បើពិបាកពេកវ៉ៃខ្នោះតែម្ដងទៅ…»។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគរបាលខេត្តពោធិ៍សាត់ លោក ម៉ូ លីដា បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៩ ឧសភា ថា ការចាប់ខ្លួនលោក គុជ វេង គឺធ្វើឡើងតាមដីការបស់ចៅក្រមសាលាដំបូងខេត្តលោក កុល កំពូល៖ «ករណីឆបោកកាលពីថ្ងៃ១៥ វិច្ឆិកា ២០១០ ដែលជាថ្ងៃកើតហេតុ។ ហើយដែលខ្ញុំអនុវត្តការចាប់ខ្លួននេះ គឺតាមដីកានាំខ្លួនរបស់ចៅក្រមតុលាការខេត្ត។ ខ្ញុំគ្រាន់តែសមត្ថកិច្ចអ្នកអនុវត្តដីកាទេ។ ប៉ុន្តែខ្ញុំឃើញក្នុងដីកាដាក់បទល្មើសឆបោក…»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីចៅក្រម កុល កំពូល ពីមូលហេតុនៃការចាប់ខ្លួនលោក គុជ វេង បានទេ នៅថ្ងៃទី២០ ឧសភា ដោយទូរស័ព្ទរោទ៍ តែគ្មានអ្នកទទួល។
យ៉ាងនេះក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ គឺលោក តន់ សីហៈតេជៈ មានប្រសាសន៍ថា លោក គុជ វេង ត្រូវបានចាប់ខ្លួនពីបទឆបោកដោយដើមបណ្ដឹងឈ្មោះ អ៊ុំ ធារី បានប្ដឹងតាមសំណុំរឿងព្រហ្មទណ្ឌលេខ៨៥ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២៖ «រឿងនេះយូរណាស់ហើយៗបានទៅដល់ចៅក្រមហើយ ដូច្នេះលោកអាចសួរចៅក្រមពីបញ្ហានេះ..»។
លោក គុជ វេង ត្រូវបានប៉ូលិស ៤រូបតាមចាប់ខ្លួនពីក្នុងព្រៃ ពេលដែលលោកកំពុងកាប់ឈើធ្វើរបងចម្ការកាលពីវេលាម៉ោងប្រមាណ ៩ និង ៣០នាទី ថ្ងៃអាទិត្យ ទី១៩ ឧសភា ហើយត្រូវបានគេយកទៅដាក់ពន្ធនាគារនៅវេលាម៉ោងប្រមាណ ១២ថ្ងៃដដែល។ ប្រភពពីអ្នកភូមិ បានឲ្យដឹងថា លោក គុជ វេង គឺប្រធានសហគមន៍ព្រៃឈើ និងជាសកម្មជនការពារដីធ្លីសហគមន៍ម្នាក់ដែលជាទីគោរពរាប់អានរបស់អ្នកភូមិ។ ថ្មីៗនេះ លោកមានគម្រោងជួយអ្នកភូមិយកប័ណ្ណសម្គាល់អចលនទ្រព្យ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនលោកនាយករដ្ឋមន្ត្រីវិញ នៅឯភូមិគ្រឹះទីក្រុងភ្នំពេញ។ ស្រាប់តែលោកបានត្រូវចាប់ខ្លួន ដោយចោទពីបទឆបោក តែសង្គមស៊ីវិល និងអ្នកភូមិយល់ស្របគ្នាថា ជារឿងមានភាពមិនប្រក្រតី។ ទន្ទឹមគ្នានេះ ក៏មានកាសែតបរទេសខ្លះបានផ្សាយថា ការចាប់ខ្លួននេះទំនងជាពាក់ព័ន្ធទៅនឹងការតស៊ូមតិរបស់លោក ដើម្បីជួយអ្នកភូមិក្នុងបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច។
យ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិលនានាក្នុងខេត្តពោធិ៍សាត់ បានសម្ដែងការព្រួយបារម្ភ ដោយចាត់ទុកការចាប់ខ្លួនលោក គុជ វេង ថាជាការគំរាមកំហែងសកម្មជនការពារព្រៃឈើ ដីធ្លី និងសិទ្ធិមនុស្ស៖ «លោក គុជ វេង គឺជាសកម្មជនមួយយ៉ាងសកម្មក្នុងការតវ៉ាទាមទារដីធ្លី ខណៈពេលដែលក្រុមហ៊ុនមួយចំនួនចាប់ផ្ដើមធ្វើវិនិយោគនៅក្នុងខេត្តពោធិ៍សាត់។ ជាពិសេស គឺនៅស្រុកក្រគរ ហើយខណៈពេលដែលការវិនិយោគរបស់ក្រុមហ៊ុនមានផលប៉ះពាល់ដីព្រៃសហគមន៍ ក៏ដូចជាដីរបស់ប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋជាច្រើននៅទីនោះធ្វើការតវ៉ា និងតស៊ូមតិដែលក្នុងនោះមានលោក គុជ វេង ចូលរួមផងដែរ…»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សខេត្តពោធិ៍សាត់ គឺលោក ភួង សុធា មានប្រសាសន៍ថា សមាគមអាដហុក នឹងជួយផ្ដល់មេធាវីការពារក្ដីឲ្យលោក គុជ វេង ក្នុងករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រព្រឹត្តអំពើឆបោក ជាចំណុចចិត្តសាស្រ្តចាប់កំហុស នៅក្នុងរបបខ្មែរក្រហមគេបានអនុវត្តន៍កម្មវិធីហ្នឹងដែរ ។ កាល
ណា ចាប់មនុស្ស គ្រាន់តែដាក់ទោសកំហុស ធ្វើឲ្យសមីខ្លួនមិនអាចប្រកែកបាន ។ តែបើករណីចាប់ចងធ្វើខុស អត់
ដែលឃើញអាជ្ញាធរចូលគុកសងវិញទេ… ៕
តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
.ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្ស ប្រឆាំង ៕
…………………………………………………………………………………………………………………………
ហា ហា ហា ហា តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?
.