អាមេរិកចេញរបាយការណ៍ ស្តីពី សេរីភាពសាសនា នៅកម្ពុជា : គ្មានការបំពានលើសេរីភាពសាសនាទេ

ភ្នំពេញ: ស្ថានទូត​សហរដ្ឋអាមេរិក​បានធ្វើ​ការផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​សេរីភាព​សាសនា​ឆ្នាំ​២០១២ សំរាប់​ប្រទេស​កម្ពុជា​” ដោយបាន​បង្ហាញថា គ្មាន​ការរាយការណ៍​ពី​ការបំពាន ឬ​ការរើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិ​ប​តិ្ត​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។

 

ថ្ងៃទី 2 មិថុនា 2013
ដោយ: CEN

ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​តិចតួច​ពី​ការបំពាន​ឬ​ការរើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិ​ប​តិ្ត​សាសនា​។​
​    ​
​នេះ​បើ​យោងតាម​សេចក្តី​សង្ខេប​របាយការណ៍​ស្តីពី “​សេរីភាព​សាសនា​ឆ្នាំ​២០១២ សំរាប់​ប្រទេស​កម្ពុជា​” ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​
​    ​
​នៅក្នុង​សេចក្តី​សង្ខេប​រួម​នៃ​របាយការណ៍​របស់​ស​ហ​ហរ​ដ្ឋ​អាមេរិក​បាន​រៀបរាប់​ឲ្យ​ដឹងថា រដ្ឋធម្មនុញ្ញ ច្បាប់​ដទៃទៀត និង​គោលនយោបាយ​នានា​ការពារ​សេរីភាព​សាសនា ហើយ​តាម​ភាពជាក់ស្តែង រដ្ឋាភិបាល​ជាទូទៅ គោរព​សេរីភាព​សាសនា​។ និន្នាការ​នៃ​ការគោរព​របស់​រដ្ឋាភិបាល​ចំពោះ​សេរីភាព​សាសនា​នៅក្នុង​ឆ្នាំ នៃ​របាយការណ៍ គ្មាន​ការប្រែប្រួល​ធំដុំ​ទេ​។ ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ​។​មាន​សេចក្តីរាយការណ៍​តិចតួច​ពី​ការបំពាន​ឬ​ការរើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិ​ប​តិ្ត​សាសនា​។​
        
​សេចក្តី​សង្ខេប​របាយការណ៍​ដដែល​បាន​ឲ្យ​ថា ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ពិភាក្សា​ពី​សេរីភាព​សាសនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​បានធ្វើការ​ជាមួយ​មេដឹកនាំ​សាសនា និង​អង្គការ​សាសនា​នានា​លើ​បញ្ហា​នៃ​ការអត់ឱន និង​ភាព​ចំរុះ​សាសនា​។ សកម្មភាព​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​បាន​ផ្តោតលើ​សហគមន៍​សាសនា ហើយ​ជំរុញអោយមាន​ភាព​ចំរុះ​សាសនា តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ និង​កម្មវិធី​យុវជន​។​

​ផ្នែក​១៖ ប្រជាសាស្ត្រ​ទាក់ទង​នឹង​សាសនា​
       
 តាម​ការប៉ាន់ប្រមាណរ​បស់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​នៅ​ខែកក្កដា ឆ្នាំ​២០១២ ប្រជាជន​កម្ពុ​ជាមាន​ចំនួន​ជាង ១៤,៩ លាន​នាក់​។ ប្រជាជន​ចំនួន ៩៦% កាន់​ពុទ្ធសាសនា​ហិន​យាន​។ ជនជាតិខ្មែរ​ភាគច្រើន​លើសលុប​ជា​ពុទ្ធសាសនិក ។ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ពុទ្ធសាសនា ប្រពៃណី​វប្បធម៌ និង​អត្តសញ្ញាណ​ខ្មែរ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ បើ​យោងតាម​ក្រសួង​ធម្មការ និង​សាសនា សាលា​ពុទ្ធិកៈ​ហិន​យាន​មាន​អ្នករៀន​ចំនួន ១៩៥៥០ នាក់ ហើយ​មាន​វត្ត​ចំនួន ១៦៧ នៅ​ទូទាំងប្រទេស​។​
      
 មាន​អ្នក​កាន់សាសនា​ឥស្លាម​ប្រមាណ ២,៤% នៃ​ប្រជាជន​ទាំងអស់ ដែល​ភាគច្រើន​លើសលុប​គឺជា​ចាម ដែល​ច្រើន​រស់នៅ​តាម​ទីប្រជុំជន និង​ភូមិ​នេសាទ​តាម​ជនបទ​តាម​មាត់​ទន្លេសាប​និង​ទន្លេមេគង្គ និង​ក្នុង​ខេត្ដ​កំពត​។ នៅ​កម្ពុជា សាសនា​ឥស្លាម​មាន​បួន​សាខា គឺ​សាខា Shafi ដែល​ទទួល​ឥទ្ធិពល​ពី​ម៉ា​ឡេ ហើយ​ដែល​ប្រតិ​ប​ត្ដិ​ដោយ​អ្នក​កាន់សាសនា​ឥស្លាម​រហូត ៩០% ។ សាខា Salafi (Wahhabi) ដែល​ទទួល​ឥទ្ធិពល​ពី​គុយ​វេត​និង​អារ៉ាប៊ីសាអ៊ូឌីត សាខា​ដើម ដែលមាន ឈ្មោះថា Iman-San និង​សាខា Kadiani ។ ប្រជាជន​ចំនួន ១,៦% ទៀត​គឺជា​ក្រុម Baha’i Faith ជ្វី​ហ្វ និង​វៀតណាម​អ្នក​កាន់សាសនា Cao Dai ឬ​ក្រុម​អ្នក​កាន់សាសនា​គ្រឹះ​និកាយ​ផ្សេងៗ​។​

​ផ្នែក​ទី ២៖ ការគោរព​របស់​រដ្ឋា​ភិ​បាល​ចំពោះ​សេរីភាព​សាសនា

​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​
        
​រដ្ឋធម្មនុញ្ញ ច្បាប់​ដទៃទៀត និង​គោលនយោបាយ​នានា​ការពារ​សេរីភាព​សាសនា​។ រដ្ឋធម្មនុញ្ញ​ហាមប្រាម​ការរើសអើង ដោយសារ​សាសនា ។ ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយ​រដ្ឋាភិបាល​លើក​កំពស់​ថ្ងៃបុណ្យ​តាម​ព្រះពុទ្ធសាសនា ផ្តល់​ការបណ្តុះបណ្តាល និង​ការអប់រំ​តាម​ព្រះពុទ្ធសាសនា​ដល់​ព្រះសង្ឃ និង​អ្នក​ដទៃទៀត​នៅតាម​វត្ត ហើយ​ជួយ​មួយផ្នែក​តូច​ដល់​វិទ្យាស្ថាន​មួយ ដែល​ធ្វើការ​ស្រាវជ្រាវ និង​បោះពុម្ព​ឯកសារ​ស្តីពី​វប្បធម៌​ខ្មែរ និង​ប្រពៃណី​តាម​ព្រះពុទ្ធសាសនា​។​
        
​ច្បាប់​តំរូវអោយ​ក្រុម​អ្នក​កាន់សាសនា​ទាំងអស់ រួមទាំង​ក្រុម​ពុទ្ធសាសនិក​ផង អោយ​ដាក់​ពាក្យសុំ​ទៅ​ក្រសួង​ធម្មការ​និង​សាសនា បើ​គេ​ចង់​កសាង​កន្លែង​គោរពបូជា ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ផ្នែក​សាសនា ។ នៅក្នុង​ពាក្យសុំ គេ​ត្រូវ​បញ្ជាក់​អោយ​ច្បាស់​ពី​បំណង និង​សកម្មភាព​ផ្នែក​សាសនា​របស់គេ ដែល​ត្រូវតែ​គោរព​តាម​ប​ញ្ញ​តិ​ដែល​ហាមប្រាម​ក្រុម​សាសនា​នានា​មិនអោយ​ប្រមាថ ក្រុម​សាសនា​ដទៃទៀត បង្កើតអោយមាន​ជំលោះ ឬ ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ។ គ្មាន​ការដាក់ពិន័យ​ចំពោះ​ការមិន​ចុះបញ្ជី​ការ​ទេ ហើយ​ជាក់ស្ដែង មាន​ក្រុមខ្លះ​មិនបាន​ចុះបញ្ជី​ការ​ទេ ។​
       
 រដ្ឋាភិបាល​ធ្វើការ​បែងចែក​គ្នា​ដាច់​តាមផ្លូវ​ច្បាប់ រវាង​កន្លែង​គោរពបូជា និង​ការិយាល័យ​សំរាប់​សូត្រធម៌​។ ការបង្កើត​កន្លែង​បូជា​តំរូវអោយ​ស្ថាបនិក​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អាគារ និង​ដី​អាគារ​នោះ​។ កន្លែង​នោះ​ត្រូវដាក់​មនុស្ស​បាន​យ៉ាងតិច ២០០ នាក់ ហើយ​ពាក្យសុំ​ការអនុញ្ញាត​ត្រូវមាន​ការគាំទ្រ​របស់​អ្នក​ជឿ​ចំនួន​យ៉ាង តិច ១០០ នាក់​។ ផ្ទុយទៅវិញ​ការិយាល័យ​សំរាប់​សូត្រធម៌​អាច​ស្ថិតនៅក្នុង​ទីតាំង​ជួល ឬ​នៅ​លើដី​ជួល ហើយ​មិនចាំបាច់​ទាល់តែ​ដាក់​មនុ​ស្សបាន​ប៉ុន្មាន​នោះទេ ចំណែក​ពាក្យសុំ​ការអនុញ្ញាត​ត្រូវមាន​អ្នកគាំទ្រ​ចំនួន​២០ នាក់​បាន​ហើយ​។​
       
​បទបញ្ជា​ស្ដីពី​ការគ្រប់គ្រង​សាសនា​ពី​ខាងក្រៅ​តំរូវអោយមាន​ការចុះ បញ្ជី​កន្លែង​គោរពបូជា និង​សាលា​សាសនា​ទាំងអស់ ។ កន្លែង​គោរពបូជា​ត្រូវ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច ២ គម ហើយ​មិនអាច​ប្រើប្រាស់​ដើម្បី​បំរើ​បំណង​ផ្នែក​នយោបាយ ទទួល​ឧក្រិដ្ឋជន​អោយ​ស្នាក់នៅ ឬ​ជន​គេចខ្លួន​ពី​ច្បាប់​ឡើយ​។ ការកំណត់​ចំងាយ​ពីគ្នា​នេះ​សំរាប់តែ​ការកសាង​កន្លែង​គោរពបូជា​ថ្មីៗ តែប៉ុណ្ណោះ ហើយ​មិន​ទាក់ទង​នឹង​ការិយាល័យ​របស់​អង្គការ​សាសនា​ទេ​។ គ្មាន​ករណី​រាយការណ៍​មក​ថា បទបញ្ជា​នេះ​ត្រូវបាន​ប្រើ​ដើម្បី​រារាំង​ក្រុម​សាសនា​គ្រឹះ​ឬ​សាសនា ឥស្លាម មិនអោយ​កសាង​ទីតាំង​ថ្មី​ឡើយ​។ បទបញ្ជា​ក៏​តំរូវ​ផងដែរ​អោយ​ក្រុម​សាសនា​នានា​កុំអោយ​រិះគន់​គ្នា​ដោយ​បើក ចំហ តែ​បញ្ញា​តិ​នេះ​កំរ​ត្រូវបាន​គេ​សាកល្បង​បំពាន​ណាស់​។​
      
 រដ្ឋាភិបាល​បានអនុញ្ញាត​អោយមាន​កា​រ​បង្រៀន​ពី​ពុទ្ធសាសនា​នៅតាម​សាលា​រដ្ឋ​នានា ។ ការបង្រៀន​ពី​សាសនា​ដទៃទៀត នៅតាម​សាលា​រដ្ឋ​ត្រូវបាន​ហាមឃាត់ តែ​ការបង្រៀន​ពី​សាសនា​ដែល​មិនមែនជា​សាសនាព្រះពុទ្ធ ដោយ​កន្លែង​ឯកជន​អាចធ្វើ​បាន​។​
      
​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃបុណ្យ​ធំៗ​តាម​ពុទ្ធសាសនា ជា​ថ្ងៃ​ឈប់សំរាក​បុណ្យ​របស់​ជាតិ ដែលមាន​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ​(​រំលឹក​ដល់​ដូនតា​)  បុណ្យ​វិសាខបូជា​(​រំលឹក​ដល់​ការ​ប្រសូត និង​សុគត​របស់​ព្រះពុទ្ធ​) បុណ្យមាឃបូជា (​រំលឹក​ដល់​ការចូល​និ​ពា​ន្វ​របស់​ព្រះពុទ្ធ​)​។​

​ការប្រតិបត្តិ​របស់រ​ដ្ឋា​ភិ​បាល
        
​គ្មាន​ការរាយការណ៍​ស្តីពី​ការបំពាន​លើ​សេរីភាព​សាសនា​ទេ​។​

​ផ្នែក​ទី​៣៖ ស្ថានភាព​នៃ​ការគោរព​របស់​សង្គម​ចំពោះ​សេរីភាព​សាសនា​
       
​បើ​យោងតាម​ក្រសួង​ធម្មការ និង​សាសនា គ្មាន​ការរាយការណ៍​ពី​ការបំពាន​ឬ​ការរើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិ​ប​តិ្ត​សាសនា​ទេ​។​
​ចាម​អ្នក​កាន់ សាសនា​ឥស្លាម​ខ្លះ​មាន​សមាហរណកម្ម​ល្អ​ក្នុងសង្គម ដោយមាន​មុខតំណែង​ធំៗ​ក្នុង​មុខ​ជំនួញ និង​រដ្ឋាភិបាល​។ តែ​ចំនួន​នេះ​មាន​កំរិត​ទាប បើ​ប្រៀបធៀប​នឹង​ក្រុម​អ្នក​កាន់សាសនា​ដទៃទៀត​។ ការសិក្សា​អង្កេត​លើ​ក្រុម​ចាម​កាន់សាសនា​ឥស្លាម​បានបង្ហាញ​អោយឃើញថា គេ​នៅតែ​យល់ថា​មាន​ឧបសគ្គ​ផ្នែក​ស្ថាប័ន និង​វប្បធម៌​ដល់​សមាហរណកម្ម​ពេញលេញ​ក្នុងសង្គម​។​

​ផ្នែក​ទី​៤៖ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​
       
​ស្ថានទូត​សហរដ្ឋអាមេរិក​ពិភាក្សា​បញ្ហា​សេរីភាព​សាសនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​អ្នក​កាន់សាសនា​គ្រឹះ សាសនា​ជី​ហ្វ សាសនា​ឥស្លាម និង​ពុទ្ធសាសនា ព្រមទាំង​មេដឹកនាំ​អង្គការ​សាសនា​ជាច្រើន​ទៀត លើ​បញ្ហា​នៃ​ការអត់ឱន និង​ភាព​ចំរុះ​នៃ​សាសនា​។ តំណាង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក​បាន​ទាក់ទង​ទៀងទាត់​ជាមួយ​មេដឹកនាំ សាសនា និង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអត់ឱន​រវាង​សាសនា​នានា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ការខិតខំ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​ថែមទាំង​បាន ផ្តោតលើ​សហគមន៍​សាសនា ដើម្បី​ជំរុញ​ពហុ​សាសនា តាមរយៈ​កម្មវិធី​យុវជន និង​កម្មវិធី​ផ្លាស់ប្តូរ​។​
       
​ស្ថានទូត​អាមេរិក​បាន​បន្ដសកម្មភាព​ចុះ​ដល់​មូលដ្ឋាន​អ្នក​កាន់សាសនា ឥស្លាម​។ ការងារ​នេះ​បានផ្ដល់​ព័ត៌មាន​បន្ថែម​ស្ដីពី​ស្ថានភាព​នៃ​ការអត់ឱន​ខាង សាសនា និង​ភាព​ចំរុះ​នៃ​សាសនា ក្នុងចំណោម​ប្រជាជន​កាន់សាសនា​ឥស្លាម​។ ស្ថានទូត​បាន​បន្ត​កម្ម​វិធី​ផ្តល់​អាហារ​រូបករណ៍ ដែល​ផ្តល់​លទ្ធភាព​អោយ​សិស្ស​កាន់សាសនា​ឥស្លាម​រៀន​ភាសា​អង់គ្លេស​រយៈពេល ២ ឆ្នាំ​។ ឯកអគ្គរដ្ឋទូត​បាន​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស (Iftar) សំរាប់​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​ក្នុង​រដូវ​បុណ្យ​រ៉ា​ម៉ា​ដាន​។ មន្ត្រី​អាមេរិក​ដែល​មក​ធ្វើ​ទស្សនកិច្ច រួមមាន​តំណាង​ពិសេស​សំរាប់​សហគមន៍​ឥស្លាម ដែល​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល មេដឹកនាំ​សាសនា និង​ក្រុមយុវជន​នៅ​ទូទាំងប្រទេស ដើម្បី​ពិភាក្សា​ពី​ការអត់ឱន​ផ្នែក​សាសនា​។ មន្ត្រី​ទូត និង​វាគ្មិន​ជា​ភ្ញៀវ​មកពី​សហរដ្ឋអាមេរិក​បានមក​ធ្វើ​ទស្សនកិច្ច​ជា ច្រើនលើក ដើម្បី​ជួយ​ជាមួយ​សហគមន៍​ឥស្លាម​។ ការិយាល័យ​ជាច្រើន​របស់​ស្ថានទូត​ថែមទាំង​បាន​ដឹកនាំ​ការងារ​រៀបចំ​ការ បោះជំរំ​ប្រកួត​កីឡាបាល់ទាត់​រវាង​ក្រុម​កាន់សាសនា​ផ្សេងគ្នា ហើយ​បាន​ជួយ​កម្មវិធី​នានា​ដែល​ផ្តល់​សេវា​អប់រំ និង​សេវា​សង្គម​ដល់​សហគមន៍​ឥស្លាម​៕

 

What Next?

Recent Articles

2 Responses to "អាមេរិកចេញរបាយការណ៍ ស្តីពី សេរីភាពសាសនា នៅកម្ពុជា : គ្មានការបំពានលើសេរីភាពសាសនាទេ"

  1. អាមេរិក​គួរ​ស្រាវ​ជា្រ​វ​សារជាថ្មី ចំពោះ​ព័ត៌មាន​នេះ​ម្ដង​ទៀត។ មិន​សូវ​រំលោភ​ទើប​ត្រូវ​ បើគ្មាន​សោះ​នោះ​មិនអាច។ ចំណុច​មួយ​គួរ​យក​ចិត្ត​ទុកដាក់​គិត​គូដល់​ព្រះសង្ឃ​ ក្នុង​ពុទ្ធសាសនា​ជា​សាសនា​រដ្ឋ​ ប៉ុន្តែ​នៅ​ក្នុង​វត្ត​នីមួយៗ​មិន​ដែល​មាន​គ្រូ​បង្រៀន និង​ពុទ្ធិកសិក្សា​ច្បាស់​លាស់​មួយ​សោះ រដ្ឋ​ធ្វើ​ព្រងើយ​កន្តើយ​ហាក់​ដូច​ជា​មិន​ដឹង​អី។

  2. ប្រជាជន says:

    ត្រឹត្រូវ