លោក ខៀវ កាញារីទ្ធ​៖ រាជរដ្ឋាភិបាល​កម្ពុជា មិន​នៅ​ពីក្រោយ​ខ្នង​នៃ​ការជួញដូរ​មនុស្ស​ទេ

ថ្ងៃទី 20 មិថុនា 2013
ដោយ: លី សិលា
CEN

 

ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​ជួញដូរ​មនុស្ស​ទេ​។ អំពើ​ជួញដូរ​មនុស្ស ជា​បទឧក្រិដ្ឋ​មួយ ដែល​រាជរដ្ឋាភិបាល មិន​បាន​អោបដៃ ឈរ​មើល​ឡើយ​។​

​ក្នុង​ពិធី​បើកសម្ពោធ​ស្ថានីយ​វិទ្យុ​បារាំង RFI នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៣ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា “​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​រាល់​ថ្ងៃ​។ តែ​សូម្បី​អាមេរិក ក៏​នៅតែ​មាន​ដែរ​។ អីចឹង​វា​ត្រូវការ ទាមទារ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស និង​ប្រទេស និង​រវាង​ស្ថាប័ន​។ រឿង​ជួញដូរ​មនុស្ស​នេះ ជា​ឧក្រិដ្ឋកម្ម ហើយ​រដ្ឋាភិបាល​ធ្វើ ( បង្ក្រាប ) ជា​រៀង​រាល់​ពេល​។ តែ​យើង​ដឹង​ហើយ រឿងនេះ រដ្ឋាភិបាល​មួយ ធ្វើ​មិន​រួច​ទេ​។ តែ​រដ្ឋាភិបាល អត់​បាន​ឈរ​ពីក្រោយ​ខ្នង នៃ​ការជួញដូរ​នុស្ស​នោះទេ​”​។​

​អត្ថាធិប្បាយ​របស់​លោក ខៀវ កាញារីទ្ធ ខាងលើនេះ ធ្វើឡើង ដើម្បី​តប​នឹង​របាយការណ៍ ស្តីពី ការជួញដូរ​មនុស្ស របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៣​។ របាយការណ៍ បង្ហាញថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​២ ដែល​ជា​កន្លែង​ឆ្លងកាត់ និង​ជា​គោលដៅ​ជួញដូរ​មនុស្ស​។ អាមេរិក ក៏​បាន​ចាត់ទុក ប្រទេស​កម្ពុជា ជា​កន្លែង​ប្រើប្រាស់​ពលកម្ម ដោយ​បង្ខំ​ផងដែរ​។​

​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក៏​បាន​បង្ហាញថា ស្ត្រី និង​កុមារី កម្ពុជា ព្រម​ទាំង​ស្ត្រី​វៀតណាម ត្រូវ​គេ​ជួញដូរ​ផ្លូវភេទ នៅ​តំបន់​ទេសចរណ៍ ពិសេស​នៅ​សៀមរាប បន្ទាយមានជ័យ កោះកុង និង​ខេត្ត​ព្រះសីហនុ ជាដើម​។

​តាម​របាយការណ៍​ដដែល ជនរងគ្រោះ​ជិត ១០០០ នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ​។ ប៉ុន្តែ​កិច្ច​គាំពារ​ជនរងគ្រោះ​ទាំង​នោះ ជា​ការទទួលខុសត្រូវ​របស់​អង្គការក្រៅរដ្ឋាភិបាល​។​

​របាយការណ៍​ក៏​បាន​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​បំបាត់​ការជួញដូរ​ផ្លូវភេទ ប៉ុន្តែ​ក្រសួង​ការបរទេស​អាមេរិក មើលឃើញថា ការនាំ​ខ្លួន​ជនសង្ស័យ ទៅ​កាត់ទោស មិន​ត្រូវបាន​ធ្វើឡើង​ឲ្យបាន​ពេញលេញ​ទេ​។ មូលហេតុ មកពី​បញ្ហា​នីរ​ទណ្ឌ​ភាព​នៅ​កម្ពុជា​។ ចំណែក​ការផ្តល់​កិច្ច​ការពារ​ដល់​ជនរងគ្រោះ ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល អនុវត្ត​ឲ្យបាន​ពេញទំ​ហឹង​ឡើយ​៕​

 

What Next?

Recent Articles

One Response to "លោក ខៀវ កាញារីទ្ធ​៖ រាជរដ្ឋាភិបាល​កម្ពុជា មិន​នៅ​ពីក្រោយ​ខ្នង​នៃ​ការជួញដូរ​មនុស្ស​ទេ"

  1. Neak sralang cheat says:

    មន្រ្តីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបំផ្លាញ់អនាគត់កូនខ្មែរ និងជាតិ​ឈាមជ័រជាខ្មែរតែគ្មានមនសិការ នេះហើយអ្នកធំស្រុកខ្មែរ។