Thursday, 20 June 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTU) បានដាក់ពាក្យជូនដំណឹងធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ (សួនសេរីភាព) ដើម្បីទាមទារសុំឲ្យមានការដោះលែង និងលើកលែងចោទប្រកាន់ ទៅលើមន្ត្រីសហជីព និងកម្មកររោងចក្រសាប្រ៊ីណាចំនួន ៨នាក់ កំពុងជាប់ឃុំខ្លួន និង ៨នាក់ផ្សេងទៀតកំពុងទទួលរងការចោទប្រកាន់ដោយតុលាការខេត្តកំពង់ស្ពឺ។
យោងតាមលិខិតជូនដំណឹងដល់សាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហជីពសេរីកម្មករ នឹងដឹកនាំកម្មករ កម្មការិនីចំនួនប្រមាណជា ២៥០ នាក់ ធ្វើបាតុកម្មអហឹង្សាស្នើសុំឲ្យមានការដោះលែង និងលើកការចោទប្រកាន់អ្នកទាំង ១៦នាក់នោះ និងដោយមានប្រគល់ញត្តិជូនលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៣។
កាលពីដើមខែមិថុនានេះ មានការប៉ះទង្គិចក្នុងកូដកម្មតវ៉ានៅរោងចក្រកាត់ដេរ សាប្រ៊ីណា បាននាំឲ្យមានការចាប់ខ្លួនសមាជិកសហជីពចំនួន ៨ នាក់ និងបង្ករបួសដល់ភាគីទាំងសងខាងជាច្រើននាក់ទៀត។
កូដកម្មនៅរោងចក្រផ្គត់ផ្គង់ផលិតផល Nike នៅក្នុងខេត្តកំពង់ស្ពឺ បានក្លាយជាបាតុកម្មហិង្សាជាលើកទី២ នៅក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះ នៅពេលក្រុមអ្នកតវ៉ាបានចូលទៅក្នុងរោងចក្រ និងគប់គ្នាជាមួយនិយោជិត ដែលកំពុងធ្វើការដែលធ្វើឲ្យសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ ត្រូវចូលទៅធ្វើអន្តរាគមន៍។
កាលពីព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា មនុស្ស៨នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទថាបានញុះញង់ឲ្យមាន អំពើហិង្សាក្នុងកូដកម្មនៅរោងចក្រសាប្រ៊ីណានិងបានបង្កឲ្យរបួសដល់ ភាគីទាំងសងខាងនិងមន្រ្តីនគរបាល៩នាក់។