Wednesday, 17 July 2013
ភ្នំពេញប៉ុស្តិ៍
ការមានគភ៌បន្តវង្សត្រកូលគឺជារឿងមួយដ៏រំភើបរីករាយបំផុតក្នុងជីវិតគូស្នេហ៍ ប៉ុន្តែអ្វីដែលបុរសបារម្ភជាងគេនោះតើ អាចរួមមេត្រីជាមួយនាងបានទេក្នុងអំឡុងពេលពពោះ។ សម្រាប់ស្ត្រីវិញ នាងក៏មានការគិតគូរដែរថា តើអាចឲ្យស្វាមីឡើងឋានសួគ៌បានទេខណៈដែលខ្លួនកំពុងមានគភ៌ ព្រោះបើឲ្យស្វាមីឈប់វិស្សមកាលយូរពេក វាអាចបង្កជាគ្រោះមានមារស្រីជ្រែកចូលជីវិតគ្រួសារក៏ថាបាន ដោយសារតែកង្វះការបំពេញផ្នែកកាមគុណដ៏ធំធេងនេះឯង។
យោងតាមវេបសាយសុខភាពជាច្រើនដែលល្បីៗនិងជឿជាក់បានដូចជា mayoclinic, babycenter និង askmen.com ការរួមភេទក្នុងអំឡុងពេលមានគភ៌គឺប្រព្រឹត្តទៅបានយ៉ាងសុវត្ថិភាពពីដើមដល់ចប់ ប្រសិនបើស្ត្រី និងកូននៅក្នុងផ្ទៃមានសុខភាពល្អធម្មតា។
យ៉ាងណាមិញអ្នកគួរស្វែងយល់ចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
ចំណង់របស់ស្ត្រី និងការប្ដូររូបរាង
អំឡុងពេលមានទម្ងន់ ស្ត្រីភាគច្រើនមានអារម្មណ៍មិននឹងនរ ឆាប់ប្រែប្រួល ដោយសារតែការឡើងចុះនៃអ័រម៉ូនម៉្យាង។ ស្ត្រីមានគភ៌មួយចំនួនបាត់បង់ចំណង់ផ្លូវភេទព្រោះតែគិតថាខ្លួនមានរូបរាងមិនស្អាតឬបារម្ភខ្លាចការស៊កបញ្ចូលលិង្គប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ស្ត្រីមានគភ៌មួយចំនួនទៀតបែរជាមានចំណង់ផ្លូវភេទកើនឡើងដោយសារតែលំហូរឈាមនៅប្រជុំម្ដុំប្រដាប់ភេទ។
នៅពេលដែលបុរសចង់បបួលស្ត្រីកំពុងមានគភ៌ឡើងឋានសួគ៌នោះ សូមព្យាយាមចាប់ផ្ដើមដោយកាយវិការទន់ភ្លន់ប្រកបដោយមនោសញ្ចេតនា។
ក្បាច់រួមភេទអំឡុងពេលមានគភ៌
ឲ្យតែគ្រូពេទ្យពិនិត្យតាមដានផ្ទៃពោះផ្ដល់ភ្លើងខៀវថាអាចប្រតិបត្តិការបាន នោះបុរសស្ត្រីទាំងឡាយអាចបន្តជីវិតលើគ្រែរបស់ខ្លួនធម្មតាចាប់ពីពេលមានគភ៌រហូតដល់ពេលសម្រាល។ ទោះយ៉ាងណា អ្នកត្រូវតែស្វែងយល់អំពីក្បាច់នានាសម្រាប់ត្រីមាសនីមួយៗដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ។
អ្នកត្រូវចាំថា ចាប់ពីខែទី៤ទៅ អ្នកមិនអាចឲ្យនាងគេងខ្នងរាបស្មើទេ ព្រោះទម្ងន់ទារកនៅក្នុងស្បូនអាចសង្កត់សរសៃឈាមមួយចំនួនបាន។
ក្បាច់រួមភេទពីខែទី១ ដល់ទី៣
ក្បាច់អក្សរ T តម្រូវឲ្យស្រីគេងត្រង់រាបស្មើហើយបញ្ឈរជង្គង់ឡើងលើ ដើម្បីឲ្យបុរសអាចគេងផ្អៀងកាត់ទទឹងខ្លួននាងប្រៀបបីដូចជាអក្សរ T។
ក្បាច់ប្រយុទ្ធគែមគ្រែ តម្រូវឲ្យស្រីគេងនៅត្រង់កែងចុងគ្រែហើយសំយុងជើងទាំង២ចុះក្រោម ឬក៏លើកជើងឡើងលើ ដើម្បីស្វាគមន៍ការស៊កបញ្ចូលនៃលិង្គ។ បុរសអាចលុតជង្គង់ ឬក៏ឈរទ្រេតខ្លួនក្នុងអំឡុងពេលវាយលុកក៏បាន។
ក្បាច់រួមភេទពីខែទី៤ ដល់ទី៦
ក្បាច់ជិះសេះ ជាក្បាច់ដ៏សមស្របបំផុតក្នុងដំណាក់កាលនេះ។ វាតម្រូវឲ្យខាងប្រុសគេង ឲ្យខាងស្រីអង្គុយពីលើ។ ក្បាច់នេះអាចឲ្យស្ត្រីក្លាយជាម្ចាស់ការក្នុងការធ្វើចលនា ឲ្យទម្ងន់របស់គភ៌ក៏មិនសង្កត់លើពោះរបស់នាងដែរ។
ក្បាច់កៅអី តម្រូវឲ្យប្រុសអង្គុយ ហើយស្រីអង្គុយពីលើដោយទល់មុខ ឬបែរខ្នងដាក់ខាងប្រុសតាមចំណូលចិត្ត។ ក្បាច់នេះក៏មិនធ្វើឲ្យទម្ងន់ទារកនិងស្បូនសង្កត់សរសៃឈាមស្ត្រីជាម្ដាយដែរ។
ក្បាច់ឈរ គឺជាក្បាច់ដ៏មានសុវត្ថិភាពបំផុតដោយស្រីឈរចំកោងច្រត់ជញ្ជាំង ហើយកន្ធែកជើងបន្តិចដើម្បីឲ្យខាងប្រុសអាចវាយប្រហារពីខាងក្រោយបាន។
ក្បាច់រួមភេទពីខែទី៧ ដល់ទី៩
ក្បាច់ចំណិតត្រសក់ តម្រូវឲ្យភាគីខាងស្រីគេងផ្អៀងអង្កុញនិងកន្ធែកជើងបន្តិច ហើយខាងប្រុសគេងផ្អឹបពីខាងក្រោយនៅពេលប្រតិបត្តិការ។ ស្ត្រីគួរតែគេងផ្អៀងខាងឆ្វេង ដើម្បីចៀសវាងការសង្កត់សរសៃឈាមទៅចិញ្ចឹមកូនក្នុងផ្ទៃ។
ក្បាច់កង្កែប ស្រដៀងនឹងក្បាច់ឆ្កែដែរ ប៉ុន្តែខុសត្រង់ថា នាងត្រូវលុតជង្គង់ផ្កាប់មុខលើពូក ធ្វើយ៉ាងណាឲ្យក្បាលពោះទ្រដោយពូក ឬខ្នើយទន់ៗ។ ធ្វើដូច្នេះ ទម្ងន់របស់គភ៌ព្រមទាំងមិនសូវសង្កត់ខ្លាំងលើមាត់ស្បូនរបស់នាង។
រួមភេទដោយគ្មានការបញ្ចូលលិង្គ
អ្នកត្រូវចងចាំថា ប្រសិនបើគ្រូពេទ្យណែនាំថា សុខភាពរបស់អ្នកនិងកូនក្នុងផ្ទៃមិនសមស្របនឹងប្រតិបត្តិការបញ្ចូលលិង្គហើយវាអាចធ្វើឲ្យមានគ្រោះថ្នាក់ផ្សេងៗនោះ អ្នកក៏នៅតែអាចសប្បាយលើគ្រែជាមួយដៃគូតាមរយៈការសម្រេចកាមដោយមាត់ និងដៃផងដែរ។
ករណីការរួមភេទប៉ះពាល់ដល់គភ៌គ្រូពេទ្យមួយចំនួនបានណែនាំឲ្យស្ត្រីផ្អាកការរួមភេទនៅសប្ដាហ៍ចុងក្រោយពេលគភ៌ជិតគ្រប់ខែ ព្រោះទឹកកាមរបស់បុរសមានផ្ទុកសារធាតុដែលជំរុញឲ្យមានការកន្ត្រាក់នៃស្បូន។
គ្រូពេទ្យជាច្រើនបានដាស់តឿនដៃគូឲ្យតមការរួមភេទប្រសិនបើស្ត្រីកំពុងពពោះនោះធ្លាប់មានប្រវត្តិសម្រាលមុនកាលកំណត់ ឬរលូត។ ម៉្យាងវិញទៀតនៅពេលដែលសុកធ្លាក់មកជិតមាត់ស្បូន វាក៏ជាដំណាក់កាលដែលមិនសមស្របចំពោះការរួមភេទផងដែរ។
អាការអាចកើតមានក្រោយរួមភេទ
ក្រោយពេលរួមភេទរួច ស្ត្រីមានគភ៌អាចមានអាការមួយដូចជា ការឈឺចាប់ចុកពោះ ឈឺឆ្អឹងខ្នង ឬក៏សាច់ដុំទ្វារមាសកន្ត្រាក់តិចៗជាដើម ជាពិសេសនៅពេលដែលស្ត្រីបានដល់ចំណុចកំពូល។ ប៉ុន្តែអាការបែបស្រាលៗទាំងនេះមិនគួរជាក្ដីបារម្ភទេ ព្រោះវាមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ។
បង្កើនសុវត្ថិភាពពេលរួមភេទ
ការរួមភេទដោយស៊កបញ្ចូលលិង្គចាំបាច់ត្រូវតែពាក់ស្រោមអនាម័យ ក្នុងករណីដែលភាគីខាងបុរសជាអ្នកដែលមានដៃគូរួមភេទច្រើន ដើម្បីការពារគភ៌ពីការឆ្លងជំងឺកាមរោគផ្សេងៗ។
ការរួមភេទដោយមាត់ ត្រូវប្រាកដថាដៃគូមានសុខភាពល្អ មិនមានជំងឺឬដំបៅក្នុងមាត់ ដែលនាំឲ្យចម្លងមេរោគ។
ការរួមភេទដោយដៃទាមទារការលាងសម្អាតដើម្បីធានាអនាម័យជាមុនសិនព្រោះមេរោគផ្សេងៗអាចបង្កជារោគ រមាស់ រលាក ឬដាច់រហែកសាច់នៃទ្វារមាស ឬប្រដាប់ភេទបុរសបាន។
ការមានគភ៌មិនមែនជាភ្លើងស្ដុបផ្អាកប្រតិបត្តិការផ្លូវភេទឡើយ សំខាន់គឺដៃគូចេះស្វែងយល់ពីកត្តាសុខភាពដែលសមស្របសម្រាប់រួមភេទប្រកបដោយសុវត្ថិភាព និងភាពសុខស្រួលបំផុត៕