ការ​ណែនាំ​ដ៏​ពិសេស​អំពី​បញ្ហា​ផ្លូវ​ភេទ​បុរស​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​សោះ

Wednesday, 24 July 2013
ភ្នំពេញប៉ុស្តិ៍

 

130724_21a

សមត្ថភាព​បន្តពូជ​របស់​បុរស​គឺជា​កត្តា​វេជ្ជសាស្ត្រ​ដ៏​ស្មុគស្មាញ ដែល​ចង្អុល​បង្ហាញ​អំពី​ជីវិត​ស្នេហា ផ្លូវភេទ និង​សុខភាព​របស់​បុគ្គល​នោះ​ផង​ដែរ​។ លោក រ៉ូណាល់ វីរ៉ាក់ ជា​វេជ្ជបណ្ឌិត​បារាំង​ដែល​ទើប​បញ្ចប់​ការ​និពន្ធ​សៀវភៅ​សុខភាព​ផ្លូវភេទ​បុរស​នោះ​បាន​ផ្ដល់​ការ​ណែនាំ​ប្លែក​ៗ​ជាច្រើន​ចំណុច​ដូច​ត​ទៅ​។

ទុក​អាវុធ​មិន​ប្រើ​នាំ​ឲ្យ​វា​ច្រែះចាប់​

សរីរាង្គ​លើ​ខ្លួន​មនុស្ស​រាប់​ទាំង​លិង្គ​ផង​នោះ សុទ្ធ​តែ​វិវត្ត​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​កាល​។ នៅ​ពេល​ដែល​បុរស​ឈាន​ចូល​វ័យ​៤០​ឆ្នាំ សរសៃឈាម​ពួកគេ​ចាប់​ផ្ដើម​កក​ខ្លាញ់​ដែល​ជា​ឧបសគ្គ​ដល់​លំហូរ​ឈាម​ទៅ​បំពេញ​លិង្គ​ឲ្យ​រឹង​ផង​ដែរ​។

កង្វះ​ឈាម​ធ្វើ​ឲ្យ​កោសិកា​ជុំវិញ​សរសៃ​ខ្វះ​អុកស៊ីសែន និង​បង្ក​ឲ្យ​បុរស​ប្រឈម​នឹង​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​។

មុន​ឈាន​ដល់​អាយុ​៤០​ឆ្នាំ មាន​បុរស​១០​ភាគ​ប៉ុណ្ណោះ​ដែល​បារម្ភ​ពី​បញ្ហា​លិង្គ​មិន​រឹង ប៉ុន្តែ​ក្រោយ​ឈាន​ដល់​វ័យ​៤០​ឆ្នាំ​មនុស្សប្រុស​៥០​ភាគរយ​កាន់​តែ​បារម្ភ​ច្រើន​ពី​អាប្អូន​តូច​របស់​ខ្លួន​។

ក្នុង​វ័យ​នេះ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ធ្លាក់​ចុះ​ដោយសារ​តែ​ពងស្វាស​មិន​អាច​ផលិត​បាន​ច្រើន​ដូច​កាល​នៅ​ក្មេង​។

ទោះ​យ៉ាង​ណា ការ​រួមភេទ​ជា​ញឹកញាប់ អាច​ធ្វើ​ឲ្យ​បុរស​រក្សា​ភាព​រឹងមាំ​នៃ​លិង្គ​របស់​ខ្លួន ក៏​ដូចជា​ជួយ​ឲ្យ​អាយុ​វែង​ដែរ​។

ការ​សិក្សា​បង្ហាញ​ថា បុរស​វ័យ​ជាង​៥០​ឆ្នាំ​ទំនង​ជា​មាន​អាយុ​វែង ប្រសិន​បើ​គាត់​បាន​រួមភេទ​ដល់​ចំណុច​កំពូល​យ៉ាង​តិច​២​ដង​ក្នុង​មួយ​ខែ​។

ការ​សកម្ម​នឹង​រឿង​លើ​គ្រែ​ធ្វើ​ឲ្យ​បុរស​មិន​ងាយ​ងាប់​លិង្គ ការពារ​ការ​រួញ​នៃ​លិង្គ​ទៅ​តាម​អាយុកាល និង​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូស្តាត​ថែម​ទៀត​ផង​។

កត្តា​ផ្លូវភេទ​ស្ដែង​ពី​កម្រិត​សុខភាព​

បុរស​ដែល​ខ្សោយ​សមត្ថភាព​ផ្លូវភេទ ឬ​លិង្គ​មិន​រឹង​នោះ អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដទៃ​ទៀត​ជាច្រើន​។

ជំងឺ​ធ្លាក់​ទឹកចិត្ត ធ្វើ​ឲ្យ​បុរស​បាត់បង់​សម្រើប​ក្នុង​ការ​រួមភេទ ខណៈ​ដែល​ថ្នាំ​បន្ធូរ​អារម្មណ៍​តានតឹង​គឺជា​អាវុធ​មុខ​ពីរ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ខួរក្បាល​។

ការ​អសមត្ថភាព​ផ្លូវភេទ​អាច​ជា​សញ្ញា​បង្ហាញ​ថា បុរស​នោះ​មាន​ជំងឺ​ក្រិន​សរសៃឈាម និង​ខូច​ប្រព័ន្ធ​ប្រសាទ​។ បុរស​ពី​៥​ទៅ​១០​ភាគរយ កំពុង​ប្រឈម​នឹង​បញ្ហា​ខាង​លើ​នេះ​។

អាការ​លិង្គ​មិន​រឹង​ក៏​អាច​ធ្វើ​ឲ្យ​បុរស​នោះ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ព្រោះ​កម្រិត​ជាតិស្ករ​ខ្ពស់​អាច​ការពារ​ការ​ផលិត​សារធាតុគីមី​នីទ្រីកអុកស៊ីត ដែល​ការពារ​សរសៃឈាម​ពី​ការ​កកស្ទះ​ផង​ដែរ​។

ការ​សិក្សា​បាន​បង្ហាញ​ថា បុរស​ដែល​មាន​លិង្គ​ទន់​ដូច​ដោយសារ​កង្វះ​លំហូរ​ឈាម​ទៅ​ត្រង់​អាវុធ​ពិសេស​នោះ ក៏​ងាយ​នឹង​មាន​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង​ពី​៥០​ទៅ​៧៥​ភាគរយ​ផង​ដែរ​។

ដំណេក​សំខាន់​ចំពោះ​រឿង​ផ្លូវភេទ

នៅ​ពេល​ដែល​បុរស​គេង រាងកាយ​របស់​ពួកគេ​ចាប់​ផ្ដើម​ជួលជុល​កោសិកា និង​ជាលិកា​នានា រួម​ទាំង​នៅ​តំបន់​ប្រដាប់ភេទ​ផង​ដែរ​។ ជាទូទៅ ពេល​លង់លក់ លិង្គ​របស់​បុរស​តែង​ឡើង​រឹង​ដោយ​មិន​ដឹង​ខ្លួន ហើយ​ដំណើរ​នេះ​វា​ល្អ​ចំពោះ​សុខភាព​ផ្លូវភេទ និង​ជាលិកា​ប្រដាប់ភេទ​។ វា​ក៏​សម្រួល​ដល់​ការ​រីក​នៃ​សរសៃ​ឈាម ធ្វើ​ឲ្យ​មាន​លំហូរឈាម​និង​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ផ្គត់ផ្គង់​ពង្រឹង​លិង្គ​ផង​ដែរ​។

បុរស ណា​ដែល​លិង្គ​មិន​ឡើង​រឹង​នៅ​ពេល​គេង​ទេ​នោះ អាច​ប្រឈម​នឹង​ការ​ខូចខាត​ស្រទាប់​កោសិកា និង​ប៉ះពាល់​ដល់​សមត្ថភាព​ដំឡើង​ឫទ្ធិ​ឲ្យ​ឡើង​រឹង​នៃ​លិង្គ​របស់​ខ្លួន​ផង​ដែរ​។

ក្នុង​ករណី​ដែល​លិង្គ​មិន​ងើប​សោះ​នៅ​ពេល​ទទួលទាន​ដំណេក​នោះ ហើយ​នៅ​ពេល​បើក​យុទ្ធនាការ​វាយលុក​លើ​គ្រែ​វា​នៅ​តែ​ពិបាក​ងើប​ឡើង​នោះ បុរស​គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​។

បុរស​កាន់​តែ​ចាស់​កាន់​តែ​ត្រូវ​រង់ចាំ

សម្រាប់​បុរស​វ័យ​ចំណាស់ ភាគច្រើន​ពួកគេ​ត្រូវ​រង់ចាំ​ជា​ច្រើន​ម៉ោង ឬ​រហូត​ដល់​ជាច្រើន​ថ្ងៃ ទើប​លិង្គ​របស់​ពួកគេ​អាច​ឡើង​រឹង​ទៀត​បាន ក្រោយ​ពេល​ដែល​បញ្ចេញ​ទឹកកាម​ម្ដង​ៗ​។ កត្តា​នេះ​បណ្ដាល​មកពី​អ័រម៉ូន​ម៉្យាង​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅក្នុង​លិង្គ​ខ្ជឹប​ការពារ​លំហូរ​ឈាម​ចូល​។

កាន់​តែ​បារម្ភ​កាន់​តែ​ងាប់​លិង្គ​

នៅពេល​ដែល​បុរស​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​សមត្ថភាព​ផ្លូវភេទ​របស់​ខ្លួន លិង្គ​របស់​ពួកគេ​នឹង​កាន់​តែ​ខ្សោយ​អានុភាព​ទៅ​តាម​នោះ​។ ការ​ភ័យខ្លាច​បាន​ធ្វើ​ឲ្យ​បុរស​មាន​ជំងឺ​ផ្លូវចិត្ត​ស្មុគស្មាញ ឬ​ស្ត្រេស ដែល​ធ្វើ​ឲ្យ​អ័រម៉ូន​ស្រើបស្រាល​ធ្លាក់​ចុះ ហើយ​វា​ក៏​ពិបាក​ឲ្យ​លិង្គ​ឡើង​រឹង​ដូច​ប្រាថ្នា​ដែរ​។ ការ​បរាជ័យ​ដំឡើង​ឫទ្ធិ​អាវុធ​របស់​ខ្លួន និង​ការ​បាត់បង់​សមត្ថភាព​ផ្លូវភេទ អាច​ធ្វើ​ឲ្យ​បុរស​កាន់​តែ​ខ្មាសអៀន បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង រហូត​ដល់​គេចវេះ​លែង​ហ៊ាន​ប្រឡូក​នឹង​ល្បែង​លើ​គ្រែ​។

ដូច្នេះ​ហើយ បើ​បុរស​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​កាមគុណ នោះ​ប្រដាប់ភេទ​របស់​ខ្លួន​ក៏​បាត់បង់​អានុភាព​ដែរ​ដោយសារ​តែ​កង្វះ​អុកស៊ីសែន និង​លំហូរ​ឈាម ដែល​បណ្ដាល​មកពី​ក្ដី​ខ្វល់ខ្វាយ​នោះ​ឯង​។

បុរស​មិន​គួរ​បារម្ភ​ពី​ទំហំ​អាវុធ​ទេ​

ទំហំ​លិង្គ​រឹង​ពី​១១ ទៅ​១៩​សង់ទីម៉ែត្រ គឺជា​ខ្នាត​ទូទៅ​របស់​បុរស​។ ប៉ុន្តែ​ទំហំ​នេះ​នឹង​ថយ​ចុះ​ទៅ​តាម​អាយុ​កាល​ព្រោះ​តែ​ការ​ប្រែប្រួល​នៃ​លំហូរ​ឈាម និង​ការ​កកស្ទះ​នៃ​សរសៃ​។​ការ​រួមភេទ​ជា​ញឹកញាប់ អាច​ធ្វើ​ឲ្យ​បុរស​រក្សា​ទំហំ​លិង្គ​និង​ការពារ​វា​ពី​ការ​រួញ​មាឌ​ទៅ​តាម​អាយុកាល​។

ការ​រួមភេទ​ល្អ​ដល់​ក្រពេញ​ប្រូស្តាត​

បុរស​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ដែល​ត្រូវ​ការ​វះកាត់​យក​វា​ចេញ​។ ក្នុង​ករណី​នេះ​ពួកគេ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ចំណង់​ផ្លូវភេទ ឬ​អសមត្ថភាព​ផ្លូវភេទ​។ ដូច្នេះ​ការ​មើលថែ​ក្រពេញ​ប្រូស្តាត​វា​ជា​រឿង​សំខាន់​សម្រាប់​បុរស​ដែល​ចង់​សប្បាយ​នឹង​កាមគុណ​បាន​យូរ​អង្វែង​។

ដើម្បី​ឲ្យ​ក្រពេញ​ប្រូស្តាត​មាន​សុខភាព​ល្អ បុរស​គួរ​តែ​ឈប់​ជក់បារី រួមភេទ​ទៀងទាត់​ជា​ប្រចាំ និង​ធ្វើ​លំហាត់​ប្រាណ​។

ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​កាត់បន្ថយ​អាហារ​សាច់​ក្រហម និង​ខ្លាញ់​ក៏​ជួយ​ការពារ​ក្រពេញ​ប្រូស្តាត​ពី​ការ​បង្ក​ជា​រោគ​មហារីក​ផង​ដែរ​៕

 

What Next?

Recent Articles