មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីចោទប្រកាន់រំលោភសិទ្ធិមនុស្សមួយដែលប្រជាពលរដ្ឋអះអាងថា មន្ត្រីនគរបាលការពារព្រំដែនបានប្រើប្រាស់អាវុធភ្ជង់គំរាមសម្លាប់អ្នកភូមិក្នុងរឿងជម្លោះដីធ្លី។
ដោយ រដ្ឋា វីសាល
2013-08-11
RFA
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា នៅថ្ងៃអាទិត្យ ទី១១ ខែសីហា មានប្រសាសន៍ថា លោកបានចុះអង្កេតករណីនេះនៅទីកើតហេតុរួចហើយ គឺប្រជាពលរដ្ឋដើមចោទមានឈ្មោះ អាត់ កិល រួមទាំងសាក្សីពីរនាក់ដែលបានឃើញហេតុការណ៍នោះបានអះអាងថា នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនព្រូទ្រួ ក្នុងឃុំដាក់ដាំ ស្រុកអូររាំ គឺលោក កែវ ដាន និងកងនគរបាល ២នាក់ទៀត មានឈ្មោះ ណាក់ និង រុន កាលពីថ្ងៃសៅរ៍ កន្លងទៅបានយកកាំភ្លើងពីរដើមមកបញ្ចូលគ្រាប់ហើយភ្ជង់គំរាមបាញ់សម្លាប់ដើមចោទនិងភរិយា ដោយសារតែប្រជាពលរដ្ឋដើមចោទដកបង្គោលរបងរបស់មន្ត្រីនគរបាលដែលបោះហ៊ុមព័ទ្ធយកដីប្រជាពលរដ្ឋមានព្រំដីជាប់នឹងប៉ុស្តិ៍នគរបាលនោះ។
លោកបន្តថា ចំណែកមន្ត្រីនគរបាលបានបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទនោះទេ៖ «គាត់សុំមកសមាគមអាដហុក យើងសុំឲ្យជួយរកយុត្តិធម៌ឲ្យគាត់ទីមួយផាកពិន័យសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិចព្នង ហើយទីពីរ គាត់ទាមទារឲ្យភាគីបង្កហ្នឹងចូលមកដោះស្រាយតាមនីតិវិធីច្បាប់ ហើយបើមិនមកដោះស្រាយតាមនីតិវិធីទេ គាត់ក៏នឹងបន្តតាមនីតិវិធីតុលាការដែរ»។
ទាក់ទិនករណីនេះ លោក អាត់ កិល មានប្រសាសន៍បញ្ជាក់ថា មន្ត្រីនគរបាលមានបំណងហ៊ុមព័ទ្ធយកដី ១ហិកតាររបស់ពួកគាត់ ៣គ្រួសារ មានទីតាំងប្រមាណ ៥០ម៉ែត្រពីប៉ុស្តិ៍នគរបាលព្រំដែន ហើយលោកចេញមុខតវ៉ាទើបមន្ត្រីនគរបាលអាងអំណាចបញ្ជាកងនគរបាលយកកាំភ្លើងបើកសោបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់លោក។ លោកព្រួយបារម្ភពីសុវត្ថិភាពក្រុមគ្រួសារលោកទាក់ទិនការគំរាមកំហែងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ កម្ពុជាត្រូវពង្រឹងសេរីភាពសារព័ត៌មាន
- សង្គមស៊ីវិលរិះគន់តុលាការខេត្តសៀមរាបថាឃុំខ្លួនស្ត្រីម្នាក់ដោយពុំមានភស្តុតាង
- សារព័ត៌មានយុវវ័យថ្មីប្រកាសផ្សាយព័ត៌មានពិតឯករាជ្យ
- ការប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកកំពុងពេញនិយមនៅកម្ពុជា
- មន្ត្រីអាវុធហត្ថខេត្តរតនគិរីម្នាក់រងការចោទថាប្រើហិង្សាលើស្ត្រីពីរនាក់
- លីកាដូ៖ មន្ត្រីរដ្ឋបាលមួយចំនួននៅកំពង់ឆ្នាំងអសកម្មក្នុងការងារក្រោយបោះឆ្នោត
- តុលាការរតនគិរីនឹងប្រកាសសាលក្រមរឿងសម្លាប់អ្នកកាសែតវរជនខ្មែរថ្ងៃ២៨សីហា
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- មេធាវីជំរុញតុលាការពាណិជ្ជកម្មអង់គ្លេសពន្លឿនសំណុំរឿងពលរដ្ឋខេត្តកោះកុង