ជិះកង់​រៃអង្គាស​មូលនិធិ​សប្បុរសធម៌

Monday, 09 September 2013
ធិក កល្យាណ
ភ្នំពេញ ប៉ុស្តិ៍

130909_20a

ទិដ្ឋភាព​នៃការ​ជិះកង់​​នៅ​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ ខេត្ត​សៀមរាប​​កាល​ពី​ឆ្នាំមុន។ រូបថត សហ​ការី

ខេត្តសៀមរាបៈ អ្នក​ជិះកង់​ប្រណាំង​ទាំង​ខ្មែរ​និង​បរទេស​បាន​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលរួម​យ៉ាង​ច្រើន​កុះករ​សម្រាប់​កម្មវិធី​សប្បុរសធម៌​មួយ​ Village Focus International’s Angkor Wat Bike Event​ដែល​មាន​ការ​សហការ​ឧបត្ថម្ភ​ដោយ​ធនាគារ​ CIMB Bank ​របស់​ប្រទេស​ម៉ាឡេស៊ី។

តាម​ពិត​ទៅ​កម្មវិធី​នេះ​បាន​រៀបចំ​រយៈពេល​៨​ឆ្នាំ​មក​ហើយ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ប្រណាំង​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី ​៣០ ​ខែ​វិច្ឆិកា ​ខាង​មុខ ​នៅ​ខេត្ត​សៀមរាប។ ចំពោះ​ការ​ប្រណាំង​កង់​នោះ​គេ​នឹង​បែងចែក​ជា​បី​ប្រភេទ​នៃ​ចម្ងាយ​ប្រណាំង​គឺ​១០០​គីឡូម៉ែត្រ​៣០​គីឡូម៉ែត្រ​និង​១៧​គីឡូម៉ែត្រ។

ព្រឹត្តិការណ៍​The Angkor Wat Bike4Kids​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ​ជិះ​កង់​គ្រប់​វ័យ​នៅឯ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​និង​រៃអង្គាស​ប្រាក់​សម្រាប់​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​កុមារ​ឈឺ​ខ្វះ​លទ្ធភាព​ព្យាបាល​និង​កុមារ​រងគ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវភេទ។

លោក​រីគ​រីស​នាយក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា​៖ «​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ផ្តល់​ឱកាស​ឲ្យ​សាធារណជន​ទាំងអស់​លើ​ពិភពលោក​រឹត​ចំណង​សាមគ្គីភាព​គ្នា​តាមរយៈ​កីឡា​ជិះ​កង់​ប្រណាំង​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ទឹកដី​បុរាណ​ខ្មែរ​តាំងពី​យូរលង់​មក​ហើយ​នោះ​តែ​ម្តង​»។

លោក​បន្ត​ថា​៖ «​យើង​បាន​ជ្រើស​យក​បរិវេណ​ផ្លូវ​ប្រណាំង​ទី​នេះ​ដោយសារ​វា​មាន​លក្ខណៈ​ងាយស្រួល​ផ្នែក​រក្សា​សុវត្ថិភាព​ជាពិសេស​នៅ​ពេល​ព្រឹក ហើយ​យើង​អាច​ផ្តល់​ឱកាស​ឲ្យ​មិត្តភក្តិ​និង​សមាជិក​ក្រុម​គ្រួសារ​នានា​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​»។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​រៃ​អង្គាស​ប្រាក់​សប្បុរសធម៌​មាន​ក្តីសង្ឃឹម​ថា​ឆ្នាំ​នេះ​យើង​នឹង​អាច​ប្រមូល​បាន​ប្រាក់​យ៉ាង​ច្រើន​គឺ​ជាង​៦​ម៉ឺន​ដុល្លារ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ចាស់​នៅ​ឆ្នាំ​មុន​ៗ​បាន​ជា​មិន​ខាន​ឡើយ។

លោក​វ៉ាត់​ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ហៅ​កាត់​ថា​NOCC នោះ​បាន​មាន​ប្រសាសន៍​ថា​មូលនិធិ​រៃអង្គាស​នេះ មួយ​ចំនួន​នឹង​ត្រូវ​ប្រើ​ទៅ​ជួយ​ដល់​ក្រុម​កុមារ​ទាំងឡាយ​ណា​ដែល​មាន​ឪពុក​ម្តាយ​កំពុង​ជាប់គុក​ផង​ដែរ។

លោក​បាន​ថ្លែង​ថា​៖ «​គម្រោង​មួយ​នេះ​គឺ​យើង​ធ្វើ​វា​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ជា​បន្ទាន់​របស់​កុមារ​រងគ្រោះ​និង​សម្រាប់​ស្រ្តី​និង​ស្រ្តី​មាន​គភ៌​កំពុង​ជាប់ទោស​ក្នុង​ពន្ធនាគារ​»។

ហង្ស​ពិផល​នាយក​ផ្នែក​ការ​រៀបចំ​កម្មវិធី​Village Focus International’s Angkor Wat Bike Event ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​យើង​មាន​អង្គការ​ចំនួន​បួន​សម្រាប់​ការ​ផ្តល់​មូលនិធិ​សប្បុរសធម៌​បាន​ពី​ព្រឹត្តិការណ៍​នេះ​ដូចជា​អង្គការ​Il Nodo​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ធិកុមារ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ស្រី​និង​អង្គការ​Aple។ ប្រាក់​ដែល​រៃអង្គាស​បាន​ពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​នោះ​នឹង​យក​ទៅ​កសាង​សាលា​មត្តេយ្យ​ក្នុង​បរិវេណ​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប​បាត់ដំបង​និង​បន្ទាយមានជ័យ។

ការ​ចុះ​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​ប្រណាំង​កង់​រៃអង្គាស​មូលនិធិ​សប្បុរសធម៌​នេះ ជនបរទេស​ត្រូវ​បង់ប្រាក់​ថ្លៃ​ចូលរួម​តម្លៃ​៨៥​ដុល្លារ​ដោយ​ទទួល​បាន​នូវ​សម្លៀកបំពាក់​ប្រណាំង​កង់​ខណៈ​ជនជាតិ​ខ្មែរ​ត្រូវ​បង់ថ្លៃ​ចូលរួម​ចំនួន​២៥​ដុល្លារ៕ PR

 

What Next?

Recent Articles