អ្នកភូមិនៅស្រុកពារាំង ខេត្តព្រៃវែង ប្រមាណ៦០គ្រួសារបានចាប់យកការងារត្បាញកន្ទេលក្រហម ដែលផលិតចេញពីដើមកក់ធ្វើជាមុខរបបទី២ បន្ទាប់ពីធ្វើស្រែចំការ។
ដោយ ហ៊ុំ ចំរើន
2013-10-27
RFA

សកម្មភាពអ្នកភូមិកំពុងត្បាញកន្ទេលក្រហម នៅភូមិគគរឃុំ កំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ RFA/Hum Chamroeun
នៅតាមក្រោមផ្ទះរបស់អ្នកភូមិគគរ ឃុំកំពង់អំពិល ស្រុកពារាំង គេតែងសង្កេតឃើញមានកីត្បាញកន្ទេល រួមទាំងឧបករណ៍សម្រាប់ចងត្បាញកន្ទេលមួយចំនួនទៀត បោះដំរៀបហូរហែស្ទើរតែគ្រប់ផ្ទះ។ អ្នកភូមិបានរៀបរាប់អំពីការប្រកបរបរធ្វើកន្ទេលក្រហមនេះ ឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកភូមិចំណាយពេលសម្រាប់ត្បាញកន្ទេល ប្រមាណពី៥ទៅ៦ម៉ោង គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ។
អ្នកត្បាញកន្ទេលម្នាក់ វ័យ ៦៥ឆ្នាំ អ្នកស្រី សោ អេង ដៃត្បាញកន្ទេលបណ្ដើរ និយាយរៀបរាប់បណ្ដើរថា ក្រុមគ្រួសាររបស់អ្នកស្រីបានចាប់យកការត្បាញកន្ទេលក្រហមនេះ រយៈពេលជាង៤០ឆ្នាំមកហើយ។ អ្នកស្រីថាក្នុងមួយថ្ងៃ អ្នកស្រីអាចត្បាញបានប្រមាណពី២ទៅ៣កន្ទេល ការត្បាញបានតិចបានច្រើនទៅតាមកម្លាំងដែលខំត្បាញ។ អ្នកស្រីបន្ថែមថា ក្នុងកក់១រយ(១០០)គីឡូក្រាម អាចត្បាញកន្ទេលបានប្រមាណពី៤០ ទៅ៤៥កន្ទេល ទៅតាមទំហំខ្នាតរបស់កន្ទេល៖ «ថ្ងៃណាដែលជ្រលក់ យើងឈប់មួយថ្ងៃហ្នឹង ជ្រលក់មួយថ្ងៃហាលមួយងៃ។ ហើយបានស្អែកឡើងចាប់ត្បាញរាល់ងៃអញ្ចឹង ជ្រលក់មួយសារត្បាញបានតែម្ភៃទេ ហើយក្នុង២០ថ្ងៃហ្នឹងយើងឈប់ ហើយតាំងចាប់ជ្រលក់ម្ដងទៀតចាសបានតែ២០ថ្ងៃទេក្នុង១០០គីឡូ ហើយផ្ទះខ្ញុំធ្វើរាល់ងៃបណ្ដោយអត់ដែលខានសោះ។ ព្រោះអីខ្ញុំអត់មានស្ទូងដកកូនចៅវាស្ទូងដកទៅខ្ញុំអត់ទេ ខ្ញុំអត់មានខានងៃណាទេខានមិនកើតព្រោះអីស្រូវជង្រុកហ្នឹងហើយ»។
អ្នកស្រីបន្តថា ចំពោះទំហំខ្នាតកន្ទេលគេច្រើនធ្វើទំហំទទឹងប្រមាណ ពី១ម៉ែត្រ២តឹកទៅ១ម៉ែត្រកន្លះ ប្រវែងបណ្ដោយកន្ទេលប្រមាណ២ម៉ែត្រ។ អ្នកស្រីពន្យល់អំពីរបៀបជ្រលក់ពណ៌កន្ទេលថា ដំបូងគេដាំទឹកឲ្យពុះ រួចយកល័ក្ដតម្រូវតាមពណ៌ផ្សេងៗដែលយើងចង់បានទៅដាក់កូរក្នុងទឹកដែលបានដាំពុះនោះ៖ «លឿងគេជ្រលក់តែលឿងទេ ដល់ពេលក្រហមគេជ្រលក់បង់លឿង២ក្រហមមួយបានទៅជាក្រហម។ លឿងអាល័ក្ដលឿងហ្នឹងបង់វា២ក្រហមមួយបានទៅជាលឿងហ្នឹងហើយ ដល់ពេលហើយទៅជ្រលក់បើជ្រលក់ខ្មៅឧបមាថាខ្មៅគេបង់ស្វាយបន្តិច គេបង់ក្រហមបន្តិច ហើយគេបង់បៃតងទៅ ទៅជាខ្មៅអាហ្នឹង៣មុខបានទៅជាខ្មៅ។ ដល់ពេលបៃតងអាបៃតងនេះគេបង់លឿង២បៃតង១ បានទៅជាបៃតង»។
ចំពោះល័ក្ដដែលយកជ្រលក់កន្ទេលក្រហមមានលក្ខណៈខុសពីល័ក្ដដែលគេយកទៅជ្រលក់ក្រមា។ អ្នកស្រីថា កក់ដែលបានជ្រលក់ល័ក្ដហើយ គេត្រូវយកវាទៅហាលឲ្យបានស្ងួតល្អ រួចប្រមូលចង់វាជាដុំៗតាមពណ៌របស់វា រួចប្រមូលយកទៅទុក ជាការស្រេច។
ចំណែកឯអ្នកត្បាញកន្ទេល វ័យ៦៧ឆ្នាំម្នាក់ទៀត លោក យុន យ៉េន ឲ្យដឹងថា របបត្បាញកន្ទេលកន្ទេលក្រហម ពុំមានការលំបាកស្មុគស្មាញប៉ុន្មានទេ ប៉ុន្តែការងារនេះ អ្នកត្បាញត្រូវយកចិត្តទុកដាក់ និងមានការអត់ធ្មត់ខ្ពស់ ព្រោះរបរនេះពុំមែនជារបរទទួលបានប្រាក់ចំណូលខ្ពស់នោះឡើយ៖ «ទេបើកក់ខ្លួនឯចេះតែបានចំណូលកម្រៃក្រែល បើថាយើងទិញគេបានបន្តិចៗដកដើមទៅគ្មានបានប៉ុន្មានបានចុងបន្តិចៗ។ មួយហ្នឹងលក់តម្លៃបាន២ម៉ឺនជាង អាមុខ១ម៉ែត្រ២ហ្នឹងបាទ ២ម៉ឺន៣ពាន់៤ពាន់អញ្ចឹងទៅ ចុះបើអាធំបន្តិចបានប៉ុន្មានអ៊ុំ? អាធំទៅបាន៣ម៉ឺនជាងបាទ មុខ៤អីអញ្ចឹងណាស់»។
លោកថាចំពោះទីផ្សាលក់កន្ទេលក្រហមពុំ សូវជាមានបញ្ហាចោទប៉ុន្មានទេ ព្រោះមានឈ្មួញដើរទិញដល់ទីកន្លែងត្បាញកន្ទេលរបស់អ្នកភូមិតែម្ដង។ ប៉ុន្តែតម្លៃកន្ទេលក្រហមនៅមានកម្រិតទាបនៅឡើយ។
ចំណែកឯឈ្មួញទិញកន្ទេលក្រហម វ័យ៦៧ ឆ្នាំ អ្នកស្រី នូន សាន មានប្រសាសន៍ថា អ្នកស្រីបានយកប្រាក់ទៅបណ្ដាក់ឲ្យអ្នកភូមិមុន គឺនៅពេលដែលអ្នកភូមិត្រូវការយកទៅប្រើប្រាស់ក្នុងរដូវធ្វើស្រែ និងយកប្រាក់ទៅទិញកក់សម្រាប់ត្បាញកន្ទេល។ អ្នកស្រីថាកន្ទេលដែលប្រមូលទិញពីអ្នកភូមិបាន មានឈ្មួញមកពីរាជធានីភ្នំពេញ និងឈ្មួញតាមបណ្ដាខេត្តមួយចំនួនជាប់នឹងខេត្តព្រៃវែង គេទិញយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
អ្នកភូមិត្បាញកន្ទេលក្រហម នៅភូមិគគរ ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង គឺភាគច្រើន ច្រើនត្បាញកន្ទេលក្រហម នៅចន្លោះពីខែមេសា ដល់ខែកក្កដា ពោលគឺខែដែលអ្នកភូមិទំនេរពីការធ្វើស្រែចំការ។
សព្វថ្ងៃ អ្នកប្រកបរបរត្បាញកន្ទេលក្រហម របស់អ្នកភូមិនៅតំបន់នោះ នៅមានសេសសល់ប្រមាណ៦០គ្រួសារប៉ុណ្ណោះ ក្នុងនោះ អ្នកដែលប្រកបរបរនេះពេញមួយឆ្នាំ ទាំងរដូវប្រាំង និងរដូវវស្សា មានប្រមាណជិត១០គ្រួសារ។ ចំនួនអ្នកត្បាញកន្ទេលក្រហមនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានការថយចុះជាបន្តបន្ទាប់។ អ្នកភូមិថាកត្តាដែលនាំឲ្យបាត់បង់ចំនួនអ្នកត្បាញកន្ទេល ដោយសារទីផ្សាកន្ទេលក្រហមមានតម្លៃទាប។ ដូចនេះអាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដែលមានការពាក់ព័ន្ធនិងបញ្ហានេះ ធ្វើយ៉ាងជួយរកទីផ្សាលក់កន្ទេលក្រហម ដើម្បីឲ្យមានតម្លៃប្រសើរឡើង បើពុំដូច្នេះទេ របរត្បាញកន្ទេលក្រហម របស់អ្នកភូមិនឹងមានបាត់បង់នៅថ្ងៃណាមួយជាក់ជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕

សរសៃកក់ជ្រលក់ពណ៌ ដែលអ្នកភូមិចង់ជាដុំទុកសម្រាប់យកទៅត្បាញកន្ទេលក្រហម។

ខ្សែធ្វើពីសរសៃក្រចៅដែលអ្នកភូមិមួ ជាដុំៗសម្រាប់យកទៅធ្វើកន្ទេលក្រហម។

សកម្មភាពអ្នកភូមិកំពុងត្បាញកន្ទេលក្រហម នៅភូមិគគរឃុំ កំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

សកម្មភាពអ្នកភូមិកំពុងត្បាញកន្ទេលក្រហមនៅភូមិគគរឃុំ កំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

កីត្បាញកន្ទេលក្រហម របស់អ្នកភូមិគគរឃុំ កំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

គំនរកន្ទេលក្រហម ដែលអ្នកភូមិត្បាញរួច យកទៅគរទុកឲ្យសាច់កន្ទេលត្រង់ល្អ។

គំនរកន្ទេលក្រហម ដែលអ្នកភូមិត្បាញរួច យកទៅគរទុកឲ្យសាច់កន្ទេលត្រង់ល្អ។