យុទ្ធនាការថែរក្សាបរិស្ថានរបស់ក្រុមប្រឹក្សាយុវជននៃអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្រោមប្រធានបទ “ជីវិតសត្វព្រៃគឺជាជីវិតរបស់យើង” ត្រូវបានប្រារព្ធធ្វើដោយយុវជនជាង ១០០នាក់ មកពីវិទ្យាល័យ និងសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។
ដោយ អ៊ុក សាវបូរី
2013-10-27
RFA

ក្រុមយុវជនគូររូបសត្វនៅលើថ្ពាល់ក្នុងពេលចូលរួមយុទ្ធនាការថែរក្សាបរិស្ថាននិងសត្វព្រៃ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០១៣។ RFA/Ouk Savborey (RFA/Ouk Savbory)
យុទ្ធនាការនេះបានធ្វើឡើងដើម្បីឲ្យយុវជនកំពុងសិក្សារួបរួមគ្នាអភិរក្សសត្វព្រៃ និងមិនបរិភោគសាច់សត្វព្រៃ ដែលប្រព្រឹត្តទៅនៅសាលាអន្តរជាតិអាមេរិកាំង។
យុវជនជាសិស្ស និស្សិត មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីនាយកដ្ឋានព្រៃឈើក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំគ្នាមួយព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា និយាយពីការរួមគ្នាកាត់បន្ថយការជួញដូរសត្វព្រៃ មិនបរិភោគសាច់សត្វព្រៃ និងថែរក្សាបរិស្ថាន ព្រៃឈើ និងពូជសត្វព្រៃកម្រដែលហៀបបាត់បង់។
ប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (U.S. AYC) លោក ឡុង យូផេង ថ្លែងថា ជំនួញសត្វព្រៃ ជាការជួញដូរខ្នាតធំលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីជំនួញគ្រឿងញៀននិងជំនួញអាវុធ។
លោកថា ការជួញដូរសត្វព្រៃ និងការទទួលទានសត្វព្រៃ គឺជាឧក្រិដ្ឋកម្ម។ ការជួញដូរសត្វព្រៃបានធ្វើឲ្យឈ្មួញចំណេញច្រើន តែវាអាចបង្កជំងឺឆ្លងពីសត្វមកមនុស្សក្នុងកន្លែងដែលកំពុងជួញដូរសត្វនោះ៖ «ពួកយើងនឹងត្រៀមមានជាគម្រោងត្រូវធ្វើការងារនៅតាមសហគមន៍ គឺនៅភ្នំតាម៉ៅ។ អ៊ីចឹងសកម្មភាពអ្នកទាំងអស់គ្នាថ្ងៃហ្នឹង វានឹងជួយអ្នកទាំងអស់គ្នាក្នុងសកម្មភាពបន្តបន្ទាប់ទៀត។ យើងនឹងជ្រើសរើសអ្នកចូលរួមរបស់យើងនៅក្នុងហ្នឹង ចន្លោះពី ២០ ទៅ ២៥នាក់ ដើម្បីឲ្យធ្វើការក្នុងគម្រោងនៅភ្នំតាម៉ៅ»។
ក្នុងសិក្ខាសាលា “ជីវិតសត្វព្រៃ គឺជាជីវិតរបស់យើង” មានការសម្ដែងរបាំក្ងោកប៉ៃលិន ដែលបកស្រាយពីអត្ថន័យរបាំដោយកញ្ញា មាស ចាន់សត្យា ថារបាំដែលគូស្នេហ៍សត្វក្ងោកព្រៃនោះរាំ បញ្ជាក់ពីការមិនអាចបាត់បង់ពូជវាពីព្រៃឡើយ៖ «បើសិនជាក្ងោកញីបាត់ ធ្វើឲ្យក្ងោកឈ្មោលនោះទុក្ខព្រួយហើយ។ ការជួញដូរសត្វព្រៃ ឬក៏សម្លាប់សត្វព្រៃ គឺមិនមែនជារឿងល្អទេ»។
ក្រុមសិស្សដែលមានគូររូបសត្វ និងដានជើងខ្លាឃ្មុំនៅថ្ពាល់ ថ្លែងថា ពួកគាត់មិនបរិភោគសាច់សត្វព្រៃ និងហ៊ានរាយការណ៍ពីកន្លែងលក់សត្វព្រៃតាមរយៈទូរស័ព្ទលេខបន្ទាន់ 012 500 094។
យុវសិស្សខ្លះបានលើកឡើងថា ការជួញដូរសត្វព្រៃកើនឡើង ព្រោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលមានការកាប់ព្រៃឈើរាប់សិបម៉ឺនហិកតារ នាំឲ្យសត្វព្រៃខ្វះជម្រក ហើយឈ្មួញនិងអ្នកបរបាញ់សត្វ ងាយស្រួលចាប់សត្វនោះជួញដូរ។
យុវសិស្ស៖ «១៖ ការអភិរក្សសត្វព្រៃក្នុងបំណងមួយជួយបរិស្ថាន និងជួយអភិរក្សសត្វព្រៃទាំងនោះ យើងឃើញថា សត្វព្រៃទាំងនោះវាកំពុងតែមានការបង្ហិនបង្ហោចពីមនុស្សយើងគ្រប់ពូជសាសន៍ ហើយនិងគ្រប់ជាន់ថ្នាក់។ ២៖ សត្វកាំប្រមា វាជាសត្វមួយដែលជិតផុតពូជ ទោះបីជាយើងអាចរកវាបានយកមកធ្វើថ្នាំ ក៏ខ្ញុំគិតថា វាអត់មានប្រសិទ្ធភាពអ្វីសម្រាប់ជួយដល់សុខភាពយើងដែរ គឺមានតែវិទ្យាសាស្ត្រពេទ្យ ដែលជាក្បួនពិតប្រាកដដើម្បីជួយដល់ជំងឺរបស់យើង មិនមែនការយកសត្វព្រៃមកធ្វើជាថ្នាំ ឬក៏ការជួញដូរអាចដោះស្រាយបាននូវបញ្ហាហ្នឹងទេ។ ៣៖ ឈប់ប្រើប្រាស់ផលិតផលសត្វព្រៃតាំងពីខ្លួនឯងទៅ។ នៅពេលដែលខ្ញុំឈប់ប្រើប្រាស់អ្នកទី២ ឈប់ប្រើប្រាស់អ្នកទី៣ ទី៤ ទី៥ ម្នាក់ៗហ្នឹងឈប់ប្រើប្រាស់ នោះយើងបានកម្លាំងមួយដ៏ធំ ដើម្បីការពារសត្វព្រៃ ហើយនិងបរិស្ថានរបស់យើង»។
មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) លោក ខឹម វុទ្ធីរ៉ាវង្ស ថ្លែងថា អង្គការនេះបង្កើតក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដែលសមាសភាពជាមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស។
លោកថា ក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តនេះ បានបង្ក្រាបបទល្មើសជួញដូរសត្វព្រៃជាច្រើន តែលោកមិនបង្ហាញចំនួនបង្ក្រាបបានប៉ុន្មាននោះទេ។ លោកថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច រាប់មឺនហិកតារ ជាបញ្ហាចម្បងដែលសត្វព្រៃនៅកម្ពុជា ត្រូវបាត់បង់ស្របច្បាប់ដោយការឈូសព័ទ្ធព្រៃ កាប់ព្រៃ ហើយធ្វើរបងព័ទ្ធចាប់យកសត្វក្នុងទំហំដីនោះ៖ «ច្បាប់របស់ព្រៃឈើវាមានបទល្មើសគេកំណត់ ៤ធំៗ។ ទី១ ជាប់គុក ពី ៥ ទៅ ១០ឆ្នាំ ទី២ ជាប់គុកពី ១ឆ្នាំ ទៅ ៥ឆ្នាំ ទី៣ ជាប់គុកពី ១ខែ ទៅ ១ឆ្នាំ ហើយទី៤ គឺបង់ពិន័យអន្តរកាល ឬអាចរួចខ្លួន។ ដូច្នេះប្រភេទសត្វ និងប្រភេទបទល្មើសវាទាក់ទងគ្នា»។
មន្ត្រីរដ្ឋបាលព្រៃឈើ លោក ព្រំ ណុល ឲ្យដឹងថា អ្នកជួញដូរសត្វព្រៃត្រូវជាប់គុក ៥ ទៅ ១០ឆ្នាំ។ ចំពោះអ្នកមានសាច់សត្វព្រៃយកមកធ្វើម្ហូប អាចមានទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំជាដើម។
យុទ្ធនាការថែរក្សាបរិស្ថានរបស់ក្រុមប្រឹក្សាយុវជននៃទូតសហរដ្ឋអាមេរិក ក្រោមប្រធានបទ “ជីវិតសត្វព្រៃ គឺជាជីវិតរបស់យើង” បានប្រមូលមតិយុវជនក្នុងគោលដៅ ៣ គឺទី១ វាស់ស្ទង់ចំណេះដឹងរបស់យុវជន ទាក់ទងការជួញដូរសត្វព្រៃនៅកម្ពុជា ទី២ ចង់បានមតិរបស់យុវជនទាក់ទងនឹងដំណោះស្រាយរដ្ឋាភិបាល លើបញ្ហាជួញដូរសត្វព្រៃ ទី៣ ប្រមូលមតិយុវជន ធ្វើជាគោលនយោបាយបញ្ជូនទៅកាន់ឯកអគ្គរដ្ឋទូតនានា រដ្ឋាភិបាលនិងអង្គការដៃគូ ដើម្បីចាត់វិធានការជួយទប់ស្កាត់ការជួញដូរសត្វព្រៃ ការថែរក្សាបរិស្ថាន និងបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បាតុកររិះគន់ក្រុមហ៊ុនប្រមូលសំរាមថាមានចេតនាមិនប្រមូលសំរាមជុំវិញទីលាន
- ប្រទេសតំបន់ទន្លេមេគង្គពិភាក្សាអំពីធនធានថាមពលអគ្គិសនីនៅសៀមរាប
- ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម
- ព្រះសង្ឃ និងនិស្សិតខ្មែរកម្ពុជាក្រោម ចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
- ក្រុមសហគមន៍ព្រៃឡង់ទទួលពានរង្វាន់ក្នុងកិច្ចការពារធនធានព្រៃឈើ
- ៦នាក់ស្លាប់ដោយគ្រោះទឹកជំនន់នៅខេត្តភាគពាយ័ព្យ
- ប្រាសាទបុរាណនៅខេត្តសៀមរាបរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង
- អាជីវករផ្សារសាមគ្គីខេត្តសៀមរាបត្អូញត្អែរពីក្លិនស្អុយនៃគំនរសំរាម
- ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គហក់ឡើងនៅសប្ដាហ៍ក្រោយ
សូមគាំទ្រយ៉ាងខ្លាំងនូវពត៌មាននេះ គឺថាយើងទាំងអស់គ្នាកុំបរិភោគសាច់សត្វព្រៃ។
សូញចនាករចង្អុលបង្ហាញថាប្រទេសណាដែលសម្បូទៅដោយសត្វព្រៃ សត្វស្រុកដែលគ្មានគេ
ចិញ្ចឹមបានន័យថាជាប្រទេសជឿនលឿន និងប្រទេសគ្មានសង្គ្រាម ជាប្រទេសសន្តិភាព។
ត្រូវហើយគេថាទឹកត្រជាក់ត្រីវាកុំ ។ បើប្រទេសមានសង្គ្រាម មានអំពើហឹង្សា
មានអាណាធិបតេយ្យ បរបាញ់ កាប់ព្រៃ បំផ្លាញធនធានធម្មជាតិ គ្មានច្បាប់គ្មានទម្លាប់
គ្មានចំណេះដឺង ពោពេញទៅដោយមនុស្សអវិជ្ជា យល់ឃើញតែអាត្មាអញ អាត្មានិយម
គ្រួសារនិយម! បក្សពួកនិយមដូចសព្វថ្ងៃនេះ។ សួរថាតើប្រទេសមានការរីកចំរើនឬអត់?
គ្មានទេ! មានតែការរលាយហិនហោចនិងរងគ្រោះប៉ះពាល់ដល់ជីវភាពប្រជាជនកុំថាឡើយ
ដល់សត្វគ្រប់ប្រភេទ។ សព្វថ្ងៃជិតផុតពូជអស់ហើយចំពោះសត្វព្រៃគ្រប់ប្រភេទនៅលើទឹកដី
កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចដែកជោសែន។ តើគតិបណ្ឌិតស្អីទៅ? នាំតែបញ្ហានិងការ
វិនាសសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
គួរឲ្យអាណិតកូនចៅខ្មែរជំនាន់ក្រោយៗដែលកើតមកមិនស្គាល់សត្វ និនស្គាល់ឈ្មោះសត្វរបស់
ប្រទេសខ្លួន។ សូម្បីតែកូនខ្មែរសព្វថ្ងៃនេះ ពិសេសកូនសិស្ស ឲ្យរាប់ឈ្មាះសត្វស្លាបព្រៃឲ្យបាន
ត្រឹមតែម្ភៃ ឬដប់ប្រាំក៏មិនអាចរាប់បានផង។ នេះហើយជាសូញចនាករណ៍ចង្អុលបង្ហាញប្រាប់ថា
តើវិស័យអប់រំ វប្បធម៌ ប្រពៃណីនៃប្រទេសកម្ពុជាសម័យនេះដើរដល់កំរិតណា?
ធ្លាក់ចុះដល់កំរិតណា?
អាស្រ័យហេតុនេះយើងទាំងអស់គ្នាគួរតែនិយាយថា ទេខ្ញុំមិនបរិភោគសាច់សត្វព្រៃទេទោះជា
ឋិតនៅទីកន្លែងណាក៏ដោយ!