ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្ងប់ស្ងាត់ពីការតាមដានរឿងរ៉ាវឯកជនតែមួយប្រាវសោះ អតីត Freshies boyលេខ១ ២០០៧ និងជាពិធីករប្រចាំនៅទូរទស្សន៍បាយ័ន លោក ជា វណ្ណរិទ្ធ បានក្លាយជាម្ចាស់៣បីព្រមគ្នាតែម្ដង នាពេលថ្មី។ ទោះយ៉ាងណា លោកមិនទាន់មានគម្រោងបើកសម្ពោធហាងទាំង៣នោះ ឲ្យមានការដឹងឮទូលំទូលាយនោះទេ បើទោះជាជំនួញទាំងនោះត្រូវគេមើលឃើញថា ជាមុខមាត់មួយថ្មីរបស់លោក និងភរិយានោះក៏ដោយ។
ក្នុងជំនួបដោយផ្ទាល់ជាមួយ កម្មវិធី«អ្នកដឹងខ្ញុំដឹង» របស់ស្ថានីយទូរទស្សន៍អប្សរា ដែលជាកម្មវិធីថ្មីសន្លាង គ្រោងនឹងចាក់ផ្សាយចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីថ្ងៃទី៤ វិច្ឆិកា តទៅ លោកជា វណ្ណរិទ្ធ ដែលជាតារាកិត្តិយសប្រចាំនៅក្នុងកម្មវិធីនោះ បានឲ្យដឹងថា លោកទើបនឹងបើកដំណើរការហាង៣ប្រកបដោយភាពជោគ ជ័យបំផុត ក្នុងពេលថ្មីៗ។ ហាងទាំងបីនោះ គឺ២ជាហាងលក់វត្ថុអនុស្សាវរីយ៍ ដែលកែច្នៃដោយភរិយារបស់លោក និងក្រុមការងារ និងហាងមួយទៀត ជាហាង Green Tea ដែលទើបនឹងជួលជុលកែកុនរួចរាល់ ហើយគ្រោងដំណើរការលក់ផ្លូវការ។ ហាងទាំង៣នោះ មួយទីតាំងស្ថិតនៅផ្សារទំនើបផេនសលមាត់ទន្លេ និង២ទីតាំងស្ថិតនៅក្បែររបងវិទ្យាល័យសន្ធរម៉ុក។ ហាងកែច្នៃវត្ថុអនុស្សារីយ៍របស់លោក មានឈ្មោះថា Pink Day ដោយហាងដែលបើកលក់នៅផ្សារផេនសល បានបើកដំណើរការជាងមួយមកហើយ ខណៈហាងលក់វត្ថុអនុស្សាវរីយ៍យីហោ Pink Day សាខាទី២ ដែលស្ថិតនៅម្ដុំសន្ធរម៉ុក គឺទើបនឹងបើកលក់ប៉ុណ្ណោះ។
ដោយឡែកចំពោះ ហាង Green Tea ឯណោះវិញ គឺទើបនឹងរៀបរយជាលក្ខណៈហាងបែបយុវវ័យ បានស្រឡះដៃជើងប៉ុណ្ណោះ ដោយរង់ចាំតែជ្រើសបុគ្គលដាក់ប្រចាំហាងប៉ុណ្ណោះ គឺនឹងដំណើរការ។ ទោះយ៉ាងណា បើក្រឡេកមើលហាងកែច្នៃវត្ថុអនុស្សាវរីយ៍ទាំង២ហាង លោកអះអាងថាបានទទួលជោគជ័យសម្បើមណាស់ ទើបតម្រូវឲ្យលោក និងភរិយា សម្រេចចិត្តចង់បើកសាខាថ្មីមួយទៀត នឹងបានទាំងបោះទុនបើកជំនួញតែគុជ ឬ Green Tea ដូចគ្នានឹងហាងរបស់នាង កែវ ផល្លិកា ដែលជាពិធីការិនីប្រចាំនៅប៉ុស្ដិ៍លេខ៣ ដែលកំពុងជោគជ័យ។ ហាងGreen Tea នេះ លោកគ្រោងបើកលក់នៅថ្ងៃទី៣០ តុលានេះឯង។

ពាក់ព័ន្ធនឹងការបើកសម្ពោធហាងឲ្យគគ្រឹកគគ្រេងវិញ លោក ជា វណ្ណរិទ្ធ អះអាងថា មិនមានគម្រោងនោះទេ ដែលទំនងមកពីលោកមិនចង់ឲ្យមានការភ្ញាក់ផ្អើល ឬមិនចង់ឲ្យមានការលើកឡើងថា លោកអួតអាងពីភាពហ៊ឺហារ ក្រោយពេលរៀបការ។ តារារូបនេះ និយាយថា «ការពិតហាងទាំងនោះ នៅពុំទាន់មានហាងណាមួយ ដែលពួកយើងធ្វើពិធីបើកសម្ពោធធំដុំនោះទេ ដោយសារទី១ ខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់ និងទី២ ខ្ញុំចង់ឲ្យគេដឹងច្រើន ហើយបែរជាមាន ហានិភ័យកើតឡើងទៅវិញ»។ បើទោះជាការបើកដំណើរការ បានជួយឲ្យលោកទទួលបានផ្លែផ្កា ប៉ុន្តែលោកជា វណ្ណរិទ្ធ នៅតែអះអាងថា ការប្រកួតប្រជែងផ្នែកជំនួញ នឹងនៅតែជាសម្ពាធសម្រាប់ការរកស៊ីរបស់លោក អញ្ចឹងហើយ ទើបលោកមិនចង់បើកសម្ពោធធំដុំ ហើយបែរជាជួបរឿងសេងហាង ឬត្រូវបិទទ្វារ ព្រោះតែហេតុផលណាមួយនោះ។ នេះជាការទទួលខុសត្រូវមួយដ៏ខ្ពស់ ដែលពិធីការិនីល្បីឈ្មោះ បានប្រាប់ VODតាមរយៈកម្មវិធី«អ្នកដឹងខ្ញុំដឹង» ដែលជាកម្មវិធីបង្ហាញពីជីវិតជោគជ័យរបស់តារាល្បីៗ គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អប្សរា ចាប់ពីដើមខែវិច្ឆិកា នៅរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង១០កន្លះ ដល់ម៉ោង១១ព្រឹក។
នេះជាលើកទី១ហើយ ដែលលោក ជា វណ្ណរិទ្ធ ពិធីករឆ្នើមប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ បាយ័ន បានស្ម័គ្រខ្លួនផ្ដល់បទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ផ្សេង ក្នុងកម្មវិធី«អ្នកដឹងខ្ញុំដឹង» ដែលជាកម្មវិធីថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍អប្សរា។ ជា វណ្ណារិទ្ធ និយាយថា ហេតុផលដែលលោកលាតត្រដាងជិវិតជោគជ័យរបស់លោក ក្នុងកម្មវិធីថ្មីនេះ គឺដោយសារតែកម្មវិធី«អ្នកដឹងខ្ញុំដឹង» បានឆ្លុះបញ្ចាំងពីជីវិតជោគជ័យរបស់តារាគ្រប់ស្រទាប់ ដោយមិនប្រកាន់ស្ថាប័ន និងជាកម្មវិធីដែលលោកគិតថា មិនត្រូវបិទបាំងនូងរឿងរ៉ាវផ្ទាល់ខ្លួន។ បន្ថែមពីនោះ លោកឲ្យដឹងថា ហាងទាំង៣របស់ខ្លួន ពិតជាបានចំណាយទុនច្រើន ប៉ុន្តែមកពីលោក និងភរិយា មានគម្រោងច្បាស់លាស់ ក្នុងការគ្រប់គ្រង ទើបកិច្ចការទាំងឡាយ បានទទួលភាពរីកចម្រើន។ លោក ជា វណ្ណរិទ្ធ ក៏ជាពិធីករជោគជ័យ ដែលក្ដោបក្ដាប់កម្មវិធីធំៗបានច្រើន និងទើបជោគជ័យការសម្ដែង តាមរយៈរឿង«ទិព្វសុដាចន្ទ» ដែលទើបនឹងបញ្ចប់នៅទូរទស្សន៍បាយ័ននាពេលថ្មីៗ ជាមួយកញ្ញា កែវ នីសា នោះផងដែរ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ Vongsomalin@yahoo.com
