យុវជន​កម្ពុជា​២៩​រូប ចាប់ផ្តើម​ដំណើរ​នាវា​អាស៊ីអាគ្នេយ៍​​

ដោយ៖​ ឡាយ សាមាន និងស៊ុន ណារិន​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
កញ្ញា ហៀ​ង នី​កូល ​អនុប្រធាន​ក្រុមយុវជន

កញ្ញា ហៀ​ង នី​កូល ​អនុប្រធាន​ក្រុមយុវជន

​យុវជន​កម្ពុជា​ចំនួន​២៩​រូប ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​លើក​ទី​៤០ ឆ្នាំ​២០១៣ បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​​ជប៉ុន កាលពី​ថ្ងៃអាទិត្យ វេលា​ម៉ោង ៨និង​៣០​នាទី​យប់ ដើម្បី​ជួប​ជាមួយ​ក្រុម​យុវជន មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ក្នុង​ការចែករំលែក​វប្បធម៌ និង​រឹតចំណង​មិត្តភាព​។​

​អ្នកដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា និង​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ឈួ​ង យី​វ​ឆូវ អាយុ ២៧​ឆ្នាំ មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​តាម​នាវា​នេះ មាន​រយៈពេល ៥១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែតុលា ដល់​ ១៧ ខែ​ធ្នូ​។ លោក បន្តថា យុវជន​មកពី​បណ្តាល​ប្រទេស​អាស៊ាន​​ទាំងអស់ ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន ដើម្បី​ពិ​ភ្សា​គ្នា​ពី​ដំណើរ​នាវាចរណ៍  និង​សម្តែង​សិល្បៈ​វប្បធម៌​មួយចំនួន​។ លោក​បញ្ជាក់ថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ លោក​នឹង​បង្ហាញ​បរទេស​ពី​វប្បធម៌​មួយចំនួន​របស់​កម្ពុជា​ ៖ "​ជាការ​ពិតកម្ម​វិធី​នេះ គឺ​​ជា​កម្ម​វិធីដ៏​សំខាន់​មួយ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ចំនួន​២៩​រូប​នេះ គឺ​រាជ​ទូត​ដែល​យើង​ទៅ​​តំណាង​ប្រទេស​កម្ពុជា​ទាំង​មូល ដូច្នេះ​យើង​នឹង​ពាំ​នាំនូវ​អ្វី​ដែល​ល្អ​ពី​ប្រ​ទេស​កម្ពុជា​ទៅ យើង​បង្ហាញ​ឲ្យ​គេ​ស្គាល់​ពី​វប្ប​ធម៌​​ហើយ​និង​ប្រ​ពៃ​ណី​ដ៏ស្រស់​ផូរផង់​របស់​ខ្មែរ​យើង យើង​នឹង​ពាំ​នាំ​មក​វិញនូវ​ចំណេះ​ដឹង​មួយ​ចំនួន ដែល​យើង​បាន​រៀន​​ពី​ពួក​គេ​មក​វិញ"។

​នាវា​យុវជន​អាស៊ីអាគ្នេយ៍ មាន​យុវជន ប្រមាណ​ជា​៣០០​នាក់​មក​ពី​បណ្តាល​ប្រទេស​អាស៊ាន នឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​អាស៊ាន ហើយ​ក្នុងឆ្នាំនេះ​ពួកគេ​នឹង​ចុះចត​នៅ​កំពុងផែ​ចំនួន​៤ គឺ​កំពុងផែ​ប្រទេស​វៀតណាម  ថៃ សាំង​ហ្គា​ពួ​រ និង​ហ្វីលីពីន​។​

​អនុប្រធាន​ក្រុមយុវជន កញ្ញា ហៀ​ង នី​កូល អាយុ​២១​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យាស្ថាន​បរទេស​(IFL) និយាយថា កញ្ញា​សម្តែង​ភាពសប្បាយ​រីករាយ និង​រំភើប ដែល​កញ្ញា​បាន​ប្រឡង​ជាប់​ក្នុងការ​ធ្វើ​តេស្ត​ចូលរួម​កម្មវិធី​នេះ​។ កញ្ញប​ន្តថា រូបនាង​ផ្ទាល់ នឹង​សម្តែង​នូវ​របាំ​ត្រុដិ ក្បាច់គុណ​ល្បុកតោ  និង​របាំ​ក្រ​ម៉ា​ ​៖ "​ចាស​​ចំពោះ​រូប​នាង​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​យើង​នឹង​ត្រូវចំណាយ​​ពេល​​ខ្លះ​ ដើម្បី​ហ្វឹក​​ហាត់​​សិស្ស​ប្អូន​ ដែល​ពួក​គាត់នឹង​​ប្រ​ឡង​ជាប់​នៅ​ឆ្នាំ​ក្រោយ​ ដូច្នេះ​ពួក​​ខ្ញុំ​​​មាន​កាតព្វ​កិច្ច​មួយ គឺ​ដើម្បី​ក្នុង​នាម​ជា​សិស្ស​ច្បង​នៅឆ្នាំ​នេះ ពួក​​ខ្ញុំនឹង​​ចែក​​រំលែក​បទ​ពិសោធន៍​​ដែល​ពួក​ខ្ញុំ​បាន​រៀន​ពី​ឆ្នាំ​នេះ​ នឹង​ហ្វឹង​ហាត់​ត្រេន​ពួក​​គាត់ ដើម្បីឲ្យ​ពួក​គាត់​កាន់​តែ​ខ្លាំង ដើម្បី​​ចូលរួម​នៅ​ក្នុង​​កម្ម​វិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត​"។

​យុវជន​មួយ​រូប​ទៀត លោក ណៃ សេម​ណា​រ័ត្ន អាយុ ២៤​ឆ្នាំ និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មានប្រសាសន៍ថា លោក​នឹង​បង្ហាញ​នូវ​ចំនេះដឹង​របស់​ខ្លួន និង​បង្ហាញ​ពី​វប្បធម៌​ប្រទេស​កម្ពុជា ឲ្យ​យុវជន​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន បានដឹង​។ ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ លោក​នឹង​បង្ហាញ​នូវ របាំ​ត្រឡោក របាំ​ត្រុដិ របាំ​ទង់ជាតិ របាំ​សហ​សម័យ និង​របាំ​អ៊ុំ​ទូក​ ៖ "ជា​គោល​បំណង​ផ្ទាល់ ហើយ​ដូច​ជា​គោល​បំណង​របស់​​ក្រុម​ទាំង​មូល​ផង​ដែរ យើង​ទៅនេះ​គឺ​យើង​​ដើម្បី​ប្រទេស​ជាតិ យើង​ចង់​កសាង​ឈ្មោះ​របស់​ប្រ​ទេស​ជាតិ និង​ឲ្យ​បាន​មាន​ភាព​ល្បី​ល្បាញ ហើយ​និង​ឲ្យ​ប្រ​ទេស​ផ្សេង​ៗស្គាល់​ថា​​យុវ​ជន​កម្ពុជា ក៏​ដូច​ជា​ប្រទេស​កម្ពុជា គឺ​មាន​យុវជន​ដែលមាន​ភាព​ឆ្លាត​វៃ​ ខ្លាំង​ពូកែ ហើយ​និងមាន​សមត្ថ​ភាព​ខ្ពស់"។

​កម្មវិធី​ “​នាវា​យុវជន​អាស៊ីអាគ្នេយ៍​” ត្រូវបាន​រៀបចំ និង​ឧបត្ថម្ភ​ជា​ថវិកា ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​។​ កម្មវិធី​នេះ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧៤ ក្រោម​ការសហការ​គ្នារ​វាង​ប្រទេស​ជប៉ុន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សាំង​ហ្គា​ពួ​រ  និង​ប្រទេស​ថៃ​។ ក្រោយមក ប្រទេស​ដែល​ចូល​ជា​សមាជិក​​អាស៊ាន​ផ្សេង​ទៀត ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​។​

​ចំណែក​កម្ពុជា បាន​បញ្ជូន​យុវជន​ខ្លួន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ តាំងពី​ឆ្នាំ​២០០០​។ យុវជន​មាន​ឱកាស​ក្នុង​ការចូលរួម​កម្មវិធី​នេះ ត្រូវ​មាន​អាយុ​ក្រោម​៣០​ឆ្នាំ និង​ត្រូវ​ឆ្លងកាត់​ប្រឡង​លើ​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​អាស៊ាន និង​ចំណេះដឹង​ភាសា​អង់គ្លេស​។​ ការប្រកាស​ដាក់​ពាក្យ​ប្រឡង ត្រូវបាន​ធ្វើ​ឡើង​​ជា​​រៀង​រាល់​​ឆ្នាំ ក្នុង​ខែ​មេសា​៕

(រូបភាពពី ហ្វេសប៊ុក)

​សរសេរ​មកកាន់​លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

One Response to "យុវជន​កម្ពុជា​២៩​រូប ចាប់ផ្តើម​ដំណើរ​នាវា​អាស៊ីអាគ្នេយ៍​​"

  1. ពួកនេះវាយស៊ិចដល់ហើយ