វិភាគ​៖​ ការផ្ទុះ​អាវុធ​អាច​កើតមាន​ទៀត​ទេ បន្ទាប់​ពី​តុលាការ​ប្រកាសសេចក្តី​សំណុំរឿង​ប្រាសាទព្រះវិហារ​?​

ដោយ៖​ អ៊ឹង ប៊ុន​ថន​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រាសាទព្រះវិហារ (រូបថតពី abcnonstop.net)

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហូឡង់​គ្រោង ប្រកាស​ដីកា​សំណុំ​រឿង​នៃ​​ជម្លោះ​​ដី​ ​ជុំវិញ​ប្រាសាទ​​វិហារ​​របស់​​កម្ពុជា​​​នោះ នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​​ឆ្នាំ​​២០១៣​​នេះ​។​

ប្រទេស​​កម្ពុជា បាន​ប្តឹង​ឲ្យ​សើរើ​សំណុំរឿង​ក្តី​ប្រវត្តិសាស្ត្រ​នេះ​ឡើង​វិញ ដោយសារ​កងទ័ព​ឈុតខ្មៅ​ថៃ  បាន​វាយ​ចូល​ដណ្តើម​កាន់កាប់​ដី​ទំហំ ៤.៦ គីឡូ​ម៉ែត្រ​​ក្រឡា ក្បែរ​ប្រាសាទ​​ព្រះវិហារ​។ សកម្មភាព​​ប្រើ​កម្លាំង​ទ័ព​របស់​​សម​ភាគី​ថៃ​នេះ​​ កើតឡើង​តែ​មួយ​ប្តា​ហ៍ បន្ទាប់ពី​​កម្ពុជា​អបអរ​យ៉ាង​គគ្រឹក​គ​គ្រែង​​​ដោយ​សារ​​ប្រាសាទ​ព្រះវិហារ​​ ត្រូវបាន​ដាក់បញ្ចូល​​សម្បត្តិ​​បេតិកភណ្ឌ​ពិភព​របស់​អង្គការ​យូណេស្កូ​។​

តើ​ការផ្ទុះ​អាវុធ​អាច​កើតមាន​ជា​ថ្មី​ទៀត​ទេ បន្ទាប់​ពី​តុលាការ​ប្រកាស​ដីកា​សំណុំរឿង​ប្រាសាទព្រះវិហារ​ នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៣​នេះ​?

​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ គិតថា ការផ្ទុះអាវុធ​ជា​ថ្មី​រវាង​ភាគី​កម្ពុជា​និង​ថៃ មិនអាច​កើត​មាន​ទេ ទោះជា​សាលដីកា​​នោះ​សម្រេច​ឲ្យ​ភាគី​ណា​​​ឈ្នះ​ឬ​ចាញ់​​ក៏ដោយ​ ៖ “​ខ្ញុំ​មិន​គិតថា មិនមាន​ទេ ព្រោះ​ទាំងអស់គ្នា ទាំង​ភាគី​ខ្មែរ ទាំង​ភាគី​ថៃ សុខចិត្ត​ទទួល​នូវ​សេចក្តីសម្រេច របស់​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ​នេះ​”​។​

​​ពីរ​សប្តាហ៍ មុន​ពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ប្រកាស​ដីកា រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា អំពី​ការរក្សា​នូវ​សន្តិ​សភាព សន្តិសុខ និង​​​ស្ថិរភាព នៅតាម​ព្រំដែន និង​បើក​ច្រកព្រំដែន​រួម​៦​កន្លែង​។​កាសែត​បាងកក​ប៉ុស្តិ៍​ថៃ រាយការណ៍​ថា ការពិភាក្សា នឹង​ធានា​ថា​ទំនាក់ទំនង​តាម​ព្រំដែន​​​កម្ពុជា​-​ថៃ នឹង​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​សេចក្តីសម្រេច​របស់​​តុលាការ ​ICJ​ ទេ​។​

​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ លើក​​ការវិភាគ​​លើ​​បី​​ចំណុច​។ ​ទី​១​ លោក​ថា បើ​កម្ពុជា​ចាញ់​នោះ ​មិន​មាន​​ការផ្ទុះ​អាវុធ​​ឡើយ ដោយសារ​កម្ពុជា​​មិន​​មាន​គំនិត​ធ្វើ​សង្គ្រាម​​ជាមួយ​ប្រទេស​ជិតខាង​។ ម្យ៉ាងទៀត កម្លាំង​​នយោបាយ និង​កម្លាំង​សព្វាវុធ​របស់​កម្ពុជា ក៏​ចាញ់​ប្រៀប​ថៃ​ដែរ​។ ប៉ុន្តែ​លោក​វិភាគ​​ថា បើ​កម្ពុជា​ឈ្នះ​នោះ​នឹង​មាន​ការតានតឹង​ផ្នែក​យោធា​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​​ទៀត​ ៖ “​ភាគ​ច្រើន​ខ្ញុំ​ទាយ​ថា ប្រហែល​ជា​កម្ពុជា​ឈ្នះ អញ្ជឹង​ប្រសិន​ជា​កម្ពុជា​ឈ្នះ កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ការពារ​តំបន់​នោះ ឲ្យបាន​៥​ឆ្នាំទៅ​១០​ឆ្នាំ ត្រៀម​ទ័ព ឬ​មួយ​ក៏​ត្រៀមខ្លួន តាំង​ពី​កម្លាំងយោធា និង​កម្លាំង​ការទូត​អន្តរជាតិ ខ្ញុំ​មើល​ទៅ ប្រទេស​កម្ពុជា​ពឹងផ្អែក​ទៅលើ​ការទូត​អន្តរជាតិ ខ្លាំង​ជាង​ការត្រៀម​ទាហាន​”​។​

​តុលាការ​យុត្តិធម៌​ អន្តរជាតិ ICJ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​១៩៦២​។ តុលាការ​កំពូល​នេះ បាន​បញ្ជា​ឲ្យ​ថៃ​ដក​ទង់ជាតិ និង​កងទ័ព​របស់​ខ្លួន​ចេញពី​​​ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំវិញ​​ប្រាសាទ ព្រមទាំង​ប្រគល់​​វត្ថុ​បុរាណ​ខ្មែរ​ដែល​ថៃ​យក​​​​​ទៅ​នោះ​​​មក​កម្ពុជា​វិញ​ ។​

បណ្ឌិត​វិទ្យាសាស្ត្រ​​នយោបាយ លោក សុខ ទូច វិភាគ​ថា សេចក្តី​របស់​តុលាការ​ICJ នឹង​មាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​ភាគី​ទាំង​ពីរ​ត្រូវតែ​គោរព ទោះ​ អ្នក​ណា​​ចាញ់​​​ឬ​​អ្នក​​ណា​​ឈ្នះ​​ក៏​ដោយ ​ពោល​លទ្ធភាព​នៃ​ការ​​​ផ្ទុះ​សង្គ្រាម​ប្រហែលជា​មិនអាច​កើត​មាន​ជា​ថ្មី​ទៀត​ទេ​ ៖ “​ប្រទេស​ថៃ​ត្រូវតែ​គោរព ព្រោះ​ស្តេច​ថៃ​បាន​ចុះហត្ថលេខា ទទួលស្គាល់ តុលាការ​ឡាអេ​នេះ ដូច្នេះ​ប្រសិន​ការបកស្រាយ​របស់​តុលាការ​ឡេអេ ឲ្យ​ភាគី​ខាង​ណា​ឈ្នះ នឹង​ទទួល​យក​តាម​ការបកស្រាយ​របស់​ឡាអេ​នេះ ពីព្រោះ​ភាគី​នៃ​ជម្លោះ ទាំង​កម្ពុជា ទាំង​ប្រទេស​ថៃ យើង​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់ តុលាការ​នេះ​ហើយ ចំនុច​ទី​ពីរ ថៃ​ក៏​ជា​សមាជិក នៃ​អង្គការ​សហប្រជាជាតិ ដូន្នេះ​ប្រទេស​ថៃ​យល់​ច្បាប់ណាស់ ថា​តុលាការ​ឡាអេ​នេះ នៅក្នុង​ក្របខណ្ឌ​នៃ​អន្តរជាតិ ហើយ​ជា​សមាជិក​មួយ នៃ​អង្គការ​សហប្រជាជាតិ យល់ច្បាស់ អំពី​បញ្ហា និង​គតិ​យុទ្ធ​នេះហើយ​”​។​

​តាម ​ទស្សនៈ​របស់​ក្រុមអ្នកវិភាគ កម្ពុជា​នឹង​ឈ្នះក្តី​ដោយ​រក្សា​ដី​ទំហំ​៤.៦​គីឡូម៉ែត្រ​​ក្រឡា​​ ជា​របស់​កម្ពុជា ទៅ​តាម​សាលដីកា​ឆ្នាំ​១៩៦២ ដែល​បញ្ជា​ឲ្យ​កង​​ទ័ព​​ថៃ​ដកចេញ​ពី​​ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ​។ ចំណែក​ការផ្ទុះ​សង្គ្រាម​​​ក្រោយ​ពី​តុលាការ​ ចេញ​សម្រេច​ឡើង​វិញ​នេះ មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទៀត​ទេ ព្រោះ​ទាំង​ភាគី​ថៃ​និង​កម្ពុជា​​សុទ្ធតែ​ទទួលស្គាល់​​​តុលាការ​របស់​ ពិភពលោក​មួយ​នេះ​។​ មួយវិញទៀត​ ទំនាក់​ទំនង​​​នយោបាយ​ល្អ​​រវាង​រដ្ឋាភិបាល​​ថៃ និង​រដ្ឋាភិបាល​​កម្ពុជា នៅពេល​នេះ​​ក៏​ជា​ហេតុផល​មួយ​​ដែល​អ្នកវិភាគ​​ចាត់ទុកថា អាច​បញ្ជៀ​ស​ពី​ការផ្ទុះអាវុធ​ជា​ថ្មី​នៅ​តាម​ព្រំដែន​ប្រទេស​​ទាំង​ពីរ​ដែរ ​៕

សរសេរមកកាន់​លោក អ៊ឹង ប៊ុន​ថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

3 Responses to "វិភាគ​៖​ ការផ្ទុះ​អាវុធ​អាច​កើតមាន​ទៀត​ទេ បន្ទាប់​ពី​តុលាការ​ប្រកាសសេចក្តី​សំណុំរឿង​ប្រាសាទព្រះវិហារ​?​"

  1. បរិមី ព្រ:វិហារ says:

    Without good cooperation between both Govenrments, it is hard to predict what incidents are going to happen on the ground. Both Governments have been working together to remedy their differences and to control outrage situation which can be created by extremists. Although there are a number of good outcomes and promises from both Governments, but the real situations behind the scenes remain tense. The worst case scenarios remain on table, we praise for peaceful solutions and at the same time we must be ready if the worst case arrived. Through many sources of information we are noting that in Thailand a few Extremist groups have worked out their own plans against their own government in case the verdict is in favor to Cambodia, in this sense we have to closely work with Thai counterpart to control all kinds of unpredictable cases.

  2. chamreun roath says:

    នេះគឺជាការគិត ការព្រួយបារម្ភរបស់ប្រជាជាតិទាំងពីរ មិនថាកម្ពុជា ឬ ថៃ។ ក៏ប៉ុន្តែយើងបានឃើញថា រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងខិតខំណាស់ ក្នុងការជជែកដើម្បីធានាថា ពុំមានជម្លោះ និងពុំមានផ្ទុះអាវុធ។
    រឿងដែលយើងនៅតែបារម្ភ គឺការដែលអាចមានក្រុមកេងប្រវញ្ចនយោបាយនៃប្រទេសទាំងពីរ ឆក់យកករណីបរាជ័យ មកវាយប្រហារលើជំហររបស់រដ្ឋាភិបាល ( កម្ពុជា ឬ ថៃ ) និងញុះញង់ដើម្បី ទម្លាក់រដ្ឋាភិបាល ។
    គិតថា ការតស៊ូរបស់កម្ពុជា ក៏ដូចជាថៃដែរ គឺអ្នកណាក៏ចង់ឈ្នះដែរ ។ តែត្រូវតែតាំងចិត្តថា ជម្លោះ បើមិនបញ្ចប់ក្នុងភាពជាអ្នកឈ្នះ ឬ ក្នុងភាពជាអ្នកបាត់បង់ គឺគ្មានថ្ងៃសុខទេ។ យើងទាំងអស់គ្នា ទាំងកម្ពុជា និងថៃ ពេលនេះ បានតាំងចិត្ត ហើយ។ យើងសុំថា កាត់ចិត្តៅ ហើយ ក៏កុំយករឿងឈ្នះ ជារឿងចំអកឡកឡឺយដាក់គ្នា រវាងថៃ និងកម្ពុជា។

  3. ជា ស៊ីម says:

    No will, no desire! unless no Ms. Yin Lak that it causes problem for our borders. No worry

    about this unless I my eyes are shut off. The previous violence with Thai army our troops did

    not step out from the front lines. My troops committed to sacrifice in protecting for our

    poor motherland and our lovely people.