សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ អបអរសាទរ​ជ័យជម្នះ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​​

ដោយ៖​ ញ៉ែត ស្រីពៅ​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

លោក ហាស​សាន រ៉ូ​ហានី​ (Hassan Rohani) ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់(រូបភាពពី www.diplomatmagazine.nl)

លោក ហាស​សាន រ៉ូ​ហានី​ (Hassan Rohani) ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់(រូបភាពពី www.diplomatmagazine.nl)

​ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ផ្ញើលិខិត​អបអរសាទរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស ដែល​លោក​ត្រូវបាន​ជ្រើសរើស​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សារ​ជា​ថ្មី​ទៀត​។​

​សារលិខិត​អបអរសាទរ ចេញផ្សាយ​លើ​គេហទំព័រ​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ លោក ហាស​សាន រ៉ូ​ហានី​ (Hassan Rohani) បាន​សម្តែង​នូវ​ការអបអរ​សារ​ទរ និង​ជឿជាក់​ថា ជ័យជម្នះ​នេះ ជំហាន​ដ៏​ពិតប្រាកដ​មួយ​ក្នុង​ការថែរក្សា​ស្ថិរភាព និង​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព និង​មិត្តភាព​ក្នុង​តំបន់ និង​ពិភពលោក​។ លោក ហាស​សាន រ៉ូ​ហានី បញ្ជាក់ថា​៖«​ខ្ញុំ​សង្ឃឹមថា យើង​នឹង​ឃើញ​ពី​ការអភិវឌ្ឍ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ទ្វេភាគី នៅពេល​ខាងមុខ​»​។​

​កន្លងទៅ មេដឹកនាំ​បណ្តា​ប្រទេស​កុម្មុយនីស្ត​មួយចំនួន ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី​៥ ក្នុងនោះ​មាន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេស​ទាំង​ពីរ ត្រូវបាន​មើលឃើញថា គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥ ​ខែតុលា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី​របស់​ខ្លួន​ដោយ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​មួយចំនួន ដើម្បី​សុំ​អន្តរាគមន៍​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ស្ថានទូត ទាំងនោះ រួមមាន​ប្រទេស​អូស្ត្រាលី រូស្ស៊ី ជប៉ុន និង​ឥណ្ឌូនេស៊ី និង​ចិន​។​

​ក្នុង​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ក្រោម​រាជាធិបតីភាព​ព្រះមហាក្សត្រ​នរោត្តម​ សីហនុ អង្គទូត​ទាំងអស់​នៅ​កម្ពុជា បាន​ចូលរួម​សម័យប្រជុំ​នេះ​។

បន្ទាប់​ពី​សម័យ​ប្រជុំ​សហរដ្ឋអាមេរិក បញ្ជាក់ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ​។ ចំណែក​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ថា រដ្ឋ​សភា​កម្ពុជា មិន​អាច​បម្រើ​ឲ្យ​គោលបំណង​ខ្លួន​បានទេ ប្រសិនបើ​មិន​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ ដែល​ទទួល​បាន​អាសនៈ ដោយ​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់ សហការគ្នា ដើម្បី​ឲ្យ​អាណត្តិសភា​នីតិកាលទី​៥​នេះ ត្រូវបាន​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕

សូមសរសេរមកកាន់ កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com

What Next?

Recent Articles