ដោយ៖ កែវ រតនៈ
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
លោក ខៀវ សំផន (រូបភាពដោយ eccc.org.kh)
សាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃចន្ទនេះ បន្តសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលក្នុងសំណុំរឿង០០២/០១ ដោយមានមេធាវីការពារឲ្យជនជាប់ចោទ ខៀវ សំផន ឡើងបកស្រាយ។
នៅក្នុងបន្ទប់សវនាការ ជនជាប់ចោទខៀវ សំផន កំពុងអង្គុយស្តាប់ ដោយសហមេធាវីជាតិការពារក្តី លោក គង់ សំអុន និង សហមេធាវីអន្តរជាតិការពារក្តីលោក អាថឺ វែរកិន(Arthur Vercken) ឡើងបកស្រាយនៅខាងមុខចៅក្រម។
កាលពីថ្ងៃទី២១ ខែតុលា នៅពេលបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង បានស្នើសុំអង្គជំនុំជម្រះសាលាដំបូង ដាក់ទោសទណ្ឌចំពោះជនជាប់ចោទ ខៀវ សំផន និង នួន ជា ចំពោះការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា បានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់កិច្ចពិភាក្សាដេញដោល លើសំណុំរឿង ០០២/០១ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន។សវនាការនេះ នឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣១ខែតុលា ឆ្នាំ២០១៣។
ជនជាប់ចោទនៅក្នុងសំណុំរឿង ០០២/០១ រួមមាន នួន ជា អតីតអនុលេខានៃបក្សកុម្មុយនិស្តកម្ពុជា ហើយខៀវ សំផន គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ ផ្តោតទៅលើការចោទប្រកាន់លើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងអង្គហេតុនៃការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងភ្នំពេញនៅខែ មេសា ឆ្នាំ១៩៧៥ និងការជម្លៀសប្រជាជនពីតំបន់ផ្សេងៗទៀត (ដំណាក់កាលទី១ និងទី២) ហើយនឹងការចោទប្រកាន់ពីការសម្លាប់រង្គាលទៅលើទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ នៅក្នុងទឹកដីខេត្តពោធិ៍សាត់៕
សូមសរសេរមកកាន់ លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com