Wednesday, 06 November 2013
AFP
ភ្នំពេញ ប៉ុស្តិ៍
ជាទូទៅ ឲ្យតែគ្រឿងផ្សំអាហារណាដែលមានសណ្ឋានជាលិង្គរបស់សត្វនោះវា គឺជាវត្ថុមានតម្លៃណាស់សម្រាប់មជ្ឈដ្ឋាននៃការគិតរបស់ជនជាតិ ចិន។ យ៉ាងណាមិញគំនិតមួយនេះក៏ក្លាយជាការនិយមមកប្រើជាឱសថប៉ូវ កម្លាំងផ្នែកកាមតម្រេក ឬជំនួយសុខភាពផ្លូវភេទរបស់ជាតិអាស៊ីដែរ។
ប្រភេទ លិង្គសត្វទាំងនោះរួមមាន លិង្គសត្វលា ពពែ ឆ្កែ គោ និងក្តាន់ជាដើម គឺសុទ្ធតែជាអាហារ ឬគ្រឿងផ្សំជាឱសថមានប្រយោជន៍ សម្រាប់សុខភាពមនុស្សទាំងអស់។ គេឃើញប្រភេទសាច់លិង្គសត្វទាំងអស់នេះដាក់លក់ក្នុងតម្លៃថ្លៃគឺ អាចមានតម្លៃ២០០ដុល្លារក្នុងមួយចាន ខណៈគេបានហាន់ឬចៀរវាជាដុំៗដូចជាសាច់ក្រកនោះ។
លោក សាវ ដែលមានបទពិសោធខាងរៀបចំលិង្គសត្វសម្រាប់ចម្អិនអាហារឲ្យគ្រួសារ តាំងពីរូបលោកមានវ័យ១៣ឆ្នាំនិងមានប្រវត្តិបួនប្រាំជំនាន់មក នោះបាននិយាយថា៖ «ចំពោះលិង្គសត្វសេះវិញមានលក្ខណៈទាំងសាច់ និងរសជាតិ។ វាមានប្រយោជន៍ណាស់សម្រាប់សុខភាព»។
អ្នកស្រី លី យ៉ាំងហ្សី អ្នកគ្រប់គ្រងអាហារដ្ឋានសាខាឆាវយ៉ាំងបាននិយាយថា បច្ចុប្បន្នអាហារប្រភេទសាច់លិង្គសត្វទាំងនេះមានលក្ខណៈផុសផុលខ្លាំងណាស់ដាក់លក់នៅតាមបណ្តាភោជនីយដ្ឋាននានានៅក្នុងខេត្ត ហ្គួលីហ្សួង ប្រទេសចិនដោយមានការចូលចិត្តពីសំណាក់ភ្ញៀវជាពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាល។
អ្នកស្រីថាបណ្ដាភ្ញៀវដែលមករកសេវាកម្មអាហារធ្វើសាច់លិង្គសត្វទាំងនោះ គឺជាបុរសដោយពួកគេមានជំនឿ ថា អាហារនេះអាចផ្តល់ថាមពលសិចខ្លាំងក្លាដល់ពួកគេបាន។ ពេលមកដល់ពួកគេរមែងសាកសួររកលិង្គសត្វចៀមព្រៃ សត្វគោព្រៃ សត្វភេសមុទ្រ និងសត្វពស់ជាដើមខណៈពួកគេទទួលទានម្តងមួយគូ។
អ្នកស្រី លីយ៉ាំងហ្សីបន្តថា៖ «ប្រជាជនចិនមានជំនឿថាគេអាចប្រើអាហារ នេះគឺជាគ្រឿងបន្ថែមសម្រាប់ជួយដល់រាងកាយមនុស្សយើងបាន។ ការញ៉ាំលិង្គ និងពងស្វាសសត្វអាចជួយបង្កើនសុខភាពផ្លូវភេទបុរសមានលក្ខណៈ ខ្លាំងក្លានិងប្រកបដោយសក្ដានុពលអស្ចារ្យ»។
គេក៏នៅពុំទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ចំពោះការអះអាងខាងលើនេះបានឡើយ តែមតិទូទៅនៅតំបន់អាស៊ីបានអះអាងមានលក្ខណៈស្រដៀងគ្នាគ្រប់ទីកន្លែង។
ហ្វាហឺរ ហាយ៉ាត ចុងភៅនៅភោជនីយដ្ឋានមួយបាននិយាយថា៖ «ជាចម្បងបុរសៗញ៉ាំសាច់ទាំងនេះ ដោយសារពួកគេគិតថាវាអាចជួយឲ្យថាមពលខ្លាំងផ្នែកសិច។ សាច់ខួរអាចផ្តល់ថាមពលផ្នែកខួរក្បាលមនុស្សខណៈពងស្វាសវិញអាច ជួយបង្កើនថាមពលប្រដាប់ភេទតែម្តង»។
ដោយឡែកនៅតាមដងវិថីនៃទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីឯណោះវិញគេបានឃើញក្រុមបុរសៗទាំងឡាយកំពុងតែនាំគ្នាផឹកឈាមពស់ដោយផឹកម្តងតម្លៃ៦,៤ដុល្លារខណៈពួកគេជឿថាឈាមពស់នេះអាចធ្វើឲ្យថាមពលសិចពួកគេដំណើរការបានល្អ។
ចំណែក ប្រជាជនខ្លះមានជំនឿថា ទឹកឃ្មុំមួយស្លាបព្រាទៅលើសាច់ទាំងនោះវាមិនត្រឹមតែមានផលប្រយោជន៍សម្រាប់សុខភាពប៉ុណ្ណោះទេវាថែមទាំងជាឱសថជួយព្យាបាលជំងឺ ទឹកនោមផ្អែម ការឡើងសម្ពាធឈាម និងជំងឺដទៃទៀតផង។
លោកវៃ ជីងសេង វ័យ៤៧ឆ្នាំប្រជាពលរដ្ឋដែលនិយមចូលចិត្តទទួលទានសាច់លិង្គ សត្វនោះនៅក្រុងប៉េកាំងបាននិយាយថា៖ «វាពិតជាអាហារល្អមែន។ បន្ទាប់ពីខ្ញុំបានញ៉ាំវាមក។ សក់របស់ខ្ញុំលែងសូវជ្រុះ ហើយឥឡូវខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានកម្លាំងពេញខ្លួនតែម្តង»៕ PR