ក្រុមហ៊ុន ​Google ចេញផ្សាយ​ទូរស័ព្ទ​ភាសា​ខ្មែរ​​

ដោយ៖​ ដួង សុខា​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា Google របស់​អាមេរិក ចេញផ្សាយ​ទូរស័ព្ទ​ភាសា​ខ្មែរ ដោយ​ដាក់បញ្ចូល​ការបកប្រែ​ដែល​ផ្ដល់​ដោយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ ​(Open Institute)​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​បើកទូលាយ ចុះ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឲ្យដឹងថា ដោយ​មាន​ការផ្តល់​ថវិកា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​ការអភិវឌ្ឍន៍​អន្តរជាតិ​ (USAID)  វិទ្យាស្ថាន និង​ក្រុមហ៊ុន​Google នៅ​ឆ្នាំ​២០១៣ បាន​អនុវត្ត​កម្មវិធី​ SPICE ដើម្បី​បញ្ចប់​ការបកប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទអេ​ន​ដ្រ​យ​(Android) ជា​ភាសា​ខ្មែរ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បានសម្រេច​គោលដៅ​របស់​ខ្លួន នៅពេល​កំណែ ​(Version) ៤.៤​នៃ​ប្រព័ន្ធ​ Android  មានឈ្មោះ​ថា KitKat ត្រូវ​បាន​ចេញផ្សាយ​កាលពី​ចុង​ខែ​តុលា​មុន​។​ ក្រុមហ៊ុន ​Google បញ្ជាក់ កាលពី​ថ្ងៃ​​​ទី​២ ខែវិច្ឆិកា ក្នុង​ព្រឹត្តិការណ៍ Google DevFest នៅ​រាជធានី​ភ្នំពេញ ថា កំណែ​ដែល​ទើប​នឹង​ចេញ​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទអេ​ន​ដ្រ​យ មាន​ភាសា​ខ្មែរ​មក​ជាមួយ​ស្រាប់​។ កំណែ​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​អាច​ទាញ​យកមក​ប្រើ​ពី Google Play Store សម្រាប់​គ្រប់​ទូរស័ព្ទ​ម៉ាក Nexus ក៏ដូចជា​ម៉ាក Samsung Galaxy S4​។​

​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ដែរថា ការបកប្រែ​ទូរស័ព្ទ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​បកប្រែ​របស់​កម្មវិធី​ SPICE ដែល​មាន​បទពិសោធន៍​ក្នុង​ការបកប្រែ​កម្មវិធី​កុំព្យូទ័រ និង​ទូរស័ព្ទ​ជាង​៨​ឆ្នាំ​មកហើយ​។ ក្នុង​ឆ្នាំ​២០០៥ ក្រុម​នេះ​បាន​បកប្រែ​ទូរស័ព្ទ ​Nokia លើក​ដំបូង​ជា​ភាសា​ខ្មែរ​។

​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​វិទ្យាស្ថាន​បើកទូលាយ បង្ហាញថា ទូរស័ព្ទ​មួយ​ក្នុងចំណោម​ទូរស័ព្ទ​ចំនួន​បី​ក្នុងប្រទេស​កម្ពុជា​អាច​ផ្ញើ និង​ទទួល​សារ​ជា​អក្សរ​ខ្មែរ​៕

សូមសរសេរមកកាន់ លោក ​ដួង សុខា តាមរយៈ duong.sokha@vodhotnews.com


What Next?

Recent Articles