ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ​ប្រមូល​ផ្តុំ​សង្គម​ស៊ីវិល​ គណបក្ស​ប្រឆាំង និង​ជនរងគ្រោះ​ទំនាស់ដីធ្លី

ហេង រស្មី, ឃួន ធារ៉ា
10 ធ្នូ 2013
វីអូអេខ្មែរ

សកម្មជន​សិទ្ធិ​មនុស្ស​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ (ម៉ៅ ច័ន្ទដាលី/វីអូអេ)

កម្រង​រូបភាព៖​ ក្បួន​ធម្មយាត្រា​ទាំង៥​ទិស​របស់​សង្គម​ស៊ីវិល​ខាង​មុខ​រដ្ឋសភា
កម្រង​រូបភាព៖ ទិដ្ឋភាព​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​របស់​សាលា​ក្រុង​ភ្នំពេញ
​កម្រង​រូបភាព៖ ទិដ្ឋភាព​ដង្ហែរ​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ

គណបក្ស​សង្គ្រោះជាតិ​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​បាន​ដើរ​ហែរ​ក្បួន​ពី​កន្លែង​ផ្សេងៗ​គ្នា​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​មក​ជួប​ប្រជុំ​គ្នា​នៅ​កន្លែង​ផ្សេងៗ។​ គណបក្ស​សង្គ្រោះជាតិ​ជួបជុំគ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ។​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួបជុំ​គ្នា​នៅ​វត្ត​ភ្នំ​ រីឯ​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ជួបជុំគ្នា​នៅ​មុខ​អគារ​រដ្ឋសភា។​

គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​ចេញ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​ទី​ស្នាក់​ការ​គណបក្ស​ក្នុងខណ្ឌ​មាន​ជ័យ។ ​ក្នុង​ខណៈពេល​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស ​បាន​ដឹក​នាំ​ក្បួន​ដង្ហែចេញ​ពី​ទី​ស្នាក់​ការ​គណបក្ស​មួយ​ទៀត​នៅក្នុង​ខណ្ឌ​ទួលគោក។​

ក្បួន​របស់​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​មក​ជួប​ប្រសព្វ​គ្នា​នៅ​លើ​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ដោយ​មាន​ការ​ស្រែក​ស្វាគមន៍​ពី​ក្រុម​អ្នក​ចូល​រួម។​ ក្រោយ​មក​មេដឹក​នាំ​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ដើរឆ្ពោះ​ទៅ​កាន់​ទី​លាន​ប្រជាធិបតេយ្យ ​ដែល​មាន​មនុស្ស​ជា​ច្រើន​កកកុញ​រង​ចាំ​រួច​ជាស្រេច។​

នៅ​ពេល​ចាប់​ចេញ​ដំណើរ​ចេញ​ពី​ទី​ស្នាក់​ការ​គណបក្ស ​លោកសម រង្ស៊ី​បាន​ប្រាប់​ វីអូអែ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ទេ។ ​ផ្ទុយ​ទៅ​វិញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់​ធ្ងរទៅៗ។​ ដូច​ជាករណីបាញ់​សម្លាប់​ស្ត្រី​អ្នក​លក់​បាយ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ និង​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ ពេល​មាន​បាតុកម្ម​នៅ​ស្ពាន​ក្បាល​ថ្នល់។

លោក​និយាយ​ថា៖​ «យើង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ​ឲ្យ​មាន​ពេញ​លេញ​នៅ​ប្រទេស​កម្ពុជា​ ពីព្រោះ​អំណាច​ផ្តាច់​ការ​ធ្វើ​បាប​រាស្ត្រ​ណាស់​ គាប​សង្កត់​ប្រជារាស្ត្រ ​យក​ដី​ប្រជារាស្ត្រ​ បង្ក្រាប​ប្រជារាស្ត្រ​ ពេល​ប្រជារាស្ត្រ​តវ៉ា​ មិន​ឲ្យ​មាន​សិទ្ធិ​សម្តែងមតិ​របស់​ខ្លួន»។​

ក្រុម​អ្នក​ចូល​រួម​ក្បួន​ដង្ហែរបស់​គណបក្ស​សង្គ្រោះជាតិ​ ដែលមក​ពី​គ្រប់​ទិសទី បាន​កាន់បូពណ៌​ខៀវ​ និងពណ៌​ក្រហម​នៅ​លើ​ក្បាល​ ដៃកាន់​ទង់​ជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​ ទង់​ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ទង់​សាសនា។ ​ក្នុង​ខណៈពេល​ដែល​អង្គការ​សង្គម​ស៊ី​វិល​ជួប​ជុំ​គ្នា​នៅ​វត្ត​ភ្នំ​ និង​ក្បួន​ធម្មយាត្រា​បាន​បញ្ចប់​កម្ម​វិធី​របស់​ខ្លួន​ដោយ​បាន​មក​ដាក់ញ្ញត្តិ​នៅពី​មុខ​អគា​រដ្ឋសភា។

គ្មាន​ការ​បង្រ្កាប​ណា​មួយ​ពី​កម្លាំងមាន​សមត្ថកិច្ច​ទេ ​បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែក្បួន ​និង​កំណត់​មនុស្ស​ចូល​រួម​មិន​ឲ្យ​លើស​១ម៉ឺននាក់​ក៏​ដោយ។​

នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា​ កម្ពុជា​មិន​ទាន់​បាន​ទទួល​សិទ្ធិ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ទេ។​

លោក​បញ្ជាក់​ថា​ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៥​នេះ​នឹង​ផ្ញើ​សារ​ទៅ​អន្តរជាតិ​ថា៖ ​«យើង​ជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ យើង​ត្រូវ​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ​បច្ចុប្បន្ន​នេះ​ចេញ»។​

លោក​និយាយ​ថា​ ៖«ខ្ញុំ​ថា ​បើ​អ្នក​ឯង​មិន​ស៊ើប​រក​ការណ៍​ពិត​ ហើយ​អ្នក​ឯង​ចង់​កែ​ទម្រង់ដូរ​គ.ជ.ប.​ កែទម្រង់​រដ្ឋសភា​ ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ​នោះយើង​គណបក្ស​សង្គ្រោះជាតិ​ យើង​សុខចិត្តចូល​កែ​ទម្រង់។ ​ប៉ុន្តែ​បោះ​ឆ្នោត​ឡើង​វិញ​ភ្លាម​ហ្នឹង ​នេះ​បាន​ចូល​បាន»។​

លោកបណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ បាន​បញ្ជាក់​ថា​ មេដឹក​នាំ​ប្រទេស​ហាក់​បី​ដូច​ជា​មើល​ស្រាល​សិទ្ធិ​មនុស្សនិង​បំភ្លេច​ចោល​នូវ​សិទ្ធិ​មនុស្ស​ដែល​បណ្តាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាបន្ត​បន្ទាប់។​

លោក​បញ្ជាក់​ថា ​បើ​នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​តទៅ​ទៀត​ វានាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។​

លោក​និយាយ​ថា៖​ «ឥឡូវ​ការ​ផ្លាស់​ប្តូរ​បណ្តើរៗ​ហើយ។ ​រឿង​បុគ្គល​ខ្ញុំ​អត់​ធានា​ទេ។ ​ក៏ប៉ុន្តែ​ចាំបាច់​ហើយ​ត្រូវ​តែធ្វើ​ឲ្យ​បាន​ទៅ​ទៀត។​ ហើយ​បើ​ធ្វើ​មិន​បាន​ទេ​ ឆ្នាំ​២០១៧​ប្រជាជន​គេ​វាយ​តម្លៃ​ម្តង​ទៀត​បោះ​ឆ្នោត​ឃុំ​ សង្កាត់»។​

លោកសេក​ គី​ អាយុ​៧១​ឆ្នាំ​មកពី​ស្រុក​អង្គរ​បូរី​ ខេត្ត​តាកែវ​ បាន​ឲ្យ​ដឹង​ថា​ ការ​គោរពសិទ្ធិ​មនុស្ស​មាន​តែ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖​ «ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជម្រុះពាក្យ​មាក់ងាយ​ប្រជាពលរដ្ឋ។ក្រុម​ហ៊ុន​សម្បទាន​ស្អីៗ​សុំ​ឲ្យ​ឈប់។ ​បើ​មិន​ឈប់ទេ ​ខ្ញុំ​នៅ​តែ​ប្តេជ្ញា​ថា​ សុំ​ឲ្យ​ដូរ​ចេញ​អញ្ចឹង​តែ​ម្តង ​ពី​ព្រោះ​អ្វី​ទុក​ឲ្យ​កូន​ចៅ​ខ្ញុំ​ជំនាន់​ក្រោយ​ ពី​ព្រោះ​ខ្ញុំ​អាយុ​៧០​ឆ្នាំ​ហើយ ​គ្មាន​រស់​បាន​ប៉ុន្មាន​ទៀត​ទេ។ ​ហើយ​សម្បទាន​៩៩​ឆ្នាំ​ងាប់​ហើយ​ ចៅ​ទួត​ទៀត​បាន​យកបាន»។​

លោក​ Willaim Todd ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ឧិកាស​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​មាន​ការ​ប្រឈម​មុខ​ជម្លោះដីធ្លី​ និង​ការ​បណ្តេញ​ប្រជាជន​ពី​ផ្ទះ​សម្បែង​ អំពើ​ពុក​រលួយ ​និង​ការ​រត់ពន្ធ​មនុស្ស។​

លោក​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​បញ្ហា​ទាំង​នេះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles