កម្ពុជា​រំពឹង​ឈ្នះ​មេដាយមាស​បន្ថែម នៅ​ស៊ី​ហ្គេម​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃសៅរ៍ ទី14 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រុមកីឡាករ និងកីឡាការិនីកម្ពុជា ដែលទទួលបានមេដាយ

ក្រុមកីឡាករ និងកីឡាការិនីកម្ពុជា ដែលទទួលបានមេដាយ

គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ​ទី​១៣ ធ្នូ ប្រទេស​កម្ពុជា​ទទួលបាន​មេដាយមាស​សរុប​ចំនួន​៤​ហើយ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កំពុង​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ជាមួយ​ជ័យជម្នះ​នេះ កីឡាករ​កីឡាការិនី​កម្ពុជា រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​ឈ្នះ​មេដាយមាស​បន្ថែមទៀត បើ​ទោះ​ជា​មុន​នេះ វិញ្ញាសា​ប៉េតង់ ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​កាល​ពី​ស៊ី​ហ្គេម​នៅ​ឡាវ បាន​ត្រឹម​មេដាយប្រាក់ និង​វិញ្ញាសា​ប្រដាល់ ដែល​ជា​សក្ដានុពល​ដ៏​ខ្លាំង​របស់​ជាតិ បាន​បរាជ័យ​នោះ​ក៏ដោយ​។

​ចាត់ទុកថា​ជា​មោទនភាព​មួយ ដែល​កីឡាករ​កីឡាការិនី​កម្ពុជា អាច​ដណ្ដើម​បាន​មេដាយមាស​៤​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​នេះ ខណៈ​ដែល​វិញ្ញាសា​ច្រើន​ទៀត ស្ថិត​ក្នុង​ក្ដី​សង្ឃឹម​យ៉ាង​មុត​ស្រួច​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​។ មន្ត្រី​ដឹកនាំ​ការប្រកួត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា អះអាងថា ស៊ី​ហ្គេម​ឆ្នាំនេះ កម្ពុជា​ហាក់​ទទួលលទ្ធផល​ប្រសើរ​ជាង​លើក​មុនៗ ខណៈ​ដែល​វិញ្ញាសារ​ដែល​នៅសល់ ក៏​នៅ​មាន​ច្រើន​ដែល​កម្ពុជា​រំពឹងថា អាច​ឈ្នះ​មេដាយមាស​។ កីឡាករ​កីឡាការិនី ដែល​ដណ្ដើម​បាន​មេដាយមាស​ទាំង​៤​នោះ​រួមមាន កីឡាករ​ចំបាប់ កៅ ឆេង​ហុង  ដែលជា​អ្នក​ដណ្ដើមបាន​មេដាយមាស​ដំបូង​គេ​ក្នុង​ប្រភេទ​ទម្ងន់​៨៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១០ ធ្នូ​។ លោក​ឈ្នះ​មេដាយមាស ផ្នែក​ចំបាប់​ក្នុង​វិញ្ញាសា​ក្រិច​កូរ៉ូ​ម៉ាំង បន្ទាប់ពី​បាន​យកឈ្នះ កីឡាករ​ថៃ Chinnawei Kangchalee រួច​បន្ត​ទៅ​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Saw Maung  និង​ចុងក្រោយ​បាន​ផ្ដួល​កីឡាករ​ហ្វីលីពីន Balabal Jason ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុង​ថ្ងៃ​ដដែល កីឡា​ការិនី​ចំបាប់​ម្នាក់ទៀត គឺ​កីឡាការិនី នី សំណាង ក៏​ដណ្ដើមបាន​មេដាយមាស​ទី​២​ឲ្យ​កម្ពុជា ក្នុង​ការប្រកួត​ចំបាប់​ប្រភេទ​ទម្ងន់ ៦៣​គីឡូក្រាម​។

(លោក កៅ  ឆេង​ហុង និង​កញ្ញា នី សំណាង ដែល​ជា​ម្ចាស់​មេដាយមាស​ទី​១ និង​ទី​២ របស់​កម្ពុជា)

នៅ​ថ្ងៃ​ទី​១២ ធ្នូ កីឡាករ ឌន សៅ បាន​ក្លាយជា​អ្នក​ដណ្ដើមបាន​មេដាយ​ទី​៣​ឲ្យ​កម្ពុជា  ក្នុង​ការប្រកួត​លើ​វិញ្ញាសារ​ចំបាប់​ទម្ងន់​១២០​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ចុងក្រោយ​។ ដោយឡែក​អ្នក​ដែល​ជួយ​ឲ្យ​កម្ពុជា មាន​ឈ្នះ​មេដាយមាស​ទី​៤ គឺ​កីឡាការិនី ចូ​វ សុធា​រ៉ា ដែល​ជា​កីឡាការិនី​ផ្នែក​ចំបាប់​ដ៏​ខ្លាំង​របស់​ប្រទេស​កម្ពុជា​។ នាង​ទទួលបាន​មេដាយមាស​ទី​៤ ក្នុង​ការប្រកួត​ចំបាប់​ទម្ងន់​៤៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៣ ធ្នូ​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ​នេះ កម្ពុជា​ទទួលបាន​មេដាយមាស​ចំនួន​៤​ហើយ ដោយ​មេដាយមាស​នេះ បាន​ពី​កីឡា​ចំបាប់​ទាំងអស់ ដោយ​គ្រាន់តែ​ខុស​ប្រភេទ​វិញ្ញាសា​គ្នា​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​មេដាយមាស​ទាំង​៤ កម្ពុជា​ក៏​មាន​មេដាយប្រាក់ និង​សំរិទ្ធិ​កើន​ឡើង​ដែរ ដោយ​ក្នុង​នោះ​មេដាយប្រាក់​មាន​ចំនួន​៦ និង​មេដាយសំរិទ្ធិ​មាន​ចំនួន​១១ ដែល​មេដាយ​ទាំងនេះ បាន​ពី​ការប្រកួត​ចំបាប់ ប៉េតង់ និង​ការប្រកួត​សី​ប៉ាក់​តាក់​ក្រ ឬ​សី​ឈិន​ឡុង​។ យោងតាម​គេហទំព័រ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា​មាន​មេដាយ​សរុប​ចំនួន​២១ ដោយ​តួលេខ​នេះ នៅ​តែ​ធ្វើឲ្យ​កម្ពុជា​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​៧ បន្ទាប់ពី​បាន​រំកិល​ពី​លេខ​រៀង​ទី​៧ កាលពី​ថ្ងៃ​ទី​១០​ធ្នូ​។ ក្នុង​តារាង​ដដែល ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ជា​ម្ចាស់ផ្ទះ នៅតែ​នាំមុខ​ក្នុងការ​ដណ្ដើមបាន​មេដាយមាស ដោយ​ពេល​នេះ​បាន​កើន​ដល់​២៦ ប្រាក់​២៥ និង​សំរិទ្ធិ​២០​។ ដោយឡែក​ចំពោះ​លេខ​រៀង​ទី​២ ទី​៣ និង​ទី​៤ ស្ថិត​ក្នុង​ការ​ប្ដូរផ្លាស់​គ្នា ដោយ​កាលពី​ថ្ងៃ​ទី​១០ ប្រទេស​ថៃ​បាន​ឈរ​នៅ​លំដាប់​ទី​២ ប៉ុន្តែ​ពេល​នេះ​បាន​រអិល​ទៅ​លេខ​រៀង​ទី​៤ បន្ទាប់​ពី​បណ្ដោយ​ឲ្យ​វៀតណាម និង​ឥណ្ឌូនេស៊ី​នាំមុខ​។ វៀតណាម​លំដាប់​ទី​២ មាន​មេដាយមាស​២២ ប្រាក់​១១ និង​សំរិទ្ធិ​១៩​។ ឥណ្ឌូនេស៊ី លំដាប់​ទី​៣ មាន​មេដាយមាស​២០ ប្រាក់​២៤ និង​សំរិទ្ធិ​១៧​។ ថៃ​លំដាប់​ទី​៤ មាន​មេដាយមាស​១៨ ប្រាក់​២៤ និង​សំរិទ្ធិ​១៦​។ ម៉ាឡេស៊ី លំដាប់​ទី​៥​មាន​មេដាយមាស​១០ ប្រាក់​៧ និង​សំរិទ្ធិ​២២​។ សិង្ហ​បុរី លំដាប់​ទី​៦ មាន​មេដាយមាស​៧ ប្រាក់​៦ និង​សំរិទ្ធិ​១៤ ខណៈ​ហ្វីលីពីន ឡាវ ប្រ៊ុយណេ និង​ទីម័​រខាង​កើត នៅ​តែ​ឈរ​នៅ​លំដាប់​បន្តបន្ទាប់​គ្នា ក្រោម​ប្រទេស​កម្ពុជា​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com


What Next?

Recent Articles

2 Responses to "កម្ពុជា​រំពឹង​ឈ្នះ​មេដាយមាស​បន្ថែម នៅ​ស៊ី​ហ្គេម​​"

  1. Kon Khmer says:

    នេះជាមោទនភាពរបស់ខ្មែរយើង ដែលកាលពីមុនដូចនៅ សុីហ្គេម ទី២០,២១…យើងមិនដែលស្គាល់មេដាយនឹងគេទេ…ហើយកាលណោះថ្នាក់ដឹកនាំយើងធ្លាប់និយាយថា ទៅប្រកួតយកបទពិសោធន៍…!

  2. red tiger says:

    Congratulations, you are our heroes