​ថន លក្ខិណា ធ្វើឲ្យ​គេ​ភ្ញាក់​នៅ​ហង្សមាស​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ថន លក្ខិណា ធ្វើឲ្យ​គេ​ភ្ញាក់​នៅ​ហង្សមាស​

ថន លក្ខិណា ធ្វើឲ្យ​គេ​ភ្ញាក់​នៅ​ហង្សមាស​

វត្ត​មាន​នាង​ថន លក្ខិណា នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស កាលពី​ដំណាច់ឆ្នាំ​២០១៣ បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ដែល​នាង​ត្រូវ​គេ​ស្គាល់ ជា​ពិធី​ការិនី​របស់​CTN ស្រាប់តែ​លេច​មុខជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ហង្ស​មាស​ទៅវិញ​។ អ្នកទស្សនា​ជាច្រើន បាន​ផ្ដោត​ការសង្ស័យ​យ៉ាងខ្លាំង ថា​នាង​បាន​លាឈប់​ពី​ស្ថាប័ន​ចាស់ ទើប​ស្ងាត់ៗ​អាច​បង្ហាញ​មុខ ជា​ពិធី​ការិនី ក្នុង​កម្មវិធី​ធំ​របស់​ហង្ស​មាស​។

​ក្នុង​ការប្រគំ​តន្ត្រី​បន្ត​ផ្ទាល់ «​កំពូល​តារា​ទេសចរណ៍​ខា​រ៉ា​បាវ​វគ្គ​ទី​២» ដែល​ជា​កម្មវិធី​ធំ បើកឆាក​ស្វាគមន៍​ឆ្នាំ​២០១៤ របស់​ស្ថានីយ​ទូរ​ទស្សន៍​ហង្ស​មាស កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​២៩ ធ្នូ គេ​សុទ្ធតែ​ឃើញ​ពិធី​ការិនី CTN រូបនេះ បង្ហាញ​មុខ​ក្នុង​នាម​ជា​ពិធី​ការិនី​របស់​ហង្ស​មាស ជាមួយ​លោក​ចាប ចៀន និង​លោក​ញ៉ែម សុគន្ធ​។ អ្នកទស្សនា​ជាច្រើន លើកឡើងថា ហេតុ​អ្វី​នាង​ធ្វើ​ការិនី​នៅ​ហង្ស​មាស​? ភាគ​ច្រើន ក្នុង​ចំណោម​អ្នក​ចម្ងល់ និយាយថា មកពី​នៅ​CTN គេ​ឲ្យ​នាង​លេច​មុខតែ​ក្នុង​កម្មវិធី​ថត​ទុក​«​ផ្ទះ​លោក​តា និង​កម្មវិធី​មុខម្ហូប​» ដោយ​មិន​​ផ្ដល់​កម្មវិធី​បន្ត​ផ្ទាល់​ធំៗ​ឲ្យធ្វើ​ដូច​នៅ​ហង្សមាស ទើប​នាង​សម្រេចចិត្ត​ដើរចេញ​។ វេទិកា​ប្រគំ​តន្ត្រី «​កំពូល​តារា​ទេសចរណ៍​ខា​រ៉ា​បាវ វគ្គ​​២»​នេះ ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​២០១៤ ដែល​ផ្សាយ​ផ្ទាល់​ពី​គ្រប់​ខេត្ត​ក្រុង​នៅ​រៀងរាល់​យប់​ថ្ងៃអាទិត្យ​។ កម្មវិធី​នេះ ជា​កម្មវិធី​ធំ​របស់​ហង្ស​មាស ដោយសារ​តែ​ក្នុង​ឆ្នាំនេះ មាន​វត្តមាន​សុទ្ធសឹងតែ​ជា​តារាចម្រៀង និង​តារា​កំប្លែង​ល្បីឈ្មោះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្ដែង​វេទិកា​​ផ្សាយ​ផ្ទាល់​ពី​ក្រុង​បាវិត ដែល​ជា​យប់​បើកឆាក កាលពី​យប់​ថ្ងៃ​អាទិត្យ​២៩​ធ្នូ នោះ មាន​ការចូលរួម​ដោយ លោក​ព្រាប សុវត្ថិ នាង​ឱក សុគន្ធ​កញ្ញា លោក​ខេមរៈ សិរី​មន្ត នាង​សួស វី​ហ្សា និង​លោក​រ៉ូ​លីន ដែល​សុទ្ធសឹងតែ​ជា​តារា​ល្បី​។  ទោះយ៉ាងណា អ្នកទស្សនា​ភាគ​ច្រើន ហាក់​មិនសូវ​ផ្ដោត​ការចាប់អារម្មណ៍ ចំពោះ​វត្តមាន​តារា​ល្បី​ទាំងនោះ​ឡើយ ដោយ​ម្នាក់ៗ​គិតតែ ជជែក​វែក​ញ៉ែ​ក​ពី​វត្តមាន​របស់​នាង​ថន លក្ខិណា ដែល​នៅ​សុខៗ លេចមុខ​នៅក្នុង​កម្មវិធី​ថ្មី​របស់​ហង្ស​មាស​នោះ​ច្រើន​ជាង​។ ការសន្និដ្ឋាន​រួម បាន​យល់​ឃើញ​ស្ទើរតែ​ដូចគ្នា​ថា នាង​ដើរ​ចេញពី​CTN ហើយ​ហក់​ចូល​ហង្ស​មាស ដូចគ្នា​នឹង​ការប្ដូរ​ទ្រនំ​របស់​តារា​មួយ​ចំនួន​។​

[លោក ញ៉ែម សុគន្ធ(រាប់ពីធ្វេង) កញ្ញា ថន លក្ខិណា(កណ្តាល) និងលោក ចាប ចៀន]

​ឆ្លើយតប​នឹង​ចម្ងល់​នេះ អ្នក​រៀបចំ​កម្មវិធីរ​បស់​ហង្ស​មាស បាន​ប្រាប់ថា វត្តមាន​របស់​ថន លក្ខិណា គឺជា​ការតម្រូវ​របស់​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ស្ពុន​ស័រ​ប៉ុណ្ណោះ​។ មានន័យ​ថា ការងារ​របស់​នាង​គឺជា​ការងារ​បន្ថែម ដោយ​មិន​តម្រូវឲ្យនាង​លាឈប់​ពី​តំណែង​ជា​ពិធី​ការិនី​នៅ​CTN នោះឡើយ​។ តំណាង​ទូរទស្សន៍​ដដែល និយាយថា កម្មវិធី​ប្រគំ​តន្ត្រី​«​កំពូល​តារា​ទេសចរណ៍​ខា​រ៉ា​បាវ​វគ្គ​២» ត្បិតតែ រៀបចំ​ដោយ​ទូរ​ទស្សន៍​​ហង្ស​មាស ប៉ុន្តែ​វត្ត​មាន​តារា បូក​រួម​ទាំង​ពិធីករ និង​ពិធី​ការិនី​ផង គឺជា​ការទាមទារ​របស់​ក្រុមហ៊ុន​នោះ​ប៉ុណ្ណោះ អញ្ចឹង​ហើយ ទើប​ថន លក្ខិណា អាច​ទទួល​តំណែង​នោះ ធ្វើឲ្យ​ម្នាក់​យល់ច្រលំ​ថា នាង​ក្លាយជា​បុគ្គលិក​ថ្មី​របស់​ហង្ស​មាស​។ ការងារ​របស់​នាង​នៅ​ហង្ស​មាស លោក​អះអាង​ថា ដូចគ្នា​នឹង​ការងារ​ក្រៅ​ម៉ោង​របស់​នាង ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ដែរ ដោយ​គ្រាន់តែ​ប្លែក​ត្រង់ បាន​ផ្សាយ​បន្ត​ផ្ទាល់​​នៅ​ហង្ស​មាស និង​រៀបចំ​ដោយ​ក្រុមហ៊ុន​ហង្ស​មាស​ប៉ុណ្ណោះ​។ កម្មវិធី​នេះ កាលពី​ឆ្នាំ​២០១៣ ឬ​វគ្គ​១ ជា​កាន់កាប់​ដោយ​នាង​សូ​ដា នី​តា ប៉ុន្តែ​មក​ពី​ឆ្នាំ​នេះ​ក្រុមហ៊ុន​ចង់​ឲ្យ​ប្លែក និង​មក​ពី​សូ​ដា នី​តា ជាប់​ភារៈ ចេញ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ជាមួយ​លោក​អែន​ឌី យូរ​សប្ដាហ៍ ទើប​កម្មវិធី​សម្រេច​ជ្រើស​យក​ថន លក្ខិណា​។

​ដូចគ្នា​ដែរ ថន លក្ខិណា ធ្លាប់​ប្រាប់ថា នាង​មាន​សិទ្ធិ​លេចមុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សេង​គ្រប់ពេល ឲ្យតែ​កម្មវិធី​នោះ ជា​កម្មវិធី​របស់​ក្រុមហ៊ុន​ឯកជន ហើយ​ទិញ​ម៉ោង​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​។ ចម្លើយ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ថន លក្ខិណា ពិតជា​ឡើង​យីអ៊ុន​មែន ដែល​នៅ​CTN ក៏​ទើបនឹង​ទទួលបាន​កម្មវិធី​ថ្មីៗ បន្ថែម​ពី​លើ​កម្មវិធី​«​ផ្ទះ​លោក​តា​» បើក​ទំព័រ​ឆ្នាំ​២០១៤​ហើយ ស្រាប់តែ​បាន​តំណែង​ជា​ពិធី​ការិនី ក្នុង​កម្មវិធី​បន្ត​ផ្ទាល់​ធំ​ប្រចាំ​សប្ដាហ៍​របស់​ហង្ស​មាស មួយ​ថ្មី​នេះ​ទៀត​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomaline@yahoo.com


What Next?

Recent Articles

3 Responses to "​ថន លក្ខិណា ធ្វើឲ្យ​គេ​ភ្ញាក់​នៅ​ហង្សមាស​​"

  1. G-spot says:

    ដូរទីកន្លែងធ្វើការទើបរីកចម្រើន។

  2. sambo says:

    Not interesting to all TV chanels forget it !

  3. Duc San says:

    តារាឥឡូវមួយតួខ្លួនសុទ្ធសឹងតែរបស់សប្បនិម្មិត!