ប្រាសាទ​អង្គរ​បំផុស​គំនិត​ស្ថាបត្យករ​អូស្ត្រាលី​ឈ្នះ​ពាន​រង្វាន់​គេហដ្ឋាន​ឆ្នើម​

Tuesday, 31 December 2013
Cecelia Marshall
ភ្នំពេញ ប៉ុស្តិ៍

131231_20a

គេហដ្ឋាន​របស់​ស្ថាបត្យករលោក​​ ឌ្រូ ហេដ មើល​ពីខាង​ក្រៅ។

ភ្នំពេញ : ក្រោយ​ពី​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ផ្ទាល់​ភ្នែក ស្ថាបត្យករ ឌ្រូ ហេដ (Drew Heath) បាន​រំពៃ​នឹក​រក​ម៉ូដ​ដើម្បី​កែច្នៃ​គេហដ្ឋាន​របស់​ខ្លួន។ ដោយ​ប្រើ​គំនិត​ជ្រួតជ្រាប​ពី​ប្រាសាទ​អច្ឆរិយ​របស់​ប្រទេស​កម្ពុជា ស្នាដៃ​រចនា​ម៉ូដ​ផ្ទះ​របស់​លោក​បាន​ឈ្នះ​ពាន​រង្វាន់​ជា «សំណង់​គេហដ្ឋាន​ឆ្នើម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៣»។

អស់​រយៈកាល​ជាច្រើន​សតវត្សរ៍​មក​ហើយ ប្រាសាទ​អង្គរ​បាន​ធ្វើឲ្យ​អ្នក​ដំណើរ​ទាំងឡាយ​ទទួល​បាន​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​មិន​ថា​លើ​វិស័យ​សិល្បៈ​កំណាព្យ វិចិត្រកម្ម និង​តន្ត្រី​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ដែល​បាន​មក​ទស្សនា​សំណង់​អច្ឆរិយ​នេះ ក៏​បាន​ព្យាយាម​យក​ប្រាសាទ​អង្គរ​ជា​គោល​ក្នុង​ការ​ស្ថាបនា​អគារ​នានា​នៅឯ​ទឹកដី​កំណើត​របស់​ខ្លួន​ផង​ដែរ។ តួយ៉ាង​ដូចជា​ស្ថាបត្យករ​អូស្ត្រាលី​លោក ឌ្រូ ហេដ ដែល​ជា​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​៥​ឆ្នាំ​មុន។ លោក​បាន​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ផ្នែក​សំណង់​គេហដ្ឋាន​ឆ្នើម​ប្រចាំ ឆ្នាំ​២០១៣ តាមរយៈ​ការ​ស្ថាបនា​គេហដ្ឋាន​មួយ​ដែល​ទទួល​ឥទ្ធិពល​ពី​ប្រាសាទ​អង្គរ​នៅឯ​ទីក្រុង​ស៊ីដនី។

នៅ​ប្រទេស​អូស្ត្រាលី ស្ថាបត្យករ​វ័យ​៤៤​ឆ្នាំ​រូប​នេះ​មាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ផ្ទាល់​ខ្លួន ដែល​ជំនាញ​ខាង​កែច្នៃ​ម៉ូដ​គេហដ្ឋាន និង​សួនច្បារ។ ទោះបី​ជា​ការងារ​របស់​លោក​មមាញឹក​ក៏​ពិត​មែន ប៉ុន្តែ​លោក ឌ្រូ ហេដ តែងតែ​ឆ្លៀត​ជិះ​យន្តហោះ​ទៅ​ទស្សនា​សំណង់​អច្ឆរិយ​នានា​ក្នុង​ពិភពលោក ដើម្បី​ទទួល​បាន​គំនិត​ថ្មី​លើ​វិស័យ​សំណង់ និង​ការ​ច្នៃម៉ូដ​អគារ​ក្នុង​អាជីព​មុខរបរ​របស់​លោក​។


លោក​បាន​ពិពណ៌នា ថា សំណង់​ប្រាសាទ​អង្គរវត្ត​ពិតជា​មាន​លក្ខណៈ​ពិសេស​ជាង​គេ។ ប្រាង្គប្រាសាទ​ដែល​ធ្លាប់​លាក់​ខ្លួន​នៅ​កណ្ដាល​ព្រៃព្រឹក្សា​ហាក់បី​ដូចជា​តំណាង​ឲ្យ​ការ​រួមមេត្រី​រវាង​មនុស្ស និង​ធម្មជាតិ​យ៉ាង​សុខសាន្ត ហើយ​ទិដ្ឋភាព​នេះ​ធ្វើឲ្យ​មនុស្សម្នា​ដែល​បាន​ឃើញ​រំភើប និង​កោត​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា។

ក្រោយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មក ទឹកដី​កំណើត​វិញ លោក​ក៏​ចាប់ផ្ដើម​គម្រោង​កែច្នៃ​ម៉ូដ​គេហដ្ឋាន​ផ្ទាល់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​គោល​គំនិត​ការ​រួមរស់​រវាង​មនុស្ស និង​ធម្មជាតិ​។ លោក​បាន​ព្យាយាម​សង់​ផ្ទះ​ដែល​ធ្វើឲ្យ​អ្នក​រស់នៅ​បាន​ឃើញ​ទេសភាព​នៅ​ខាង ក្រៅ​ឲ្យ​កាន់​តែ​ច្បាស់។

សំណង់​ដែល​រចនា និង​គូរ​ប្លង់​ដោយ​លោក ឌ្រូ ហេដ តែ​ឯកឯង​នោះ​ចំណាយ​ពេល​៣​ឆ្នាំ និង​ប្រើប្រាស់​កម្លាំង​មនុស្ស​៤​នាក់​ក្នុង​ការ​រំលេច​ចេញ​ជា​រូបរាង​ឡើង។ ក្នុង​អំឡុង​ពេល​កែកុន​ម៉ូដ​ផ្ទះ​នេះ​ឡើង​វិញ​ភរិយា និង​កូន​ទាំង​៤​នាក់​អាយុ​ចន្លោះ​ពី​២​ដល់​១៤​ឆ្នាំ​នោះ ត្រូវ​រស់នៅ​ក្នុង​គេហដ្ឋាន​ដែល​មាន​ភាព​ស្រមេកស្រមក។

លោក​បាន​រំឭក​ថា៖ «នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ដែល​ពោរពេញ​ដោយ ទេសភាព។ ខ្ញុំ​មាន​អារម្មណ៍​បី​ដូចជា​កំពុង​រស់នៅ​កណ្ដាល​វាល​ឥត​ដំបូល​អ៊ីចឹង»។

បន្ទប់​ជាច្រើន​នៃ​គេហដ្ឋាន​របស់​លោក​មាន​កម្ពស់ និង​ទំហំ​ខុសៗ​គ្នា។ ស្រដៀង​គ្នា​ទៅ​នឹង​សំណង់​អង្គរ​ដែល​សម្បូរ​ជណ្ដើរ​ជាច្រើន​ជាន់​ថ្នាក់ គេហដ្ឋាន​របស់​លោក​មាន​បង្អួច​ធំៗ​ដែល​អាច​មើល​ទេសភាព​ខាង​ក្រៅ​យ៉ាង ត្រជាក់​ភ្នែក។ សំណង់​នេះ​មើល​ទៅ​មាន​លក្ខណៈ​បិទជិត​ក៏​ពិតមែន ប៉ុន្តែ​វា​ក៏​បើកចំហ​ឲ្យ​អ្នក​នៅ​ខាង​ក្នុង​រីករាយ​នឹង​ទិដ្ឋភាព​ខាង ក្រៅ​ផ្ទះ​ផង​ដែរ។

លោក​បាន​ដាក់​ឈ្មោះ​ឲ្យ​គេហដ្ឋាន​នេះ​ថា Tir na nOg ជា​ភាសា​អៀរឡង់​តាម​ជា​ប្រទេស​កំណើត​ភរិយា​របស់​លោក។ តាម​រឿង​ព្រេង​និទាន​ឈ្មោះ​នេះ​មាន​ន័យ​ថា «ពិភព​ដទៃ​ទៀត»។ គំនិត​នេះ​បាន​ធ្វើឲ្យ​លោក​រំលេច​ចេញ​រូបរាង​ផ្ទះ​ម៉ូដ​ទំនើប ដែល​ក្រសោប​ដោយ​រុក្ខជាតិ។ លោក​បាន​បញ្ជាក់​ថា ភ្ញៀវ​ដែល​ចូល​មក​លេង​គេហដ្ឋាន​របស់​លោក​តែងតែ​ឈរ​ទ្រឹង និង​មាន​ភាព​ងឿង​ឆ្ងល់ ដោយ​ពួកគេ​មិន​យល់​សោះ​ថា​ហេតុ​អ្វី​បានជា​ទិដ្ឋភាព​ក្នុង​ផ្ទះ ដូច​គ្នា​ទៅ​នឹង​ទេសភាព​ក្រៅ​ផ្ទះ។

យ៉ាង​ណា​មិញ​លោក ឌ្រូ ហេដ សារភាព​ថា មិត្តភក្តិ​រួម​អាជីព​មួយ​ចំនួន​ក៏​រិះគន់​ថា​ផ្ទះ​របស់​លោក​មិន​ស័ក្ដិសម នឹង​អាកាសធាតុ​ត្រជាក់​ឡើយ ដោយសារ​ប្រជាជន​មាន​ទម្លាប់​បិទ​ទ្វារ​ផ្ទះ ប៉ុន្តែ​សំណង់​របស់​លោក​បែរ​ជា​មាន​លក្ខណៈ​បែប​បើក​ចំហ​ច្រើន​ទៅ​វិញ។

លោក ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​គ្រួសារ​របស់​លោក​បាន​​ព្យាយាម​សម្រប​ខ្លួន​នឹង ជីវភាព​នៅ​ផ្ទះ​នេះ ដោយសារ​តែ​វា​សម្បូរ​ទីធ្លា​បើកចំហ​ច្រើន​ពេក។

គួរ បញ្ជាក់​ផង​ដែរ​ថា វិទ្យាស្ថាន​ស្ថាបត្យកម្ម​អូស្ត្រាលី​ដែល​មាន​សមាជិក​អាជីព​១២០០០​នាក់​នោះ បាន​សម្រេច​ឲ្យ​ស្នាដៃ​របស់​លោក​ជាប់​ជា​សំណង់​គេហដ្ឋាន​ឆ្នើម​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៣​ដោយសារ​តែ​ភាព​មាំមួន រស់រវើក ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​យ៉ាង​ឈ្លាសវៃ​ទៅលើ​ការ​ច្នៃ​ម៉ូដ​ជណ្ដើរ​ជា ថ្នាក់ៗ​ឆ្ពោះ​ទៅ​កាន់​បន្ទប់​នីមួយៗ មាន​ច្រក​បទបែន​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មាន​ទេសភាព​ធម្មជាតិ​នៃ​ពិភព​ខាង​ក្រៅ​តាំង​លម្អ​គេហដ្ឋាន​ផ្នែក​ខាង ក្នុង​ទៀត​ផង។

កាលពី​ថ្មីៗ​នេះ លោក ឌ្រូ ហេដ បាន​បញ្ចប់​ស្នាដៃ​មួយ​ទៀត​ឈ្មោះ​ថា «គេហឧទ្យាន» នៅ​ទីក្រុង​ស៊ីដនី។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ក្រោយពី​លោក​ឈ្នះ​ពាន រង្វាន់​នេះ​មក ហើយ​លោក​នៅ​តែ​បន្ត​រចនា​ម៉ូដ​ផ្ទះ​ដោយ​ប្រកាន់​ខ្ជាប់​គោល​គំនិត​នាំ​យក ទេសភាព​ខាង​ក្រៅ​មក​បញ្ចូល​នៅ​ខាង​ក្នុង​គេហដ្ឋាន​ទៅ​តាម​អារម្មណ៍​ដែល​លោក ទទួល​បាន​ពេល​ទៅ​ទស្សនា​ប្រាសាទ​អង្គរ៕


What Next?

Recent Articles

4 Responses to "ប្រាសាទ​អង្គរ​បំផុស​គំនិត​ស្ថាបត្យករ​អូស្ត្រាលី​ឈ្នះ​ពាន​រង្វាន់​គេហដ្ឋាន​ឆ្នើម​"

  1. Nath in says:

    It’s a very interesting story. We’ll done!

  2. Kmeng Peal says:

    នៅស្រុកខ្មែរ សន្យាតែ២ថ្ងៃទេគឺប្រាកដជានៅតែសំបកផ្ទះ ម៉ត់ឡេវបើសង់របៀបនេះ។

  3. Anonymous says:

    Very nice house design ,concept from our Angkor Wat ,Cambodia.

  4. Anonymous says:

    Very nice house design,concept from our Angkor Wat ,Cambodia.