យុវតី​ ១៤ ​ឆ្នាំ​ដុះ​ពន្លក​លើ​ថ្នាល​កូនគោល

Tuesday, 31 December 2013
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍

131231_21a

យុវតី ទេវី សារឿន ពេល​កំពុងហ្វឹកហាត់​វាយកូនគោល​នៅ​ទីលាន​កីឡា​ឯ​ខេត្ត​សៀមរាប​។ រូបថត សហ​ការី

សៀមរាប : យុវតី​វ័យ​១៤​ឆ្នាំ​មកពី​ខេត្ត​សៀមរាប​បាន​ចូលរួម​ការ​ប្រកួត​វាយ​កូនគោល លំដាប់​អន្តរជាតិ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​កន្លង​មក​នេះ។ បើ​ទោះ​ជា​មិន​បាន​ជ័យលាភី​ត្រឡប់​មក​ផ្ទះ​ក្ដី ក៏​កញ្ញា ទេវី សារឿន ដែល​ទើប​តែ​ផ្ដើម​លេង​កីឡា​នេះ​រយៈពេល​៤​ខែ​នោះ ទទួល​បាន​បទពិសោធ​ដ៏​អស្ចារ្យ​ពី​ការ​ប្រកួត​កូនគោល Sport Excel-Ambank-Crest Link International Junior Golf Championship ឆ្នាំ​២០១៣ ដែរ។

ទេវី ចាប់ផ្ដើម​លេង​កីឡា​នេះ​នៅពេល​ដែល​អាណាព្យាបាល​របស់​នាង​ឈ្មោះ ឃ្លែរ និង​គ្រីស្ទៀន វីដឺមេន ម៉ាសាត ទៅ​រៀន​វាយ​កូនគោល​នៅ​ក្លិប​សូហ្វីតែល ភូគីត្រា ដោយ​មាន​លោក ដេវិដ ម៉ាក់វែល ជា​គ្រូបង្វឹក។

កាល​នោះ ទេវី ឃើញ​អាណាព្យាបាល​ទាំង​ពីរ​របស់​នាង​លេង ស្រាប់​តែ​នាង​នឹក​ភ្នក​ចង់​សាកល្បង​ដែរ។

ទេវី រំឭក​ថា៖ «ខ្ញុំ​ចូលចិត្ត​លេង​ព្រោះ​កីឡា​នេះ​លេង​ទៅ​សប្បាយ ជាពិសេស​ពេល​ដែល​ខ្ញុំ​ហ្វឹកហាត់​គ្រវី​ដង​កូនគោល»។

លោក ដេវិដ ម៉ាក់វែល ព្រម​ទាំង​នាយក​គ្រប់គ្រង​ក្លិប​កូនគោល​អង្គរ​រីហ្សត​លោក ដេវិដ បារ៉ុន មាន​ការ​កោតសរសើរ​ចំពោះ​ទេពកោសល្យ​របស់ ទេវី ជា​ខ្លាំង​ទើប​ពួកគេ​ព្យាយាម​បង្វឹក​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

លោក ម៉ាក់វែល បាន​រំឭក​ថា៖ «ខ្ញុំ​ឃើញ​ក្មេងស្រី​នេះ ខ្ញុំ​ចាប់​អារម្មណ៍​បង្រៀន​នាង។ អ្វី​ដែល​ខ្ញុំ​ដាក់​ឲ្យ​នាង​អនុវត្ត នាង​អាច​ធ្វើ​បាន។ នាង​មាន​ទេពកោសល្យ​ផ្នែក​កីឡា​នេះ»។

ដូច​គ្នា​នេះ​ដែរ លោក បារ៉ុន និយាយ​ថា៖ «សមត្ថភាព​របស់​នាង​ស្ដែង​ចេញ​ឲ្យ​ខ្ញុំ​ឃើញ​ភ្លាមៗ ដោយសារ​តែ​នៅ​ប្រទេស​កម្ពុជា​មិនទាន់​មាន​កីឡាករ​វ័យក្មេង​ណា​ម្នាក់​លើ វិស័យ​វាយ​កូនគោល​នេះ​ឡើយ»។

ក្រោយពី​បង្វឹក​នាង​បាន​ត្រឹម​តែ​ពីរ​បី សប្ដាហ៍ គាប់​ជួន​ពេល​នោះ​លោក បារ៉ុន ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​វាយ​កូនគោល​សម្រាប់​កីឡាករ​វ័យក្មេង ស្នើ​ឲ្យ​លោក​បញ្ជូន​កីឡាករ​កម្ពុជា​ម្នាក់​ទៅ​ចូលរួម​ការ​ប្រកួត​នេះ​។

លោក បាន​រៀបរាប់​ថា៖ «ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ដល់ ទេវី ភ្លាម។ ក្រោយពី​អាណាព្យាបាល​នាង​យល់ព្រម ខ្ញុំ​នឹង​លោក ម៉ាក់វែល បាន​សហការ​គ្នា​បង្វឹក​នាង​ឲ្យ​យល់​ពី​ក្បួន​ខ្នាត​កីឡា​នេះ​កាន់​តែ​ច្បាស់ គួបផ្សំ​នឹង​បច្ចេកទេស​ក្នុង​ការ​លេង​ផង​ដែរ»។

យ៉ាង​ណា​មិញ​លោក ម៉ាក់វែល សារភាព​ថា លោក​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជូន ទេវី ទៅ​ប្រកួត​ជាមួយ​កីឡាករ​ដទៃ​ទៀត​ដែល​មាន​វ័យ​ចន្លោះ​ពី​១២ ទៅ​១៨​ឆ្នាំ​នោះ។

លោក និយាយ​ថា៖ «ដំបូង​ខ្ញុំ​គិត​ថា ទេវី មិន​អាច​ទៅ​ចូលរួម​កម្មវិធី​ប្រជុំ​សុទ្ធ​តែ​ជើងខ្លាំង​វ័យក្មេង​ក្នុង តំបន់​អាស៊ី​ទេ។ នាង​ធ្លាប់​វាយ​កូនគោល​១៨​រន្ធ​បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ»។

ម្ដាយចិញ្ចឹម​របស់ ទេវី គឺ​អ្នកស្រី ឃ្លែរ បាន​និយយា​ថា៖ «យើង​ក៏​ទទួល​ស្គាល់​ការពិត​ដែរ ប៉ុន្តែ​យើង​សម្រេច​ចិត្ត​ថា តោះ​សាកល្បង​ម្ដង​ទៅ​បើ​មាន​ឱកាស​អ៊ីចឹង​ហើយ​នោះ!»។

អ្នកស្រី​បាន រៀបរាប់​ទៀត​ថា៖ «យើង​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​នៅ​ទីលាន​ប្រកួត។ នាង​ជា​កូនចិញ្ចឹម​របស់​យើង។ នាង​ចូលចិត្ត​លេង​កូនគោល ហើយ​នាង​មាន​ទេពកោសល្យ​ដូច្នេះ មាន​រឿង​អ្វី​ដែល​យើង​មិន​ធ្វើ​ជា​កីឡាករ​តំណាង​កម្ពុជា»។

លោក ដេវិដ បារ៉ុន ដែល​ជា​គ្រូបង្វឹក​ក៏​និយាយ​ផង​ដែរ​ថា ទោះបី​ជា​ទទួល​លទ្ធផល​យ៉ាង​ណា ក៏ ទេវី នឹង​ទទួល​បាន​បទពិសោធ​ដ៏​មាន​តម្លៃ ហើយ​នេះ​ក៏​ជា​ការ​បោះ​ជំហាន​មួយ​សម្រាប់​យុវវ័យ​នៅ​កម្ពុជា​លើ​វិស័យ​កីឡា វាយ​កូនគោល​ផង​ដែរ។

ដោយសារ​តែ​សិស្ស​របស់​ខ្លួន​ទើប​តែ​ប្រឡូក ក្នុង​កីឡា​វាយ​កូនគោល​បាន​តែ​៤​ខែ​នោះ លោក​សម្ដែង​សុទិដ្ឋិនិយម​ថា៖ «គ្រាន់​តែ​បាន​ចូលរួម​ការ​ប្រកួត​នោះ ទេវី ប្រៀបបី​ដូចជា​អ្នក​ឈ្នះ​មួយ​រូប​ទៅ​ហើយ។ បទពិសោធ​នេះ​នឹង​ធ្វើឲ្យ​នាង​រីកចម្រើន​មួយ​កម្រិត​ទៀត»៕


What Next?

Recent Articles

3 Responses to "យុវតី​ ១៤ ​ឆ្នាំ​ដុះ​ពន្លក​លើ​ថ្នាល​កូនគោល"

  1. lok kong says:

    កីឡាកូនគោលនេះ ខ្ញុំសែនស្អប់បំផុត ព្រោះវាជាកីឡាសំរាប់តែអ្នកមាន

  2. I,Khmer says:

    For $95 a month, whose fucking care about the golf!!!

  3. Duncan_SC says:

    Keep learning, tough game!