ព្រឹត្តិការណ៍​សំខាន់ៗ​ប្រចាំ​ឆ្នាំ​ក្នុង​សង្វៀន​សិល្បៈ

Wednesday, 01 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140101_28a

តារា​សម្តែង និង​ម៉ូដែល​នាង សារ៉ាយ សក្ខណា​ បាន​រៀប​ការ​ជាមួយ​នឹង​អាណិក​ជន​​អាមេរិក។ គឹមសឿន

ភ្នំពេញៈ សម្រាប់​ឆ្នាំ​២០១៣ សិល្បករ សិល្បការិនី​ជាង​១០​គូ​បាន​បញ្ចប់​ជីវិត​នៅ​លីវ នឹង​បាន​ដឹកដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី ប៉ុន្តែ​អម​ជាមួយ​ការ​សាទរ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សុភមង្គល និង​ភាព​ផ្អែមល្ហែម​នៃ​ជីវិត​តារាៗ​ទាំងនោះ ក៏​មាន​ចំណង​ស្នេហ៍​របស់​តារាល្បីៗ​មួយ​ចំនួន​ផង​ដែរ ដែល​ប្រែ​រសជាតិ​ស្នេហ៍​ពី​ភាព​ផ្អែមល្ហែម ក្លាយ​ជា​ល្វីង​ជូរចត់ ពុំ​អាច​អត់​ទ្រាំ​នឹង​គ្នា​បាន​។

ក្រៅពី​រសជាតិ​ស្នេហ៍​ផ្អែមល្ហែម ល្វីង​ជូរចត់​ក្នុង​សិល្បៈ​នោះ នៅ​ឆ្នាំ​២០១៣​នេះ ក៏​មាន​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ គឺ​កំពូល​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ខេមរៈ សេរីមន្ត បាន​ពើប​ប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​តក់ស្លុត​ប្រចាំ​ឆ្នាំ​ផង ដែរ។





រីឯ​ពិធីការិនី​បាត់​វត្តមាន​រាប់​ឆ្នាំ នាងស្រី​តូច ចំណាន ក៏​លេច​ចេញ​នូវ​ភាព​ផ្អែមល្ហែម​ក្នុង​កណ្តាប់​ដៃ​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​សេដ្ឋី​វ័យក្មេង​កម្ពុជា​។

សិល្បករ សិល្បការិនី​សម្រុក​រៀបការ​យ៉ាង​សន្ធឹក​ក្នុង​ឆ្នាំ​២០១៣

សិល្បករ សិល្បការិនី​ដែល​បញ្ចប់​ជីវិត​នៅ​លីវ ក្នុង​ឆ្នាំ​២០១៣ ជាង​១០​គូ​នេះ​មាន តារា​សម្តែង​មេម៉ាយ​មួយ​ភ្លើង​ល្បី​ចាយ​សម្រស់ អ្នកនាង លី ម៉ារីណា ពិធីករ​ទូរទស្សន៍​បាយ័ន លោក ជា វណ្ណរិទ្ធ តារាសម្តែង​ប្រឡូក​ក្នុង​សិល្បៈ​យូរ​គួរសម​ពុំ​សូវ​ជា​មាន​ឈ្មោះ​លេចធ្លោ នាង ឈាន នីហ្សា តារាចម្រៀង​មាឌ​ធំ​ខ្មៅ​សម្បុរ​ខ្មែរ​អង្គរ​ម្ចាស់​បទ «ខោ​រឹប​គូទ​ខ្លី» លោក មុត ឧត្ដម តារាចម្រៀង​សាន់ដេ ផាន់ ម៉ូនីកា តារាចម្រៀង​វ័យ​ចំណាស់​ម្ចាស់​បទ​រំដួល​ដូរដី លោក អ៊ឹង ប៊ុនលាភ ពិធីការិនី​ដុះស្លែ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ អ្នកនាង គង់ សុជាតិ ចូល​រោងការ​នឹង​ពិធីករ​ដៃគូ ជា វិបុល ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ព្រុំ សុទ្ធារដ្ឋ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ក្រៅ​ប្រទេស​អ្នកនាង ពៅ សុជាតា អតីត​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ញញឹម​ស្រស់ អឿន ដាលីស តារាសម្តែង និង​តារា​ម៉ូដែល សារ៉ាយ សក្ខណា តារាសម្តែង​សាច់​ស​ខ្ចី​ថៅកែ​ផ្ទះសំណាក់ គឹម លីហ្សា ពិធីការិនី​ទូរទស្សន៍​អាស៊ីអាគ្នេឃ៍ អេនជី និង​តារាសម្តែង​រូប​សង្ហា លោក ព្រីង ច័ន្ទបុត្រ រៀបការ​នឹង​ប្អូនស្រី​ថ្លៃ​ឧត្ដមសេនីយ៍ គន់ គីម កាលពី​ដើម​ឆ្នាំ​២០១៣​នេះ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ពួកគេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​ដើរ​វិញ ក្រោម​លេស​ថា​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។

សម្ព័ន្ធ​ស្នេហា​របស់ សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ​ទាំងនោះ ភាគច្រើន​បាន​ប្តី​ប្រពន្ធ​ក្រៅ​ប្រទេស​។ តែ​យ៉ាង​ណា​ការ​ភ្ជាប់និស្ស័យ​ស្នេហ៍ ក្រោម​ចំណង​អាពាហ៍ពិពាហ៍ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ខ្លាំង​ជាង​គេ ក្រៅពី​ចំណង​អាពាហ៍ពិពាហ៍​របស់​តារាសម្តែង​មេម៉ាយ​មួយភ្លើង ល្បី​ចាយ​សម្រស់​អ្នកនាង​លី ម៉ារីណា នោះ គឺ​សម្ព័ន្ធ​ស្នេហា​របស់​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ​ទាំងនោះ ភាគច្រើន​បាន​ប្តី​ប្រពន្ធ​ជា​អ្នក​ក្រៅ​ប្រទេស​។

តែ​យ៉ាង​ណា​ការ ភ្ជាប់​និស្ស័យ​ស្នេហ៍ ក្រោម​ចំណង​អាពាហ៍ពិពាហ៍​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន ខ្លាំង​ជាង​គេ ក្រៅពី​ចំណង​អាពាហ៍ពិពាហ៍​របស់​តារាសម្តែង​មេម៉ាយ​មួយភ្លើង ល្បី​ចាយ​សម្រស់​អ្នកនាង លី ម៉ារីណា នោះ គឺ​អាពាហ៍ពិពាហ៍​របស់ តារាសម្តែង នាង សារ៉ាយ សក្ខណា ជាមួយ​មេធាវី​អាណិកជន​អាមេរិក លោក កែវ ប៊ុនមេត្រី និង​ចំណង​អាពាហ៍ពិពាហ៍​ពិធីការិនី​មេម៉ាយ​ទ្រព្យស្តុក អ្នកនាង គង់ សុជាតិ និង​ពិធីករ​ដៃគូ​លោក ជា វិបុល​។

ចំណង​ស្នេហ៍​ប្រេះឆា​ដ៏​រំជើបរំជួល

ដោយឡែក ចំណង​អាពាហ៍ពិពាហ៍​តារាសម្តែង​ប្រុសស្រី​ពីរ​ដួង ដែល​ដំណើរ​ស្នេហ៍​រំកិល​រក​ទី​អវសាន មិន​អាច​ផ្សារ​តភ្ជាប់​វិញ​បាន​នោះ គឺ​ចំណង​ស្នេហ៍​អ្នកសិល្បៈ និង​អ្នកសិល្បៈ​អ្នកនាង ចន ច័ន្ទលក្ខិណា និង​លោក យុត្ថារ៉ា ឆានី ហើយ​មួយ​គូ​ទៀត គឺ លោក ព្រីង ច័ន្ទបុត្រ បាន​បញ្ចប់​ជីវិត​មង្គលការ​ជាមួយ​នឹង​ប្អូនជីដូន​មួយ​នាយ​ឧត្តមសេនីយ៍ គន់ គីម អ្នកនាង សុខា។ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​រៀបការ​ជាមួយ​លោក យុត្ថារ៉ាឆានី ជាង​១០​ឆ្នាំ​ហើយ និង​បាន​ចំណងដៃ​កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ តែ​អកុសល​សម្ព័ន្ធភាព​ស្នេហ៍​នេះ​បាន​កាត់ផ្តាច់​ដោយ​អំណាច​ជន​ទី​៣​ចូល ជ្រៀតជ្រែក​។ កូនស្រី​តែ​មួយ​គត់​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​ឲ្យ​លោក យុត្ថារ៉ា ឆានី ជា​អ្នក​ឃុំគ្រង​។ ដោយឡែក​ចំណង​ស្នេហ៍​អំពិលអំពែក​រវាង​លោក ព្រីង ច័ន្ទបុត្រ ជាមួយ​ប្អូនជីដូន​មួយ​លោក​នាយ ឧត្ដមសេនីយ៍ ពាក់​ផ្កាយ​នោះ មិន​បាន​មួយ​ឆ្នាំ​ឡើយ ក៏​ចែកចាន ចែកឆ្នាំង​គ្នា​ភ្លាម ក្រោម​ហេតុផល​មិន​ចុះ​សម្រុង​នឹង​គ្នា។

ខេមរៈ សេរីមន្ត រងគ្រោះថ្នាក់​ដ៏​រន្ធត់​ក្នុង​ឆ្នាំ​២០១៣

ជាង ១០​ឆ្នាំ​នៃ​ការ​ប្រើ​ជីវិត​ក្រោម​ទឹកដម​សំឡេង​នៅលើ​ថ្នាល​សិល្បៈ ចម្រៀង​របស់​តារាចម្រៀង​មាន​កំណើត​ពី​ទឹកដី​ខេត្ត​កំពង់ចាម ដែល​ពុំ​ធ្លាប់​លេចឮ​រឿង​អាស្រូវ​ស្នេហ៍​លោក ខេមរៈ សេរីមន្ត សម្រាប់​ឆ្នាំ​២០១៣​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ឆ្នាំ​ស៊យ​បំផុត ហើយ​ជា​ឆ្នាំ​ដែល​ផ្តល់​ជីវិត​ទី​ពីរ​ដល់​តារា​រូប​នេះ​ផង​ដែរ​។ លោក ខេមរៈ សេរីមន្ត បាន​និយាយ​គ្រា ដែល​ធ្វើ​សន្និសីទ​កាសែត ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍​ថា៖ «ឆ្នាំ​នេះ​ជា​ឆ្នាំ​ស៊យ​បំផុត សម្រាប់​ខ្ញុំ។ ប៉ុន្តែ​គ្រា​នោះ តារាចម្រៀង​រូប​នេះ​ក៏​បាន​លាន់មាត់​វិញ​ផង​ដែរ​ថា ក៏​ជា​សំណាង​ខ្ញុំ​ដែរ ដែល​ពេល​នោះ​ខ្ញុំ​បាន​រួច​ផុត​ពី​គ្រោះ​ម្តង​ហើយ ម្តង​ទៀត​នៅក្នុង​គ្រោះថ្នាក់​នោះ​»។

យ៉ាង​ណា​ក៏ដោយ មក​ទល់​នឹង​ពេល​នេះ​ជិត​មួយ​ឆ្នាំ​ហើយ លោក ខេមរៈ សេរីមន្ត ក៏​ដូចជា​ជនរងគ្រោះ​ក្នុង​ការ​រួម​ដំណើរ​នោះ នៅ​មិន​ទាន់​ទទួល​បាន​សំណង​សូម្បី​ប្រាក់​មួយ​សេន​ពី​ភាគី​បង្ក​នោះ​ទេ ខណៈ​ក្រុម​ខាង​រងគ្រោះ​ថ្មីៗ​នេះ​បាន​ធ្វើ​សន្និសីទ​កាសែត​ជាថ្មី ស្តីពី​គម្រោង​ឡើង​ស្នើ​ដល់​សម្តេច​នាយករដ្ឋមន្រ្តី​ឲ្យ​ជួយ​ដោះស្រាយ ។

ការ​បែកធ្លាយ​ចំណង​ស្នេហ៍​រវាង​សេដ្ឋី និង​អ្នកសិល្បៈ

រឿង ថ្មី​មួយ​ទៀត​ដែល​លេចធ្លាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ចុង​ឆ្នាំ​២០១៣​នេះ គឺ ចំណង​ស្នេហ៍​រវាង​សេដ្ឋី​វ័យក្មេង និង​ល្បីល្បាញ​បំផុត​របស់​កម្ពុជា គឺ​អ្នកឧកញ៉ា គិត ម៉េង ជាមួយ​នឹង​អតីត​តារាសម្តែង និង​ពិធីការិនី​នាង ស្រីតូច ចំណាន។ ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​បិទបាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​ទេ ទើប​នៅ​ចុង​ឆ្នាំ​២០១៣​នេះ រូបថត​ជាច្រើន​សន្លឹក​នៅក្នុង​រង្វង់​គ្រួសារ​មួយ​នេះ​ត្រូវ​បាន​ទម្លាយ ។ ទោះ​បី​ជា​យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ ស្រីតូច ចំណាន បាន​ក្លាយ​ខ្លួន​ជា​សេដ្ឋិនី​បាត់​ទៅ​ហើយ​៕


What Next?

Recent Articles

One Response to "ព្រឹត្តិការណ៍​សំខាន់ៗ​ប្រចាំ​ឆ្នាំ​ក្នុង​សង្វៀន​សិល្បៈ"

  1. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"