ហេតុអ្វី​បាន​ជា​គាត់​មិន​ព្រម​ឡើង​គ្រែ?

Wednesday, 01 January 2014
ភ្នំពេញ ប៉ុស្តិ៍

140101_22a

ប្រសិន​បើ​ស្វាមី​របស់ អ្នក​ឆ្លើយ​ថា «ទេ» ជា​ញឹកញយ​រាល់​ពេល​ដែល​អ្នក​បបួល​គាត់​ឡើង​ឋានសួគ៌​នោះ សុំ​កុំ​ទាន់​អាល​ខឹង​គាត់។ ក្នុង​ករណី​នេះ​មិនមែន​ថា​គាត់​រសាយ​ចិត្ត​ស្រឡាញ់ អ្នក​នោះ​ទេ។ សូម​ស្វែងយល់​ពី​មូលហេតុ​ចម្បង​ដែល​បុរស​ខកខាន​មិន​បាន​នាំ​ភរិយា​ឡើង​ឋានសួគ៌។

១. ធ្វើការ​ហត់នឿយ​ពេក

ក្រោយពី​បំពេញ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ អ្វី​ដែល​មនុស្ស​យើង​គិត​តែ​ពី​ចង់​ញ៉ាំ​ឲ្យ​ឆ្ងាញ់ និង​គេង​ឲ្យ​បាន​ស្កប់ស្កល់ ដោយ​សឹង​តែ​លែង​រវីរវល់​នឹង​រឿង​លើ​គ្រែ​ទៅ​ហើយ។ ដូច្នេះ​បើ​ចង់​ឲ្យ​ស្វាមី​បង្កើន​ភាព​ថ្នាក់ថ្នម​ចំពោះ​អ្នក អ្នក​គួរ​តែ​ចេះ​ផ្ដល់​ពេលវេលា​សម្រាក និង​អាហារ​ថាមពល​ដល់​គាត់។ ពេល​ដែល​គាត់​មាន​ថាមពល​ពេញលេញ និង​សម្រាក​បាន​ស្រក​ពោះ​បន្តិច សឹម​ប្រើ​កាយវិការ​បបោសអង្អែល​បបួល​គាត់​ឡើង​ឋានសួគ៌។

២. ស្រវឹង​ស្រា

ការ ទទួលទាន​គ្រឿង​ស្រវឹង​អាច​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​រោលរាល ស្រើបស្រាល​ចង់​រួមភេទ​ក៏​ពិត​មែន ប៉ុន្តែ​បើ​បរិមាណ​ស្រា​ច្រើន​ពេក វា​អាច​ធ្វើឲ្យ​មនុស្ស​ស្រវឹង​ធេងធោង និង​ចង់​តែ​រក​កន្លែង​ទម្រេត​ខ្លួន​គេង​ទៅ​វិញ​ទេ។ អ្នក​គួរ​តែ​ដាស់​តឿន​គាត់​ជា​មុន​កុំ​ឲ្យ​ញ៉ាំ​ស្រា​ច្រើន​ពេក។

៣. វត្តមាន​របស់​កូន

ប្ដីប្រពន្ធ ដែល​មាន​កូន​តែងតែ​រអ៊ូ​ថា មិន​សូវ​បាន​រួម​មេត្រី​ជាមួយ​គ្នា​ញឹកញាប់​ដូច​កាលពី​នៅ​ពីរ​នាក់​តទល់។ ពិសេស​បើ​មាន​កូន​គេង​រួម​បន្ទប់​ជាមួយ​ទៀត​នោះ វា​រឹត​តែ​ពិបាក​នឹង​ប្រតិបត្តិការ​លើ​គ្រែ​ហើយ។ អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ជីវិត​គ្រួសារ​បាន​ណែនាំ​ថា ប្ដីប្រពន្ធ​គួរ​តែ​ចេះ​បែងចែក​ពេលវេលា​សម្រាប់​កូនៗ និង​ខ្លួន​ឯង។ អ្នក​អាច​មាន​ជម្រើស​ជម្លៀស​កូន​ទៅ​ផ្ទះ​បងប្អូន ដើម្បី​ឆ្លៀត​ឱកាស​ស្វែងរក​ឋាន​ស្រណុក​សុខស្រួល​ផ្ទាល់​ខ្លួន។

៤. កម្មវិធី​ទូរទស្សន៍​ល្អៗ​មើល

បាល់ទាត់ កីឡា​ប្រដាល់ ឬ​ប្រណាំង​ម៉ូតូ ជាដើម​សុទ្ធសឹង​តែ​ជា​កម្មវិធី​ទូរទស្សន៍​ដែល​ទាក់ទាញ​ទស្សនិកជន​បុរស ខ្លាំងក្លា​បំផុត។ ក្រោយពី​ទស្សនា​ការ​ប្រកួត​អស់​ជាច្រើន​ម៉ោង ស្វាមី​របស់​អ្នក​ច្បាស់​ជា​ទន់​ត្របកភ្នែក​ងងុយ​គេង​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​ចង់​បបួល​ស្វាមី​ឡើង​ឋានសួគ៌ គួរ​តែ​ស្រូតរូត​ឲ្យ​បាន​មុន​កម្មវិធី​ទូរទស្សន៍​នោះ​ចាប់ផ្ដើម​ទើប​ល្អ។

៥. ជក់​លេង​ហ្គេម

សម័យ ទូរស័ព្ទ​ស្មាតហ្វូន បុរស​មួយ​ចំនួន​អាច​ជក់​នឹង​លេង​ហ្គេម​ជាច្រើន​ប្រភេទ។ ស្ត្រី​ជា​ភរិយា​មិន​គួរ​រអ៊ូ ឬ​កញ្ឆក់​ទូរស័ព្ទ​ដៃ​ចេញ​ពី​ស្វាមី​នោះ​ទេ។ អ្នក​គួរ​តែ​ខិត​ជិត​គាត់ ហើយ​ប្រើ​កាយវិការ​បបោសអង្អែល​តិចៗ​ជា​សញ្ញា​ដុត​កម្ដៅ​ភ្លើង​តណ្ហា។ ប្រសិន​បើ​បុរស​នោះ​ទ្រាំ​មិន​បាន គាត់​ប្រាកដ​ជា​ទម្លាក់​ហ្គេម​ចោល ហើយ​ងាក​មក​ស្រវា​ឱប​ថើប​អ្នក​វិញ​ជា​មិន​ខាន។

៦. ថ្ងៃ​ប៉ប៉ិចប៉ប៉ាច់

បុរស​មួយ​ចំនួន ហាក់​មិន​ទម្លាប់​រួមភេទ​ក្នុង​ថ្ងៃ​ដែល​ស្ត្រី​មាន​រដូវ ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​បាត់បង់​ឱកាស​ឡើង​ឋានសួគ៌​ជា​រឿយៗ។ ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មាន​ការ​ព្រមព្រៀង​គ្នា​នោះ វា​មិន​ជា​បញ្ហា​អ្វី​ឡើយ ហើយ​ការ​រួមភេទ​ក្នុង​អំឡុង​ពេល​នេះ​ក៏​អាច​ជា​បទពិសោធ​មួយ​ប្លែក​ម៉្យាង​ដែរ ដោយសារ​ស្ត្រី​ច្រើន​តែ​មាន​ចំណង់​រួមភេទ​ខ្ពស់​ពេល​នាង​មក​រដូវ។

៧. សិច​ច្រំដែល

ប្ដីប្រពន្ធ​ដែល​រៀបការ​យូរៗ​ទៅ ច្រើន​តែ​ជ្រើសរើស​ទីតាំង​លើ​គ្រែ និង​ក្បាច់​ដដែលៗ​ក្នុង​ការ​រួមភេទ។ សកម្មភាព​ច្រំដែល នេះ​ធ្វើឲ្យ​ភាគី​ទាំង​សង​ខាង​បាត់បង់​អារម្មណ៍​រំភើប​ត្រេកត្រអាល ខុស​ពី​កាល​ដែល​ទើប​នឹង​ស្គាល់​ខ្លួនប្រាណ​គ្នា​ថ្មីថ្មោង។ សាកល្បង​ផ្លាស់ប្ដូរ​ស្ទីល​ស្លៀកពាក់ ម៉ូដ​សក់ តុបតែង​បន្ទប់ និង​ប្រើ​វិជ្ជាគុន​សិច​ឲ្យ​មាន​ក្បាច់​ខុស​ប្លែក​ពី​មុន ដើម្បី​ឲ្យ​ទទួល​បាន​អារម្មណ៍​ថ្មី​សន្លាង។ សម័យ​អ៊ីនធឺណិត​មិន​ខ្វះ​ទេ​ចំណេះដឹង​ផ្នែក​សិចសាស្ត្រ​ឲ្យ​អ្នក​ក្រេបជញ្ជក់​យក​មក​អនុវត្ត​នោះ។

៨. បញ្ហា​សុខភាព

អ្នក​គួរ​តែ ឧស្សាហ៍​សួរ​នាំ​ពី​បញ្ហា​សុខភាព​របស់​ស្វាមី​អ្នក។ សុខភាព​មិន​អំណោយផល ការ​រួមភេទ​ក៏​មិន​អាច​ទៅ​រួច​ដែរ។ ស្វាមី​អ្នក​អាច​មាន​បញ្ហា​លិង្គ​មិន​រឹង ឈឺ​ក្បាល វិល​មុខ ឬ​ជំងឺ​តម្កាត់​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​គិតគូរ​រឿង​រួមភេទ។ សេចក្ដីសុខ​គឺ​ចាប់ផ្ដើម​ពី​សុខភាព​នេះ​ឯង​៕


What Next?

Recent Articles