សកម្មជន​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ខណៈ​មាន​ការ​បង្ក្រាប​បន្ត

ហេង រស្មី
07 មករា 2014
វីអូអេខ្មែរ

ភ្នំពេញ — អ្នក​ស្រី​ ទេព វន្នី​ ម្ចាស់​ពាន​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹក​នាំ​ Vital Voices របស់​លោក​ ស្រី​ ហ៊ុឡារី​ គ្លីនតុន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ទាំង​៥​នាក់​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បឹងកក់​មួយ​ក្រុម​បាន​ប៉ុនប៉ង​ដាក់​ញាត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សហជីព​ចំនួន​១០​នាក់​ដែល​កំពង់ជាប់​ឃុំឃាំង។​

កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ កន្លង​ទៅ​នេះ​ លោក​ វន ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​រួម​ជាមួយ​នឹង​កម្មករ​ ព្រមទាំង​ព្រះសង្ឃ​ចំនួន​១៦​អង្គ​ ត្រូវ​បាន​ចាប់​ខ្លួន។​ ក្នុង​ខណៈ​ពេល​ដែល​លោក​ដឹកនាំ​ធ្វើ​បាតុករ​តវ៉ា​ដោយ​អហិង្សា​នៅ​រោងចក្រ​យ៉ាក ជីង។​

លោក​ វន ពៅ​ ត្រូវ​បាន​ទាហ៊ាន​កង​ឆ័ត្រ​យោង​៩១១​ វាយ​ឲ្យ​សន្លប់​មុន​ពេល​ចាប់​ខ្លួន។​ក្រោយ​មក​ព្រះ​សង្ឃ​ចំនួន​៥​អង្គ​ត្រូវ​អាជ្ញាធរ​សម្រេច​ដោះលែង​វិញ។​

លោក​ វន ពៅ​ និង​ក្រុម​កម្មករ​ព្រម​ទាំង​មន្ត្រី​សហជីព​កម្មករ​ចំនួន​១០​នាក់​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា»។​ ក្រោយ​មក ​លោក​ វន ពៅ​ និង​កម្មករ​ដែល​ទើប​នឹង​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ត្រូវ​បាន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ខេត្ត​កំពង់ចាម​វិញ។​

អ្នក​ភូមិ​បឹងកក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ព្យាយាម​ដាក់​ញាត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​លោក ​វន ពៅ ​និង​កម្មករ​ដទៃ​ផ្សេង​ទៀត​តែ​តំណាង​របស់​ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។​

អ្នក​ភូមិ​បឹងកក់​ទាំង​៥នាក់​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​រួម​មាន៖ ​អ្នកស្រី​ ទេព​ វន្នី​ អ្នកស្រី​ យ៉ោម បុប្ជា​ ដែល​ទើប​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ អ្នកស្រី​ សុង ស្រីលាភ​ អ្នកស្រី​ ផាន់ ឈុនរ៉េត​ និង​ អ្នកស្រី​ បូ ឆវី។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ក្រុម​កម្លាំង​សមត្ថកិច្ច​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល​បាន​រត់​ចេញ​ពី​រថយន្ត​ប្រភេទ​១២​កៅអី​ពណ៌​ស​មក​ចាប់​ក្រុម​អ្នក​ភូមិ​បឹងកក់​ដាក់​ក្នុង​រថយន្ត​ដោយ​គ្មាន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ទេ ​រួច​ហើយ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ។​

អ្នក​ស្រី​ ង៉ែត ឃុន​ អាយុ​៧៤​ឆ្នាំ​ដែល​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ស្រី​ ទេព វន្នី​ បាន​និយាយ​រៀបរាប់​ថា ​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​គឺ​រំលោភ​សិទ្ធិ​មនុស្ស​និង​បង្ក្រាប​ទៅ​លើ​អ្នក​ដែល​ហ៊ាន​ងើប​តវ៉ាប្រឆាំង​នឹង​រដ្ឋាភិបាល។​

អ្នកស្រី​និយាយ​ថា៖​ «ត្រង់​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ដេញ​វាយ​ដេញ​ចាប់​ប្រជាពលរដ្ឋ ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ស្រុក​ខ្មែរ​ហ្នឹង នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ គាត់​មិន​បើក​ភ្នែក​មើល​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពិត​ប្រាកដ។ ​ហេតុ​អ្វី​គាត់​កាន់​ជើង​ពួក​អ្នក​មាន​លុយ​អ្នក​មាន​អំណាច​ហើយ​ផ្តាច់ការ​មក​ធ្វើបាប​រាស្រ្ត​ខ្លួន​ឯង​អញ្ចឹង»។​

អ្នក​ស្រី​ ទេព វន្នី​ និង​ អ្នក​ស្រី​ យ៉ោម បុប្ជា​ ព្រម​ទាំង​អ្នក​ភូមិ​បឹងកក់​បី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ដោះលែង​វិញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​នេះ​ក្រោយ​ពី​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ឲ្យ​ផ្អាក​សកម្មភាព​តវ៉ាមួយ​រយះ។​

អ្នក​ស្រី ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​បាន​បញ្ជាក់​ក្រោយ​ពី​បាន​ដោះ​លែង​វិញ​ថា​ការ​ចាប់​ខ្លួន​អ្នក​ស្រី​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​បាក់​ស្បាត​ទេ។ ​អ្នក​ស្រី​នៅ​តែ​បន្ត​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​អ្នក​ភូមិ​បឹងកក់​ និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​យុត្តិធម៌។​

អ្នក​ស្រី​និយាយ​ថា៖​ «បើ​ចង់​ឲ្យ​ពួក​ខ្ញុំ​បញ្ឃប់​សកម្មភាព​មាន​តែ​ពីរ​ទេ។ ​ទី​មួយ​គឺ​សម្លាប់​ពួក​ខ្ញុំ​ចោល​ និង​ទី​ពីរ​ផ្តល់​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា។​ ហ្នឹង​អាច​បញ្ឃប់​សកម្មភាព​ខ្ញុំ​បាន»។​

លោក​ អំ សំអាត​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់​ទាំង​៥​នាក់​ជា​ការ​រំលោភ​ច្បាប់​ដោយ​សារ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ទេ។​

លោក​បាន​និយាយ​ថា ​ការ​ចាប់​ខ្លួន​និង​ការ​បង្ក្រាប​របស់​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ​នេះ ​បាន​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធាក់​ថយ​ក្រោយ​និង​កំពង់​ដើរឆ្ពោះ​ទៅ​រក​របប​ផ្តាច់ការ​សារ​ជា​ថ្មី។​

ការចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​បុណ្ណោះ​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​បណ្តេញ​ចេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ ដោយ​អំពើ​ហិង្សា​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ និង​ស្រប​ពេល​ដែល​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​គម្រោង​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​ដើម្បី​ទាមទារ​ឲ្យ​តំឡើង​ប្រាក់​បៀវត្ស​រហូត​ដល់​១​លាន​រៀល​ក្នុង​មួយ​ខែ។​

លោក​ រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ មាន​តែ​វិទ្យា​ល័យ​ចំនួន​២​ប៉ុណ្ណោះ​នៅ​ទី​ក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ មាន​ក្រុម​គ្រូបង្រៀនធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស។​ចំណែក​ឯ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​មិន​បាន​ធ្វើ​ទេ​ដោយ​សារ​តែ​មាន​ការ​គំរាម​និង​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​តាម​វិទ្យាល័យ​ដើម្បី​គំរាម​លោក​គ្រូ​អ្នក​គ្រូ​កុំ​ឲ្យ​ចូល​បង្រៀន​សិស្ស។​

សមាគម​គ្រូបង្រៀន​ឯករាជ្យ​បាន​កំណត់​យក​ថ្ងៃ​ទី​៦​ខែ​មករា​នេះ​តទៅ​ដើម្បី​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​មិន​ចូល​បង្រៀន​សិស្ស ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តំឡើង​ប្រាក់​បៀវត្ស​លោក​គ្រូ​អ្នក​គ្រូ​ឲ្យ​បាន​សមរម្យ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

2 Responses to "សកម្មជន​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ខណៈ​មាន​ការ​បង្ក្រាប​បន្ត"

  1. Pingpong says:

    ១. ថ្ងៃ៧មករាជាថ្ងៃកំណើតបិសាចហ៊ុនសែន!!
    ២. សូមអំពាវនាវសិស្ស និស្សិត និងមន្រ្តីរាជការកុំទៅចូលរួមវេទិការ៧ មករា នេះនៅកោះពេជ្រ!!
    ៣. បើអ្នកបានទៅដល់កោះពេជ្រហើយ គួរសម្រេចចិត្តចាកចេញជាប្រញាប់ ដើម្បីបង្ហាញថា៖ អ្នកគឺជាជនស្នេហាជាតិ ស្អប់អំពើសម្លាប់កម្មករពីបក្ខពួកនិងគ្រួសារហ៊ុនសែន!!!

  2. samsungLaptop says:

    needs to apply tough law to this lady, she is defying the law’s