ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​មក​កម្ពុជា​កម្រើក​ឡើង​វិញ​តាម​ច្រក​ព្រំដែន​អូស្មាច់

រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ដើម្បី​លក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ទៀត​ទេ។ ក៏ប៉ុន្តែ នៅ​ពេល​បញ្ញត្តិ​របស់​រដ្ឋាភិបាល​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​មួយ​រយៈ​មក គឺ​នៅ​ច្រក​ព្រំដែន​ខ្លះ​នៃ​ខេត្ត​ឧត្តរមានជ័យ បែរ​ជា​កម្រើក​ឡើង​វិញ​នូវ​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ មក​លក់​ដូរ​ដដែល។

ដោយ ហង្ស សាវយុត
2014-02-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

២០-កុម្ភៈ-២០១៣៖ ប៉ុស្តិ៍​នគរបាល​ត្រួត​ពិនិត្យ​ក្នុង​ទឹក​ដី​កម្ពុជា នា​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ RFA/Den Ayuthyea

២០-កុម្ភៈ-២០១៣៖ ប៉ុស្តិ៍​នគរបាល​ត្រួត​ពិនិត្យ​ក្នុង​ទឹក​ដី​កម្ពុជា នា​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ RFA/Den Ayuthyea

តើ​មាន​មន្ត្រី​ណា​ខ្លះ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​ទាំង​នោះ?

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​អូស្មាច់ នៃ​ក្រុង​សំរោង បាន​ឱ្យ​ដឹង​ថា ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ បាន​កម្រើក​ឡើង​វិញ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់ រយៈពេល​ជាច្រើន​ខែ​មក​នេះ។

ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ គឺ​នៅ​ស្រប​ពេល​ដែល​ទំនិញ​គេច​ពន្ធ និង​ប្រេងសាំង​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​គេ​នាំ​ចូល​ជា​ហូរហែ។

បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​អូស្មាច់។ គាត់​បាន​មាន​ប្រសាសន៍​ថា យូរៗ​ម្ដង​គេ​ឃើញ​មាន​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់ ចូល​មក​ក្នុង​ស្រុក​ខ្មែរ។ រថយន្ត​ចង្កូត​ស្ដាំ​ទាំង​នោះ ពេល​ចូល​មក​ដល់​ក្នុង​ព្រំដែន​ខ្មែរ​ភ្លាម គឺ​ក្រុម​ឈ្មួញ​បាន​យក​ចុះ​ពី​លើ​ភ្នំ​ភ្លាម៖ «ចង្កូត​ស្ដាំ វា​យក​ពី​ថៃ មក វា​ចុះ​ទៅ​ក្រោម​តែ​ម្ដង យូរៗ​មួយ យូរៗ​មួយ ឱ្យ​តែ​មាន​គេ​យក​មក​វា​យក​ចុះ ពួក NISSAN NAVARA TOYOTA VIGO និង ISUZU។ វា​ទាក់ទង​គ្នា​ត្រូវ​ខាង​មាត់​ច្រក»

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ឈ្មួញ​ថៃ អាច​នាំ​រថយន្ត​ចង្កូត​ស្ដាំ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​បាន​តាម​រយៈ​រូបភាព​ធ្វើ​ជា​ចូល​មក​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ ហើយ​បន្ទាប់​មក ជនជាតិ​ថៃ ទាំង​នោះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​រាយការណ៍​ប្រាប់​ប៉ូលិស​ព្រំដែន​ថៃ ថា ឡាន​របស់​ពួក​គេ គឺ​ចាញ់​ល្បែង​នៅ​កាស៊ីណូ ជាដើម។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ មួយ​រូប​បាន​បង្ហើប​ថា តាម​លោក​ទទួល​ព័ត៌មាន​ក្នុង​ពេល​បច្ចុប្បន្ន មិន​មែន​មាន​តែ​រថយន្ត​ចង្កូត​ស្ដាំ​ប៉ុណ្ណោះ​ទេ ដែល​ឈ្មួញ​លួច​នាំ​ចូល គឺ​មាន​ទាំង​ម៉ូតូ​អត់​ពន្ធ​ខ្លះ​ដែរ៖ «មាន​តាំង​ពី​ម៉ូតូ មាន​តាំង​ពី​ឡាន។ មុន​នឹង​គេ​ចូល​មក គឺ​គេ​យក​ចូល​ក្នុង​កាស៊ីណូ សិន ទើប​គេ​យក​ចេញ​បន្ត​មក​ក្នុង​ស្រុក​យើង»

ទោះ​យ៉ាង​ណា ទាំង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ រួម​និង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​មិន​ទទួល​ទូរស័ព្ទ ដើម្បី​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នោះ​ថា​យ៉ាង​ណា​ឡើយ។

កាល​ពី​ពេល​ថ្មីៗ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​សរសេរ​លិខិត​ចូល​មក​ក្នុង​ប្រអប់​សារ​អេឡិចត្រូនិក​របស់​វិទ្យុ​អាស៊ីសេរី ដោយ​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់ ក្រៅ​តែ​ពី​មាន​ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ គឺ​នៅ​មាន​ការ​នាំ​ចូល​សាំង​គេច​ពន្ធ​យ៉ាង​គំហុក។ បន្ថែម​ពី​លើ​នេះ នៅ​មាន​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ទៀត ដូច​ជា​ស្រាបៀ​លីអូ (LEO) និង​ស៊ីម៉ងត៍ ជាដើម។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មីៗ​តាម​ច្រក​ព្រំដែន​អូស្មាច់ មក​ក្នុង​ស្រុក​ខ្មែរ​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នាយ​រង​សន្តិសុខ​ផ្ទៃ​ក្នុង និង​ជា​ប្រធាន​ក្រុម​បង្ក្រាប​បទ​ល្មើស​របស់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ មួយ​រូប។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ពាក់ព័ន្ធ​ជាមួយ​ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន និង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​មួយ​រូប​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​មក​កម្ពុជា​កម្រើក​ឡើង​វិញ​តាម​ច្រក​ព្រំដែន​អូស្មាច់"

  1. 18 Mars says:

    ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​មក​កម្ពុជា​កម្រើក​ឡើង​វិញ​តាម​ច្រក​ព្រំដែន​អូស្មាច់….នេះវាជាកត្តាមួយ ដែលបង្ហាញពីភាពអសមត្ថភាពរបស់នាយករដ្ឋមន្រ្តី។ បើច្បាប់ជាច្បាប់របស់ប្រទេសមិនមែនជាច្បាប់ របស់បុគ្គលនោះ គឺវាមិនអាចកើតមាននូវការបំពានលើច្បាប់យ៉ាងនេះទេ……អីចឹងទេការកែទំរង់ស៊ីជំរៅ គឺវានៅតែរាក់អាដែលៗហ្នឹង………….

  2. ស្រីនោ says:

    គ្រប់មាត់ច្រកទាំងអស់ សុទ្ធតែ ពុករលួយ បើអត់ពុករលួយវិញគ្មាននរណាទៅធ្វើការទីនោះទេ?​ នរគបាលច្រកទ្វា ស្នាក់ការគយច្រកទ្វា កាំកុងត្រូល ម្នាក់ៗបើសិនជាគ្មានពុករលួយ គ្មាននរណាម្នាក់ទៅទីនោះទេ? បើក្រសួងពុករលួយ ចង់រកទៅរកទីនោះទៅដឹងច្បាស់ហើយ ឧ ចង់ដឹងដឹលស្រូវមួយឡានទៅព្រំដែន អស់ប៉ុន្មានដឹងហើយ ចំឡែកចូលវិញ ដឹកទំនិញមួយឡានដឹងច្បាស់ហើយ៕