សកម្មភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​នៅ​ខេត្ត​ប៉ែក​ពាយព្យ

ការ​ចាប់​សត្វ​ព្រៃ​មក​ធ្វើ​ជា​ចំណី និង​ការ​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​លើ​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។ ជាក់​ស្ដែង​គេ​សង្កេត​ឃើញ​មាន​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​គេ​ចាប់ និង​បាញ់​សម្លាប់​យក​សាច់​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ និង​នៅ​តាម​ភោជនីយដ្ឋាន ដោយ​លួច​លាក់​ជា​ច្រើន​កន្លែង។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ សួន សុផលមុន្នី
2014-02-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​រូប​ហាក់​ពុំ​បាន​ចាប់​អារម្មណ៍​ឲ្យ​បាន​ខ្លាំងក្លា​នៅ​ឡើយ ក្នុង​ការ​រួម​គ្នា​ការពារ​សត្វ​ព្រៃ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​គាំទ្រ​ឲ្យ​មាន​ការ​ចាប់ និង​សម្លាប់​សត្វ​ព្រៃ​យក​មក​ធ្វើ​ជា​ចំណី និង​ការ​ធ្វើ​អាជីវកម្ម​លក់​ដូរ​ទៅ​វិញ។ ជាក់​ស្ដែង មាន​សត្វ​ស្លាប និង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ទៀត ត្រូវ​បាន​គេ​សម្លាប់​យក​ទៅ​លក់​នៅ​តាម​ហាង និង​នៅ​តាម​ដង​ផ្លូវ​ជាតិ​នានា​ក៏​មាន។

អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​អ្នក​ចូល​ទទួល​ទាន​នៅ​តាម​ហាង​មួយ​ចំនួន ពួក​គេ​បាន​ទិញ និង​ហៅ​ម្ហូប​សាច់​សត្វ​ព្រៃ​ទៅ​ទទួល​ទាន​ថែម​ទៀត​ក៏​មាន ទោះ​បី​ពួក​គេ​ដឹង​ថា ប្រភេទ​សាច់​សត្វ​ព្រៃ​ទាំង​នោះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ក៏ដោយ។

មន្ត្រី​របស់​អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ​រូប ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ស្ថានភាព​ជួញ​ដូរ និង​ការ​សម្លាប់​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា កើត​មាន​ជា​បន្តបន្ទាប់។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ចុង​ខែ​មករា កន្លង​ទៅ មាន​សត្វ​ប្រើស​មួយ​ក្បាល​ត្រូវ​បាន​គេ​វាយ​សម្លាប់​កាត់​យក​ក្បាល នៅ​ក្នុង​តំបន់​អភិរក្ស​ស្រុក​សំឡូត ខេត្ត​បាត់ដំបង៖ «សត្វ​ហ្នឹង​នៅ​ជាប់​ក្បែរ​មាត់​ស្ទឹង​ហ្នឹង​ឯង ស្ទឹង​របស់​តំបន់​ការពារ​ឋិត​ក្នុង​ឃុំ​សំឡូត សត្វ​ប្រើស​គេ​កាត់​យក​ក្បាល កាត់​កន្ទុយ កាត់​យក​ពង​វា​ទៀត រាល់​ដង​មាន​ប្រភេទ​សម្លាប់​សត្វ​ខ្ទីង។ កសាង​សំណុំ​រឿង​មក​តុលាការ​ដែរ ប៉ុន្តែ​មិន​ដឹង​តុលាការ​កោះ​ហៅ​របៀប​ម៉េច​អី​របៀប​ម៉េច»

សាកសព​សត្វ​ប្រើស​នៅ​សល់​តែ​ខ្លួន​នោះ ត្រូវ​បាន​ក្រុម​មន្ត្រី​អភិរក្ស​នាំ​គ្នា​យក​ទៅ​ដុត​ចោល ដោយ​មិន​ទទួល​ទាន​នោះ​ឡើយ។ ការ​ដុត​ចោល​ដូច្នេះ គឺ​ធ្វើ​ស្រប​ច្បាប់ និង​ធ្វើ​ជា​គំរូ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ចូល​រួម​ការពារ​សត្វ​ព្រៃ។ មន្ត្រី​ដដែល​ថ្លែង​ថា ទោះ​យ៉ាង​នេះ​ក្តី ការ​លួច​បរបាញ់​សត្វ​ព្រៃ និង​ការ​ដាក់​ថ្នាក់​ចាប់​សត្វ​ស្លាប​នៅ​ក្នុង​ព្រៃ​អភិរក្ស នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់។ ក្រុម​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ចាប់​សត្វ​ព្រៃ​យក​សាច់​មក​ធ្វើ​ចំណី និង​ធ្វើ​អាជីវកម្ម​លក់​ដូរ ផ្ទុយ​នឹង​ច្បាប់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​លួច​ប្រព្រឹត្ត​ដដែល។

ទាក់ទិន​ការ​ចាប់​សត្វ​ព្រៃ​នេះ មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ថ្លែង​ថា ក្រសួង​បរិស្ថាន​មាន​មន្ត្រី​អភិរក្ស​ការពារ​នៅ​តាម​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ និង​តាម​ឧទ្យាន​ជាតិ។ ពួក​គេ​បាន​ខិត​ខំ​ក្នុង​ការ​ការពារ​សត្វ​ព្រៃ និង​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​លោក​ថា លទ្ធភាព និង​សមត្ថភាព​នៅ​ពុំ​ទាន់​មាន​គ្រប់គ្រាន់​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ជន​ខិលខូច​នៅ​លួច​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់៖ «យើង​ឃើញ​ថា មាន​ការ​ចាប់​ឃាត់​ខ្លួន​រឹប​អូស​វត្ថុ​តាង​ទៅ​តុលាការ​អី​ហូរហែ​អ៊ីចឹង​ទៅ បរិស្ថាន​គ្រាន់​តែ​ជា​តួអង្គ​មួយ​ផ្នែក ក្រសួង​កសិកម្ម លោក​ក៏​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ធំ​ដុំ​ដែរ​ជាមួយ​ការងារ​ហ្នឹង សារសំខាន់​អោយ​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ គាត់​យល់​សារសំខាន់​នៃ​សត្វ​ព្រៃ​នៃ​ជីវចម្រុះ ជាពិសេស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ហ្នឹង សុំ​ឲ្យ​សាធារណជន​ចូល​រួម​ក្នុង​ចលនា​អភិរក្ស ក៏​ដូច​ជា​ការពារ ដើម្បី​សត្វ​ទាំងអស់​ហ្នឹង​មាន​ត​ទៅ​ទៀត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»

ទាក់ទិន​បញ្ហា​នេះ​ដែរ អគ្គនាយក​អង្គការ អិម.ជេ.ភី (MJP) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង លោក ស្តេហ្វាន់ ប៉ក់ន័រ (Spenphan Bognar) ថ្លែង​ថា ប្រជាជន​កម្ពុជា ពួក​គេ​យល់​យ៉ាង​ច្បាស់​ថា ការ​ចាប់​សត្វ​ព្រៃ គឺ​អំពើ​ខុស​ច្បាប់ ហើយ​នឹង​ប្រឈម​ទៅ​ការ​ចាប់​ខ្លួន​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​កាត់​ទោស​នៅ​តុលាការ។ ប៉ុន្តែ​លោក​ថា ជាក់​ស្ដែង អ្នក​ទាំង​នោះ​ពួក​គេ​នៅ​តែ​បិទ​ភ្នែក​ប្រព្រឹត្ត​អំពើ​ល្មើស​ចាប់​សត្វ​សម្លាប់​សត្វ​ព្រៃ ទាំង​នៅ​ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស៖ «ប្រាកដ​ណាស់ អ្នក​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​នឹង​មិន​ឃើញ​សត្វ​សត្វ​ព្រៃ​នោះ​ទេ គឺ​មាន​តែ​ព្រៃ​ទទេ​តែ​ប៉ុណ្ណោះ។ សត្វ​ព្រៃ​ទាំង​នោះ ត្រូវ​រត់​គេច​លាក់​ខ្លួន​ដើម្បី​រស់។ ជា​រឿយៗ កម្ពុជា ប្រកាស​ខ្លួន​ឯង​ថា កម្ពុជា ជា​ប្រទេស​អច្ឆរិយ ប៉ុន្តែ​អ្នក​ទេសចរ​ជា​ច្រើន ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ហើយ​ចូល​ទៅ​ទស្សនា​នៅ​តំបន់​ព្រៃ មើល​ឃើញ​តែ​ព្រៃ មិន​មាន​សត្វ​ព្រៃ គឺ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ចម្លែក»

លោក ស្តេហ្វាន់ ប៉ក់ន័រ បន្ត​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ព្រៃ​នៅ​ស្រុក​ខ្មែរ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​កម្ពុជា ខំ​ប្រឹង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ថា កម្ពុជា ជា​ប្រទេស​អច្ឆរិយ។ នៅ​មាន​បញ្ហា​ផ្សេង​ទៀត​ទាក់ទិន​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ។ នៅ​ពេល​យើង​ឃាត់​ខ្លួន​អ្នក​ចាប់​សត្វ​ព្រៃ​បាន យើង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ។ តុលាការ​មាន​ភាព​យឺតយ៉ាវ​បំផុត​ក្នុង​ការ​ចាត់​ការ​លើ​សំណុំ​រឿង​ទាំង​នោះ។ បញ្ហា​នេះ បង្ក​ការ​លំបាក​ដល់​ភ្នាក់ងារ និង​មន្ត្រី​របស់​រដ្ឋាភិបាល ពួក​គេ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​ទាំង​នោះ​ឡើយ។ ក្រៅ​ពី​នេះ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផ្សេង​ទៀត។ លោក ស្តេហ្វាន់ ប៉ក់ន័រ ថ្លែង​ថា ខ្ញុំ​សុំ​អង្វរ​ឲ្យ​ប្រជាជន​កម្ពុជា ត្រូវ​បញ្ឈប់​ការ​ចាប់​សត្វ​ព្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សកម្មភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​នៅ​ខេត្ត​ប៉ែក​ពាយព្យ"

  1. khmer angkor says:

    people of cambodia very poor killing all animal in the forest for living ,they dont care about the law and court? no money both side the court system never work because judge and lawyer need only money like phi c phorm said rich alway win.