អ្នក​ស្រាវជ្រាវ​រក​ឃើញ​ពី​ចំណុច​ខ្វះខាត​នៃ​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា

អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ជំហាន​ដំបូង​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​២០១៤ នេះ ស្ដីពី​ស្ថានភាព​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ដោយ សុ ជីវី
2014-02-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

របាយការណ៍​ជំហាន​ដំបូង​នោះ បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពុំ​ទាន់​យល់​ដឹង​អោយ​ទូលំ​ទូលាយ​ពី​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ។ រី​ឯ​ការអនុវត្ត​ច្បាប់​នេះ​ទៀត​សោត គឺ​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ជា​ផ្នែក​មួយ​ជំរុញ​អោយ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន និង​ពេល​ខ្លះ​មាន​រូប​ភាព​កាន់តែ​ឃោរឃៅ។

អ្នក​ស្រាវជ្រាវ​និង​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ផ្នែក​ភូមិ​វិទ្យា​នៃ​សកលវិទ្យាល័យ រ៉ូយ៉ាល់ ហូឡូវ៉េ (Royal Holloway) អ្នកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) បាន​បញ្ចេញ​របាយការណ៍​ជំហាន​ដំបូង​នៃ​ការ​សិក្សាស្រាវជ្រាវ​របស់​អ្នកស្រី​ដែល​បាន​ចំណាយ​ពេល ២​ឆ្នាំ​មក​ហើយ ដោយ​សាក​សួរ​ពលរដ្ឋ​ខ្មែរ​ចំនួន ១.១៧៧​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់។

អ្នកស្រី ខាធើរីន ប្រ៊ីកកែល បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​បង្ហាញ​ពី​ចំណុច​ជាក់​លាក់ និង​ពិនិត្យ​អោយ​ស៊ី​ជម្រៅ​ទៅ​ក្នុង​បញ្ហា​ដែល​នាំ​អោយ​ការ​វិនិយោគ​ទៅ​លើ​ការ​បញ្ចប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​បាន​ជោគជ័យ។

នៅ​ក្នុង​របាយការណ៍​កម្រាស់ ៧២​ទំព័រ គឺ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​រួម​គ្នា​ជា​មួយ​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឬ​ហៅ​កាត់​ថា ហ្គេតស៊ី (GADC) ជា​ជំហាន​ដំបូង​បាន​រក​ឃើញ​ថា ស្ត្រី​ចំនួន ៨​ភាគរយ​នៅ​ក្នុង​ខេត្ត​សៀមរាប និង ១៦​ភាគរយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ស្ទង់​មតិ​បញ្ជាក់​ថា ពួកគេ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្នុង​នោះ​បង្ហាញ​ថា ជា​មធ្យម​នៅ​ទូទាំង​ប្រទេស គឺ​ក្នុង​ចំណោម ១០០​នាក់​មាន​ស្ត្រី ១០​នាក់​ហើយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា។

មូល​ហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​ដែល​ធ្វើ​អោយ​ស្ត្រី​ខ្មែរ​នៅ​តែ​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ គឺ​ការ​អនុវត្ត​ច្បាប់​ពុំ​បាន​ត្រឹម​ត្រូវ ឬ​ធ្វើ​ដោយ​ផ្នែក ហើយ​ធ្វើ​អោយ​ស្ត្រី​ក្លាយ​ជា​ពលរដ្ឋ​ដែល​មិន​ទទួល​បាន​សិទ្ធិ​ពេញលេញ ឬ​ជា​ពលរដ្ឋ​សកម្ម។

អ្នក​ឆ្លើយ​សំណួរ​ជា​បុរស​ចំនួន ៩២​ភាគរយ និង​ស្ត្រី​ចំនួន ៩០​ភាគរយ មាន​ការ​យល់​ដឹង​ខ្លះៗ​អំពី​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​មាន​ការ​បកស្រាយ​ដោយ​យល់​ច្រឡំ​រវាង​សិទ្ធិ​ស្ត្រី និង​អត្ថន័យ​នៃ​ច្បាប់​នេះ​នៅ​ពេល​អនុវត្ត។

របាយការណ៍​ជំហាន​ដំបូង​ដដែល​នោះ​បាន​រក​ឃើញ​ថា ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ និង​សាធារណជន​ទូទៅ​មិន​សូវ​យល់​ដឹង​ពី​ច្បាប់ ឬ​អនុវត្ត​ច្បាប់។

មាន​បុរស​ចំនួន ១៨​ភាគរយ​បាន​ឆ្លើយ​ថា ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​​ និង​មាន​ច្បាប់​ការពារ​សិទ្ធិ​ស្ត្រី ប៉ុន្តែ​មាន​បុរស ៦​ភាគរយ​បាន​ដឹង​ថា ស្ត្រី​មាន​សិទ្ធិ​ដែល​ត្រូវ​រួច​ផុត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

នាយិកា​អង្គការ​ហ្គេតស៊ី អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ជា​ទូទៅ​អំពើ​ហិង្សា​ក្នុង​នៅ​តែ​ត្រូវ​គិត​ថា​ជា​រឿងរ៉ាវ​ឯកជន​ដែល​តែង​ប្រៀបធៀប​នឹង​ចាន​ក្នុង​រាវ ម្យ៉ាង​ពុំ​មាន​ជំនឿ​ថា នឹង​អាច​ដោះស្រាយ​បាន។

ការ​សាកសួរ​ក៏​រក​ឃើញ​មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​នាំ​អោយ​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ក្នុង​នោះ​រួម​មាន​ការ​រើសអើង​ផ្នែក​ភេទ ប្រពៃណី​ទំនៀម​ទម្លាប់ និង​កត្តា​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​បុរស។

ស្ត្រី​ចំនួន ៨៥​ភាគរយ និង​បុរស​ចំនួន ៧៥​ភាគរយ ទទួល​ស្គាល់​ថា ស្ត្រី​គួរ​តែ​នៅ​ផ្ទះ​ហើយ​មើលថែ​កូន​និង​គ្រួសារ។ ស្ត្រី​ចំនួន ៧៥​ភាគរយ និង​បុរស​ជាង ៥០​ភាគរយ​និយាយ​ថា ស្ត្រី​គួរ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បី​រក្សា​គ្រួសារ​មិន​អោយ​បែក​បាក់។

ការ​ស្រាវជ្រាវ​ក៏​បាន​សាកសួរ​មន្ត្រី​តុលាការ និង​មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​អះអាង​ថា ពួក​គាត់​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ ដោយ​ជ្រើស​រើស​អោយ​មាន​ការ​សម្រប​សម្រួល​ជម្លោះ​បញ្ចប់​​ច្រើន​ជាង។

អ្នក​អនុវត្ត​ច្បាប់​ទាំង​នោះ​បាន​លើក​ហេតុ​ផល​ចម្បង​មួយ​មក​អះអាង គឺ​កត្តា​សេដ្ឋកិច្ច​ដែល​អាច​នឹង​រុញ​ច្រាន​ស្ត្រី និង​កុមារ​អោយ​កាន់​តែ​រង​គ្រោះ​នៅ​ក្រោយ​ពេល​ដែល​បុរស​អ្នក​ប្រើ​ហិង្សា​ត្រូវ​កាត់​ទោស។ ស្រប​គ្នា​នេះ​ស្ត្រី​រង​គ្រោះ​មួយ​ចំនួន​បាន​​អាជ្ញាធរ​ណែនាំ​អោយ​ផ្លាស់​ប្ដូរ​គំនិត បន្ទាប់​ពី​បាន​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចាប់​ប្ដី​ដាក់​ពន្ធនាគារ ដែល​បង្ហាញ​ថា ទាំង​ជន​រងគ្រោះ​ក៏​ពិបាក​ទទួល​យក​ការអនុវត្ត​ច្បាប់​ដែរ។

ក្នុង​របាយ​ការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ពី​កង្វះ​កិច្ចការពារ​ជន​រងគ្រោះ ដោយ​ការ​ចេញ​ដីកា​រក្សា​ការពារ និង​ការ​បំបែក​ជនរងគ្រោះ​អោយ​រួច​ផុត​ពី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ជា​ដើម។

របាយការណ៍​បាន​លើក​នូវ​ដំណោះស្រាយ​ចំនួន ៥​ចំណុច​ធំៗ ដែល​នឹង​កាត់​បន្ថយ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្នុង​នោះ​រួម​មាន​ការ​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​បង្កើន​ការ​អប់រំ​ពី​ច្បាប់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ការ​ផ្ដល់​សុវត្ថិភាព​ដល់​ជន​គ្រោះ​ក្នុង​ពេល​អនុវត្ត​ច្បាប់ កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​របស់​ស្ត្រី​ទៅ​លើ​បុរស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ជា​ដើម។

វិទ្យុ​អាស៊ីសេរី​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ជុំវិញ​លទ្ធផល​នៃ​របាយការណ៍​នេះ​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ទីប្រឹក្សា​ក្រសួង​នេះ គឺ​អ្នកស្រី ស៊ីវណ្ណ បុទម ធ្លាប់​បាន​បញ្ជាក់​ថា ក្រសួង​កិច្ចការ​នារី​បាន​បំពេញ​ការងារ​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​តាម​គ្រប់​រូបភាព។ អ្នកស្រី​បន្ត​ថា គ្រប់​ភាគី​គួរ​ផ្ដល់​ឱកាស​អោយ​រដ្ឋាភិបាល​បាន​កែ​សម្រួល​ការងារ និង​បំពេញ​ការងារ​សម្រាប់​អាណត្តិ​ថ្មី​នេះ។

ទាក់​ទិន​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ដែរ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​ថា ចំណុច​ដែល​អាច​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ឆាប់​រហ័ស​គឺ​ការ​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹម​ត្រូវ និង​បង្ហាញ​ចំណុច​វិជ្ជមាន​នៃ​ការ​អនុវត្ត​ច្បាប់។

ច្បាប់​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​ប្រកាស​អោយ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០០៥ ក្នុង​គោល​បំណង​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ការពារ​ជន​រងគ្រោះ ពង្រឹង​វប្បធម៌​អហិង្សា និង​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ ក្នុង​សង្គម​នៅ​កម្ពុជា។

ក្នុង​របាយការណ៍​ស្ដីពី​អនុសាសន៍​របស់​គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​នារី​ភេទ​នៃ​អង្គការ​សហប្រជាជាតិ​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​នៅ​មាន​កង្វល់​ថា កម្ពុជា​ហាក់​ទទួល​បាន​លទ្ធផល​តិចតួច​ពី​ការងារ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ ជា​ពិសេស​ការ​រំលោភ​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ពេល​ដែល​សាធារណជន​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ឥរិយាបថ​អវិជ្ជមាន​របស់​មន្ត្រី​តុលាការ ក៏​ដូច​ជា​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អ្នក​ស្រាវជ្រាវ​រក​ឃើញ​ពី​ចំណុច​ខ្វះខាត​នៃ​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា"

  1. ង្វៀង ធីទ័រ says:

    នេះមកពីអ្វី?មកពី មេដឹកនាំអវិជ្ជា ល្ងង់ខ្លៅ ដែលធាតុពិតរៀនមិនទាន់ចប់បឋមសិក្សាផង…!
    អ្នកខ្លះទៀត មានងារដល់ថ្នាក់បណ្ឌិត គតិព្រឹទ្ធបណ្ឌិត…តែមិនដឹងរៀននៅសាលាណា?ប្រហែលសាលាឆទាន ទេដឹង?

  2. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ហ៊ុន សែន ចេះតែច្បាប់ព្រៃទេ ព្រោះធ្លាប់ធ្វើឆ្កែបំរើ ប៉ុល ពត ពីអតីតៈ
    រៀនចេះបានត្រឹមច្បាប់ព្រៃប្រើចុងកាណុងនិងកាន់អំណាចផ្ដាច់ការប៉ុណ្ណោះ.