យុវតី​ល្បុក្កតោ​២​រូប ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​នៅ​បារាំង​

ដោយ៖​ ​វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី6 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

កញ្ញា អេង ស៊ូ​ម៉ា​ឡា(រូបឆ្វេង) និងកញ្ញា ខៀវ ចិន្តា​រ័ត្ន នឹងធ្វើការប្រកួតសម្តែងក្បាច់គុនល្បុក្កតោ នាថ្ងៃ១៥ កុម្ភៈខាងមុខ នៅប្រទេសបារាំង (រូបថតដោយ សុម៉ាលីន)

​ដំណើរ​ចេញទៅ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​ពិភពលោក​ ដែល​មានឈ្មោះ​ថា «Festival Des Arts Martiaux» នៅក្នុង​ប្រទេស​បារាំង​ឆ្នាំនេះ យុវតី​សម្រស់​បាន​ពីររូប បាន​ធ្វើឲ្យ​ពលរដ្ឋ​ទាំង​ខ្មែរ និង​បរទេស​រស់នៅ​ប្រទេស​បារាំង ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនឹង​ភាពប៉ិនប្រសព្វ​របស់​ពួក​នាង​ទាំង​ពីរ​។ បើទោះបី​ការប្រកួត​ក្នុងចំណោម​៣៤​ប្រទេស នៅ​មិនទាន់​ដល់​ថ្ងៃ​ប្រកួត ប៉ុន្តែ​យុវតី​ទាំងពីរ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ស្ទើរ​សព្វកន្លែង​ទៅហើយ ក្នុង​រយៈពេល​ស្នាក់នៅ​ប្រទេស​បារាំង​នេះ​។

​លោកគ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន គ្រូបង្វឹក​ប្រចាំ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា និង​ជា​អ្នក​បញ្ជូន​កីឡាការិនី​កម្ពុជា​ទាំង​២ ទៅកាន់​វេទិកា​ពិភពលោក​បានឲ្យដឹងថា កីឡា​ការិនី​ដែល​បាន​ទទួលភារៈ​ចាកចេញ​ទៅ​សម្ដែង​ ក្បាច់គុន​ល្បុក្កតោ ដើម្បី​បង្អួត និង​ប្រកួតប្រជែង​ជាមួយ​ពិភពលោក​នោះ គឺ​កញ្ញា ខៀវ ចិន្ដា​រ័ត្ន និង​កញ្ញា​អេង ស៊ូ​ម៉ា​ឡា ដែល​សុទ្ធសឹងតែ​ជា​កីឡាការិនី​កំ​ពូ​ល​ប្រចាំ​នៅក្នុង​សហព័ន្ធ​ល្បុក្កតោ​របស់​កម្ពុជា​។ ពួក​នាង​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ តាំងពី​ពាក់កណ្ដាល​ខែ​មករា​ឯណោះ ដើម្បី​ត្រៀម​ខ្លួន​បង្ហាញ​ក្បាច់គុន​ប្រកួត​ផ្លូវការ​នៅ​រដ្ឋ Bercy ​របស់​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ​បន្តិចទៀតនេះ​។ ព្រឹត្តិការណ៍​នេះ មាន​ការចូលរួម​ដោយ​ប្រទេស​ជា​សមាជិក​ចំនួន​៣៤ នៅលើ​ពិភពលោក ដែល​អាច​ចាត់ទុក​ប្រហាក់ប្រហែល​ នឹង​ការប្រកួត​កីឡា​ប្រភេទ​នេះ​កាលពី​ឆ្នាំ​កន្លង​ទៅ​ដែរ​។

មូលហេតុ​ដែល​ពួក​នាង​ចេញ​ទៅ​កាន់​ទីនោះ​យូរ​ថ្ងៃ មុន​ការប្រកួត​បែបនេះ គឺ​ដោយសារតែ​មាន​គម្រោង​ដើរ​បង្ហាញ​ក្បាច់គុន​របស់​ខ្មែរ ទៅ​តាម​សហគមន៍​ជាតិ  និង​អន្តរជាតិ​នៅក្នុង​ប្រទេស​បារាំង ឲ្យគេ​បាន​ស្គាល់​ពី​សក្ដានុពល​របស់​ប្រទេស​ល្បុក្កតោ​នោះផង​។ លោក​សាន គឹមស៊ាន ​បញ្ជាក់ថា ចាប់តាំងពី​ពួកនាង​ទៅដល់ បាន​ទទួល​ការអញ្ជើញ​ពី​សំណាក់​ម្ចាស់​ប្រទេស ឲ្យទៅ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ឲ្យគេ​ទស្សនា​ជាប់​រហូត ដោយ​ភាគតិច​ណាស់​ដែល​អ្នកទស្សនា​ឃើញ​មិន​បង្ហាញ​ចំណាប់​អារម្មណ៍​ ចំពោះ​ពួក​នាង​ទាំង​ពីរ​។ គ្រប់​ការបង្ហាញ​ទាំងអស់ ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា ទទួលបាន​ការកោតសរសើ​រ​គ្រប់​លើក ថា​ជា​ក្បាច់គុន​ដែល​មាន​ភាពរស់រវើក និង​មាន​ស្បៀត​ច្រើន​ប្រភេទ ដែល​អាច​ចាត់ទុកថា​មាន​កម្រិត​វាយលុក​ខ្លាំងក្លា​។ ទោះយ៉ាងណា វត្តមាន​ពាំនាំ​កីឡាល្បុក្កតោ ទៅកាន់ប្រទេស​បារាំង​នោះ មិនមែន​ជា​លើក​ទី​១​នោះទេ ដោយ​គ្រាន់តែ​ការបង្ហាញ​ដោយ​យុវតី​ទាំង​ពីរ​លើក​នេះ ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាង ព្រោះតែ​ពួកនាង​សុទ្ធតែ​ជា​នារី​ក្មេងៗ​ ស្រស់ស្អាត តែ​អាច​ចេះដឹង​ពី​ក្បាច់​ល្បុក្កតោ​របស់​កម្ពុជា បាន​រស់​រវើក​ប៉ុណ្ណោះ​។ លោក​សាន គឹមស៊ាន ពោលថា «​បើ​តាម​ខ្ញុំ​តាមដាន​សកម្មភាព​កូន​សិស្ស​ខ្ញុំ​ជាប់​រហូត គឺ​អ្នក​ណា​ក៏​សរសើ​រដែរ នៅពេល​ឃើញ​ពួក​នាង​នៅ​ក្មេង​តែ​អាច​ធ្វើឲ្យ​អ្នកទស្សនា​ភាគច្រើន ស្គាល់ និង​យល់ដឹង​ពី​ក្បាច់គុន​ពី​បុរាណ​របស់​ខ្មែរ​នេះ​បាន​»​

កញ្ញា អេង ស៊ូម៉ាឡា យុវតីល្បុក្កតោ ដែលនាំយកក្បាច់គុននេះទៅសម្តែងនៅប្រទេសបារាំង (រូបថតដោយ សុម៉ាលីន)

​ក្នុង​ចំណោម​ពួក​នាង​ទាំងពីរ កីឡា​ការិនី ខៀវ ចិន្ដា​រ័ត្ន ត្រូវ​គេ​ស្គាល់​ថា​ជា​និស្សិត​ផ្នែក​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ប្រចាំ​នៅ​ក្នុង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។ នៅលើ​បណ្ដាញ facebook របស់​យុវតី​ទាំងពីរ បើ​ទោះ​ជា​គេ​ឃើញ​បង្ហោះ​រូបភាព​បែប​កម្សាន្ត​ នៅក្នុង​ប្រទេស​បារាំង​ច្រើនជាង ប៉ុន្តែ​ពួកនាង​បាន​អះអាង​ថា មិន​ដែល​ធ្វេសប្រហែស​នោះទេ ទាំង​ការហាត់​សម និង​ការសម្ដែង​ឲ្យ​បងប្អូន​ស្ទើរ​គ្រប់​រដ្ឋ​ទស្សនា​។ ពួក​នាង​បាន​ទាំង​ចាត់ទុកថា ការសម្ដែង​ក្បាច់គុន​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ គឺជា​សមយុទ្ធ​ដើម្បី​ត្រៀម​ទុក មុន​ឡើង​ឆាក​ប្រកួត​នោះ​ផង​។ យ៉ាងណាមិញ គេ​មិនដឹងថា តើ​ការសម្ដែង​របស់​កីឡាការិនី​ទាំងពីរ នឹង​ទទួល​ជោគជ័យ​បាន​ឬ​មិន​បាន​នោះ​ទេ ក្នុងពេល​ដែល​ប្រទេស​ចំនួន​៣៣ ផ្សេងទៀត ដែល​ចូលរួម​ប្រកួត ក៏​មាន​ជំនឿ​ចិត្ត​ដូច​គ្នា ថា​ការ​ក្បាច់គុន​របស់​គេ​រស់​រវើក និង​ល្អឥតខ្ចោះ​ជាង​។

​បើ​ទោះជា​ក្នុង​ព្រឹត្តិការណ៍​យុទ្ធសិល្ប៍​អន្តរជាតិ Hong Bang លើក​ទី​បី​នៅក្នុង​ទីក្រុង​ហូជីមិញ ​កាលពី​ឆ្នាំ​២០១២  ល្បុក្កតោក​ម្ពុ​ជា​បានជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​២៣​ប្រទេស​។ ឆ្នាំ២០០៥ ទទួល​ចំណាត់ថ្នាក់​លេខ​៣ នៅ​ហ្វីលីពីន ឆ្នាំ​២០១២​ដូចគ្នា ទទួល​ចំណាត់ថ្នាក់​លេខ​២ នៅ​កូរ៉េ​ខាងត្បូង និង​ទទួលបាន​លេខ​៣​ម្ដង​ដែរ ក្នុង​ព្រឹត្តិការណ៍ MMA នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ កុម្ភៈ​នេះ នៅក្នុង​ប្រទេស​បារាំង ក៏​នៅ​មិនទាន់​រំពឹងថា នឹង​បាន​ជួប​ជោគវាសនា​ដូច​មុន​។

ដំណើរឆ្ពោះទៅប្រទេសបារាំង របស់យុវតីល្បុក្កតោទាំងពីរ នាពេលកន្លងមក (រូបថតដោយ សុម៉ាលីន)

លោក​សាន គឹមស៊ាន ​បញ្ជាក់ថា ហេតុផល​ដែល​ការសម្ដែង​ក្បាច់គុន​បុរាណ​ខ្មែរ មិន​ទទួលបាន​ចំណាត់​ថ្នាក់​គ្រប់​លើក មិនមែន​បណ្ដាលមកពី​ក្បាច់គុន​មួយ មាន​កម្រិត​ស្នៀត និង​ភាពរស់រវើក​មិន​ដល់​គេ​នោះទេ​។ ប៉ុន្តែ​ដោយសារ​កម្ពុជា​ពុំមាន​លទ្ធភាព​បញ្ជូន​កីឡាករ កីឡា​ការ​រិនី ទៅ​សម្ដែង​ឲ្យបាន​ច្រើននាក់ ដើម្បី​ឲ្យមាន​ភាព​គគ្រឹកគគ្រេង​ច្រើនជាង​។  ក្បាច់គុន​ប្រទេស​ខ្លះ លោក​កត់សម្គាល់​ថា​មើល​ហាក់​សាមញ្ញ និង​មិន​ភាព​ឥតខ្ចោះ​ជាង​ខ្មែរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​តែ​គេ​អាច​បញ្ជូន​កូនសិស្ស​ឲ្យទៅ​សម្ដែងបាន​ច្រើន ហើយ​អមដោយ​វង់​តន្ត្រីបុរាណ ដែល​មើលទៅ​មាន​ភាព​គគ្រឹកគគ្រេង ទើប​ការសម្ដែង​របស់​គេ ទទួលបាន​ការចាប់អារម្មណ៍ និង​ចំណាត់ថ្នាក់​វិជ្ជមាន​។ យ៉ាងណាមិញ អ្វី​ដែល​លោក​រំពឹង​គឺ​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើឲ្យ​ល្បុក្កតោ​កម្ពុជា កាន់តែ​ល្បីល្បាញ​ទូលំទូលាយ​ពាសពេញ​ទ្វីបអឺរ៉ុប ក៏ដូចជា​ពិភពលោក ពិសេស​គឺ​តាមរយៈ​គម្រោង​ដើរ​សម្ដែង​ របស់​កីឡាការិនី ​ខៀវ ចិន្តា​រ័ត្ន និង​ អេង ស៊ូ​ម៉ា​ឡា ក្នុង​រយៈពេល​ស្នាក់នៅ​ប្រទេស​បារាំង​នេះ​៕

សូមសរសេរមកលោក ​វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com


What Next?

Recent Articles

One Response to "យុវតី​ល្បុក្កតោ​២​រូប ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​នៅ​បារាំង​"

  1. Anonymous says:

    ស្នេហាយ៉ាងខ្លាំងចំពោះនាងទាំងពីនាក់