ឌួង ហ្សូរីដា ត្រូវ​តុលាការ​ពិន័យ ២ លាន​រៀល និង​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង ៥ លាន​រៀល

Thursday, 06 February 2014
សេត​ គឹម​សឿន
ភ្នំពេញ ប៉ុស្តិ៍

IMG_5719

ភ្នំពេញៈ បន្ទាប់​ពី​រង​បណ្តឹង​​ពី​បទ​បរិ​ហារ​កេរ្តិ៍​ជា​សាធារណៈ អស់​រយៈ​ពេល​ជិត​២​ឆ្នាំ ពី​សំណាក់​ម្ចាស់​ហាង​ខ្មែរ​ឌីហ្សាញ​នោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​សាល​ក្រម​ ដោយ​​​តម្រូវ​ឲ្យ តារា​សម្តែង និង​ជា​ពិធី​ការិនី​ល្បី​ឈ្មោះ​នាង ឌួង ហ្សូរីដា ត្រូវ​ពិន័យ​​ជា​ប្រាក់​ចំនួន​ ២ លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង​ចំនួន​ ៥ លាន​រៀល។

កាល​ពី​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៤ ​កន្លង​ទៅ​ថ្មី​ៗ​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​លើក​យក​សំណុំ​រឿង​បណ្តឹង​របស់​អ្នក​ស្រី តាន់ ធារ៉ា ម្ចាស់​ហាង​ខ្មែរ​ឌីហ្សាញ លើ​ពិធី​ការិនី ឌួង ហ្សូរីដា មក​ជំនុំ​ជម្រះ​ពាក់​ព័ន្ធ​នឹង​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ហើយ​សាល​ក្រម​ជា​ផ្លូវ​ការ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​នេះ​។ តាម​រយៈ​សាល​ក្រម​ ឌួង ហ្សូរីដា ត្រូវ​បាន​ពិន័យ​ចំនួន​ ២ លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង​ចំនួន​ ៥ លាន​រៀល។

គួរ​បញ្ជាក់​ថា មុន​នេះ​បន្តិច ឌួង ហ្សូរីដា នៅក្នុង​ការ​ឆ្លើយ​ឆ្លង​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជាមួយ​នឹង​អ្នក​និពន្ធ​ និង​ដឹក​នាំ​​ការ​សម្តែង​របស់​ផលិត​កម្ម​រស្មី​ហង្ស​មាស លោក សុខ ជំនោរ តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង ឌួង ហ្សូរីដា បាន​ឲ្យ​ដឹង​ថា យ៉ាង​ច្រើន​ណាស់​ខ្លួន​បង់​ប្រាក់​ចំនួន​ ៥០០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​អ្នក​ស្រី តាន់ ធារ៉ា លើ​រូប​នាង​។

ពិធី​ការិនី​វ័យ ​៣០ ​ឆ្នាំ​​រូប​នេះ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ថា៖​«​ការកាត់ក្តី​ចាញ់​ ឬ​ឈ្នះ គឺ​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ថ្ងៃ ០៦ កុ​ម្ភៈ។ វា​មិនមែនជា​រឿងក្តី​ចាប់​ចង​ទេ ចាញ់​ ឬ​ឈ្នះ​វា​មិន​សំខាន់ ឬ បារ​ម្ភ​​នោះឡើយ ព្រោះ​យ៉ាង​ច្រើន​បង់លុយ ៥០០០$ តាមតែ​គេ​ទាមទារ​ទៅ វា​តិចជាង​ការចំណាយ​សម្រាប់​អ្នក​បង្ក​រឿង​នេះ​ផង ព្រោះ​កម្ម​កំពុងតែ​តាម​ហៅ​បុគ្គល​ដែល​ធ្លាប់​ធ្វើ​នោះ​បណ្តើរ​ៗ​ហើយ។ ក្រុមគ្រួសារ​ខ្ញុំ​មិនចេះ​ប្រើពាក្យ​អាក្រក់​ជេរ​ដៀល​នរណា​ឡើយ ។ កុំ​បារ​ម្ភ​​អី​ណាបងៗ ព្រោះ​ខ្ញុំ​មិន​ទទួល​ការសម្ភាស​ពី​អ្នក​កាសែត​ប្រហែល​ជិត ២ ឆ្នាំ​ហើយ​អំពី​រឿង​នេះ ព្រោះ​ទុក​ជូន​មេធាវី​ជា​អ្នកធ្វើ​ការចុះ»។

តារា​រូប​នេះ​បាន​បន្ត​​សរសេរ​ឆ្លើយ​ឆ្លង​ទៀត​ថា៖​«​អរ​គុណ​ច្រើន​បង​ប្រុស គ្មាន​បញ្ហា​ទេ អ្វី​ៗ​នឹង​ដំណើរ​ការ​ល្អ។ ទោះ​បី​ជា​ចាញ់​ក៏​មិន​អី​ដែរ គឺ​យើង​បង់​លុយ​ឲ្យ​តែ​គេ​ទៅ គឺ​វា​ចប់​ហើយ»។

ការ​សម្រេច​នៅ​ក្នុង​សាល​ក្រម​របស់​តុលាការ​នោះ ប្រាកដ​ណាស់​ថា ពិធី​ការិនី​នាង ឌួង ហ្សូរីដា នឹង​មិន​ជំទាស់​ឡើយ ហើយ​នាង​នឹង​បង់​ប្រាក់​ពិន័យ និង​ប្រាក់​ជំងឺ​ចិត្ត​លើ​ដើម​បណ្តឹង​ភ្លាម​ ព្រោះ​នេះ​នាង​បាន​ត្រៀម​ចិត្ត និង​ប្រាក់​បង់​រហូត​ដល់​៥០០០​ដុល្លារ​អាមេរិក​ឯណោះ​។

ពិធី​ការិនី​ ឌួង ហ្សូរីដា មិន​អាច​​ទាក់​ទង​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​នេះ។

គួរ​បញ្ជាក់​ថា ការ​ប្តឹង​ប្តល់​របស់​ម្ចាស់​ហាង​កាត់​ដេរ​ខ្មែរ​ឌីហ្សាញ​អ្នក​ស្រី តាន់ ធារ៉ា មក​លើ​​ម្ចាស់​ហាង​កាត់​ដេរ​ហ្សូហ្វាស្សិន​នាង ឌួង ហ្សូរីដា បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​ពិធី​ការិនី​នាង ឌួង ហ្សូរីដា បាន​សរ​សេរ​ពាក្យ​មិន​គប្បី​មួយ​ចំនួន(​ចំណុច​សំខាន់​គឺ​ពាក្យ Not Human)​នៅ​លើ​ហ្វេស​ប៊ុក​ ក្រោយ​ពេល​ដែល​មេ​ជាង​របស់​នាង​ឈ្មោះ​ស្នា បាន​​ឈប់​​ពី​ហាង​របស់​នាង ហើយ​បែរ​លេច​មុខ​ធ្វើ​ការងារ​នៅ​ហាង​របស់​ម្ចាស់​ហាង​​ខ្មែរ​ឌីស្សាញ​អ្នក​ស្រី តាន់ ធារ៉ា​ ខណៈ​ដែល​មេ​ជាង​រូប​នោះ​បាន​ទទួល​ការ​ជ្រោម​ជ្រែង និង​បណ្តុះ​បណ្តាល​របស់​​​នាង​អស់​លុយ​មិន​តិច​នោះ​។

ការ​សរសេរ​នៅ​ពាក្យ​មិន​គប្បី​នោះ ត្រូវ​បាន​អ្នក​ស្រី តាន់ ធារ៉ា ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍​​ទៅ​កាន់​តុលាការ​រាជ​ធានី​ភ្នំពេញ​ ដោយ​ប្តឹង​ទារ​សំណង​​ពី ឌួង ហ្សូរីដា ចំនួន​៥០០០​ដុល្លារ​៕


What Next?

Recent Articles

3 Responses to "ឌួង ហ្សូរីដា ត្រូវ​តុលាការ​ពិន័យ ២ លាន​រៀល និង​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង ៥ លាន​រៀល"

  1. Anonymous says:

    So pretty, love you baby!!!

  2. សែនសែន says:

    គួរឱ្យអាណិតដែរខំដាំបណ្ដុះមេជាង ដល់បានផ្លៃគេបេះយកបាត់
    ប្រហែលក្ដៅដើមទ្រូងខ្លាំងហើយ ខ្ញុំចង់ជួយផ្លុំ ចិប ដើមទ្រូង ហ្សូរីដា
    ឱ្យបានល្ហែល្ហើយ ត្រជាក់ខ្លះៗ ……..!

  3. Anonymous says:

    Hey!សែនសែន …… Don’t want to kiss her chest. She’s mine.Ha.ha.