ថ្ម ស ​ឆ្នេរ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ក្នុង​ខេត្ត ​កោះកុង

Friday, 07 February 2014
ឈន ណន
ភ្នំពេញ ប៉ុស្តិ៍

140207_21a

ផែន​ថ្មដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្តោយ​មាត់​ទឹក​​អម​ដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ក្នុង​​ភូ​មិថ្មស។ រូបថត ឈន ណន

កោះកុងៈ ថ្មស​គឺជា​ភូមិ​មួយ​ក្នុង​ឃុំ​ថ្មស ស្រុក​បទុមសាគរ ខេត្ត​កោះកុង ហើយ​ភូមិ ដែល​គ្របដណ្តប់​ទៅ​ដោយ​តំបន់​ព្រៃព្រឹក្សា និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​១៧០០​គ្រួសារ​នេះ វា​បាន​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់បំព្រង ហើយ​ទស្សនីយភាព​ទាំងនោះ កំពុង​តែ​បង្អួត​ដល់​អ្នក​ទេសចរ​ក្នុង​តំបន់។

បើ យើង​ធ្វើ​ដំណើរ​តាម​រថយន្ត ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៤៨​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង យើង​ត្រូវ​បត់​ឆ្វេង​នៅ​ត្រង់​ចំណុច​ឃុំ​អណ្តូងទឹក តាម​ផ្លូវ​ចាក់​គ្រោះក្រហម ប្រមាណ​៤៤​គីឡូម៉ែត្រ ដើម្បី​ចូល​ទៅ​ដល់​ភូមិ​ថ្មស។ អ្នក​អាច​ជួប​ការ​លំបាក​ខ្លះ ដោយ​ផ្លូវ​នោះ​មាន​ជង្ហុក​ដោយ​ផ្នែកៗ ប៉ុន្តែ​ការ​ទស្សនា​ទស្សនីយភាព​តាម​ដង​ផ្លូវ ដូចជា​ចម្ការ​ទុរេន ចម្ការ​ស្វាយចន្ទី ចម្ការ​ស្វាយ ចម្ការ​សាវម៉ាវ។ល។ និង​ព្រៃព្រឹក្សា​ដែល​ដុះ​អម​តាម​ដងផ្លូវ រួម​ជាមួយ​ការ​មើល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រៃភ្នំ វា​នឹង​ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ភ្លេច​អស់​នៅ​អារម្មណ៍​ហេវហត់។



នៅពេល អ្នក​សួរ​ទៅ​កាន់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ភូមិ​ទាំង​៥​ក្នុង​ឃុំ​ថ្មស អំពី​តំបន់​ឆ្នេរសមុទ្រ​ដែល​ស្រស់ស្អាត នៅក្នុង​តំបន់​នោះ ពួកគាត់​ប្រាកដ​ជា​ប្រាប់​អ្នក​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ភូមិ​អាវ យ៉ាយ​(ឈ្មោះ​ថ្មី​ដែល​ត្រូវ​ប្រើ​ជំនួស​ភូមិ​ថ្មស) ជា​មិន​ខាន​ឡើយ ព្រោះ​មាន​តែ​ឆ្នេរសមុទ្រ​នៅក្នុង​ភូមិ​មួយ​នេះ​ទេ ដែល​អំណោយផល​ដល់​អ្នក​ទេសចរ ក្នុង​ការ​ហែល​ទឹក​លេង និង​ប្រឡែក​លេង​ជាមួយ​ខ្សាច់​ដ៏​ស្រស់ស្អាត ខណៈ​តំបន់​ឆ្នេរ​នៅ​ភូមិ​ផ្សេងៗ​ទៀត ពោរពេញ​ទៅ​ដោយ​ដុំថ្ម និង​ភក់ ដែល​មិន​អាច​ដើរ​ឬ​ហែល​ទឹក​កម្សាន្ត​បាន​ឡើយ។

អង្គុយ​នៅលើ​គ្រែ​តូច មួយ ភ្នែក​រំពៃ​មើល​មនុស្ស​កកកុញ​កំពុង​ហែលទឹក​និង​លេង​នៅលើ​ឆ្នេរ​ថ្មស អនាគត​ប្រធានភូមិ​ថ្មស​វ័យ​៥៩​ឆ្នាំ លោក គូយ រី បាន​បង្ហាញ​ថា៖​«​ឆ្នេរ​ថ្មស មាន​ខ្សាច់ និង​ទឹកស្អាត​ជាង​គេ ហើយ​មនុស្ស​ភាគច្រើន​នៅក្នុង​ឃុំ​នេះ តែងតែ​មក​លេង​កម្សាន្ត​នៅ​ទី​នេះ នៅពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ជាពិសេស​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​តែ​ម្តង។ ចំណែក​ឆ្នេរ​ចម្លង​គោ អត់​សូវ​មាន​អនាម័យ​ទេ ព្រោះ​ប្រជាជន​រស់នៅ​ក្បែរ​នោះ​បាន​បង្ហូរ​កាកសំណល់​មក​លើ​ឆ្នេរ​នោះ រីឯ​ឆ្នេរ​ព្រែកគគី មាន​ឆ្នេរខ្សាច់​វែង និង​ទឹកស្អាត​ណាស់ ប៉ុន្តែ​មិន​ទាន់​មាន​ផ្លូវ​ចូល​ទៅ​ដល់​នោះ​ឡើយ»។

ដោយសារ​កត្តា​អំណោយផល​ពី​ធម្មជាតិ រួម​ជាមួយ​ការ​ថែរក្សា ជួយ​សម្អាត​ជា​ប្រចាំ​ពី​ម្ចាស់ដី បាន​ធ្វើឲ្យ​ឆ្នេរ​ថ្មស ក្លាយ​ជា​ឆ្នេរ​មាន​សម្រស់​ដាច់​គេ នៅ​ឃុំ​ថ្មស​នេះ។ ថ្វីបើ​ឆ្នេរ​មួយ​នេះ​មាន​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ប៉ុន្តែ​គ្រាប់ខ្សាច់​ដ៏​ម៉ដ្ឋ​ខៃ មាន​សភាព​ទន់​ត្រជាក់ និង​មាន​ទឹក​ថ្លា​ឈ្វេង អម​ដោយ​ចម្ការ​ដូង​ដ៏​ខៀវ​ស្រងាត់​ប្រប​មាត់ឆ្នេរ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បទុមសាគរ និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ជាប់​មាត់សមុទ្រ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​ទូក មក​លេង​កម្សាន្ត​នៅ​លើ​ឆ្នេរ​ថ្មស​រាប់​ពាន់​នាក់។

ការ​ប្រមូលផ្តុំ គ្នា​មក​លេង​ទឹក និង​ឆ្នេរខ្សាច់​នេះ បាន​ញ៉ាំង​ឲ្យ​ឆ្នេរ​ថ្មស ប្រៀប​បាន​ទៅ​នឹង​កន្លែង​ណាត់​ជួប​គ្នា ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ជា​លក្ខណៈ​គ្រួសារ ឯកជន​របស់​គូស្នេហ៍​វ័យក្មេង ក្រុម​ក្មេងៗ និង​ក្រុម​យុវជន នៅពេល​មាន​បុណ្យទាន​ម្តងៗ។ ជាក់ស្តែង​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មាន​មនុស្ស​រាប់​ពាន់​នាក់ បាន​សម្រុក​មក​លេង នៅ​ឆ្នេរ​ថ្មស ព្រោះ​ទី​នេះ​មាន​ការ​លក់​របស់របរ​ហូបចុក ភេសជ្ជៈ ស្រាបៀរ ។ល។ ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​មក​កម្សាន្ត​នៅ​ទី​នេះ អាច​ជាវ​តាម​តម្រូវការ និង​អាច​ហែល​ទឹក​លេង​យ៉ាង​សប្បាយ​រីករាយ​។

លោក មៀច សុភុន ហៅ​ទូច ជា​ម្ចាស់​ឆ្នេរ​ថ្មស ហើយ​បាន​រស់នៅ​លើ​ឆ្នេរ​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា​៖​«ថ្វីបើ​ការ​រស់នៅ​របស់​ខ្ញុំ​មិន​មាន​ភាព​ស៊ីវិល័យ ដូច​អ្នក​រស់នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ បាន​រស់នៅ​លើ​ដីមាស និង​ទឹកមាស ព្រោះ​នៅ​ទី​នេះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​គ្រប់​បែប​យ៉ាង ជាពិសេស​ការ​រស់នៅ​ជាមួយ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​មិន​ងាយ​ធ្វើឲ្យ​យើង​មាន​ជំងឺ​ឈឺស្កាត់​នោះ​ទេ»។

ដោយសារ​តែ មិន​ទាន់​មាន​ភ្លើង​អគ្គិសនី​មក​ដល់​បាន​ធ្វើឲ្យ​តំបន់​មួយ​នេះ ហាក់​មាន​សភាព​ស្ងាត់​នៅពេល​រាត្រី ប៉ុន្តែ​សំឡេង​ទឹករលក​បោក​មក​លើ​ឆ្នេរ​គ្រាំៗ និង​សំឡេង​ទូក​ម៉ាស៊ីន​អ្នក​នេសាទ​នៅលើ​ផ្ទៃ​សាគរ ដោយ​មាន​ពន្លឺ​ភ្លឹប​ភ្លែតៗ​ជា​សញ្ញា​សម្គាល់​នោះ បាន​ឆ្លុះ​បញ្ចាំង​នូវ​ជីវិត​រស់នៅ​តាម​បែប​ធម្មជាតិ​ដ៏​គួរ​ចាប់ អារម្មណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ដែល​មនុស្ស​ភាគច្រើន ជាពិសេស​អ្នក​រស់នៅ​ក្នុង​ក្រុង តែងតែ​ស្រមៃ​ចង់​ឃើញ និង​ចង់​រស់​នៅ​បែប​នេះ​នៅពេល​ខ្លួន​សម្រាក​ពី​ការងារ។

បន្ថែម​ទៅលើ ភាព​ស្រស់ស្អាត​នៃ​តំបន់​ឆ្នេរ អ្នកទេសចរ​ក្នុង​ស្រុក និង​ជនជាតិ​បរទេស ដែល​ជានិច្ចកាល បាន​ធ្វើ​ដំណើរ​លម្ហែ​មក​ដល់​ឆ្នេរ​ថ្មស​នេះ ពួកគេ​មិន​ត្រឹម​តែ​បាន​សប្បាយ​រីករាយ​ជាមួយ​ការ​ទស្សនា​ធម្មជាតិ​ឆ្នេរខ្សាច់ ទឹកសមុទ្រ និង​រុក្ខជាតិ​នៅ​តាម​ឆ្នេរ ក្នុង​តំបន់​មួយ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​បាន​ភ្លក្ស​រសជាតិ​ទឹកដូង​ដ៏​ផ្អែម​ឆ្ងាញ់​នៅ​ទី​នេះ ជាពិសេស​គ្រឿងសមុទ្រ​ស្រស់ៗ​ដូចជា​បង្កង បង្គា ក្តាម មឹក និង​ប្រភេទ​ត្រី​សមុទ្រ​ផ្សេងៗ​ទៀត ជា​មិន​ខាន​ឡើយ។

លោក ឈន ណែម ដែល​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​បសុពេទ្យ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ឆ្នេរ​ថ្មស​ជាមួយ​ក្រុម​គ្រួសារ និយាយ​ថា​៖​«ឆ្នេរ​ថ្មស វា​មិន​មាន​ភាព​អ៊ូអរ​ដូច​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​នៅ​កែប នោះ​ទេ ប៉ុន្តែ​ឆ្នេរសមុទ្រ​ដ៏​តូច​មួយ​នេះ វា​ហាក់​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​អាច​ទិញ​គ្រឿងសមុទ្រ​ស្រស់ៗ​ពី​អ្នក​នេសាទ​នៅ​ទី​នេះ​យក​មក​បរិភោគ​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ»។

បើ តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅក្នុង​ខែ​តុលា ឆ្នាំ​២០១៤ ខាង​មុខ​នេះ មេឃុំ​អាណត្តិ​ថ្មី​នេះ បាន​សន្យា​ធ្វើ​ផ្លូវ​ចាក់​គ្រោះ​ក្រហម​ចេញ​ពី​ចំណុច​ផ្លូវ​ជាតិ​លេខ​៤៨ កាត់​មក​ដល់​ពី​ក្រោយ​ឆ្នេរ​ថ្មស​នេះ​តែ​ម្តង ហើយ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​ភ្ញៀវទេសចរ មក​កាន់​តំបន់​ឆ្នេរ​ថ្មស និង​ឆ្នេរសមុទ្រ​ផ្សេងៗ​ទៀត នៅក្នុង​ឃុំ​ថ្មស​នេះ​កាន់តែ​ច្រើន៕


What Next?

Recent Articles

One Response to "ថ្ម ស ​ឆ្នេរ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ក្នុង​ខេត្ត ​កោះកុង"

  1. Anonymous says:

    See picture look so urgly.