ទេព សម្ផស្ស រំឭក​ពី​ជីវិត​មុន​រស់នៅ​ខុនដូ

Monday, 10 February 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140210_28

ទេព សម្ផស្ស តួ​​ស្រី​ក្នុង​រឿង​ ជីវិត​នាង​រក្សា។ រូបថត សហ​ការី

ភ្នំពេញ : ទើប​តែ​រះ​ក្នុង​វិថី​សិល្បៈ​៣​ឆ្នាំ និង​ក្តាប់​បាន​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​វីដេអូ​ភាគ​រឿង​«​ជីវិត​នាង រក្សា​» កញ្ញា ទេព សម្ផស្ស ក៏​ល្បី​ឡើង​ស៊េរី​រថយន្ត​ទំនើប និង​រស់​នៅក្នុង​បន្ទប់​ខុនដូ​កាលីប​ដ៏​មិន​នឹក​ស្មាន​ដល់។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​សង្វេគ​ក្រោយ​ជីវិត​ដ៏​ស៊ីវិល័យ​នោះ ខ្សែជីវិត​ដែល​មុន​អណ្តែត​ឡើង​ខ្ពស់​កប់ពពក​នេះ នាង​ជា​កុមារី​ដ៏​កម្សត់​ម្នាក់​ដើរ​ស៊ីឈ្នួល​គេ​តាំងពី​កម្រៃ​មួយ​ខែ ៥​ម៉ឺន​រៀល​។

តារាស្រី​រាង​តូចច្រឡឹង​ត្រូវ​ទស្សនិកជន និង​អ្នក​សិល្បៈ​រួម​អាជីព​ចាត់​ទុក​ថា ជា​តារាស្រី ដែល​បណ្តុះ​ភាព​ហ៊ឺហា​បាន​លឿន​បំផុត ដោយ​ប្តូរ​ពី​ជីវភាព​ពី​ក្រខ្សត់​លំបាក​វេទនា​មក​ជា​អ្នក​រស់​ក្នុង​របៀប ស៊ីវិល័យ​តាម​ខុនដូ និង​ជិះ​ឡាន​ទំនើបៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ បាន​ឲ្យ​ដឹង​ថា ជីវិត​របស់​នាង​បាន​ឆ្លងកាត់​ភាព​ក្រលំបាក​ច្រើន​ណាស់​ទម្រាំ​តែ​បាន​ដូច សព្វថ្ងៃ​នេះ។

ថ្លែង​ក្នុង​សម្ដី​រដិបរដុប​លាយឡំ​ជាមួយ​ទឹកភ្នែក កញ្ញា ទេព សម្ផស្ស បាន​រៀបរាប់​ថា៖ «ឆ្លងកាត់​រសជាតិ​ជីវិត ទម្រាំ​មក​ដល់​ថ្ងៃ​នេះ ធ្លាប់​ធ្វើការ​ស៊ីឈ្នួល​គេ​គ្រប់​យ៉ាង ដូចជា​ច្រូតស្រូវ​ឲ្យ​គេ ដើរ​បេះ​ត្រកួន​លក់ ធ្វើ​ជា​កម្មករ​រោងចក្រ និង​ធ្វើ​ជា​អ្នក​រត់តុ​ផង​ដែរ​»​។

តួស្រី ស្រគត់ស្រគំ​ក្នុង​រឿង «​ជីវិត​នាង​រក្សា» ដែល​ថ្មីៗ​នេះ​បាន​សាង​ភាព​ភ្ញាក់ផ្អើល​តាមរយៈ​កាយវិការ​សម្តែង​សិចស៊ី ស្ទើរ​មិន​មាន​បំណែក​ក្រណាត់​បិទបាំង​រាងកាយ បាន​សារភាព​ថា​៖ «ខ្ញុំ​មិន​បាន​សិក្សា​ដល់​ថ្នាក់​ខ្ពស់​ទេ ខ្ញុំ​រៀន​បាន​ត្រឹម​តែ​ថ្នាក់​ទី​៦​ប៉ុណ្ណោះ​។ នៅ​ក្មេង ខ្ញុំ​មិន​សូវ​បាន​ទៅ​រៀនសូត្រ​ដូច​គេ​ទេ គឺ​ភាគច្រើន​ខ្ញុំ​ត្រូវ​ដើរ​រក​លុយ​ដើម្បី​ជួយ​ម្តាយ​ខ្ញុំ និង​ខំប្រឹង​ធ្វើការ​គ្រប់យ៉ាង ដើម្បី​រក​លុយ​ទិញ​អង្ករ ទិញ​ម្ហូប​ផ្គត់ផ្គង់​ជីវភាព​»។

បន្លឺ​សម្ដី​ទាំង​អួល​ដើមក ទេព សម្ផស្ស បាន​ពោល​ទៀត​ថា៖ «ម្តាយ​ខ្ញុំ គាត់​មាន​ជំងឺ​ប្រចាំ​កាយ ឈឺ​ធ្លាក់​ឈាម គាត់​មិន​សូវ​មាន​កម្លាំង​នោះ​ទេ​។ ការងារ​ធ្ងន់ៗ​ខ្ញុំ​មិន​ឲ្យ​ម្តាយ​ធ្វើ​ទេ ព្រោះ​អាណិត​គាត់​មិន​ចង់​ឲ្យ​គាត់​ពិបាក»។

ប៉ុន្តែ​នាង​អះអាង​ថា​៖ «ទោះ​បី​ជា​ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​ជីវភាព​លំបាក​ក៏ដោយ តែ​ក៏​មិន​ត្អូញត្អែរ​ដែរ​។ តែ​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ជួប​ទុក្ខសោក គឺ ម្តាយ​ខ្ញុំ​ធា្លក់​ខ្លួន​ឈឺ​ធ្លាក់​ឈាម ជា​ប្រចាំ​ហើយ​ក្នុង​គ្រួសារ​អត់​មាន​លុយ​សម្រាប់​ព្យាបាល​។ ដូច្នេះ ម្តាយ​ខ្ញុំ គាត់​សុខចិត្ត​រស់នៅ​ទាំង​ឈឺ មិន​ហ៊ាន​ប្រាប់​កូន រហូត​ដល់​ឈឺ​ទ្រាំ​មិន​បាន គាត់​ក៏​សម្រេច​ខ្ចីលុយ​ពី​អង្គការ​(ធនាគារ) យក​ទៅ​ជួប​គ្រូពេទ្យ​។ ពេល​នោះ​ខ្ញុំ​ទៅ​ជា​មួយ​គាត់ ហើយ​ម្តាយ​របស់​ខ្ញុំ​ខំ​អង្វរ​គ្រូពេទ្យ ឲ្យ​ជួយ​ព្យាបាល»​។

តារាស្រី​កំព្រា​ឪពុក​ម្តាយ​បាន​រៀបរាប់​ថា៖ «កាល​នោះ​គ្រូពេទ្យ បាន​សម្រេច​ជួយ​កាយឈាម​មិន​ល្អ​នោះ​ចេញ ហើយ​ក្រោយពី​កាយ​ឈាម​ចេញ ម្តាយ​ខ្ញុំ​មាន​ភាព​ស្លេកស្លាំង គ្មាន​កម្លាំង​ទេ ត្រូវ​សម្រាក​នៅ​ពេទ្យ​។

ពេល​នោះ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច​ទេ បាន​ត្រឹម​តែ​អង្គុយ​យំ​ម្នាក់​ឯង​»។

ប៉ុន្តែ នាង​ក៏​បាន​បញ្ជាក់​ថា៖ «ការ​រៀបរាប់​នេះ គ្រាន់តែ​ជា​ចំណែក​មួយ​ដែល​ខ្ញុំ​លើក​មក​បរិយាយ​នៅ​មាន​ច្រើន​ជាង​នេះ ទៀត​ដែល​ជីវិត​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ មុន​ឈាន​ដល់​ដំណាក់កាល​ក្លាយ​ជា​អ្នក​សិល្បៈ​និង​ប្រែ​មុខមាត់ បាន​រស់នៅ​សមរម្យ​ដូច​សព្វថ្ងៃ​នេះ​»៕


What Next?

Recent Articles

10 Responses to "ទេព សម្ផស្ស រំឭក​ពី​ជីវិត​មុន​រស់នៅ​ខុនដូ"

  1. តាកំសត់ says:

    មានបានហើយចូរខិតខំសន្សំលុយកាក់ពី កញ្ខះព្រៀលផ្សេងៗថែមទៀត តាបងជួយគាំទ្រ​អូន

  2. Neakta Angkor says:

    ជីវិតគឺត្រូវតស៊ូបែបនេះ ល្អណាស់សូមមានសំណាងតទៅ

  3. ជា ស៊ីម says:

    មនុស្សវាមានវាស្នាខុសៗគ្នា ប៉ុន្តែគួតែធ្វើអ្វីគិតគូពីកិត្តយសនិងសង្គមផង

  4. Anonymous says:

    ក្លាយខ្លួនជាអ្នកមាននឹងល្បីផងនេះ គឹមិនត្រូវវ៉ៃឫក ឬថាគេមិនដល់ខ្លួនគឺមិនល្អទេណា៎នាង! “ឱនដាក់គ្រាប់ ងើយស្កក”.

  5. Sen-Gaddfi says:

    ខំអួតម្លេះតើខុនដូរហ្នុងវាអស្ចាចារ្យណាស់ទៅឬបានជារហូតយកមកចុះផ្សាយនោះ។ បើក្លាយជា អ្នកមានហើយនោះត្រូវតែចេះបរិចាកជួយសង្គមអ្នក្រីក្រទើបយកមកចុះផ្សាយវាសម។

  6. I,Khmer says:

    You are lucky Somphors, don’t forget to stop by at my my factory and see how unfortunate the othe female malnutrition factory girl whose work 12 hours a day days and 8 days a week for $95 a month!???

  7. bol says:

    ចូរខិតខំទៅក្នុងមុខរបរអ្វីក៏ដោយ ដែលមិនទុច្ចរិត គឺប្រឹងទៅ ឲ្យបានធូរធារ និងសុខសប្បាយ។
    មុខរបរអ្វីក៏ដោយ គឺសុទ្ធតែជាការទទួលខុសត្រូវរបស់យើងចំពោះមុខច្បាប់ និងសង្គម ថែមទាំធម្មជាតិផង។
    បើទុកជានាង បានស្ម័គ្រធ្វើជាប្រពន្ធលួចលាក់ ក៏វាមិនខុសនឹងច្បាប់សង្គមទេ តែវាខុសនឹងច្បាប់រដ្ឋ។ ក្នុងច្បាប់សង្គម យើងត្រូវទទួលខុសត្រូវចំពោះពាក្យដំណៀល តែប៉ុណ្ណោះ ឬក៏គ្រោះថ្នាក់ជាយថាហេតុ។ តែធ្វើម្តេច កុំខ្វល់ សង្គមមនុស្ស វាអញ្ចឹង, វាតែងតែមានប្រុសប្រពន្ធ ២ ឬក៏ស្រីច្រើន ជាធម្មតា។ មើលចុះ គ្រាន់តែកម្មករ កសិករម្នាក់ ជួនកាលមានប្រពន្ធ ២ ជួនកាលប្រពន្ធ ៥ សុទ្ធតែជាបងប្អូនបង្កើត។ ចុះទម្រាំ គេអ្នកមានលុយ ជារឿងធម្មតាទេ, ស្រឡាញគេមិនខុសទេ។

    តែយើងគិតថា ទ្រព្យសម្បត្តិរបស់នាង គឺពិតជាបានដោយសារកម្លាំងកាយ និងការប្រឹងប្រែង និងបញ្ញា ស្មារតីមែន។ សុំនាងកុំគិតពីពាក្យថោកទាប។ វាមិនខូចវប្បធម៌ប្រពៃណីអីនោះពេកទេ អារឿងអ្នកមានចាយលុយរកប្រពន្ធក្មេង វាមិនមែនទើបនឹងមានក្នុងសង្គមខ្មែរនៅថ្ងៃនេះទេ។
    ខ្ញុំនិយាយរឿងអាក្រក់បន្តិច នេះ គ្រាន់តែចង់ឆ្លុះបញ្ចាំងសម្រាប់មនុស្សដែលចូលចិត្តសន្និដ្ឋាន វាយតម្លៃមើលងាយ មើលថោកចំពោះតារាស្រីៗ នៅពេលឃើញគេមានបាន តែប៉ុណ្ណោះ។

  8. Chourn says:

    នាងដូចជាមិនបានបញ្ជាក់ថាតើនាងមានបាននេះបានដោយសារអ្វីនោះទេ។ ត្រឹមដើរតួរកុនចំពោះ នៅស្រុកខ្មែរក៍មិនបានកម្រៃរហូតនាងមានបាននៅខុនដូមាឡានទំនើបជិះដូចនេះដែរ សូមប្រាប់ ផងថានាងមានវិធីអ្វីដើម្បីឆាប់មានដូចនាងនោះ។

  9. ✫♥* says:

    គួរឱ្យអាណិតណាស់ស្រីតូច ហើយសុំជួយអប់អរសាទរចំពោះភាពធូរស្រាលរបស់នាងអូនសព្វថ្ងៃផងដែរ ។

  10. Sen-Gaddafi says:

    គ្រាន់តែឃើញមុខក៍ដឹងថានាងជាស្រីប្រភេទណាដែរហើយរកលុយធ្វើមានតាមរបៀបណាដែរ។