ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង​បារម្ភ​ពី​សំណង

ដោយ សេក បណ្ឌិត
2014-03-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អារ៉ែង កោះកុង ៦១០
១០-វិច្ឆិកា-២០១៣៖ ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ខេត្ត​កោះកុង (RFA/Ouk Savborey)

ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ ផាវវើ (Sinohydro Power) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​វារីអគ្គិសនី​នៅ​ស្ទឹង​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ចាប់​ផ្ដើម​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ទំនប់ និង​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន​សម្ភារៈ ដែល​បម្រើ​ដល់​ដំណើរ​ការ​សាងសង់។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​អភិរក្ស​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​គម្រោង​នេះ ដោយសារ​គេ​គិត​ថា គម្រោង​នេះ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ​ជា​ថ្មី​ទៀត ចំពោះ​ផែន​ការ​ជម្លៀស​ពួក​គាត់​ចេញ​ពី​ភូមិ និង​ការ​ទូទាត់​សំណង​មិន​សមរម្យ។

ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ចុះ​អង្កេត​ដល់​តំបន់​ដាច់​ស្រយាល​នា​ស្ទឹង​អារ៉ែង កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ កម្ភៈ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ជង មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​សកម្មភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​ចិន ចុះ​ទៅ​នោះ ដោយ​ពុំ​បាន​ឲ្យ​ពួក​គាត់​ដឹង​មុន ឬ​បង្ហាញ​ឲ្យ​ច្បាស់​ពី​គម្រោង​សាងសង់​នោះ នឹង​ចាប់​ផ្ដើម​ពី​ពេល​ណា​ទៅ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ៖ «ពួក​ហ្នឹង​ទម្លាប់​អ៊ីចឹង! ពួក​ចិន ហ្នឹង​ធ្វើ​ការ​អត់​មាន​តម្លាភាព​ខុស​ពី​គោលការណ៍ អត់​ប្រាប់​ថា​មក​ពី​ក្រុមហ៊ុន​ណា»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កោះកុង លោក ប៉ិច ស៊ីយុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១ មីនា ថា ក្រុមហ៊ុន​ស៊ីណូហាយដ្រូ ផាវវើ ដែល​ជា​ក្រុមហ៊ុន​ចិន បាន​បញ្ជូន​បុគ្គលិក​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ស្ទឹង​អារ៉ែង និង​ការ​តាំង​ទី​កន្លែង​ធ្វើ​ការ៖ «ប៉ុន្តែ​គេ​ចូល​មក​ពុំ​ទាន់​យក​ជា​គ្រឿង​អី​មក​ទេ គេ​មក​តែ​ខ្លួន»

លោក​បន្ត​ថា ចំពោះ​ពេល​វេលា​នៃ​ការ​ចាប់​ផ្ដើម​សាងសង់ និង​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​អ្នក​ភូមិ ដែល​រង​ផល​ប៉ះពាល់​នោះ លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង ឬ​រដ្ឋាភិបាល​នៅ​ឡើយ។ យ៉ាង​ណា លោក​ថា ដំណាក់​កាល​នោះ​នៅ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត ចំណែក​ការ​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់ ក្រុមហ៊ុន​ធ្វើ​ចប់​សព្វគ្រប់​អស់​ហើយ។ ប៉ុន្តែ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ឃ្លាំ​មើល​រឿង​នេះ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ និង​ពុំ​ទាន់​មាន​ការ​កោះ​ប្រជុំ​ពិភាក្សា​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​នោះ​ទេ។

ក្រុមហ៊ុន​ស៊ីណូហាយដ្រូ ផាវវើ នេះ​ធ្លាប់​មាន​បទ​ពិសោធន៍​សាងសង់​វារីអគ្គិសនី​នៅ​ភ្នំ​កំចាយ ​ខេត្ត​កំពត កន្លង​មក​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ធ្លាប់​បាន​បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង មាន​កម្លាំង​ប្រមាណ ១០០​មេហ្គាវ៉ាត់។ តាម​គម្រោង ទំនប់​នេះ​អាច​នឹង​សាងសង់​រួច​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។ គម្រោង​នេះ អាច​ប៉ះពាល់​ដល់​ឃុំ​ចំនួន​បី គឺ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​មួយ​ភាគ​នៃ​ឃុំ​ថ្មដូនពៅ។ ឃុំ​ទាំង​នេះ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​មាន​ប្រជាពលរដ្ឋ​ជិត ៦០០​គ្រួសារ។

ជា​រឿយៗ អ្នក​ភូមិ និង​សង្គម​ស៊ីវិល តែង​តែ​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ ដោយសារ​ពួក​គេ​មិន​ចង់​ឲ្យ​មាន​ផល​ប៉ះពាល់​តំបន់​ជនជាតិ​ដើម​ភាគ​តិច​ជង កន្លែង​អភិរក្ស​សត្វ​ដំរី សត្វ​ក្រពើ​ភ្នំ ត្រី​នាគ ដែល​ជា​ពូជ​សត្វ​កម្រ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​ជាច្រើន​ទៀត​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង​បារម្ភ​ពី​សំណង"

  1. ង្វៀង ធីទ័រ says:

    សម័យសែនជោរ មេចោរទេវទត្ត ភ្នែកទោលនេះ យើងសង្កេតឃើញថា ទីណាមានការអភិវឌ្ឍន៍ ទីនោះរាស្រ្តមានទុក្ខ ទឹកភ្នែក រងការបណ្តេញចេញ និងអយុត្តិធ៍មសង្គម រាប់មិនអស់…!