អភិបាលរង​ស្រុក​សាលា​ក្រៅ​ បញ្ជា​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ក្រោម​ហេតុផល​ថា​នៅលើ​ដី​របស់​រដ្ឋ​​

ដោយ៖​ ជន ស្រីណុច និង សំ សំអាត​
ថ្ងៃសៅរ៍ ទី1 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ទីតាំងដីដែលពលរដ្ឋ កំពុងរៀបសង់ផ្ទះ (រូបថត សំ សំអាត)

ទីតាំងដីដែលពលរដ្ឋ កំពុងរៀបសង់ផ្ទះ (រូបថត សំ សំអាត)

​អាជ្ញាធរ​ស្រុក​ស្រា​លា​ក្រៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​បញ្ជា​ឲ្យ​ប្រជា ពលរដ្ឋ​១៩ គ្រួសារ​រុះរើ​ផ្ទះ​ដោយ​អះអាងថា ផ្ទះ​ទាំងនោះ​សង់​នៅ​លើដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​តែប្រជា​ពលរដ្ឋ ​មិនព្រម​។​

​ប្រជាពលរដ្ឋ​ម្នាក់​អ្នកស្រី អំ សំអុល ប្រាប់VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា អភិបាលស្រុករង​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ប្រជា​ពល​រដ្ឋ​​រុះរើ​ផ្ទះ​ចេញពី​ដី​នៅ​ទីនោះ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​។ អ្នកស្រី​បន្ត​ថា ប្រជា​ពលរដ្ឋ​នឹង​មិន​ចាកចេញ​ពី​ទី​នោះ​ទេ ព្រោះ​ដី​នោះ ពួកគេ​បាន​រស់នៅ​ច្រើន​ឆ្នាំ​ហើយ ប្រសិនបើ​អាជ្ញាធរ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ ត្រូវ​រក​ទីកន្លែង​ថ្មី​សម្រាប់​ពួកគេ។​

​អភិបាលរង​ស្រុក​សាលា​ក្រៅ លោក សំ សារ៉េត បាន​អះអាង​នៅ​មុខ​ប្រជាពលរដ្ឋ​ថា ដី​មួយ​កន្លែង​នោះ មិន​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ​នៅ​បានទេ ព្រោះនេះ​ជា​ដី​របស់​រដ្ឋ ដូ​ច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែ​រើចេញ។​

​អភិបាលរង​ស្រុក​សាលា​ក្រៅ លោក សំ សារ៉េត (អាវ ស) និងសមត្ថកិច្ច កំពុងជួបជាមួយពលរដ្ឋ​ (រូបថត សំ សំអាត)

​ទោះយ៉ាងណា មិន​មាន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​រវាង​ប្រជាពលរដ្ឋ និង អាជ្ញាធរ​ទេ​នៅ​ព្រឹក​នេះទេ​។

​​កាលពី​ថ្ងៃ​ទី ១២ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លងមក ព្រះរាជអាជ្ញារង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាង​១០០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោម​ហេតុផល​ថា ជា​តំបន់​ការពារ​ព្រៃឈើ។

អំឡុង​កាលពី​ខែ​កុម្ភៈ​កន្លងទៅនេះ អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ជាច្រើន​ខ្នង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន ខេត្ត​កោះកុង រតនៈគិរី ក្រចេះ និង​ពោធិ៍សាត់​ជាដើម​៕

សរសេរមកកាន់កញ្ញា ជនស្រីណុច តាមរយៈ chornsreynoch@vodhotnews.com


What Next?

Recent Articles

One Response to "អភិបាលរង​ស្រុក​សាលា​ក្រៅ​ បញ្ជា​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ក្រោម​ហេតុផល​ថា​នៅលើ​ដី​របស់​រដ្ឋ​​"

  1. BaBaBoo says:

    ដំរីខ្វាក់ទ្រមាក់ភ្លើ សម័យសព្វថ្ងៃមានមែន ផ្ទាំងសិលាចារទុកប្រដៅកូនចៅខ្មែរនៅប្រាង្គ ប្រាសាទអង្គរវិត្ត បានទាយទុកកាលប៉ុន្មានពាន់ឆ្នាំមុន ។ រាស្រ្តល្ងង់ខ្លៅ អ្នកដឹកនាំ មិនច្បាស់លាស់ បូករួមគ្នា ជាបញ្ហាសង្គម ។