កម្មករ​រោងចក្រ​ក្រាយ​ស្តាល់​ម៉ា​ទិន ខេ​ម​បូឌា សុំ​ផ្អាក​ធ្វើការ​មួយ​សប្តាហ៍​ ព្រោះ​បារម្ភ​ថា​ នឹង​សន្លប់​ម្តងទៀត​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​កម្មករ​រោងចក្រ​មួយ​នៅ​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល សំណូមពរ​ឲ្យ​ថៅកែ​រោងចក្រ​មួយ​នេះ ផ្អាក​ដំណើការ​ការងារ​មួយសប្តាហ៍​សិន ដើម្បី​ធ្វើ​ការសម្អាត​ជាតិពុល ឲ្យអស់​ពី​ក្នុង​បន្ទប់​ធ្វើការ​នោះ។​

​កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ កម្មករ​នៅ​រោងចក្រ ក្រាយ​ស្តាល់​ម៉ា​ទិន ខេ​ម​បូឌា លី​មីតធីត ស្ថិតនៅ​ខេត្ត​កណ្តាល  ប្រមាណ​ជាង​២០០​នាក់ បាន​សន្លប់ និង​មួយចំនួនទៀត ក្អួត​ច​ង្អោរ បន្ទាប់ពី​ពួកគេ​ចូល​ក្នុង​រោងចក្រ​ដើម្បី​ធ្វើការ ហើយ​ធំក្លិន​ពុល​សារធាតុ​ម្យ៉ាង ដែល​ផ្ទុះ​ចេញពី​អាគុយ​នៅក្នុង​រោងចក្រ​នោះ​។

​កម្មករ​ប្រចាំ​រោងចក្រ ក្រាយ​ស្តាល់​ម៉ា​ទិន ខេ​ម​បូឌា លី​មីតធីត លោក ប៊ុន នឿន ដែលបាន​សន្លប់​នៅ​គ្រា​នោះ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា មកដល់​ថ្ងៃនេះ​ លោក​មិន​ទាន់​បាន​ធួរ​ស្បើយ​ពី​ការពុល​ថ្នាំ​ក្នុង​រោងចក្រ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅឡើយ​ទេ​។ លោក​បន្តថា ប្រសិន​បើ​ថៅកែ​រោងចក្រ មិន​ព្រម​សម្អាត ដោយ​កំចាត់​ក្លិន​ថ្នាំពុល​នៅក្នុង​នោះ​ឲ្យ​ស្អាត​ទេ ថ្ងៃស្អែក​ពេល​កម្មករ​ចូលធ្វើការ​វិញ នោះ​នឹង មាន​អ្នក​ដួលសន្លប់​ទៀតហើយ។

​កម្មការិនី​ម្នាក់​ទៀត​ អ្នកស្រី គៀត ទូច រៀបរាប់ថា មកដល់​ពេល​នេះ​ អ្នកស្រី ​នៅ​មិនទាន់​បាន​ស្រួលខ្លួន​នៅឡើយ​ទេ ដោយសារ​តែ​ពុល​ក្លិនថ្នាំ​នៅក្នុង​រោងចក្រ​។ អ្នកស្រី បារម្ភ​ថា នឹង​ពុល​ដួលសន្លប់ នៅ​ថ្ងៃស្អែក​ទៀត ប្រសិន​បើ​ រោងចក្រ​នៅតែ​មិន​ទាន់​សម្អាត​បំបាត់​ក្លិន​នោះ។ កម្មការិនី​រូបនេះ សំណូមពរ​ឲ្យ​ថៅកែ​រោងចក្រ ផ្អាក​កម្មករ​ចូល​ធ្វើការ​មួយ​សប្តាហ៍​សិន ដោយ​ទុក​ពេល​សម្រាប់​សម្អាត ក្នុង​បន្ទប់ ធ្វើការ​នោះ​ឲ្យបាន​ស្អាត និង​បំបាត់​ក្លិន​ពុល។​

VOD មិន​អា​ទាក់ទង តំណាង​រោងចក្រ ឬ ប្រធាន​រដ្ឋបាល​រោងចក្រ លោក ស្រី រតនា បានទេ ដោយ​ទូរស័ព្ទ​ហៅចូល​ហើយ​មិន​មាន​អ្នក​លើក​៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com


What Next?

Recent Articles

One Response to "កម្មករ​រោងចក្រ​ក្រាយ​ស្តាល់​ម៉ា​ទិន ខេ​ម​បូឌា សុំ​ផ្អាក​ធ្វើការ​មួយ​សប្តាហ៍​ ព្រោះ​បារម្ភ​ថា​ នឹង​សន្លប់​ម្តងទៀត​​"

  1. ភ្នែកភ្លឺ says:

    លោកនាយក្រឹម តារាកំប្លែងធ្លាប់បាននិយាយថា ការដួលសន្លប់របស់កម្មករ ជាការធ្វើសន្លប់តាមគ្នា​…​គាត់ចង់និយាយថា ការដួលសន្លប់ទាំងនោះ​ជាឈុតឆាកសម្តែងទេ។​ តែជាសារ ជួយបិទបាំង​កំហុសរបស់​រដ្ឋាភិបាលតែប៉ុណ្ណោះ។