​សហ​ហគ​មន៍​៣៤៧ និង​អតីត​អ្នក​បឹងកក់ ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ខែ​មេសា​​

ដោយ៖​ ណាត សុភាព​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជា​សហគមន៍​៣៤៧ និង​អតីត​អ្នក​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ខែ​មេសា បើ​សាលា​រាជធានី​ភ្នំពេញ នៅតែពន្យារពេល មិន​ដោះស្រាយ ជូន​ពួកគាត់​ឲ្យបាន​ក្នុង​អំឡុង​ខែ​មីនា​នេះ​។​

​តំណាង​ប្រជា​សហគមន៍​៣៤៧ លោក ពៅ បញ្ញា ឲ្យ VOD ដឹងថានៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលា​រាជធានី​ភ្នំពេញ អនុញ្ញាតិ​ឲ្យ​តំណាង​ប្រជា​សហគមន៍​៣៤៧ ចំនួន​៧​នាក់ និង​អតីត អ្នក​បឹងកក់​៧​នាក់ ចូលជួប​នាយក​រដ្ឋបាល​សាលា​រាជធានី​លោក កើត ឆែ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់  តែ​លោក​ថា ពេល​ជួប​ពិភាក្សា​ជា​មន្ត្រី​រូប​នោះ នៅតែ​មិនមាន​ដំណោះស្រាយ​ដដែល​។ លោក​បញ្ជាក់ថា បើ​សាលា​រាជធានី​នៅតែ​មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទៀត នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៤​ខាងមុខនេះ ពួកគាត់ នឹង​សហការ​ជាមួយ​សហគមន៍​ជាង​១០ ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​សាលា​រាជធានី «យ៉ាងយូរដើមខែបួន ពួកខ្ញុំនឹងមានបាតុកម្មទ្រង់ទា្រយធំ ប្រសិនបើសាលារាជធានី គាត់អត់ដោះស្រាយឲ្យខាង ៣៤៧ ក៏ដូចជា អតីតបឹងកក់អ៊ីចឹង យើងនឹងរួមគ្នាជាមួយ ១១សហគមន៍ផ្សេងទៀត ដើម្បីធ្វើការតវ៉ា»។

ប្រជា​សហគមន៍​៣៤៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មាន​ជម្លោះ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០០៧ រហូតមកដល់​បច្ចុប្បន្ន​នេះ សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ដោះស្រាយ​ជូន​ពួកគាត់ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ឡើយ​។

ស្រដៀង​គ្នា​ដែរ តំណាង​អតីត​អ្នក​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជាង​៣​ពាន់​គ្រួសារ អ្នកស្រី ទឹម រ័ត្ន ឲ្យដឹងថា ដែល​ក្នុងនោះ​មាន​ជិត​១​ពាន់​គ្រួសារ ចាកចេញ និង​ព្រម​ទទួលយក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ តែ​ពួកគេ​អះអាងថា សំណង​ដែល​ទទួលបាន​មិនទាន់​សមរម្យ​នៅឡើយ​។​

​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ ​បានទេ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លោក​បង្វែរ​សំណួរ​អ្នកសារព័ត៌មាន ឲ្យទៅ​សួរ​អ្នកនាំពាក្យ​សាលា​រា​ជ​ធានី​ភ្នំពេញ​វិញ ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ ឆ្លើយថា លោក​មិន​បានដឹង​ពី​រឿង​នេះ​ទេ​។​

ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់ថា បើ​កម្ពុជា​នៅតែ​មាន​ថ្នាក់ដឹកនាំ​ដដែល នោះ​ដំណោះស្រាយ សម្រាប់​ប្រជា​សហគមន៍​៣៤៧ និង​អតីត​អ្នក​បឹងកក់ ទំនងជា​មិន​អាច​ទៅរួច​ទេ ដោយសារ​តែ​បច្ចុប្បន្ន​នេះ អំណាច​ប្រមូលផ្តុំ​ក្នុង​ដៃ​បុគ្គល​តែ​ម្នាក់​ «យើងមានរដ្ឋាភិបាលថ្មី ក៏ប៉ុន្តែយើងនៅនាយករដ្ឋមន្រ្តីដដែល។ អ៊ីចឹងខ្ញុំយល់ឃើញថា បញ្ហាវានឹងនៅដដែល វាអត់មានអ្វីប្រែប្រួលទេ ហើយទោះបីជានាយករដ្ឋមន្រ្តីហ្នឹង ខំប្តេជ្ញាចិត្ត កាត់ក ដៃ ជើង ម៉េច ក៏មិនអាចមានអ្វីប្រែប្រួលដែរ មិនអាចស្តារមុខមាត់ប្រទេសជាតិហ្នឹងឡើងវិញទេ ប្រសិនជានៅតែនាយករដ្ឋដដែល បញ្ហាគំនិត សមត្ថភាពរបស់មានតែប៉ុណ្ណឹង ឲ្យគាត់ធ្វើលើសពីហ្នឹង គឺមិនអាចអីប្លែកលើសហ្នឹងទេ»។

​ប្រជា​សហគមន៍​៣៤៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជាង​១០០​គ្រួសារ ក្នុងនោះ អ្នក​ដែល​ព្រម​ទទួលយក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ មាន​ចំនួន​៨៣​គ្រួសារ ក្នុង​មួយ​គ្រួសារ​៨​ពាន់​ដុល្លារ និង​២​លាន​រៀល រីឯ​១២​គ្រួសារ​ទៀត​មិនទាន់​ទទួលបាន​ផ្ទះ​៨​ខ្នង និង​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ឡើយ​។​

​អតីត​អ្នក​បឹកកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ជម្លោះ​ដីធ្លី  ចាប់ពី​ឆ្នាំ​២០០៧ នៅពេល​ដែល​រដ្ឋាភិបាល ផ្តល់​ដី​តំបន់​នោះ ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុម​ហ៊ុនស៊ូ​កាកូអ៊ីន រយៈពេល​៩៩​ឆ្នាំ  ហើយ​រដ្ឋ​ទទួលបាន​ទឹកប្រាក់​ចំនួន ៧៩២.០០០​ដុល្លារ​អាមេរិក​។ ដី​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទំហំ ១៣៣ហិកតា បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤.២៥២​គ្រួសារ ហើយ​ក្នុងនោះ​មាន​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​ចាកចេញ និង​ព្រម​ទទួលយក​សំណង​ពី​សាលា​រាជធានី​រួចហើយ ប៉ុន្តែ​សំណង​ដែល​ទទួលបាន​នោះ មិនទាន់​សមរម្យ​នៅឡើយ ទើប​ធ្វើឲ្យ​ពួកគេ​ព្យាយាម​តវ៉ា​ទាមទា​រសំ​ណង​បន្ថែមទៀត​៕

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

One Response to "​សហ​ហគ​មន៍​៣៤៧ និង​អតីត​អ្នក​បឹងកក់ ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ខែ​មេសា​​"

  1. Anonymous says:

    This is a tiger rule.