ស្ត្រី​វ័យ​ក្មេង​ម្នាក់​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​សេរី​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត

ដោយ ដែន អយុធ្យា
2014-03-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នូវ ស្រីពៅ ៦១០
កញ្ញា នូវ ស្រពៅ កីឡាការិនី​ប្រដាល់​នៃ​ក្លឹប​តាឡីដំរីមានរិទ្ធ នា​ខណ្ឌ​ដង្កោ ហ្វឹកហាត់​មុន​ឡើង​ប្រកួត​កាល​ពី​ថ្ងៃ​២៥ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Den Ayuthyea

យុវតី​ខ្លះ​បាន​​​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​​​សេរី ជា​កីឡា​វាយ​តប់​មួយ​ប្រភេទ ដែល​ប្រុស​ល្មមៗ​មិន​ហ៊ាន​ចាប់​យក​អាជីព​នេះ​ទេ។ ក៏ប៉ុន្តែ​កីឡា​ប្រដាល់​សេរី​ដោយ​កីឡា​ការិនី​នេះ កំពុង​មាន​ប្រជាប្រិយភាព និង​មាន​ការ​គាំទ្រ​ជា​ច្រើន ហើយ​តែ​លេច​មុខ​លើ​សង្វៀន​ប្រដាល់​ផ្សាយ​បន្ត​​​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​​​ក្នុង​ស្រុក​មួយ​ចំនួន និង​មាន​ការ​គាំទ្រ​ច្រើន​ទៀត​ផង។

តើ​ការ​សម្រេច​ចិត្ត​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​របស់​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា គឺ​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ឬ​ក៏​ជា​ការ​ស្វែង​​រក​ការងារ​​ផ្សេង​ធ្វើ​ពុំ​បាន?

ខាងក្រោម​នេះ​ជា​សេចក្ដី​រាយការណ៍​អំពី​ប្រវត្តិ​ខ្លះៗ នៃ​ការ​ចូល​ប្រឡូក​វិស័យ​កីឡា​​​ប្រដាល់​សេរី​របស់​​យុវតី​វ័យ ១៨​ឆ្នាំ​ម្នាក់​ឈ្មោះ នូវ ស្រីពៅ៖

“សំឡេង​ស្នូរ​ទះ​ដៃ​ហ៊ោកញ្ជ្រៀវ​របស់​អ្នក​ចូល​រួម​ទស្សនា​ពេល​ប្រកួត”៖ នេះ​គឺ​ជា​ស្នូ​ទះដៃ​គាំទ្រ និង​​អបអរ​សាទរ​ជ័យ​ជម្នះ​របស់​កីឡា​ការិនី​ប្រដាល់​មួយ​រូប គឺ​កញ្ញា នូវ ស្រីពៅ មក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធ នៅ​លើ​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។ នៅ​លើ​សង្វៀន ឬ​នៅ​លើ​រេញ​ប្រកួត ស្រីពៅ បាន​បង្ហាញ​ទឹក​មុខ​រីករាយ និង​លោត​ហក់​ពេញ​សង្វៀន ក្រោយ​ចៅក្រម​ប្រកាស​លទ្ធផល​ឈ្នះ​គូ​ប្រកួត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២ ខែ​មីនា។

អ្នក​រៀបចំ​ការ​ប្រកួត​និង​អ្នក​ទស្សនា​បាន​ពេញ​ចិត្ត​និង​កោត​សរសើរ​ចំពោះ​​គូប្រកួត​នេះ​ថា មាន​​បច្ចេកទេស​ប្រកួត និង​បញ្ចេញ​​​​កម្លាំង​ប្រកួត​ពេញ​គ្រប់​ចំនួន ៥​ទឹក។ កញ្ញា នូវ ស្រីពៅ ប្រកួត​ជាមួយ​ស្រី​ដូច​គ្នា ឈ្មោះ សូយ សុធា ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម។

សំឡេង​អ្នក​រៀបចំ​កម្មវិធី​ប្រកួត៖ «កញ្ញា​ការិនី នូវ ស្រីពៅ នៅ​ក្នុង​បង្គោល​ក្រហម និង​កញ្ញា​ការិនី សូយ សុធា ស្ថិត​ក្នុង​បង្គោល​ខៀវ។ ខ្ញុំ​សួរ​ឥឡូវ​នេះ សូម​ឲ្យ​ទស្សនិកជន​ទះ​ដៃ​អបអរសាទរ​ទៅ​កីឡាការិនី​រូប​ណា? និយាយ​នេះ​មិន​មែន​ស្រង់​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ទេ គឺ​ស្រង់​កីឡា​ការិនី​ដែល​ត្រូវ​ទៅ​ប្រទេស​ឡាវ»

យុវតី នូវ ស្រីពៅ បាន​ចុះ​ឈ្មោះ​ហាត់​រៀន​ប្រដាល់​សេរី ឬ​ក្បាច់​គុណ​បុរាណ​ខ្មែរ​ជាមួយ​លោកគ្រូ ញ៉ូវ ម៉ាក់ និង​លោកគ្រូ ម៉ាក់ សុខន នៅ​ក្លឹប​តាឡីដំរីមានរិទ្ធ មាន​ទីតាំង​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០១២។

ស្រីពៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ហក់​ចូល​ប្រឡូក ឬ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់ រូបគេ​គឺ​ជា​អតីត​កម្មការិនី​ម្នាក់​បម្រើ​ការ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។

កញ្ញា​ឲ្យ​ដឹង​ថា ពេល​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​រូបគេ និង​​​​មិត្ត​រួម​អាជីព​ផ្សេង​ទៀត ត្រូវ​សម​ហ្វឹកហាត់​ចំនួន ៥​ម៉ោង​ក្នុង ១​ថ្ងៃ គឺ​ព្រឹក ២​ម៉ោង និង​ល្ងាច ៣​ម៉ោង៖ «នារី​កម្ពុជា សូម​ឲ្យ​ដូច​ខ្ញុំ​អ៊ីចឹង។ សូម​ឲ្យ​ស្រលាញ់​កីឡា​ប្រដាល់​ដូច​ខ្ញុំ កុំ​ឲ្យ​រើស​អើង​កីឡា​ប្រដាល់។ ធ្លាប់​គេ​រិះគន់​ដែរ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា អ្នក​ណា​ចង់​និយាយ​អី​និយាយ​ទៅ ខ្ញុំ​ស្រលាញ់​ខាង​ហ្នឹង។ មុន​ពេល​ហាត់​ប្រដាល់ ខ្ញុំ​ជា​កម្មការិនី​នៅ​តាម​រោងចក្រ»

មាន​សម្បុរ​ស្រអែម និង​សក់​រួញ​អង្គាដី ស្រីពៅ បាន​ឲ្យ​ដឹង​នៅ​មុន​ពេល​ហ្វឹកហាត់​នៅ​ក្លឹប​​របស់​នាង​ថា ការ​ចាប់​​យក​អាជីព​ប្រដាល់ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង និង​គ្មាន​អ្នក​ពាក់ព័ន្ធ​ណា​បង្ខំ ឬ​ណែនាំ​ទេ។ ស្រីពៅ ឲ្យ​ដឹង​ទៀត​ថា រូប​គេ​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​ជិត ៣០​លើក​មក​ហើយ ហើយ​ភាគ​ច្រើន​បាន​ទទួល​ជ័យ​ជម្នះ​លើ​គូ​ប្រកួត។

ស្រីពៅ បញ្ជាក់​ថា ទោះ​ខ្លួន​ជា​ស្ត្រី ក៏​ប៉ុន្តែ​មិន​មាន​ការ​លំបាក​ចំពោះ​ការ​ហ្វឹកហាត់​ជាមួយ​ដៃគូ​ប្រដាល់​ជា​បុរស​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បងៗ ជា​កីឡាករ​ប្រដាល់​រួម​ក្រុម និង​ត្រូវ​ពួក​គាត់​​ចាត់​​ទុក​ដូច​ជា​បង​ប្អូន​ក្នុង​គ្រួសារ​ថែម​ទៀត។

ទោះ​យ៉ាង​ណា ស្រីពៅ ឲ្យ​ដឹង​ថា រូបគេ​ធ្លាប់​ជួប​បញ្ហា​ម្ដងម្កាល​ពេល​ហ្វឹកហាត់ ដោយសារ​ជួប​បញ្ហា​សុខភាព​ជា​​ធម្មជាតិ​របស់​ស្រី​ទូទៅ៖ «គាត់​ជួយ​គ្រប់​គ្នា និង​ជួយ​ផ្ដល់​ដំបូន្មាន​ល្អៗ ហើយ​ខ្ញុំ​ធ្វើ​តាម​គាត់។ ខ្ញុំ​ខំ​ប្រឹង​ហាត់​​ឲ្យ​បាន​ច្រើន និង​ស្តាប់​លោកគ្រូ​បង្វឹក និង​ធ្វើ​ទៅ​តាម​គ្រូ។ ខ្ញុំ​ហាត់​ជាមួយ​អ្នក​គ្រប់​គ្នា ហាត់​និង​សម​ជាមួយ អត់​មាន​រើស​អើង​ទេ»

នូវ ស្រីពៅ ៦១០
កីឡា​ការិនី នូវ ស្រពៅ (ពាក់​អាវ​ក្រហម) ចូល​រួម​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន កាល​ពី​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៤។ RFA/Den Ayuthyea

 

ដោយ​ឡែក ងាក​ទៅ​លើ​សង្វៀន​ប្រកួត​វិញ ស្រីពៅ ថ្លែង​អះអាង​ថា មិន​ញញើត​ចំពោះ​គូ​ប្រកួត​ម្ដង​ណា​ទេ ទោះ​បី​ឃើញ​គូ​ប្រកួត​​​មាន​មាឌ​ធំ ឬ​កាយ​សម្បទា​រឹងមាំ​បែប​ណា​ក្តី។ កញ្ញា​បញ្ជាក់​ថា ភាព​មិន​តក់ស្លុត ឬ​ការ​តាំង​​ចិត្ត​ជា​អ្នក​ប្រដាល់​បាន​រឹងមាំ បាន​ជំរុញ​ឲ្យ​រូប​នាង​តែង​ប្រកួត​ឈ្នះ​គូ​ប្រកួត​​​ជា​រហូត ក្នុង​រយៈ​ពេល​ចុង​ក្រោយ​​នេះ៖ «ឡើង​ទៅ​អត់​ភ័យ​ព្រួយ​អី​ទេ ព្រោះ​គិត​ថា វ៉ៃ​ស៊ូ​ទាល់​តែ​ឈ្នះ គឺ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន ស្ទឹងមានជ័យ»

​ចំណែក​អ្នក​ប្រដាល់​រួម​អាជីព​របស់ ស្រីពៅ នៅ​ក្លឹប​តាឡីដំរីមានរិទ្ធ សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា ពួក​គេ​​មិន​រើស​អើង​ចំពោះ​អ្នក​ប្រដាល់​ជា​ស្ត្រី​ភេទ​ទេ។ ផ្ទុយ​ទៅ​វិញ ថែម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្ហាត់ ឬ​ផ្ដល់​បច្ចេកទេស និង​ស្នៀត​ល្អៗ​ជូន ស្រីពៅ ថែម​ទៀត៖ «ពេល​សិស្ស​មក​ជុំ​គ្នា គ្រូ​បង្វឹក​ប្រាប់​ទៅ​យើង​ចេះ​ជួយ​គ្នា គឺ​មាន​​សម ការពារ និង​បញ្ហា​ផ្សេង​ទៀត។ រាប់​អាន​គ្នា​ដូច​បង​ប្អូន​អ៊ីចឹង មិន​ថា​ស្រី ឬ​ប្រុស​ទេ ឲ្យ​តែ​មក​ហាត់​ជាមួយ​គ្នា»

បន្ថែម​លើ​នេះ លោកគូ្រ ញ៉ូវ ម៉ាក់ ជា​គ្រូ​បង្វឹក​ប្រដាល់​របស់ ស្រីពៅ នៃ​ក្លឹប​តាឡីដំរីមានរិទ្ធ។ លោក​បាន​កោត​​​សរសើរ​កញ្ញា ស្រីពៅ ដែល​មាន​វិន័យ និង​មាន​សីលធម៌​និយាយ​ស្តី ស្គាល់​ចាស់​ទុំ ជា​ពិសេស​មាន​វិន័យ​ល្អ។

គ្រូ​បង្រឹក​រូប​នេះ​មាន​មោទនភាព​ថា សិស្ស​ប្រដាល់​ស្រី​របស់​គាត់​មាន​ទេពកោសល្យ​ប្រកួត​ល្អ និង​ស្ទើរ​តែ​រក​​គូ​ប្រកួត​​ក្នុង​ស្រុក​ពុំ​បាន​នៅ​ពេល​បច្ចុប្បន្ន។ លោក​រំពឹង​ថា នៅ​ថ្ងៃ​អនាគត ទំនង​ជា ស្រីពៅ  អាច​មាន​ឈ្មោះ​បោះ​​សំឡេង​ក្នុង​វិស័យ​កីឡា​ប្រដាល់​លើ​អន្តរជាតិ​ក្នុង​នាម​អ្នក​ប្រដាល់​ស្រី​របស់​ប្រទេស​កម្ពុជា។

ទោះ​យ៉ាង​ណា​លោក​ឲ្យ​ដឹង​ថា ស្រីពៅ ក៏​ធ្លាប់​ទទួល​រង​ការ​ប្រមាថ​ពី​ស្ត្រី​ខ្មែរ​គ្នា​ឯង​ចំពោះ​ការ​ដែល ស្រីពៅ បាន​ចាប់​​​យក​អាជីព​ជា​អ្នក​ប្រដាល់​សេរី ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ឬ​គ្រួសារ។ ការ​ចាប់​យក​អាជីព​ជា​អ្នក​​ប្រដាល់​​​របស់ ​ស្រីពៅ ត្រូវ​គ្រូ​បង្ហាត់​រូប​នេះ​អះអាង​ថា អាច​រក​ប្រាក់​បាន​ច្រើន​ជាង​ការងារ​ជា​កម្មករ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ ឬ​តាម​ស្ថាប័ន​​មួយ​ចំនួន ហើយ​ជា​ការងារ​ត្រឹមត្រូវ។

លោក​ថា ក្នុង​១​ប្រកួតៗ តម្លៃ​ខ្លួន​របស់​កីឡា​ការិនី​ខ្មែរ ឬ​របស់ ស្រីពៅ ទទួល​បាន​ជិត ៤០​ម៉ឺន​​​រៀល​នៅ​ពេល​បច្ចុប្បន្ន។ នេះ​មិន​ទាន់​គិត​ពី​ប្រាក់​ឧបត្ថម្ភ​របស់​សម្បុរសជន ឬ​អ្នក​ទស្សនា​ទេ ដែល​ផ្ដល់​ជូន​ដើម្បី​លើក​ទឹក​ចិត្ត​ផង​ទេ។

លោកគ្រូ ញ៉ូវ ម៉ាក់៖ «ក្មេង​ស្រីៗ ដែល​ចេះ​តែ​ផ្លែផ្កា​នៅ​ខាង​ក្រោយ​ខ្នង​ថា ការងារ​នៅ​រោងចក្រ និង​ការងារ​ផ្សេងៗ​មិន​ធ្វើ​ទេ មក​វ៉ៃ​បុក ស្តាយ​សាច់​ណាស់! ខ្ញុំ​ឆ្លើយ​ថា មីនាង​គ្រាន់​បើ​ជាង​ធ្វើ​ស្រីខូច ហើយ​មាន​ឈ្មោះ​ល្បី។ នាង​ឯង​ដេរ​បាន​ល្បី​តែ​ក្នុង​ក្រុមហ៊ុន ប៉ុន្តែ​កូន​សិស្ស​ខ្ញុំ​ឡើង​ប្រដាល់​នេះ ឲ្យ​តែ​យើង​យល់​ព្រម​ជាតិ​សាសន៍​ដទៃ​យក​ទៅ​ប្រកួត​នៅ​ប្រទេស​គេ​ឥឡូវ​ហ្នឹង? តែ​យើង​មិន​ទាន់​ឲ្យ ព្រោះ​យើង​វា​នៅ​ជ្រាយ។ គីឡូ​អស់​នេះ គឺ​ត្រូវ​ប៉ាន់​ណាស់ នៅ​ប្រទេស​ថៃ ជាដើម គឺ​គីឡូ ៥៧ និង ៦០»

លោក ញ៉ូវ ម៉ាក់ បញ្ជាក់​ថា សង្វៀន​ដែល​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ទៅ​លើ​ស្ត្រី​ជា​អ្នក​ប្រដាល់ គឺ​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។

គ្រូ​​​​​ប្រដាល់​​ជើង​ចាស់​រូប​នេះ ក៏​បាន​សំណូមពរ​ទៅ​ស្រី​ខ្មែរ​ទូ​ទៅ គួរ​បញ្ចប់​ប្រើ​កាយវិការ ឬ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ និង​រើស​អើង​ទៅ​លើ​ស្ត្រី​ខ្មែរ​ដូច​គ្នា ដែល​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ត​ទៅ​ទៀត និង​ស្នើ​ឲ្យ​ចូល​រួម​លើក​កម្ពស់​​​​វិស័យ​នេះ​នៅ​ថ្ងៃ​អនាគត។

ដូចគ្នា​ដែរ សម្រាប់​លោកគ្រូ ម៉ាក់ សុខន ដែល​ជា​គ្រូ​បង្ហាត់​ប្រដាល់​កញ្ញា ស្រីពៅ ម្នាក់​ទៀត ក៏​មាន​ជំនឿ​​ថា ស្រីពៅ នឹង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​កីឡា​ប្រដាល់​ទាំង​ក្នុង​និង​​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។ គ្រូ​បង្វឹក ម៉ាក់ សុខន បាន​ទទួល​ស្គាល់​ថា ស្រីពៅ មាន​ការ​ព្យាយាម​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ និង​មាន​បច្ចេកទេស​ដើម្បី​យក​ឈ្នះ​គូ​ប្រកួត ដោយ​ប្រើ​កណ្ដាប់ដៃ និង​ជង្គង់។

លោកគ្រូ ម៉ាក់ សុខន៖ «កីឡា​ការិនី​ស្រុក​ខ្មែរ​យើង​ពេល​ប្រកួត​ម្តងៗ អ្នក​ទស្សនា​គាំទ្រ​ច្រើន ព្រោះ​ពុំ​សូវ​មាន​គូ​ប្រកួត​ជា​ស្ត្រី​លើ​កីឡា​ប្រដាល់​សេរី​នេះ​ទេ។ កូន​សិស្ស​ខ្ញុំ​វ៉ៃ​ពី ១០ ទៅ ២០​ដង​ហើយ​ក្នុង​ម្នាក់ៗ។ កូន​សិស្ស​ខ្ញុំ​អត់​មាន​ត្អូញត្អែរ​ទេ គឺ​ប្រុសៗ​ហាត់​ប៉ុន្មាន វា​ហាត់​ប៉ុណ្ណឹង​ដែរ។ ហាត់​ចូល​គ្នា ចាប់​គូ​សម​ជាមួយ​ប្រុសៗ មាន​ចាប់​វ៉ៃ​ជង្គង់​ក៏​ជាមួយ​ប្រុសៗ សម​ដៃ​ក៏​ជាមួយ​ប្រុសៗ»

​ក្លឹប​​តាឡីដំរីមានរិទ្ធ ​មាន​ទីតាំង​នៅ​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ បច្ចុប្បន្ន​មាន​សិស្ស​ហ្វឹក​ហាត់​ជិត ២០​នាក់ ក្នុង​នោះ​មាន​សិស្ស​ស្រី​ចំនួន ២​នាក់។ គ្រូ​បង្វឹក​ឲ្យ​ដឹង​ថា ក្លឹប​នេះ​មិន​ទាន់​មាន​សម្ភារៈ​សម្រាប់​ផ្តល់​ជូន​កីឡាករ​ហ្វឹក​ហាត់​ឲ្យ​បាន​គ្រប់​ចំនួន​ទេ ដោយ​សម្ភារៈ​មួយ​ចំនួន​ទទួល​បាន​ការ​ជួយ​ទំនុកបម្រុង​ពី​លោក​ចៅ​សង្កាត់​ជើង​ឯក។

ទាក់ទិន​វត្តមាន​ស្ត្រី​ក្នុង​វិស័យ​កីឡា​នេះ​ដែរ មន្ត្រី​សហព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា បាន​ឲ្យ​ដឹង​ថា កំពុង​បំផុស និង​លើក​​ទឹក​ចិត្ត​ដល់​​ស្ត្រី​​ចូល​​រួម​ក្នុង​​​​កីឡា​ប្រដាល់​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត។

លោក​ឧត្តមសេនីយ៍​​​ឯក ​តែម ម៉ឺន​ ប្រធាន​​សហព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​សមាគម​ប្រដាល់​ចំនួន ១៨ និង​ក្លឹប​ប្រដាល់​ជិត ៩០​ក្លឹប នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា មាន​កីឡាករ កីឡាការិនី ជា​អ្នក​ប្រដាល់ កំពុង​ហ្វឹកហាត់​សរុប​មាន​ចំនួន​ជាង ១​ពាន់​នាក់។ ក្នុង​នោះ​កីឡា​ប្រដាល់​ជា​ស្ត្រី​មាន​​តែ​ជាង ២០​នាក់​ទេ។

លោក តែម ម៉ឺន បន្ត​ថា បច្ចុប្បន្ន​នេះ សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ស្រី្ត​​ចូល​រួម​ក្នុង​​វិស័យ​​កីឡា​​ប្រដាល់​ឲ្យ​បាន​ច្រើន​តាម​រយៈ​ការ​បង្កើន​តម្លៃ​ខ្លួន​ប្រកួត និង​ឧបត្ថម្ភ​ជា​សម្ភារៈ​ផ្សេងៗ៖ «នៅ​ក្នុង​ផែនការ​យុត្តិសាស្ត្រ​របស់​សហព័ន្ធ​ហ្នឹង គឺ​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្លួន​ដើម្បី​បង្កើន ឬ​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​ឲ្យ​បាន​ច្រើន។ ទាំង​ក្បាច់​ខ្មែរ​បុរាណ និង​ប្រដាល់​​សកល។ សូម​ឲ្យ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​ឲ្យ​បាន​ច្រើន​យើង​នឹង​ខិតខំ​លើក​កម្ពស់​ស្ត្រី​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត»

មន្ត្រី​សហព័ន្ធ​ប្រដាល់​រូប​នេះ​បាន​ទទួល​ស្គាល់​ថា អ្នក​ប្រដាល់​ជា​ស្ត្រី​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​និយម​​​ទស្សនា​កីឡា​ប្រដាល់​នៅ​ទូទាំង​ប្រទេស។

បញ្ហា​នេះ​ដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​​​​ថ្ងៃ​នេះ វិស័យ​កីឡា​កម្ពុជា កំពុង​​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​កីឡា​ស្ត្រី តែង​ប្រកួត​ឈ្នះ​​ជ័យ​​លាភី​ល្អ ពេល​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​កន្លង​មក។ លោក​បន្ត​ថា សព្វ​ថ្ងៃ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ណែនាំ​គ្រប់​សហព័ន្ធ​កីឡា​ទាំង​អស់ ត្រូវ​បំផុស និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្រី​ចូល​រួម​ក្នុង​វិស័យ​កីឡា​ឲ្យ​បាន​​ច្រើន​ជាង ៥០​ភាគរយ ចាប់​ពី​ឆ្នាំ​២០១៤ ត​ទៅ ជា​ពិសេស​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ចេញ ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត។ ត្រង់​ចំណុច​នេះ សូម​ងាក​ទៅ​ការ​ប្រកួត​របស់​កញ្ញា ស្រីពៅ នៅ​លើ​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​កន្លង​ទៅ​វិញ​ម្ដង។

ស្រីពៅ ដែល​មាន​កែវ​ភ្នែក​មុត និង​ចិញ្ចើម​ក្រាស ត្រូវ​បាន​អ្នក​​រៀប​ចំ​ការ​ប្រកួត​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ប្រកាស​ឲ្យ​ត្រៀម​ខ្លួន​ចេញ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅ​​ប្រទេស​នៅ​មុខ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ។

ការ​ប្រកួត​របស់ ស្រីពៅ នៅ​លើ​សង្វៀន​បាយ័ន មិន​ត្រឹម​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ដោយ​ផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍​តាម​គេហដ្ឋាន​ទៅ​លើ​ទេពកោសល្យ និង​បច្ចេកទេស​ផ្ដួល​គូប្រកួត៖ «មាន​ស្ត្រីៗ ប្រកួត​ប្រដាល់​ច្រើន​ល្អ​មើល។ ស្រីៗ​វ៉ៃ​ប្រដាល់​នៅ​លើ​សង្វៀន​មុន​នេះ​ល្អ​មើល​មែន និង​ចង់​ឲ្យ​ការ​ប្រកួត​មាន​ច្រើន​គូ​នៅ​ថ្ងៃ​អនាគត»

ក្រោយ​ពី​អាជ្ញាកណ្ដាល​ប្រកាស​ដឹង​លទ្ធផល​ឈ្នះ​គូប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន កញ្ញា ស្រីពៅ ថ្លែង​ថា នឹង​ខំ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ត្រៀម​ជួប​គូ​ប្រកួត​សង​សឹក និង​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​អនាគត។

សម្រាប់​ទិសដៅ​នៅ​ថ្ងៃ​អនាគត កញ្ញា នូវ ស្រីពៅ បាន​បញ្ជាក់​ថា នឹង​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​រហូត​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​លែង​កើត។ ជាង​នេះ ក៏​មាន​គម្រោង​ចាប់​យក​អាជីព ឬ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​​ជា​បន្ត​ទៀត ពេល​មាន​វ័យ​ចាស់​ដោយ​ងាក​មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ចៅក្រម និង​គ្រូបង្រឹក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ស្ត្រី​វ័យ​ក្មេង​ម្នាក់​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​សេរី​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត"

  1. khmer angkor says:

    that very good .woman can do what ever man do,very proud of you girl try to do the best beat the man and challenge to international .