ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋ១គ្រួសារ ក្នុងចំណោម៤គ្រួសាររស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ កំពុងបារម្ភពីសុវត្ថិភាព ខណៈសន្តិសុខក្រុមហ៊ុននេះ ដុតផ្ទះរបស់គាត់ ប៉ុនប៉ងសម្លាប់។
ម្ចាស់ផ្ទះ លោក លី ស្រៀខេង ថ្លែងក្នុងសន្និសីទនៅរសៀលថ្ងៃចន្ទនេះថា ក្រុមសន្តិសុខ ២ទៅ៣នាក់ របស់ក្រុមហ៊ុន ឃុន សៀ បានចូលដុតទ្វារមុខបន្ទប់របស់គាត់ ប៉ុនប៉ងសម្លាប់១គ្រួសារ តែសំណាងល្អមិនមានអ្នកណារងរបួស ឬខូចខាតធ្ងន់ធ្ងរឡើយ ដោយសារមានអ្នកដំណើរពីនាក់ ចុះពីលើរថយន្តជួយពន្លត់ទាន់ពេល កាលពីម៉ោង២:៣០នាទីជិតភ្លឺថ្ងៃចន្ទនេះ។
លោក លី ស្រៀខេង បន្តថា ចាប់ពីគាត់មានជម្លោះជាមួយនឹងក្រុមហ៊ុន ឃុន សៀ ជិត៦ខែហើយ សន្តិសុខក្រុមហ៊ុនមួយនេះ តែងតែបង្កការភ័យខ្លាច គំរាមកំហែងគ្រប់រូបភាពដល់ពួកគាត់។
គ្រួសារលោក លី ស្រៀខេង ធ្លាប់បានចោទក្រុមហ៊ុន ឃុន សៀ ថាបានព្រលែងពស់វែកចំនួន៤ក្បាល ចូលផ្ទះគាត់ កាលពីយប់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៣ និងធ្លាប់គំរាមបោកគ្រាប់បែកចូលផ្ទះគាត់ផងដែរ។
VOD មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន ឃុន សៀ បាននៅឡើយទេ នៅរសៀលថ្ងៃចន្ទនេះ។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បញ្ជាក់ថា រដ្ឋាភិបាល និងតុលាការ ត្រូវចាត់វិធានការវែកមុខអ្នកដែលប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល លើបញ្ហាជម្លោះដីធ្លី។
ទំនាស់ដីធ្លីរវាងពលរដ្ឋ៤គ្រួសារនៅតំបន់បឹងកក់១ ជាមួយនឹងក្រុមហ៊ុន ឃុន សៀ កើតឡើងចាប់ពីខែមេសា ឆ្នាំ២០១៣ដោយពលរដ្ឋអះអាងថា ក្រុមហ៊ុនមួយនេះបានព្យាយាមទិញយកដីពលរដ្ឋនៅទីនោះចំនួន៣គ្រួសារ ដោយឲ្យតម្លៃ១៥០០០ដុល្លារក្នុងមួយគ្រួសារ។ ប៉ុន្តែ ប្រជាពលរដ្ឋមិនព្រមលក់ ហើយក្រោយមកក្រុមហ៊ុនក៏ព្យាយាមរកគ្រប់មធ្យោបាយដើម្បីរំខានដល់ពួកគាត់៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ច្បាប់មានសំរាប់ការពារជាមុន។
បើមានការសង្ស័យលើហេតុការណ៍ណាមួយគឺជាគម្រោង គួរតែដាក់ពាក្យបណ្តឹងទុកទៅ!
កុំចេះតែស្រែក។