សហគមន៍​មាន​ជម្លោះ​ដីធ្លី បន្តចេញមុខ​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ

ដោយ៖​ ជន ស្រីណុច​
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com

តំណាងអ្នកភូមិបឹងបឹងកក់ អ្នកស្រី ទេព វន្នី (រូបភាពដោយជន ស្រីណុច)

តំណាងអ្នកភូមិបឹងបឹងកក់ អ្នកស្រី ទេព វន្នី (រូបភាពដោយជន ស្រីណុច)

​ពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់ មក​ពី​សហគមន៍​បឹងកក់ អតីត​បឹងកក់ និង​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី ជំរុញ​ឲ្យ​ពន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​ការបណ្តេញចេញ ដែល​អូសបន្លាយ​យូរ​ឆ្នាំ​មកហើយ​។​

​ពលរដ្ឋ​ដែល​តវ៉ា លើកឡើងថា ពួក​គេ​ចង់ឲ្យ​មាន​ដំណោះស្រាយ ដូចដែល​បាន​សន្យា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​។​នៅ​ព្រឹក​នេះ អ្នក​បុរី​កីឡា​១០​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យទៅ​ពិភាក្សា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​កន្លងទៅ អ្នក​មាន​ជម្លោះ​ដីធ្លី អះអាងថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ហាក់​គ្មាន​បំណង ចង់​ពន្លឿន​កិច្ច​អន្តរាគមន៍ រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​រងគ្រោះ ដែល​បាន​បណ្តេញចេញ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ទេ​។​

​តាម​ញត្តិ​អ្នកភូមិ​ឲ្យដឹងថា ពួកគេ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​មិច របស់​លោកស្រី ស៊ុយ សុផាន សង់​អាគារ​ចំនួន​១០​ជូន​ពួកគេ តាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង តាំងពី​ឆ្នាំ​២០០៤ ខណៈ​ក្រុមហ៊ុន​នេះ សង់​បាន​តែ​៨​អាគារ រួច​បណ្តេញ​អ្នកភូមិ​ចេញ ផ្ទុយ​នឹង​កិច្ចសន្យា​។​

​តំណាង​អ្នក​ភូមិ​បឹងកក់​អ្នកស្រី ទេព វ​ន្នី ឲ្យដឹង​ដែរថា អនុក្រិត្យ​របស់​លោកនាយក​រដ្ឋមន្ត្រី បាន​កាត់​ដី​នៅ​តំបន់​នោះ​១២.៤៤​ហិកតា តាំងពី​ឆ្នាំ​២០១១ សម្រាប់​ពលរដ្ឋ ជិត​១០០០​គ្រួសារ​នៅ​តំបន់​នោះ​។ ប៉ុន្តែ​អ្នកស្រី​ថា មកដល់​ពេលនេះ​ពួកគេ​ប្រមាណ​៤០​គ្រួសារ​ទៀត មិន​ទាន់​ទទួល​ប័ណ្ណកម្មសិទ្ធិ តាម​អនុក្រិត្យ​នៅឡើយ​៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈchornsreynoch@vodhotnews.com

What Next?

Recent Articles