​អង្គការ​៣ សាទរ​ចំពោះ​ការអនុញ្ញាតឲ្យ​ចូលរួ​ម​សង្កេត​ភាពមិនប្រក្រតី នៅ​ពេល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សិស្សានុសិស្ស ជួបជុំគ្នានៅមុខមណ្ឌលប្រឡង ក្រោយពេលប្រឡងចប់ (រូបថត៖ ណាត សុភាព)

​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣ សាទរ​ចំពោះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ដែល​ផ្តល់​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ចូលរួម​សង្កេតមើល​ភាពមិនប្រក្រតី​ (​អំពើពុករលួយ​) ​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់​ឌុប​) ​ឆ្នាំ​២០១៤​នេះ​។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ចំនួន​៣ រួមមាន សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​បា​ស៊ី​ហ្វិក (ANSA-EAP) សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ សង្គម​(CISA) និង​វិទ្យាស្ថាន​ខ្មែរ​សំរាប់​អភិវឌ្ឍន៍​ជាតិ (KIND) នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឲ្យដឹងថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ប្រឆាំង​អំពើពុករលួយ គាំទ្រ  និង​ចូលរួម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើន​នូវ​តម្លាភាព និង​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍ បន្តថា ទោះយ៉ាងណា តាម​ការសង្កេត​នា​ពេលកន្លងមក ឃើញថា ការចាត់វិធានការ​ទៅលើ​អំពើពុករលួយ​ ដែល​ពាក់ព័ន្ធ​អ្នកមាន​អំណាច​ថ្នាក់ខ្ពស់ និង​ក្រុមគ្រួសារ ហាក់​មិន​ទាន់​មាន​ផ្លែផ្កានៅឡើយ​ទេ​។

​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ទាំង៣ បាន​បន្ត​ដោយ​ទទូច​ដល់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ មិន​ត្រឹមតែ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​គួរតែ​ដាក់ចេញ​នូវ​គោលការណ៍​បន្ថែម​ ដោយ​អនុញ្ញាត​ឲ្យ​អង្គការស​ង្គ​ម​ស៊ីវិល​អាច​ចូលរួម​តាមដាន​ការអនុវត្ត​ គម្រោង​នានា​របស់​រដ្ឋ រួមមាន គម្រោងកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ គម្រោង​ផ្ដល់​សេវា​សុខភាព ការផ្ដល់​សម្បទាន​ធនធានធម្មជាតិ និង​ការផ្ដល់​សេវា​សាធារណៈ​ជាដើម ព្រោះថា​វត្តមាន​នៃ​ការតាមដាន​របស់​អង្គការ​សង្គម​ស៊ីវិល អាច​រួមចំណែក​ជា​ប្រយោជន៍ ដើម្បី​ជំរុញ​ឲ្យ​សេវា​ទាំងនោះ មាន​តម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និង​លើកកម្ពស់​ផលប្រយោជន៍​សាធារណៈ និង​យុត្តិធម៌​សង្គម​៕

សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

3 Responses to "​អង្គការ​៣ សាទរ​ចំពោះ​ការអនុញ្ញាតឲ្យ​ចូលរួ​ម​សង្កេត​ភាពមិនប្រក្រតី នៅ​ពេល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤​"

  1. Teacher says:

    យើងគាំទ្រសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការធ្វើសកម្មភាពកន្លងមក ប៉ុន្តែ កុំអនុវត្តបានតែមន្រ្តីតូចតាច គ្មានខ្នងបង្អែក គ្មានបក្សពួក ហើយពុករលួយតិចតួច ។

  2. _ says:

    យុទ្ធសាស្រ្តនេះគ្រាន់តែកំណត់គុណភាពជាមូលដ្ឋានប៉ុណ្ណោះថា ប្រសិនជាសិស្សានុសិស្សប្រលងដោយគ្មានការលួចចំលង តើសិស្សប៉ុន្មានភាគរយទទួលលទ្ធផល ជាប់ឬធ្លាក់ និទ្ទេសយ៉ាងម៉េច ។ តែមិនមែនជាយុទ្ធសាស្រ្តចំបងក្នុងការលើកកំពស់គុណភាពធនធានមនុស្សជាទូទៅនោះទេ ពីព្រោះថា សិស្សមានចំណេះដឹងពិតបា្រកដ ត្រូវឆ្លងកាត់ការរៀនសូត្រប្រចាំថ្ងៃ គុណភាពនៃការបង្រៀនប្រចាំថ្ងៃ ហើយគុណភាពនៃការបង្រៀនប្រចាំថ្ងៃនោះ វាអាស្រ័យទៅលើឆន្ទៈ និងសមត្ថភាពរបស់គ្រូបង្រៀន ។ តែបើពាក្យស្លោក – ក្រពះឃ្លាន បង្រៀនមិនកើត នៅតែលឺនោះ វាគ្រាន់តែជាការរឹតត្បិតចំនួនសិស្សដែលត្រូវប្រលងជាប់ ហើយអាចបន្តការសិក្សានៅមហាវិទ្យាល័យប៉ុណ្ណោះ ហើយក៍មិនអាចកំណត់ច្បាស់លាស់ថា សិស្សដែលប្រលងជាប់នោះ ពិតជាបានដោយសារសមត្ថភាពខ្លួនឯងដែរ [ឧ. ប្តូរក្បាលឯកសារប្រលង….]

  3. victory says:

    តឹងតែងពេលសិស្សប្រឡងគឺគ្រាន់តែចង់ឲ្យសិស្សប្រឡងធ្លាក់កាន់តែច្រើនតែប៉ុណ្ណោះ។ប្រសិនបើសិស្សរៀនបានតិចតួចពេលប្រឡងក៏ប្រឈមនឹងការធ្លាក់កាន់តែខ្ពស់អីច្ចឹងសិស្សម្នាក់ៗត្រូវប្រឹងរៀន
    គួរក្រៅម៉ោងឲ្យបានច្រើនពីព្រោះនៅក្នុងសាលាគ្រូបង្រៀនបានតិចហើយបញ្ចេញមិនអស់ចំណេះ
    ដឹងរបស់គាត់ឲ្យសិស្សទេ។កូនអ្នកក្រប្រហែលជាប្រឈមនឹងការប្រឡងធ្លាក់ច្រើនជាងកូនអ្នកទី
    ក្រុងតាមស្មានមើលទៅ។ប៉ុន្តែមិនអីទេពីព្រោះរោងចក្រកំពុងត្រូវការកម្មករច្រើនថែមទៀតហើយ
    បើមិនចង់ធ្វើកម្មករទេនាំគ្នាចូលបក្សប្រឆាំងដើម្បីធ្វើបាតុកម្មដូរប្រពន្ធ័អប់រំថ្មី។