ទេវតា​ថ្មី និង​គ្រឿង​អម្ពរ

ដោយ កេសរណ្ណីយ្យា
2014-04-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឆ្នាំ​ថ្មី​ឆ្នាំ​មមី ៦១០
មហា​សង្ក្រាន្ត ឆ្នាំ​មមី ឆស័ក ព.ស ២៥៥៨។ Photo Courtesy of budinst.gov.kh

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ជាប់​ទាក់ទង​ជា​សំខាន់​នឹង​បុត្រី​កបិល​មហាព្រហ្ម​ទាំង ៧​អង្គ ដែល​យាង​មក​ប្ដូរ​វេន​គ្នា​រក្សា​លោក ទៅ​តាម​ជំនឿ​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល រហូត​ដល់​សព្វថ្ងៃ។ ទេព​ធីតា​ទាំង ៧​អង្គ មាន​យាន​ជំនិះ សាស្ត្រាវុធ និង​គ្រឿង​ស្លៀក​ដណ្ដប់​ពិសេស​ខុស​ប្លែក​ពី​គ្នា។

«ភ្លេង​ពិណពាទ្យ»

សួស្តី​ឆ្នាំ​ថ្មី លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី! តាម​ក្បួន​តម្រា​មហា​សង្ក្រាន្ត​ឆ្នាំ​នេះ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ចូល​ចំ​ថ្ងៃ​ច័ន្ទ គឺ​ត្រូវ​វេន​ទេព​ធីតា​ព្រះនាម​គោរាគៈទេវី ដែល​ជា​បុត្រី​ទី​២​របស់​កបិល​មហាព្រហ្ម យាង​មក​ទទួល​តំណែង​រក្សា​លោក​បន្ត​ពី​ទេព​ធីតា​ឆ្នាំ​ចាស់ គឺ​ព្រះនាង​ទុង្សៈ ឬ​ធុង្សៈទេវី ដែល​ជា​បុត្រី​ច្បង។

ព្រះនាង​គោរាគៈទេវី ទ្រង់​គ្រឿង​អម្ពរ គឺ​ប្រដាប់​តាក់តែង​ព្រះ​កាយ​ដោយ​សំពត់​អាវ​សាវ​ស្បៃ​ពណ៌​លឿង ទ្រង់​គ្រឿង​អលង្ការ​ដោយ​កែវ «មុក្តា» ឬ​គជ់​ខ្យង និង​លម្អ​ព្រះកាណ៌​សៀត​ផ្កា​អង្គារ​បុស្ស នៅ​នឹង​ត្រចៀក។

ទាក់ទង​នឹង​គ្រឿង​អម្ពរ​របស់​ទេវតា​ឆ្នាំ​ថ្មី លោក អ៊ឹម បូរិន្ទ ដែល​ជា​អ្នក​រៀប​រៀង​ចងក្រង​សៀវភៅ «មហា​សង្ក្រាន្ត» ប្រចាំ​ឆ្នាំ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទេព​ធីតា​ទាំង ៧​អង្គ មាន​គ្រឿង​ស្លៀក​ដណ្ដប់​ប្រចាំ​កាយ​ប្រកប​ដោយ​ពណ៌​សម្បុរ​ផ្សេងៗ​គ្នា៖ «បាទ ហើយ​អម្ពរ​ហ្នឹង​ទៀត មិន​មែន​ដូច​ជា​នៅ​ក្នុង​ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ជាតិ ដែល​មនុស្ស​លោក​យើង​ស្លៀកពាក់​រាល់​ថ្ងៃ​ហ្នឹង មាន​ខុស​គ្នា​ខ្លះ។ ថ្ងៃ​អាទិត្យ គឺ​ដូច​គ្នា ពណ៌​ក្រហម​ដែល​ព្រះនាង​ធុង្សៈទេវី ប្រើ​អម្ពរ​ពណ៌​ក្រហម ហើយ​ទេព​ធីតា​ថ្ងៃ​ច័ន្ទ ព្រះនាម​គោរាគៈទេវី លោក​ប្រើ​អម្ពរ​ពណ៌​លឿង គឺ​ដូច​គ្នា​ដែរ។ ប៉ុន្តែ​សម្រាប់​ទេព​ធីតា​ដែល​លោក​យាង​មក​នៅ​ថ្ងៃ​អង្គារ គឺ​ព្រះនាម​រាក្យសាទេវី លោក​ប្រើ​អម្ពរ​ពណ៌​ខ្មៅ មនុស្ស​លោក គឺ​ប្រើ​ពណ៌​ស្វាយ។ ចំណែក​ឯ​អម្ពរ​ទេព​ធីតា​មណ្ឌាទេវី ដែល​យាង​មក​នៅ​ថ្ងៃ​ពុធ គឺ​លោក​ប្រើ​អម្ពរ​ពណ៌​អន គឺ​ពណ៌​ស្រទន់ ស្រដៀង​គ្នា​នឹង​ពណ៌​ស៊ី​លៀប​ដែរ។ ទេព​ធីតា​ថ្ងៃ​ព្រហស្បតិ៍ ព្រះនាម​កិរិណីទេវី លោក​ប្រើ​អម្ពរ​ពណ៌​បៃតង បាទ ចំណែក​ឯ​ទេព​ធីតា​ដែល​លោក​យាង​មក​នៅ​ថ្ងៃ​សុក្រ គឺ​ព្រះនាង​កិមិរាទេវី លោក​ប្រើ​អម្ពរ​ពណ៌​សេត គឺ​ពណ៌​ស។ ឯ​ទេព​ធីតា​ទី​៧ ដែល​លោក​យាង​មក​នៅ​ថ្ងៃ​សៅរ៍ ព្រះនាម​មហោទរាទេវី លោក​ប្រើ​អម្ពរ​ពណ៌​ខៀវ…»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី នៅ​ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ដែល​រៀប​រៀង​ដោយ​លោក​ឧកញ៉ា​ទេពពិទូរ ក្រសេម បោះពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​ឆ្នាំ​១៩៦៩ ពុំ​មាន​ចែង​អំពី​ពណ៌​សំពត់​អាវ​សាវ​ស្បៃ នៃ​ទេព​ធីតា​ទាំង ៧​អង្គ​នោះ​ឡើយ។

ទាក់ទង​ប្រការ​នេះ លោក អ៊ឹម បូរិន្ទ ដែល​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា​ដែរ​នោះ បាន​គូស​បញ្ជាក់​ថា លោក​បាន​ស្រង់​ការ​អធិប្បាយ​អំពី​ពណ៌​សម្បុរ​នៃ​គ្រឿង​អម្ពរ​របស់​ទេព​ធីតា​ទាំង ៧​អង្គ សៀវភៅ មហា​សង្ក្រាន្ត ចាស់ៗ​ពី​បុរាណ​តៗ​គ្នា​មក៖ «រឿង​នេះ​វា​មាន​តាំង​ពី​បុរាណ​កាល​មក​យូរ​ហើយ… បើ​និយាយ​អំពី​តម្រា​របស់​ខ្មែរ ទាក់ទង​នឹង​អត្ថន័យ​នៃ​ទេព​ធីតា​ទាំង​៧ ក្បួន​នេះ​អាច​មក​ពី​ឥណ្ឌា។ ដូច្នេះ​រឿង​នេះ មាន​ន័យ​ថា យើង​បាន​ចម្លង​ចេញ​ពី​ឥណ្ឌា មក មិន​ដឹង​ថា​មាន​ដើម​កំណើត​ពី​ពេល​ណា​មក​ទេ។ ប៉ុន្តែ យើង​អាច​ដឹង​ថា ការ​ដែល​ខ្មែរ​យើង​ចាប់​ផ្ដើម​ប្រើ​សុរិយគតិ​ជា​គោល​វិញ​នេះ គឺ​សម័យ​ចុល្លសករាជ​ទី​១​នោះ​មក បាន​ន័យ​ថា គឺ​សម័យ (ព្រះបាទ) បុទុមសុរិយវង្ស ដែល​លោក​ចាប់​ផ្ដើម​ប្រើ​ដូរ​ពី​ដែល​យើង​កាល​ដើម​ប្រើ​ចន្ទគតិ ដល់​ក្រោយ​មក​យើង​ប្រើ​សុរិយគតិ វិញ​នោះ ដែល​ចាប់​ផ្ដើម​ចូល​ឆ្នាំ​ខែ​ចេត្រ វិញ​នោះ ប្រហែល​ជា​នាំ​មក​នៅ​ពេល​ហ្នឹង ១១០០​ជាង​នៃ​គ.ស. ប្រហែល​ប៉ុណ្ណឹង ហើយ​នៅ​ក្នុង​ហ្នឹង​បាន​បញ្ជាក់​ថា (ព្រះបាទ) បុទុមសុរិយវង្ស លោក​ជា​អ្នក​រៀប​ចំ ហើយ​ពណ៌​ទាំងអស់​ហ្នឹង (នៃ​អម្ពរ​ទេព​ធីតា​ទាំង​៧​អង្គ) មាន​មក​ជាមួយ​នឹង​ក្បួន​តម្រា​ហ្នឹង…»

ចំពោះ​ពណ៌​សម្បុរ​នៃ​គ្រឿង​អម្ពរ ឬ​សំពត់​អាវ​សាវ​ស្បៃ​របស់​ទេព​ធីតា​ទាំង ៧​អង្គ ដែល​ជា​បុត្រី​កបិល​មហាព្រហ្ម​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ គឺ​លោក សឹង្ហ គា បកស្រាយ​ថា អាច​យក​ទៅ​តាម​ពណ៌​នៃ​ដួង​តារា ឬ​ផ្កាយ​នព្វគ្រោះ​ទាំង​៩ តាម​គោល​លទ្ធិព្រាហ្មណ៍។

«ភ្លេង​ពិណពាទ្យ»

ផ្កាយ​នព្វគ្រោះ​ទាំង​៩​នោះ គឺ​ព្រះ​អាទិត្យ ព្រះ​ចន្ទ ព្រះ​អង្គារ ព្រះ​ពុធ ព្រះ​ហស្បតិ៍ ព្រះ​សុក្រ ព្រះ​សៅរ៍ ព្រះ​កេតុ និង​ព្រះ​រាហុ៍ ដែល​ដូន​តា​ខ្មែរ​បាន​យក​មក​ដាក់​ជា​ឈ្មោះ​ថ្ងៃ​ទាំង​៧ នៃ​សប្ដាហ៍ ដោយ​កាត់​ព្រះ​កេតុ និង​រាហុ៍ ចេញ។

លោក សឹង្ហ គា បាន​អធិប្បាយ​ដក​ស្រង់​នូវ​អន្លើ​ខ្លះ​នៃ​ក្បួន សព្វ​គ្រោះ ដែល​ដូនតា​ខ្មែរ​បាន​ចារឹក​ទុក​ក្នុង​តម្រា​សាស្ត្រា​ស្លឹក​រឹត និង​ក្រាំង​នានា​ដ៏​មាន​ចំណាស់​រាប់​រយ​ឆ្នាំ ជា​ភាសា​បាលី ស្តី​អំពី​ពណ៌​នៃ​ផ្កាយ​នព្វគ្រោះ​ទាំង​៩​ដួង​នោះ៖ «…យោសោកេតុ មហា​ទេវោ សុវណ្ណវណ្ណោសុវណ្ណ មាន​ន័យ​ថា ព្រះ​កេតុ លោក​មាន​ពណ៌​សម្បុរ​ដូច​មាស។ យោសោរវិ មហា​ទេវោ រិត្ត វណ្ណោ រិត្ត ព្រះ​អាទិត្យ​លោក​មាន​ពណ៌​ក្រហម។ យោសោ សសិ មហា​ទេវោ សេត វណ្ណោ សេត បាន​ន័យ​ថា ព្រះ​ចន្ទ សសិ គឺ​ព្រះ​ចន្ទ ភាសា​បាលី គឺ​ថា​ព្រះ​ចន្ទ លោក​មាន​ពណ៌​ស។ យោសោភូម ភូម ថ្ងៃ​អង្គារ មហា​ទេវោ បឹង្គលវណ្ណោ បឹង្គល ថ្ងៃ​អង្គារ គឺ​មាន​ពណ៌​សម្បុរ​ដំដែង គឺ​មាន​បញ្ជាក់​ទៀត​ថា ពណ៌​ដាំដែង គឺ​ពណ៌​ក្រហម​បូក​ខ្មៅ។ ហើយ​យោសោពុទ្ធ មហា​ទេវោ បិត បាន​ន័យ​ថា លឿង ថ្ងៃ​ពុធ​មាន​ពណ៌​លឿង ហើយ​បាន​យោសោ…»

ចំណែក​ផ្កាយ​ព្រហស្បតិ៍ មាន​ពណ៌​ហង្ស​បាទ គឺ​មាន​ពណ៌​ផ្កា​ឈូក ឬ​ស៊ី​ជម្ពូ​ខ្ចី ដូច​ជា​ជើង​ហង្ស​យ៉ាង​ដូច្នោះ។ រីឯ​ផ្កាយ​ព្រះ​សុក្រ មាន​ពណ៌​ប្រាក់ ផ្កាយ​ព្រះ​សៅរ៍ មាន​ពណ៌​និល គឺ​ខ្មៅ​ខៀវ ហើយ​ព្រះ​រាហុ៍ មាន​ពណ៌​ខ្មៅ។

លោក សឹង្ហ គា ដែល​ជា​ប្រធាន​អង្គការ ចតុ​ទិស​សង្ឃ ដែរ​នោះ បញ្ជាក់​បន្ថែម​អំពី​ទំនាក់​ទំនង​គ្នា​រវាង​ពណ៌​នៃ​ផ្កាយ​នព្វគ្រោះ​ទាំង​៩ ហើយ​និង​ពណ៌​អម្ពរ​នៃ​ទេព​ធីតា​ទាំង​៧​អង្គ៖ «…បាទ ហើយ​រាហ៊ូ​លោក​ពណ៌​ខ្មៅ សំអាង​ទៅ​លើ​ពាក្យ​បាលី​ថា កាល ប្រែ​មក​ថា ខ្មៅ ព្រោះ​យើង​រាប់​តាម​លំដាប់​លំដោយ គឺ​អាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ ព្រះ​សុក្រ ព្រះ​សៅរ៍ ព្រះ​កេតុ ព្រះ​រាហុ៍។ ក្នុង​ចំណោម​ផ្កាយ​នព្វគ្រោះ​ទាំង​៩ មាន​ពណ៌​៩ អ៊ីចឹង គឺ​ដើម្បី​បញ្ចូល​ពណ៌​ទាំង​៩​ហ្នឹង ដើម្បី​យក​ទៅ​តម្រូវ​ពណ៌​ទាំង​៧​ថ្ងៃ​ដែល​ត្រូវ​នឹង​ទេព​ធីតា​ទាំង​៧​អង្គ បុត្រី​កបិល​មហាព្រហ្ម​ហ្នឹង គឺ​បុព្វបុរស​យើង​បាន​យក​ពណ៌​ពីរ គឺ​យក​ពណ៌​ព្រះ​កេតុ ពណ៌​មាស ហើយ​និង​ព្រះ​រាហុ៍ គឺ​ពណ៌​ខ្មៅ ទៅ​បូក​បញ្ចូល​ជាមួយ​ពណ៌​ដទៃ​ទៀត ដូច​ជា​ទេវតា​ចុះ​ថ្ងៃ​អង្គារ គឺ​យក​ពណ៌​ក្រហម​លាយ​ជាមួយ​ពណ៌​ខ្មៅ របស់​រាហុ៍ នោះ​ឯង គេ​ហៅ​ពណ៌​ដាំដែង បាទ…»។.

នៅ​ក្នុង​សៀវភៅ មហា​សង្ក្រាន្ត មាន​ចែង​ពី​ពណ៌​សំពត់​ស្លៀក​តម្រូវ​តាម​ថ្ងៃ​ទាំង​៧ ដែល​ចាស់​ទុំ​បុរាណ​ខ្មែរ​បាន​កត់ត្រា​ទុក​ជា​ក្បួន​តម្រា​តៗ​ជំនាន់ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ពណ៌​សំពត់​តាម​ថ្ងៃ​ទាំង​៧ នៃ​សប្ដាហ៍​ដែល​រៀប​រាប់​ជា​ពាក្យ​កាព្យ​នោះ គឺ៖ «អាទិត្យ​ក្រហម​ខ្ចី ឬ​ចាស់ ច័ន្ទ​ផ្លាស់​លឿង​ទុំ​ស្វាយ​អង្គារ ថ្ងៃ​ពុធ​ស៊ី​លៀប​សម​សោភា ព្រហស្បតិ៍​បៃតង​ត្រួយ​ចេក​ខ្ចី។ ពណ៌​ខៀវ​ក្រនៀវ​ប្រើ​ថ្ងៃ​សុក្រ ពណ៌​និល​ព្រិល​ទុក​សៅរ៍​សិរី តែង​ខ្លួន​តាម​ក្បួន​លោក​ស្រដី ចម្រើន​សិរី​ជោគជ័យ​អើយ»

«ភ្លេង​ពិណពាទ្យ»

ពណ៌​សំពត់​ប្រចាំ​ថ្ងៃ​ទាំង​៧​នេះ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​នៅ​និយម​នាំ​គ្នា​ប្រើ ជាពិសេស​នា​ពិធី​បុណ្យ​ទាន​នានា។ ថ្វីត្បិត​តែ​មិន​មាន​សំពត់​ពណ៌​ស ឬ​ពណ៌​សេត ដូច​ជា​អម្ពរ​នៃ​ទេព​ធីតា​ព្រះនាម កិមិរាទេវី ដែល​យាង​ចុះ​នៅ​ថ្ងៃ​សុក្រ ក្តី ប៉ុន្តែ​ជាទូទៅ គឺ​ខ្មែរ​និយម​ប្រើ​អាវ​ពណ៌​ស​ជាមួយ​នឹង​សំពត់​ដែល​មាន​ពណ៌​ទៅ​តាម​ថ្ងៃ​ទាំង​៧ នៃ​សប្ដាហ៍។

ទាក់ទង​ប្រការ​នេះ លោក អ៊ឹម បូរិន្ទ ដែល​ជា​ជំនួយ​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​អន្តជាតិ​ដែរ​នោះ បាន​គូស​បញ្ជាក់​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ ពុំ​ឃើញ​មាន​ឯកសារ​សរសេរ​អំពី​ទំនាក់ទំនង​រវាង​ក្បួន​តម្រា​ពណ៌​សំពត់​ប្រចាំ​ថ្ងៃ​ទាំង​៧ ដែល​ជា​ប្រពៃណី​របស់​ខ្មែរ​នេះ​ទៅ​នឹង​ពណ៌​សម្បុរ នៃ​គ្រឿង​អម្ពរ​របស់​ទេព​ធីតា​ទាំង​៧​អង្គ ដែល​ផ្លាស់​វេន​គ្នា​យាង​មក​រក្សា​លោក​នា​ឱកាស​ឆ្នាំ​ថ្មី តាម​ក្បួន​តម្រា មហា​សង្ក្រាន្ត នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles