អភិបាល​ស្រុក​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

ដោយ ជិន ជេដ្ឋា
2014-04-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

និមិត្តរូប​នៃ​ខេត្ត​កំពង់ឆ្នាំង (RFA/Mom Sophon)

និមិត្តរូប​នៃ​ខេត្ត​កំពង់ឆ្នាំង (RFA/Mom Sophon)

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ចោទ​ប្រកាន់​អភិបាល​ស្រុក និង​រដ្ឋបាល​សាលា​ស្រុក​នេះ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​ការ​ចាយ​វាយ​ថវិកា​របស់​សាលា​ស្រុក​សម្រាប់​ឆ្នាំ​២០១៣។

មន្ត្រី​ក្រុម​ប្រឹក្សា​នេះ​បញ្ជាក់​ថា ទឹក​ប្រាក់​ជាង ៣០​លាន​រៀល សម្រាប់​ទិញ​សម្ភារៈ​ការិយាល័យ និង​ប្រេង​ឥន្ធនៈ ត្រូវ​បាន​គេ​ចាយវាយ​មិន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ឡើយ។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​នៃ​គណបក្ស សម រង្ស៊ី ម្នាក់​ឈ្មោះ សៅ ហន ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ លោក កៅ ហុន មិន​អនុញ្ញាត​ឲ្យ​បើក​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​មីនា ឆ្នាំ​២០១៤ ចំនួន ៥០​ម៉ឺន​រៀល ដោយ​សំអាង​ថា បាត់បង់​សមាជិកភាព​ពី​គណបក្ស​ដើម។ មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​ខ្លួន​បាន​គាស់​កកាយ​រឿង​ចាយ​វាយ​ប្រាក់​មិន​ត្រឹម​ត្រូវ​ក្នុង​សាលា​ស្រុក កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ កន្លង​ទៅ។

អតីត​ក្រុមប្រឹក្សា​ស្រុក និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សៅ ហន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក នា​ពេល​កន្លង​មក​លោក​បាន​ជជែក​គ្នា​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​ចំណាយ​ថវិកា​នៅ​ក្នុង​គណនេយ្យ​លេខ ៦០១ សម្រាប់​ទិញ​សម្ភារៈ​ផ្គត់ផ្គង់​ក្នុង​សាលា​ស្រុក និង​អនុ​គណនេយ្យ​លេខ ៦០១៥ សម្រាប់​ទិញ​ប្រេង​ឥន្ធនៈ ដែល​ខ្ទង់​ចំណាយ នៃ​គណនេយ្យ​ទាំង​ពីរ​នេះ​មាន​តួលេខ​ប៉ោង​ហួស​ហេតុ មិន​សមាមាត្រ​ទៅ​នឹង​ការ​ប្រើប្រាស់ និង​សម្ភារៈ​ដែល​មាន​ក្នុង​សាលាស្រុក។

លោក សៅ ហន៖ «យើង​កាត់​ឈ្មោះ​ហ្នឹង​ប្រហែល​ជា​មុន ប៉ុន​មុន​ប្រហែល​ជា​តិចតួច​ទេ ប៉ុន្តែ​សេចក្ដី​ប្រកាស​នេះ​វា​ចេញ​មក​ថ្ងៃ​ទី​២០ ខែ​៣ (ខែ​មីនា) ហើយ​ដល់​ពេល​ដែល​យើង​យក​មក​ប្រកាស​នៅ​ស្រុក​នៅ​ថ្ងៃ​២៧ ខែ​បី»

លោក​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ស៊ើប​អង្កេត​ករណី​ចាយ​វាយ​មិន​ត្រឹម​ត្រូវ​នេះ។ ចំណែក​ក្រសួង​មហាផ្ទៃ គប្បី​ចុះ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​ស្រុក​សាមគ្គីមានជ័យ និង​ជួយ​សម្រួល​ដល់​ការ​បើក​ប្រាក់បៀវត្សរ៍​សម្រាប់​ខែ​មីនា ឲ្យ​បាន​ដូច​មន្ដ្រី​ក្រុមប្រឹក្សា​ផ្សេង​ទៀត​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក ចាន់ វឿន មាន​ប្រសាសន៍​ថា ការ​ចាយ​វាយ​ថវិកា​របស់​ស្រុក​នេះ ពិត​ជា​មាន​ការ​ល្អៀង​បន្តិចបន្តួច​មែន ប៉ុន្តែ​លោក​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា រាល់​ការ​ចំណាយ​ទាំង​នោះ​ពិត​ជា​មាន​ភាព​ត្រឹម​ត្រូវ។ ចំណែក​រឿង​ប្រាក់​ខែ​របស់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី វិញ គឺ​ខាង​លោក​រង់ចាំ​តែ​បើក​ជូន​ប៉ុណ្ណោះ ឲ្យ​តែ​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក។

លោក ចាន់ វឿន៖ «តាម​គំនិត​ខ្ញុំ​ទេ ការ​ចោទ​ប្រកាន់​នេះ​គឺ​ចាប់​ជំរុញ​ឲ្យ​បើក​ប្រាក់​ខែ បើក​ប្រាក់​ខែ​ខ្ញុំ​ចាំ​តែ​បើក​ឲ្យ​តើ គ្រាន់​តែ​ថា កិច្ច​ការងារ​ហ្នឹង​មិន​មែន​នៅ​លើ​ខ្ញុំ​សម្រេច​ទេ គឺ​នៅ​លើ​ក្រុមប្រឹក្សា»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ លោក កៅ ហុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ឡើយ រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​១៣ ខែ​មេសា។ យ៉ាង​ណា​លោក សៅ ហន បង្ហើប​ថា កន្លង​មក​លោក​បាន​ទូរស័ព្ទ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​រូប​នេះ​ដែរ ដើម្បី​សួរ​នាំ​ពី​បញ្ហា​ប្រាក់​ខែ​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​លោក កៅ ហុន ឆ្លើយ​តប​យ៉ាង​ខ្លី​ថា ក្រុម​ប្រឹក្សា​អនុវត្ត​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ជំរុញ​ឲ្យ​លោក​អាន​សេចក្ដី​ជូន​ដំណឹង​នោះ។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៤ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ស្រុក​នៅ​ទូទាំង​ប្រទេស ដើម្បី​អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ក្រុង ស្រុក ខណ្ឌ​ដែល​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ ឬ​បម្រុង ក្រៅ​ពី​គណបក្ស​ដើម​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង និង​ស្រុក​លើក​ទី​២។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា យល់​ថា ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ​ច្រើន​ជាង ដោយ​មិន​បាន​គិត​ពី​គោលការណ៍​សិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ជាប់​ឆ្នោត។ លោក​បន្ត​ថា ការ​បាត់​បង់ ឬ​មិន​បាត់​បង់​សមាជិក​ភាព​ពី​គណបក្ស​ដើម គឺ​អាស្រ័យ​លើ​គណបក្ស​នយោបាយ​សាមី​ជា​អ្នក​កំណត់ ហើយ​ក្រសួង​មហាផ្ទៃ អាច​អនុវត្ត​កិច្ចការ​នេះ​បាន លើកលែង​តែ​មាន​បណ្ដឹង​ពី​គណបក្ស​នយោបាយ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អភិបាល​ស្រុក​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ"

  1. កំពង់ឆ្នាំង says:

    សង្គមបែបនេះរស់នៅពិបាកជាងស្លាប់ទៅទៀត បើអាចធ្វើបានគួរតែធ្វើ
    “យើងសូមផ្ដាំទៅគណបក្សប្រជាជន បើគណបក្សប្រជាជនមិនព្រមរកយុត្តិធម៌ជុំវិញការបោះឆ្នោតគឺចោរ ទី២បើគណបក្សប្រជាជនមិនព្រមបោះឆ្នោតឡើងវិញគឺចាញ់ ទី៣ បើគណបក្សប្រជាជននៅតែមិនព្រមបោះឆ្នោតឡើងវិញទៀត គឺចុះចេញ។ឥឡូវនេះគណបក្សប្រជាជនស្អីក៏មិនព្រមៗ គឺហៅថា រដ្ឋាភិបាល ចោរ ចាញ់ ចុះចេញ” ។