ព្រះសង្ឃ​វត្ត​កោះពោធិ៍វង្ស​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​បុរី​រំលោភ​យក​ដី​វត្ត

ដោយ ខែ សុណង
2014-04-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អាជ្ញាធរ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​មក​ជួប​ជុំ​គ្នា ក្នុង​សំណុំ​រឿង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ករណី​រំលោភ​បំពាន​យក​ដី​វត្ត​កោះពោធិ៍វង្ស លក់​ឲ្យ​ម្ចាស់​បុរី ប៉េង ហួត សង់​ផ្ទះ​ល្វែង​លក់។ ការ​ជួប​ជុំ​គ្នា​នេះ លោក​អភិបាល​ខណ្ឌ​នឹង​យក​របាយការណ៍​នេះ​ដាក់​ជូន​អភិបាល​រាជធានី​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ព្រះសង្ឃ​ប្រមាណ ៧០​អង្គ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​រាប់​រយ​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​រំលោភ​យក​ដី​វត្ត​នេះ។

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​សែនសុខ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ថ្នាក់​ដឹក​នាំ​វត្ត​កោះពោធិ៍វង្ស ស្ថិត​នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ ថា​មិន​បាន​ឃុបឃិត​គ្នា​លក់​ដី​វត្ត​ឲ្យ​បុរី ប៉េង ហួត សង់​ផ្ទះ​ល្វែង​លក់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អភិបាល​រង​ខណ្ឌ​សែនសុខ លោក ជា ខេមា ដែល​រង​ការ​ចោទ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៣ មេសា ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៣ លោក​គ្រាន់​តែ​ជា​អាជ្ញាធរ​ដែល​ចូល​រួម​ចុះ​ហត្ថលេខា​ដឹង​ឮ ចំពោះ​ការ​បែង​ចែក​ដី​ដែល​មាន​ក្នុង ស.ជ.ណ ដែល​ចេញ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ភាគី​ទាំង​ពីរ គឺ​ឧកញ៉ា ឃុន ជា និង​ភាគី​ថ្នាក់​ដឹក​នាំ​វត្ត​កោះពោធិ៍វង្ស និង​មាន​ព្រះតេជព្រះគុណ ឈួន សុវីន ជា​គ្រូ​សូត្រ​ស្ដាំ​មួយ​អង្គ ក៏​បាន​ព្រមព្រៀង​វាស់​វែង​ចែក​គ្នា​ហើយ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ភាគី​ឧកញ៉ា ឃុន ជា ដែល​មាន​ឧកញ៉ា ឈាង ប៉ាក់សួរ ជា​តំណាង បាន​ទទួល​ដី​ជាង ៧​ហិកតារ ហើយ​ភាគី​ខាង​វត្ត​បាន​ទទួល​ដី​ជាង ១​ហិកតារ។ រីឯ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ឃុបឃិត​ជាមួយ​ឧកញ៉ា ឈាង ប៉ាក់សួរ យក​ដី​វត្ត​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ១៧០​ម៉ែត្រ គឺ​មិន​ពិត​ឡើយ៖ «ការ​វាស់វែង​ហ្នឹង ដី​ហ្នឹង​លោក​ទទួល​យក​ប្លង់​ហ្នឹង ផ្ដិត​មេដៃ​មាន​គណៈកម្មការ​អស់ ខ្ញុំ​គ្រាន់​តែ​ទៅ​ចូល​រួម​ធ្វើ​ជា​ដឹង​ឮ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​អត់​មាន​សិទ្ធិ​ទៅ​ឃុបឃិត​លក់​ទេ ព្រោះ​ដី​មាន​ការ​វាស់វែង គេ​ត្រូវ​គ្នា​អស់​ហើយ រួច​ចេះ​តែ​ថា​ខ្ញុំ​ឃុបឃិត​ជាមួយ ឈាង ប៉ាក់សួរ យក​ដី​វត្ត​ទៅ​លក់។ សម័យ​នេះ​ហើយ នរណា​យក​ដី​វត្ត​ទៅ​លក់ ខ្ញុំ​ធ្វើ​ការ​ប៉ុណ្ណឹង​ដែរ មួយ​អាណត្តិ​នៅ​ហ្នឹង​ហើយ ដែល​ទៅ​បាន​យក​ដី​ពី​ណា​លក់​បាន​ម្ដុំ​លោក​ម្ចាស់»

បើ​ទោះ​ជា​មាន​ការ​បដិសេធ​យ៉ាង​នេះ​ក្ដី ភាគី​ខាង​វត្ត​នៅ​តែ​រង់ចាំ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ដដែល។

គ្រូ​សូត្រ​ស្ដាំ​វត្ត​កោះពោធិ៍វង្ស ហៅ​វត្ត​កោះ​លោក​ជំទាវ​តី ព្រះតេជព្រះគុណ ឈួន សុវីន មាន​ថេរ​ដីកា​ថា ករណី​នេះ​ខាង​វត្ត​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ខុទ្ទកាល័យ​រួច​ហើយ។ ព្រះតេជព្រះគុណ​សង្ឃឹម​ថា នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ត្រឡប់​ពី​បរទេស​វិញ នឹង​អន្តរាគមន៍​ករណី​នេះ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា ករណី​នេះ គឺ​ខាង​វត្ត​ដាក់​ពាក្យ​ប្ដឹង​ឧកញ៉ា ឈាង ប៉ាក់សួរ និង​អភិបាល​រង​ខណ្ឌ​សែនសុខ លោក ជា ខេមា ដែល​បាន​រំលោភ​ដី​វត្ត ដោយ​វាស់​ចូល​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ១៧០​ម៉ែត្រ និង​ដី​ផ្លូវ​វត្ត ១២​ម៉ែត្រ គុណ​នឹង ២៤៨​ម៉ែត្រ។

ព្រះតេជព្រះគុណ ឈួន សុវីន បាន​បញ្ជាក់​ជុំវិញ​ការ​លើក​ឡើង​ថា កាល​ពី​ឆ្នាំ​២០១៣ កិច្ច​ព្រមព្រៀង​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ឧកញ៉ា ឈាង ប៉ាក់សួរ និង​អាជ្ញាធរ​ខណ្ឌ ថា​មិន​មែន​ជា​កិច្ច​ព្រមព្រៀង​ស្រប​ច្បាប់​នោះ​ទេ ពីព្រោះ​មាន​ការ​គាប​សង្កត់ និង​ជា​ការ​ចាប់​បង្ខំ​ដោយ​យក​ឈ្មោះ​នាយក​រដ្ឋមន្ត្រី​ជា​សំអាង៖ «ផ្ដិត​មេដៃ និង​មិន​មែន​គ្រាន់​ផ្ដិត​មេដៃ​យក​ដី​ប៉ុណ្ណឹង​ទេ គឺ​ថា​ដី​នៅ​សល់​ទៀត តែ​មេ​គាត់​ថា​ឲ្យ​ទុក​សិន ព្រោះ​ដោយសារ​អី​គាត់​អាង​ថា សម្ដេច​គាត់​បញ្ជា​មក​ដី​នៅ​សល់​ប៉ុណ្ណេះៗ តាម​ពិត​មាន​សម្ដេច​ណា​គាត់​បញ្ជា​មក គាត់​ចេះ​តែ​ក្រឡុកក្រលៀត​គ្នា​គាត់​ហ្នឹង ស៊ុមគ្រលុំ​គ្នា​គាត់​ហ្នឹង​ណា ហើយ​គាត់​ថា​មិន​យក​ដី​វត្ត​ម៉េច គាត់​អ្នក​យក​គាត់​អ្នក​ឃុបឃិត បើ​គ្មាន​អាជ្ញាធរ​ឧកញ៉ា​ហ្នឹង​ម៉េច​ហ៊ាន។ គាត់​ជាប់​ពាក់ព័ន្ធ​រឿង​ហ្នឹង ក្នុង​ពាក្យ​បណ្ដឹង​របស់​សម្ដេច គឺ​មាន​ឈ្មោះ​គាត់​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ។ ពី​មុន​ខណ្ឌ​ឫស្សីកែវ មិន​មែន​ខណ្ឌ​សែនសុខ ទេ ដោយសារ​គាត់​ឡើង​សែនសុខ មក​ហ្នឹង​គាត់​ក្រឡុក​រឿង​ហ្នឹង។ រឿងរ៉ាវ​កើត​ឡើង​ដោយសារ​អី គាត់​មិន​ទទួល​ស្គាល់​អា​ដី​វត្ត ១០០ គុណ ១៥០ ដី​អាស្រម​លោក​តា​លោក​យាយ ២០ គុណ​នឹង ១០០ ក្បាល​ដី​ខាង​កើត​គាត់​មិន​ទទួល​ស្គាល់ អា​ហ្នឹង​ហើយ​បាន​វា​ខុស​ហ្នឹង បាន​យើង​ទាមទារ​ហ្នឹង»

ចំណែក​បុគ្គលិក​ការិយាល័យ​កណ្ដាល​បុរី ប៉េង ហួត កញ្ញា សោភណ្ឌ នារី បាន​ឲ្យ​ដឹង​ដោយ​ខ្លី​ថា សំណង់​ដែល​សង់​លើ​ដី​នេះ គឺ​បាន​សាងសង់​ជិត​រួច​រាល់​ហើយ ហើយ​ក៏​មាន​អតិថិជន​មក​ទិញ​ជិត​អស់​ហើយ​ដែរ៖ «ជាទូទៅ​ដី​ក្រុមហ៊ុន គឺ​ដី​ស្រប​ច្បាប់ ហើយ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ចុះ​ជាមួយ​សុរិយោ​ណា»

ព្រះតេជព្រះគុណ ឈួន សុវីន បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​វត្ត​នេះ​ទទួល​បាន​សេចក្ដី​សម្រេច​ពី​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​បើក​វត្ត​នៅ​ឆ្នាំ​២០០៦ និង​មាន​ចំណារ​សម្រេច​ពី​សម្ដេច​សង្ឃរាជ ទេព វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា និង​អាជ្ញាធរ​មូលដ្ឋាន ឯកភាព​ឲ្យ​បង្កើត​វត្ត​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជិត ៥០០​គ្រួសារ។ កាល​ពី​ឆ្នាំ​២០០៩ លោក កែប ជុតិមា ឧកញ៉ា ឈាង ប៉ាក់សួរ និង​លោក ជា ខេមា បាន​នាំ​គ្នា​មក​បិទ​វត្ត​នេះ​ម្ដង​រួច​មក​ហើយ ដោយ​សំអាង​ថា យក​ធ្វើ​ជា​កន្លែង​ស្ដុក​ទឹក​រាជធានី​ភ្នំពេញ ប៉ុន្តែ​មាន​ការ​តវ៉ា​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ ហើយ​វត្ត​នេះ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​នោះ ក៏​គ្មាន​ការ​រុះរើ​វិញ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles