​ក្រុម​អនាមិក​កម្ពុជា វាយប្រហារ​ទៅលើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​គេហទំព័រ​រដ្ឋ​មួយចំនួនទៀត​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

​ក្រុម​អនាមិក​កម្ពុជា ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​វាយប្រហារ​តាម​រយៈ​ការ​លួច​ទិន្នន័យ និង​បិទ​គេហទំព័រ របស់​រដ្ឋ​មួយ​ចំនួន​មិនឲ្យ​ដំណើរការ​មួយ​រយៈពេ​ល ដូចជា គេហទំព័រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាដើម  ដែលជា​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​ក្រុម Hackers ដែល​អាជ្ញា​ធ​រ​កម្ពុជា​បាន​ចាប់ខ្លួន​។  

​ក្រុម​អនាមិក​កម្ពុជា (Anonymous Cambodia) បាន​បង្ហោះ​សារ​ខ្លីៗ​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៥ ខែ​ឧសភា​នេះ​ថា ពួកគេ​បាន​វាយប្រហារ​ទៅលើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​លែង​ដំណើរការ​រយៈពេល​ពីរ​ម៉ោង ចាប់ពី​ម៉ោង​១១​ព្រឹក​នេះ ដែល​ការវាយប្រហារ​នោះ ហៅថា Ddos​។ ទំព័រ​ហ្វេ​សប៊ុក​ដដែល បន្តថា ក្រៅពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពួកគេ​បាន​វាយប្រហារ និង​និង​បាន​លួច​យក​ទិន្នន័យ​សំខាន់​មួយ​ចំនួន ពី​គេហទំព័រ​រដ្ឋ​មួយចំនួន ដូចជា គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា គេហ​ទំព័រ nida.gov.kh គេហទំព័រ Pas.gov.kh គេហទំព័រ Pressocm.gov.kh គេហទំព័រ rac.cambodia.gov.kh គេហ​ទំព័រ moe.gov.kh និង​គេហទំព័រ mwa.gov.kh​។ 

​ក្រៅពីនោះ ក្រុម​អនាមិក​កម្ពុជា ក៏បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក របស់​ខ្លួន​ដែរ​ថា ការប្រកាស​ថា​ចាប់ខ្លួន​ក្រុម Hackers ដែល​វាយប្រហារ​គេហទំព័រ​របស់​អង្គភាព​អំពើពុករលួយ បាន​ពីរ​នាក់ កាលពីដើម​ខែ​ឧសភា​នេះ គឺជា​រឿងប្រឌិត​របស់​អង្គភាព​នេះ​តែប៉ុណ្ណោះ​។ ក្រុម​អនាមិក បន្តថា បើសិន​ជា​អង្គភាព​អំពើពុករលួយ​ចាប់​បាន​សមាជិក​របស់​ពួក​គេ​មែន​នោះ អង្គភាព​នេះ​នឹង​ប្រកាស​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ជន​ទាំង​ពីរ​នាក់​នោះ​ហើយ​។​

​កាលពីដើម​ខែ​ឧសភា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​នៅ​លើ​គេហទំព័​រថា ខ្លួន​ចាប់បាន ក្រុម Hackers ពីរ​នាក់ ដែល​បាន​ចូលលុកលុយ​គេហទំព័រ​របស់​អង្គភាព​។ សេចក្តីប្រកាស​ដដែល បន្តថា បន្ទាប់​ពី​គេហទំព័រ​លែង​ដំណើរការ​រយៈពេល​មួយ​ម៉ោង​កន្លះ ខ្លួន​បាន​ទប់ស្កាត់​ទាន់ពេលវេលា ហើយ​រយៈពេល​ពីរ​ថ្ងៃ​ក្រោយមក អង្គភាព​នេះ ក៏​ចាប់​បាន​ក្រុម​វាយលុក​ចូល​គេហទំព័រ​នោះ​។ 

​ក្រុម Hackers បាន​ចាប់ផ្តើម​វាយលុក​ទៅលើ​គេហទំព័រ​រដ្ឋ និង​ឯកជន​មួយចំនួន កាលពី​ចុងខែ​មេសា បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​ក្រុម Hackers កម្ពុជា​២​នាក់ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការព្រមាន​របស់​ពួកគេ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទាមទារ​ឲ្យ​ដោះលែង​សមាជិក​ក្រុម​របស់​ពួកគេ​ទាំង​ពីរ​នាក់​នោះ​៕

​សូម​សរសេរ​មក​កញ្ញា ពេជ្រ សុធា​រី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles