ជុំវិញ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ ដើម្បី​បាន​ក្លាយ​ជា​តារា

បេក្ខជន បេក្ខនារីដែលបានចូលរួមប្រឡងក្នុងកម្មវិធីប្រកួតហ្វ្រេសស៊ីហ្គើល អែនប៊យជំនាន់ទី១៣។




ភ្នំពេញប៉ុស្តិ៍

ការ​ដោះដូរ​ខ្លួន​ប្រាណ​ត្រូវ​បាន​គេ​មើល​ឃើញ​ជាច្រើន​រូបភាព​ច្រើន​ទម្រង់​នៅ​ក្នុង​សង្គម​សិល្បៈ​របស់​ខ្មែរ។

នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ការ​ក្លាយ​ខ្លួន​ជា​តារា គឺជា​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​របស់​យុវជន​យុវតី តែ​អ្វី​ដែល​ជា​ភាព​អសកម្ម​នៅ​ក្នុង​រឿង​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ជា​រឿយៗ​ថា ការ​ដោះដូរ​ខ្លួន​ប្រាណ​របស់​យុវជន​យុវតី ដើម្បី​បាន​ក្លាយ​ខ្លួន​ជា​តារា​បាន​និង​កំពុង​រីកសាយ​កាន់​តែ​ធំ​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ តាម​រយៈ​ការ​ចូល​ប្រឡង​កម្មវិធី​សិល្បៈ​មួយ​ចំនួន និង​តាម​រយៈ​ការ​បោក​បញ្ឆោត​របស់​មេខ្យល់។ តែ​យ៉ាង​ណា អ្នក​ជំនាញ​មាន​ភាព​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​បកស្រាយ។

ភាព​អសកម្ម​ជាច្រើន​ត្រូវ​បាន​លេច​ឡើង​នៅ​ក្នុង​ការ​ប្រឡង​ជ្រើសរើស​ពន្លក​សិល្បករ​ជំនាន់​ក្រោយ ហើយ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ។ សិល្បករ​វ័យ​ក្មេង​មួយ​ចំនួន (សុំ​មិន​បង្ហាញ​អត្តសញ្ញាណ) បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​មួយ​ចំនួន ទាមទារ​ឲ្យ​បេក្ខជន​បេក្ខនារី​មួយ​ចំនួន​ហ៊ាន​លះបង់​ខ្លួន​ប្រាណ ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន ឬ​បេក្ខនារី​ចុង​ក្រោយ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ ឬ​ជ័យលាភី​ប្រចាំ​កម្មវិធី។ ក្នុង​ករណី​នេះ ប្រសិន​បើ​បេក្ខជន ឬ​បេក្ខនារី​រូប​ណា ហ៊ាន​លះបង់​ខ្លួន​ប្រាណ​នោះ ប្រាកដ​ណាស់​ថា ពួក​គេ​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ណា​មួយ​ក្នុង​ចំណោម​នោះ។ ប៉ុន្តែ​យ៉ាង​ណា ពួក​គេ​បាន​បញ្ជាក់​ថា ទង្វើ​នេះ​មិន​កើត​ឡើង​គ្រប់​កម្មវិធី​នោះ​ទេ។

យុវជន​ម្នាក់​ដែល​ធ្លាប់​ចូល​ប្រឡង​ក្នុង​កម្មវិធី​ជ្រើសរើស​តារា​ម៉ូដែល​ម្នាក់​បាន​ឈប់​ចូល​ប្រឡង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ពេល​ដែល​អ្នក​គ្រប់​គ្រង​កម្មវិធី (ប្រុស​ស្រឡាញ់​ប្រុស) បាន​និយាយ​ដល់​ចំណុច​នៃ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ​ដើម្បី​បាន​ចំណាត់​ថ្នាក់​ល្អ។

ដោយ​ឡែក ករណី​មួយ​ចំនួន​ទៀត គេ​សង្កេត​ឃើញ​ថា ដោយ​សារ​តែ​ចង់​ក្លាយ​ខ្លួន​ជា​តារា​សម្រេច​បំណង​របស់​ខ្លួន ឬ​ក៏​ស្រឡាញ់​សិល្បៈ​ពេក យុវជន​យុវតី​មួយ​ចំនួន​ទៀត ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ទៅ​តាម​ការ​បញ្ជា ឬ​ក៏​ស្នើ​សុំ​របស់​មេ​ខ្យល់ ឬ​ក៏​សិល្បករ​រៀម​ច្បង​មួយ​ចំនួន។ កន្លង​មក​ធ្លាប់​មាន​យុវតី​មួយ​ចំនួន​ត្រូវ​បាន​មេ​ខ្យល់ ឬ​សិល្បករ​រៀម​ច្បង​យក​ទៅ​លក់ ឬ​ក៏​ឲ្យ​គេង​ជាមួយ​នឹង​បុរស​មាន​លុយ ឬ​ក៏​តាតា ដោយ​សន្យា​ថា នឹង​ឲ្យ​យុវតី​រូប​នោះ​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង ឬ​ក៏​សម្តែង​នៅ​ក្នុង​ផលិតកម្ម​ណា​មួយ។

នាង​ ចាន់ ស្រីណុច ហៅ ចែ​មុំ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន។

ជាក់​ស្តែង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​ចម្រៀង​នាង អូ រស្មី ដែល​ភាគ​ច្រើន​ច្រៀង​ឲ្យ​ផលិតកម្ម​ខ្មែរ​នៅ​បរទេស​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៨ មករា ឆ្នាំ​២០១៤ វេលា​ម៉ោង​ប្រមាណ ៤ និង ៣០ នាទី នៅ​នឹង​ផ្ទះ​របស់​នាង​ក្នុង​បុរី​ពិភពថ្មី នៅ​ផ្លូវ វេងស្រេង ក្នុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ ដែល​អះអាង​ថា តារា​ចម្រៀង​រូប​នេះ បាន​លួង​លោម​កូន​ស្រី​របស់​គាត់ យក​ទៅ​ឲ្យ​រួម​ភេទ​ជាមួយ​អាណិកជន​ជា​ថ្នូរ​ថា​នឹង​នាំ​ចូល​សិល្បៈ និង​ជួយ​ឲ្យ​ក្លាយ​ទៅ​ជា​តារា​ល្បី។

ស្រដៀង​គ្នា​នោះ​ដែរ កាល​ពី​ព្រឹក​ថ្ងៃ ទី០៦ មីនា ឆ្នាំ​២០១៤ កន្លង​មក​នេះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ទៅ​លើ​តារា​ចម្រៀង​ប្រចាំ​ក្លិប​កម្សាន្ត ថោន ម្នាក់ ឈ្មោះ ជុំ សម្ផស្ស ហៅ ចេស្តា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ១៥​ឆ្នាំ ជា​ថ្នូរ​នឹង​ជួយ​នាង​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង។ នាង​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ម្តាយ​ថា នាង​ចាញ់​បោក​អស់​ព្រហ្មចារី​ជាមួយ​អ្នក​ចម្រៀង​ម្នាក់​នោះ ព្រោះ​នាង​ចង់​ក្លាយ​ជា​តារា​ចម្រៀង។

ចំណែក​ឯ​ថៅកែ​ហាង​សម្អាងការ មីកាហ្សា ដ៏​ល្បី​ឈ្មោះ​នាង ចាន់ ស្រីណុច ហៅ ចែមុំ ក៏​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ញី​បន្ស៊ី​ឈ្មោល ពិសេស​នាំ​នារី​វ័យ​ក្មេង​ឲ្យ​ជួប​នឹង​បុរស​មាន​លុយ​មាន​ទ្រព្យ​ជា​ថ្នូរ​នឹង​ការ​ជួយ​ឲ្យ​មាន​ភាព​ល្បាញ​ល្បី ខណៈ​នាង​អះអាង​ថា ខ្លួន​ស្គាល់​តារា និង​អ្នក​គ្រប់​គ្រង​កម្មវិធី​ទូរទស្សន៍​ល្បីៗ​ជាច្រើន​រូប​ដែល​អាច​ជួយ​បាន។

ថ្មីៗ​កន្លង​ទៅ​នេះ ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​ទទួល​អ៊ីមែល​អនាមិក​មួយ ដោយ​អ៊ីមែល​នោះ បាន​លើក​ឡើង​ពី​ភាព​អសកម្ម​មួយ​ចំនួន​នៅ​ទូរទស្សន៍​មួយ​ចំពោះ​សិល្បករ​មិន​សូវ​ល្បី​មួយ​ចំនួន បើ​ចង់​ល្បី ឬ​បាន​តំណែង​នៅ​ក្នុង​កម្មវិធី​ណា​មួយ ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​អ្នក​គ្រប់​គ្រង​កម្មវិធី។ តែ​រឿង​នោះ​អ្នក​គ្រប់​គ្រង​ដែល​គេ​ប្រាប់​ទាំង​ឈ្មោះ​ទៀត​នោះ​បាន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ​ចំពោះ​ការ​លើក​ឡើង​បែប​នេះ​ផង​ដែរ។

ទង្វើ​នៃ​ការ​ដោះដូរ​ខ្លួន​ប្រាណ​ដើម្បី​បាន​ភាព​ល្បាញ​ល្បី​ដើរ​លើ​វិថី​តារា​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ថា កំពុង​មាន​ការ​រីក​ដុះ​ដាល​នៅ​ក្នុង​វិស័យ​សិល្បៈ​កម្ពុជា ខណៈ​មេ​ខ្យល់​ជាច្រើន​កំពុង​បន្ត​ធ្វើ​រឿង​នេះ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ដែរ។

ប៉ុន្តែ យ៉ាង​ណា លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈ​ខ្មែរ មិន​ហ៊ាន​អះអាង​ថា ព័ត៌មាន​នេះ​ពិត​ប្រាកដ​ក្នុង​កម្រិត​ណា​មួយ​នោះ​ទេ។

លោក សុះ ម៉ាច បាន​និយាយ​ដែរ​ថា៖ «ចំពោះ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ ដើម្បី​បាន​ក្លាយ​តារា​នៅ​ក្នុង​កម្មវិធី​ប្រកួត​អី​នោះ ខ្ញុំ​ក៏​ធ្លាប់​បាន​ឮ​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​អះអាង​ថា ពិត​យ៉ាង​ណា​នោះ​ដែរ ព្រោះ​ពេល​ខ្លះ​វា​ក៏​ជា​ពាក្យ​ចចាម​អារ៉ាម។ ចំណុច​ខ្លះ​ក៏​ខ្ញុំ​ធ្លាប់​ឮ​ដែរ តែ​ការ​ដោះដូរ​នោះ ពេល​ខ្លះ​បេក្ខជន បេក្ខនារី ពួក​គាត់​ព្រម​ដោយ​ខ្លួន​ឯង»។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​ការ​ដោះ​ដូរ​ពិត​ជា​មាន​ការ​កើន​ឡើង​ដូច​គេ​លើក​ឡើង​នោះ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​បំផុត ហើយ​ខ្ញុំ​ក៏​សុំ​ឲ្យ​យុវជន​យុវតី​យើង​គិត​ពិចារណា​ឡើង​វិញ ព្រោះ​យើង​ជា​សិល្បករ​មាន​នាទី​ជួយ​លើក​ស្ទួយ និង​អភិវឌ្ឍ​សិល្បៈ មិន​មែន​បំផ្លាញ ឬ​ក៏​ធ្វើ​ឲ្យ​អាប់​ឱន​សិល្បៈ​នោះ​ទេ»។

លោក គួច ខេវិន ប្រធាន​គ្រប់​គ្រង​កម្មវិធី​ជើង​ចាស់​តាំង​ពី​ទូរទស្សន៍​ស៊ីធីអិន ហើយ​ពេល​នេះ លោក​ជា​អគ្គ​នាយក​ទូរទស្សន៍ ETV ដែល​គ្រោង​ចាក់​ផ្សាយ​នៅ​ពេល​ខាង​មុខ​នេះ បាន​ឲ្យ​ដឹង​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​លើក​ឡើង​នេះ លោក​ក៏​ធ្លាប់​បាន​ឮ​ដែរ ប៉ុន្តែ​ធាតុ​ពិត​នៅ​ក្នុង​កម្មវិធី​ដែល​លោក​ធ្លាប់​គ្រប់​គ្រង​កន្លង​មក ដូច​ជា មិន​មាន​រឿង​បែប​នេះ​ទេ។ លោក​បាន​បញ្ជាក់​ថា ពាក្យ​ចចាម​អារ៉ាម​នោះ ពេល​ខ្លះ​អាច​កើត​ឡើង​ពី​បេក្ខជន ឬ​បេក្ខនារី ដែល​ចូល​ប្រឡង តែ​មិន​ទទួល​បាន​ជោគជ័យ។

លោក ខេវិន និយាយ​លើក​ហេតុ​ផល​ថា៖ «ខ្ញុំ​ក៏​ធ្លាប់​ឮ​ច្រើន​ដែរ​រឿង​នេះ តែ​មិន​ដែល​បាន​ជួប​ផ្ទាល់​នោះ​ទេ។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា វា​អាច​កើត​ឡើង​ពី​អ្នក​ចូល​រួម​ប្រឡង​តែ​ធ្លាក់ ព្រោះ​កម្មវិធី​ប្រកួត​ម្តង មាន​អ្នក​ចូល​ប្រឡង​ពី ២០០០ ទៅ ៣០០០ នាក់​តែ​រើស​សម្រេច​លទ្ធផល តែ ២-៣ នាក់ ដូច្នេះ​អ្នក​ដែល​ធ្លាក់​ខ្លាច​ខ្លួន​អន់ ឬ​ក៏​ខ្មាស​គេ​ក៏​និយាយ​បែប​នេះ​តែ​ម្តង​ទៅ»។ លោក​បញ្ជាក់​ថា៖ «អ្វីៗ​គឺ​នៅ​លើ​ខ្លួន​យើង»។

ដោយ​ឡែក​នៅ​ក្នុង​វិស័យ​ភាពយន្ត​ក៏​មាន​គេ​លើក​ឡើង​ផង​ដែរ​ថា យុវជន​យុវតី​មួយ​ចំនួន​ដែល​មាន​រូប​សម្រស់​ស្អាត​ស្រស់​សោភា ដែល​ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ឬ​ក៏​ចង់​បាន​តំណែង​តួ​សំខាន់​ណា​មួយ​នោះ ក៏​មាន​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ​ផង​ដែរ ដែល​ពេល​ខ្លះ​មាន​ការ​ទាម​ទារ​ពី​ថ្នាក់​ដឹក​នាំ តែ​ពេល​ខ្លះ​ក៏​មាន​ការ​យល់​ព្រម​ពី​សាមី​ខ្លួន​ដែល​ចង់​ល្បី​ដែរ។ តែ​កន្លង​មក​ពេល​លើក​ឡើង​ពី​ភាព​អសកម្ម​ទាំង​នោះ ទាំង​អ្នក​ដឹក​នាំ​រឿង និង​តួ​សម្តែង​តែង​ធ្វើ​ការ​បដិសេធ។

ជុំវិញ​ការ​លើក​ឡើង​នៃ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ​បែប​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កន្លង​មក​ក៏​មិន​ធ្លាប់​ឃើញ​ចាត់​វិធានការ​ណា​មួយ​ជា​ដុំ​កំភួន ឬ​ក៏​ណែ​នាំ​នោះ​ដែរ។ នៅ​ពេល​មាន​ការ​ចោទ​សួរ​ចំពោះ​រឿង​នេះ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា នោះ​អាច​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យ៉ាង​ណា​លោក​ស្រី ក៏​មិន​បាន​បដិសេធ​ទាំង​ស្រុង​នោះ​ដែរ។

លោក​ស្រី សកុណា បាន​មាន​ប្រសាសន៍​ថា៖ «រឿង​ហ្នឹង​ប្រហែល​ជា​ពាក្យ​ចចាម​អារ៉ាម​ទេ បើ​ពិត​ដូច​ជា​គេ​និយាយ​មែន​នោះ ងាប់​អស់​ហើយ។ តែ​បើ​មាន​ក៏​មាន​តិច​តួច​ប៉ុណ្ណោះ»។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ប្រសិន​ជា​មាន​រឿង​បែប​នោះ​មែន ក្រសួង​នឹង​ចាត់​វិធានការ​ភ្លាម ហើយ​នឹង​ធ្វើ​ការ​ណែនាំ​ដល់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ផង​ដែរ»៕


What Next?

Recent Articles

6 Responses to "ជុំវិញ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ ដើម្បី​បាន​ក្លាយ​ជា​តារា"

  1. ព្រាននារី says:

    រឿងនេះ ក៏ដូចជាម្យ៉ាងដែរ ដែលគេអាចជឿបាន។ តែក៏ត្រូវតែដាក់សំណួរពីរឿងមនុស្សប្រុសវិញ ដូចជា សិរីមន្ត តើមានខ្លួនឲ្យអ្នករៀបចំំកម្មវិធី ឬអ្នកណាឬទេ?
    តែបើអញ្ចេះ ក៏អាចថាបាន គឺការលើកស្ទួយឲ្យនាងមានមុខ មានមាត់ទៅ ហើយមានអ្នកឧកញ៉ាណាចិញ្ចឹមទៅ ទើបនាងនោះដឹងគុណ សងគុណវិញ ។ ព្រោះអ្នកមានខ្លះ គាត់លំបាករកស្រីពេក គឺមានតែតាមរយៈ Fresh y Girl តែប៉ុណ្ណោះ។
    ណ្ហើយ បន់ឲ្យតែស្រីខ្មែរចេះរកលុយធ្វើអ្នកមាន ទៅ បានហើយ។

  2. Terminator III says:

    a lot of them at Svay Park, why don’t you go there ?

  3. Anonymous says:

    To know the true, ask Mi Ny Mollika- a former Srey Sa-art Constestant, who used to flip with Guys in Kompong Chhnang to win and pick to the stage in Phnom Penh for the Final competition…..! Those considered Os Sach !!!!

  4. Banh Bev says:

    ក្ដ និង ក្ដឹតវាជាធម្មតាទេ ងាប់ទៅគេយកទៅដុតឆេះអស់ហើយ! ទាន់នៅរស់ ដាក់គ្នាទៅ ពួយទៅ!!!

  5. Anonymous says:

    បើ សិន ជា សិល្បះករ សិល្បះការីនី ប្រព្រឹត្ត តាមគេ ឬ ចង់ ដោយ ខ្លួនអែង ដោយអំពើ ថោកទាប

    នោះ នឹង ក្លាយខ្លួន ជា សត្វ តិរិច្ឆាន ហើយ !

  6. Terminator III says:

    If this situation had happened to your kids or your relatives, how do you feel, dumb head ?