មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់​ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

ឈើ​គេ​អារ​ច្រៀក​បម្រុង​ដឹក​ចេញ​ពី​តំបន់​ព្រៃ​ឡង់​នៅ​ក្នុង​​ខេត្ត​កំពង់​ធំ​កាល​ពី​សប្តាហ៍​​​មុន។ រូបថត សហ​ការី




ភ្នំពេញប៉ុស្តិ៍

ក្រចេះ/កំពង់ធំៈ សហគមន៍​ព្រៃឡង់ បាន​អះអាង​ថា មន្រ្តី​អាវុធហត្ថ​និង​នគរបាល​ក្នុង ខេត្ត​ក្រចេះ និង​កំពង់ធំ រួម​នឹង​បក្ខ​ពួក​ផ្សេង​ទៀត​កំពុង​ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ ព្រៃ​ឡង់ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើ​ការ​បង្រ្កាប​ឡើយ។

លោក ហឿន សុភាព សកម្មជន​ការពារ ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត ព្រៃ​ឡង់ បាន​ប្រទះ​ឃើញ​ត្រាក់ទ័រ និង​គោយន្ត​កៃច្នៃ កំពុង​ដឹក​ឈើ​ប្រណីត​នៅ​ក្នុង ព្រៃ​ឡង់ ត្រង់​ចំណុច វាល​បឹង​ក្នុង ឃុំ​ដង​កំាបិត ស្រុក​សណ្តាន់ កាល​ពី​សប្តាហ៍​មុន។ លើស​ពី​នោះ ក៏​ឃើញ​មាន​ម៉ាស៊ីន​ត្រង់សឺន័រ​សម្រាប់​អារ​កាត់​ច្រៀក​ឈើ​ផង​ដែរ។

លោក សុភាព បញ្ជាក់​ថា៖ «ទាំង​ឈើ​នៅ​ព្រៃ នៅ​លើ​ឡាន និង​លើ​ត្រាក់ទ័រ សរុប​ទាំង​អស់​ប្រហែល​ជា ៥០ ម៉ែត្រគុប ហើយ​តាម​ការ​សាក​សួរ គោយន្ត​នោះ ជា​របស់​នាយ​ប៉ុស្តិ៍​រង សណ្តាន់ ឈ្មោះ ចាន់ មានជ័យ»។

លោក សុភាព បន្ថែម​ថា ឈើ​ទាំង​នោះ មាន​ប្រភេទ កកោះ ឈើ​ទាល ដួង​ចែម និង​ផ្តៀក ជាដើម​ហើយ​ដោយ​គ្មាន​លទ្ធភាព​ដឹក​ជញ្ជូន​យក​ចេញ​បាន​សហគមន៍​បាន​ទាក់​ទង​ទៅ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ជួយ​ទៅ​ដឹក ប៉ុន្តែ​បាន​រង់ចាំ​អស់​មួយ​ថ្ងៃ មិន​ឃើញ​ក្រុម​សហគមន៍​ក៏​សម្រេច​ចិត្ត​ទុក​ចោល​នៅ​ក្នុង​ព្រៃ​នោះ។ ចំណែក​ឯ​ម៉ាស៊ីន​ត្រង់សឺន័រ​សហគមន៍​បាន​ដក​ហូត​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ។

ដោយ​ឡែក​នៅ​ក្នុង ខេត្ត​ក្រចេះ វិញ លោក ឯក សុវណ្ណា អាយុ ២៨​ឆ្នាំ ជា​បណ្តាញ​យុវជន ព្រៃ​ឡង់ ក្នុង ខេត្ត​ក្រចេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត​ពួក​លោក ៤៤ នាក់​ជិះ​ម៉ូតូ ២៦ គ្រឿង​បាន​ស្ទាក់​ឃាត់​រទេះ​គោ​ចំនួន ១១ គ្រឿង​ដែល​កំពុង​ដឹក​ឈើ​ប្រណីត​ជាង ១១ ម៉ែត្រ​គុប​នៅ​ចំណុច អូរ​សោម​តាពោ ស្ថិត​ក្នុង ឃុំ​កំពង់ចាម ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ឈើ​ទាំង​នោះ ត្រូវ​បាន​គេ​កាប់​មក​ពី ភ្នំ​ក្រហម ក្នុង​ព្រៃ​ឡង់ ហើយ​ត្រូវ​បុរស​ជា​អ្នក​បរទេះ​ជាង ១០ នាក់​ដឹក​សំដៅ​ទៅ​ឲ្យ​មន្រ្តី​អាវុធហត្ថ​ក្នុង ភូមិ​រកាធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ។

លោក សុវណ្ណា បាន​បញ្ជាក់​ថា៖ «អ្នក​បរទេះ​បាន​សារភាព​ថា ឈើ​នោះ​ជា​របស់​ប៉េអឹម​ស្រុក​ឈ្មោះ រ៉ា ហើយ​ពួក​គាត់​គ្រាន់​តែ​ស៊ី​ឈ្នួល​ដឹក​ឲ្យ​ប៉ុណ្ណោះ​ដោយ​ក្នុង ១ ម៉ែត្រ​គុប​តម្លៃ ១០០ ដុល្លារ»។ លោក​បន្ត​ថា ប៉េអឹម​ឈ្មោះ រ៉ា បាន​ជួល​ឲ្យ​គេ​អារ និង​ច្រៀក​ឈើ​កកោះ​ជា​បន្ទះៗ​ហើយ​បាន​ជួល​ឲ្យ​រទេះ​ដឹក​ចេញ​ពី​ព្រៃ ដែល​ទំនង​ជា​ត្រូវ​លក់​ទៅ ប្រទេស​វៀតណាម។

រទេះគោ​​ស៊ី​ឈ្នួល​ដឹក​ឈើ​ត្រូវ​សហ​គមន៍​ឃាត់​សួរ​​​។ រូបថត សហ​ការី

ទោះ​យ៉ាង​ណា សហគមន៍​មិន​បាន​ដក​ហូត​ឈើ​ឬ​ចាប់​ខ្លួន​អ្នក​ដឹក​ឈើ​តាម​រទេះ​គោ​ទាំង​នោះ​ប្រគល់​ឲ្យ​មន្រ្តី​ជំនាញ​ទេ គឺ​គ្រាន់​តែ​ឃាត់​សួរ​នាំ​ពួក​គេ​ជាង​កន្លះ​ម៉ោង​ដើម្បី​អប់រំ​ពួក​គេ​និង​ផ្តិត​មេ​ដៃ​លើ​កំណត់​ហេតុ​តែ​ប៉ុណ្ណោះ កុំ​ឲ្យ​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដូច្នេះ​ទៀត។

លោក ឯក សុវណ្ណា ថ្លែង​ថា៖ «លើក​នេះ​ប្រើ​ធម៌​ត្រជាក់​សិន តែ​បើ​ឃើញ​លើក​ក្រោយ​ទៀត​នឹង​ប្រើ​ធម៌​ក្តៅ ដោយ​ដក​ហូត ឬ​ចាប់​រួច​ដុត​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង»។

សុវណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា ស្ទើរ​តែ​គ្រប់​ពេល​ចុះ​ល្បាត ព្រៃ​ឡង់ សហគមន៍​តែង​តែ​ឃើញ​ឈើ​របស់​ប៉េអឹម​ឈ្មោះ រ៉ា រហូត​មក ហើយ​ពេល​នេះ ក្រុម​ល្បាត​សហគមន៍​កំពុង​តែ​ទាក់​ទង​ទៅ​អាជ្ញាធរ ដើម្បី​ពន្យល់​និង​ទទួល​ស្គាល់​ពី​សកម្មភាព​របស់​សហគមន៍ និង​ស្នើ​សុំ​កិច្ច​សហការណ៍​នៅ​ពេល​ឃើញ​បទ​ល្មើស​ព្រៃឈើ។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែង​ទាក់ទង​ប៉េអឹម​ឈ្មោះ រ៉ា នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា លោក ម៉ៅ រ៉េននី មេ​បញ្ជាការ​រង​អាវុធហត្ថ ខេត្ត​ក្រចេះ បាន​ថ្លែង​ថា ទាំង​មន្រ្តី​អាវុធហត្ថ​ខេត្ត​និង ស្រុក​ព្រែក​ប្រសព្វ អត់​មាន​ឈ្មោះ រ៉ា នោះ​ទេ ហើយ​ក៏​គ្មាន​មន្រ្តី​អាវុធហត្ថ​ណា​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ដែរ។

ចំណែក​លោក ចាន់ មានជ័យ វិញ​បាន​បដិសេធ​ថា លោក​មិន​មាន​គោយន្ត​ដឹក​ឈើ​នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ។ បើ​ទោះ​ជា​លោក មានជ័យ បដិសេធ​យ៉ាង​នេះ​ក្តី ក៏​លោក អ៊ួង សាន់ នាយ​ប៉ុស្តិ៍ សណ្តាន់ បាន​ថ្លែង​ថា គោយន្ត​នោះ​ជា​របស់​លោក ចាន់ មានជ័យ ដែល​ត្រូវ​បាន​គេ​ជួល​ដឹក​ឈើ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ទី​នោះ។ ប៉ុន្តែ​លោក​មិន​ដឹង​ថា ឈើ​នោះ​ជា​ឈើ​ខុស​ច្បាប់ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ឃិន វណ្ណៈ នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្តាន់ បាន​មាន​ប្រសាសន៍​ថា មិន​មាន​សហគមន៍​រាយការណ៍​សុំ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​នេះ​ទេ៕


What Next?

Recent Articles

5 Responses to "មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់​ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឡង់"

  1. Hun Sen says:

    បានបុណ្ណឹងហើយចង់បានអីទៀត?

  2. Anonymous says:

    whenever currently leader still in power, cambodia natural resources still destroy.

  3. meta says:

    ល្មមហើយ-សូមកុំបន្សល់ទុកលទ្ធផលអាក្រក់ៗសំរាប់ជាតិនិងក្មេងជំនាន់ក្រោយច្រើនពេក។

  4. វាសនាខ្ញុុំអនាគតខ្ញុំ says:

    បើទោះបីជារដូវវស្សាបានឈានមកដល់ ហើយតំបន់ភូមិភាគឦសាន មានភ្លៀងធ្លាក់​ជោកជាំពិបាក​​ក្នុ​ងការធ្វើដំណើរយ៉ាងណាក៏ដោយ ក៏សកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាម​ច្រក​អន្តរជាតិដាក់ដាំនៅតែកើតមាន យ៉ាងគគ្រឹគគគ្រេងមិនខុសពីការដង្ហែបុណ្យផ្កានោះទេ ហើយសម្រាប់​ច្រកដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីត្រូវបានក្រុមឈ្មួញមានលុយមានអំណាចដូចជាឈ្មោះ ហ៊ុន ជា និង​ឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា ប៉ាវផ្តាច់ទៅហើយសម្រាប់ការដឹកជញ្ជូនឈើតាមរថយន្តគ្រប់ធុន​ក្នុងមួយ​យប់ៗមិនតិចជាង៦០គ្រឿងនោះទេ ចេញទៅលក់នៅស្រុកយួនយ៉ាងរលូនល្អ។​តើរដ្ឋាភិបាលដែល​​​​​​​
    ដឹ​​​កនាំដោយហ៊ុន សែនអួតថា ការពារការកាប់បំផ្លាញព្រៃឈើត្រូវបរាជ័យយ៉ាងអាម៉ាស់ ដូចសំឡេង ឆ្នោតកន្លងទៅនេះ???សង្ឃឹមឈ្នះឆ្នោតលើកក្រោយទឿតសំដាច់ម៍????

  5. ?? says:

    please take your consideration to this ? the monies and any kind of good wealth that you have will not belonging to you forever. when you was born, your born whit nothing and when you past the way you also can not take nothing whit you. please think when you have good food to eat think about the other. that will make peace and a famous nation in the world. even if we have such a small nation ,it will be in the whole world interest **************************