សភា​​គណបក្ស​ប្រជាជន​កម្ពុជា​​ដេញ​ដោល​អំពី​​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​​សេសាន២

​អ្នក​ភូមិ​រស់​នៅ​តាម​ទន្លេ​សេសាន​ភាគ​ឦសាន​ប្រទេស​កម្ពុជា​​តវ៉ា​ប្រឆាំង​ការ​សាងសង់​ទំនប់​​វារី​អគ្គិសនី​សេសាន​២។


ស៊ុយ ហ៊ាមខេមរា
20 មិថុនា 2014
វីអូអេខ្មែរ

ភ្នំពេញ — នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​តំណាងរាស្ដ្រនៃ​សភាគណបក្ស​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្រោយ​ពី​មាន​ការ​សួរ​ដេញ​ដោលដែល​ប្រកប​ដោយ​វោហារសាស្ដ្រ​លើក​សរសើរ​គណបក្ស​កាន់​អំណាច។​

ទំនប់​វារី​អគ្គិសនី​សេសាន​២​ស្ថិត​នៅ​លើទន្លេ​សេសាន​ដែលជា​ដៃ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ទំនប់​វារី​អគ្គិសនី​កម្ពស់៧៥​ម៉ែត្រ ​និង​អាច​ផលិត​ថាមពល​បាន​៤០០​គីឡូវ៉ាត់។​

ប៉ុន្តែ​សកម្មជន​ការពារ​បរិស្ថានបាន​ប្រឆាំង​ជំទាស់​នឹង​ការ​សាងសង់​ទំនប់វារី​អគ្គិសនី​នេះ ​ដោយ​សំអាង​លើ​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ និង​ធនធាន​ជលផល​និង​ជីវចម្រុះ។​

សមាជិក​សភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​កោះ​ហៅ​លោក​ស៊ុយ ​សែម​ ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​មក​ចោទ​សួរ​អំពី​ចំណោទ​ខាងលើ ​ហើយ​ឲ្យ​លោក​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​ ដែល​ជា​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋា​ភិបាល​មក​ចោទសួរ​ជា​លើក​ដំបូង ​ក្រោយ​ពី​រដ្ឋសភា​បើក​សម័យ​ប្រជុំជា​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ខែ​កញ្ញា​ ក្រោម​ការ​ធ្វើ​ពហិកា​របស់​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប។

ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​បាន​ងើប​ឡើង​ដេញដោល​សួរ​លោក​ស៊ុយ សែម​ម្នាក់​ម្តងៗ។ ​ប៉ុន្តែ​មុន​ចាប់​ផ្តើម​សំណួរ​ តំណាង​រាស្ដ្រ​ភាគ​ច្រើន​បាន​លើក​សរសើរ​ទង្វើ​របស់​រដ្ឋា​ភិបាល​ ហើយ​បានប្រកាស​ភា្លមៗ​គាំទ្រ​គម្រោង​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​នេះ។​

លោក​ស្រី​តំណាង​រាស្ដ្រ​ ឡោក ​ខេង ​បាន​ឡើង​ថ្លែង​គាំទ្រ​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​២​ទាំង​ស្រុង។ ​ដោយ​ឡែក​អ្នកស្រី​ក៏​បាន​ចោទសួរ​អំពីការ​កាប់​ព្រៃឈើ​ធ្វើអាង​ស្តុក​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​នេះ​ផង​ដែរ។​

«ការ​កាប់​ព្រៃ​ឈើ​អាង​ស្តុក​ទឹក​ហ្នឹង​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ហើយ​ឬ​នៅ? ហើយ​ប្រសិន​បើ​ធ្វើ​ហើយ​ តើ​ថវិកា​ដែល​មាន​មក​ពី​ការ​ដេញ​ថ្លៃ​ហ្នឹង​បាន​ចូល​ជា​ចំណូល​របស់​រដ្ឋ​ឬនៅ?»​

លោក​ ហ៊ុន​ ណេង ​តំណាង​រាស្រ្តប្រចាំ​មណ្ឌល​កំពង់​ចាម​ បាន​ថ្លែង​គាំទ្រ​ដូច​គ្នា​នេះ​ដែរ។​

បន្ថែម​ពី​នោះ​ដែរ​ លោក​ក៏​បាន​ចោទ​សួរ​អំពី​ផែនការ​នៃ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ ការ​សង​ជំងឺ​ចិត្ត​ដល់ការ​ខូច​ខាតរបស់​ប្រជា​ពលរដ្ឋ​ជាដើម។​

«សង​ការ​ផ្លាស់​ប្តូរ​ ការ​រស់នៅ​របស់​ប្រជាជន​ និង​សំណង​ផ្សេងៗ​ទៀត​ តើ​ក្រុមហ៊ុន​អនុវត្ត​ដល់​ណា​ហើយ? ​សូម​បញ្ជាក់​ បង្ហាញ​ភស្តុតាង»។​

កិច្ច​ប្រជុំ​សួរ​ដេញ​ដោល​នេះ​មាន​ការ​ចូលរួម​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៧​រូប​ប៉ុណ្ណោះ។​

ជា​ការ​ឆ្លើយ​តប ​លោក​ ស៊ុយ​ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ ថ្លែង​ថា​ តាម​រយៈ​ការ​សិក្សា​កន្លង​មក​ មាន​ឃុំ​ចំនួន​បី​ដែល​មាន​គ្រួសារ​សរុប​៧៩៧​គ្រួសារ​ និង​ផ្ទៃដី​ ទាំងលំនៅដ្ឋាន​ និង​ស្រែ​ចម្ការ​សរុប​ប្រជិត​១​ពាន់​ហិកតា​ ដែល​នឹង​រង​ការ​ប៉ះពាល់​ពី​គម្រោង​វារី​អគ្គិសនី​នេះ។​

លោក ​ស៊ុយ​ ​សែម ​បញ្ជាក់​ថា ​ភាគី​ក្រុមហ៊ុន​ និង​ក្រសួង​បាន​ និង​កំពុង​ចាត់​វិធាន​ការជា​បណ្តើរៗ​ ដូចជា​ចាប់​ផ្តើម​គម្រោង​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ហើយ​មួយ​គ្រួសារៗ​ទទួល​បាន​ដី​លំនៅដ្ឋាន​៨០​ម៉ែត្រ​ការ៉េ​ និង​ដី​ស្រែ​ចម្ការ​ចំនួន​៥​ហិកតា​ជាដើម។​

លោក​រដ្ឋមន្ត្រី​អះ​អាងថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ពេល​អស់ជិត​១០​ឆ្នាំ​ តាំងពី​ឆ្នាំ​២០០៤​ ដើម្បី​ធ្វើ​ការសិក្សា​លើ​ផលប៉ះ​ពាល់​បរិស្ថាន​ សេដ្ឋ​កិច្ច​ និង​ការ​ស្វែងរក​អ្នក​វិនិយោគ។​

«ការ​អភិវឌ្ឍ​វារី​អគ្គិសនី​ចៀស​មិនផុត​ពីការ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ និង​សង្គម​ទេ​ តិច ​ឬ​ច្រើនអាស្រ័យ​លើ​លក្ខណៈ​របស់​គម្រោង​នីមួយៗ​ ប៉ុន្តែ​វា​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ និង​សេដ្ឋកិច្ចរបស់​ប្រទេស​ទាំង​មូល​ផង​ដែរ»។​

លោក​ ស៊ុយ​ សែម ​បាន​ថ្លែង​ថា ​ការ​កាប់​ព្រៃឈើ​ និង​ការ​ចាត់ចែង​ថវិកា​បាន​មក​ពីព្រៃឈើ​មិនមែន​ជា​តួនាទី​របស់​ក្រសួង​រ៉ែ ​និង​ថាមពល​ទេ​ ប៉ុន្តែ​គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន។​

ទំនប់​វារី​អគ្គិសនី​សេសាន​ដដែល​នេះ​គឺ​ជា​គម្រោង​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​វៀតណាម​ EVN International​ Joint Stock​ Company​ និង​ក្រុម​ហ៊ុន​ Royal ​Group​ របស់​លោក​ឧកញ៉ា​គិត​ ម៉េង​ ចំណាយ​ទឹកប្រាក់​សរុប​៨៦១​លាន​ដុល្លារ​អាមេរិក។​

លោក ​ស៊ុយ​ សែម ​បញ្ជាក់​ថា​ ទំនប់​វារី​អគ្គិសនី​សេសាន​នេះ​អាច​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សេដ្ឋ​កិច្ច​ និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ដែល​កំពុង​មាន​តម្រូវការ​ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ឡើយ។​

លោក​បន្ថែម​ទៀត​ថា​ ទំបន់​នេះ​នឹងជួយ​ផ្តល់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​តំបន់​នោះ​ទទួល​បាន​អគ្គិសនី​តម្លៃ​ថោក​ ការ​ពារ​ការ​ឡើង​នូវ​កម្ពស់ទឹក​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក​ ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅទី​នោះ​ជាដើម។​

ទោះ​បីជា​យ៉ាង​ណាក្តី​ លោក​យ៉ែម​ បុញ្ញារិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ បានហៅ​ការ​សាកសួរ​របស់​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​លោក​ ស៊ុយ​ សែម​ នេះ​ថា ​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។​

«ការ​សួរដេញ​ដោល​បែប​នេះ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិ​ភាព​ទេ​ ពីព្រោះ​អ្នក​ដែល​ឡើង​សួរ​គឺ​អាន​សំណួរ​គ្រោង​ទុក​ទៅសួរ​ ហើយ​អ្នក​ឆ្លើយ​គឺ​ឡើង​អាន​ចម្លើយ​គ្រោង​ទុក។​ អញ្ចឹង​គេ​សួរ ​និង​ឆ្លើយ​តាម​អ្វី​ដែល​គេគ្រោង​ទុក​តែ​ប៉ុណ្ណឹង»។​

កន្លង​មកបណ្តាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​បាន​ចេញ​របាយ​ការណ៍​ដោយ​បង្ហាញ​ថា​ យ៉ាងហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ជាង​៣៨០០០​នាក់​នៅ​ក្នុង​ភូមិ​ចំនួន​៨៦​ តាម​ដង​ទន្លេសេសាន​ ​និង​ស្រែពក​ អាច​នឹង​ប្រឈម​នឹង​ការ​បាត់​បង់​ធនធាន​ជលផល​ដ៏សម្បូរ​បែប​ពី​ទន្លេ​ ដោយ​សារ​សំណង់​ទំនប់​នេះ​នឹង​រាំង​ស្កាត់​ការ​ផ្លាស់​ទី​របស់​ត្រី​ពី​ទន្លេង​មេគង្គ​ និង​ទន្លេ​សេកុង​ចូលទៅទន្លេ​សេសាន​ និង​ទន្លេ​ស្រែពក។​

បន្ថែម​ពីនោះ​ទៀត​ សំណង់ទំនប់​វារី​អគ្គិសនី​នេះក៏​នឹង​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​ទឹក​ និង​អាចបណ្តាល​ឲ្យ​ជន់លិច​ដីស្រែ​ចម្ការ​អ្នក​ភូមិ​ប្រមាណ​៣​ម៉ឺន​ហិកតា​ និង​ត្រូវ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​យ៉ាងតិច​១៥០០​គ្រួសារ​ត្រូវ​ផ្លាស់​ប្តូរទី​លំនៅ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​បណ្តាញ​អង្គការ​ការពារ​ទន្លេ​សេសាន៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

One Response to "សភា​​គណបក្ស​ប្រជាជន​កម្ពុជា​​ដេញ​ដោល​អំពី​​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​​សេសាន២"

  1. ស្រីនោ says:

    អារឿង យកស្ទឹងអារ៉ែង មកដេញដោលក្នុងរដ្ឋសភា​នោះ គឺ ជារឿងឡប់ឡែរបិទបាំងថាខ្លួន ប្រកាន់របបប្រ ជាធិតេយ្យ ទោះអត់គណបក្សប្រឆាំងក័គេធ្វើបានដែល សូមសភាឯកបក្សឈប់ធ្វើរបៀបនេះទៅខ្វាស់គេ ល្បិចរាក់បំភែលនេះសូម្បីតែកូនក្មេង ក័វាយល់ដែល ពួកកម្មុនិស្តធ្វើអី្វៗ មិនចេះខ្មះគេទេរឺ? ពួកកម្មុនិស្តសុទ្ធតែអ្នកច្បាប់បន្តែ ប្រឹងធ្វើឆ្កួតធ្វើល្ងង់ ថាខ្លួនមិនយល់អ្វីលទ្ធិប្រជាធិតេយ្យ អ្វីជារបបកម្មុនិស្ត គេតែហៅថារបបផ្តាច់ការ ខ្ញុំសូមប្រាប់អស់លោកអ្នកចេះដឹងក្នុងគណបក្សប្រជាជនទៅ រាស្ត្រខ្មែរឈប់ល្ងង់ចាញ់បោកទ៍ៀតហើយ មិនបាច់ប្រឹងលេងល្បិចអីទៀតទេ។