​ក្រសួង​សុខាភិបាល ផ្តល់​ថ្នាំពេទ្យ​៣​តោន​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​ពលករ​នៅ​ប៉ោយ​ប៉ែត​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី20 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករចំណាក ទទួលបានការឧបត្ថម្ភចំណីអាហារ និងថ្នាំសង្កូវ នាពេលកន្លងមក (រូបថត៖ បូ សាវី)

​ក្រសួង​សុខាភិបាល ផ្តល់​ថ្នាំពេទ្យ​ចំនួន៣​តោន សម្រាប់​ផ្តល់​សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដល់​ពលករ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​វិញ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ថ្នាំពេទ្យ​ចំនួន៣​តោន​នេះ ដែល​ត្រូវបាន​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នាំយក​ទៅ​កាន់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​នេះ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដល់​មន្ត្រី​ទទួលបន្ទុក​ថែទាំ និង​ផ្តល់​សេវា​សុខភាព​ដែល​ប្រចាំការ​នៅ​ទីនោះ សម្រាប់​ជួយ​ព្យាបាល​ជំងឺ​ដល់​ពលករ​ខ្មែរ​។​

​ប្រភព​ដដែល​បានបន្តថា ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​នាំ​យក​ថ្នាំពេទ្យ​ទៅ​ជូន​ពលករ​ខ្មែរ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​នោះដែរ លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​ពលករ​ទាំងអស់ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ត្រូវ​ត្រួតពិនិត្យ​សុខភាព​របស់​ខ្លួន ដើម្បី​ចៀសវាង​ការ​កើត​ជំងឺ​ផ្សេងៗ ដែល​អាច​ឆ្លង​ពី​ប្រទេស​ថៃ ឬ​ពី​តំបន់​ព្រំដែន ខណៈពេលដែល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ឬ​បន្ទាប់​ពី​បាន​ធ្វើដំណើរ​ទៅដល់​ស្រុកកំណើត​ហើយ​នោះ​។​

បើតាម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រហូតមកដល់​ពេលនេះ ពលករ​ខ្មែរ​ប្រមាណ​ជា​២០​ម៉ឺន​នាក់​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheay@vodhotnews.com


What Next?

Recent Articles

One Response to "​ក្រសួង​សុខាភិបាល ផ្តល់​ថ្នាំពេទ្យ​៣​តោន​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​ពលករ​នៅ​ប៉ោយ​ប៉ែត​​"

  1. Bol says:

    យើងពុំមែននិយាយភាសាប្រឆាំងរាជរដ្ឋាភិបាលទេ។ តែ យើងគិតថា វាដូចជាចង់ជ្រុលពេលហើយ។ ប្រសិនជាត្រូវស្លាប់ ដោយសារត្រូវការឧសថរបស់លោក ម៉ម ប់ុនហេង ប្រហែលជាមិនដឹងជាមានពលករស្លាប់អស់ប៉ុន្មាននាក់ហើយនោះទេ។
    តើឧសថ ៣ តោននេះ មានតម្លៃប៉ុន្មាន? ប្រយ័ត្ន ឧសថទាំងនេះទៅនៅកែងវត្តមហាមន្ត្រី វិញ។
    សូមលោករដ្ឋមន្ត្រីគិតឡើងវិញ។ បើល្អគួរតែកុំមាត ហើយ សរុបថ្នាំដែលអង្គភាពនិមួយៗ បានដកចេញពីគម្រោងប្រចាំថ្ងៃរបស់អង្គភាពមកសរុបជាតម្លៃ បង្វិលសងឲ្យគេវិញ ទៅវាល្អជាង។ អានេះ គេហៅថា ទូទាត់តាមលេខ មិនមែនទូទាត់តាមរបស់ទេ។